Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អូស្ដ្រាលី​បាន​កោតសរសើរ​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​វិធានការ​ទប់ស្កាត់ និង​គ្រប់គ្រង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩

spot_img

​ភ្នំពេញៈ អូស្ដ្រាលី​បាន​កោតសរសើរ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​វាងវៃ​របស់​សម្ដេច​តេ​ជោ​នាយក រដ្ឋមន្ត្រី ចំពោះ​វិធានការ​ទប់ស្កាត់ និង​គ្រប់គ្រង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា ប្រកបដោយ ជោគជ័យ​។
​អូស្ដ្រាលី​ក៏បាន​ថ្លែងអំណរគុណ​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​កាយវិការ​មនុស្សធម៌​ក្នុង​ការទទួល នាវា​ទេសចរណ៍ Westerdam ឱ្យចូល​ចត​នៅ​កម្ពុជា ក៏ដូចជា​ការជួយ​សម្រួល​ផ្នែក​កុងស៊ុល​ដល់​ពលរដ្ឋ អូស្ដ្រាលី​ដែល​បាន​ជាប់គាំង​នៅ​កម្ពុជា​ដោយសារ​វិបត្តិ​កូ​វីដ​-១៩ ឱ្យ បាន វិលត្រឡប់ ទៅ​ប្រទេស​អូស្ដ្រាលី​វិញ​ដោយ​សុវត្ថិភាព​។

​ការកោតសរសើរ​នេះ បាន​ធ្វើឡើង​នៅក្នុង​កិច្ច​ពិគ្រោះ​យោបល់​ថ្នាក់​ឧ​ត្ត​ម​មន្ត្រី​កម្ពុជា​-​អូស្ដ្រាលី លើក​ទី​២ កាលពី​នៅ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២១ តាម​ប្រព័ន្ធ​វីដេអូ​។

​នៅក្នុង​កិច្ចប្រជុំ​នេះ លោកស្រី សឿង រដ្ឋ​ចា​វី រដ្ឋលេខាធិការ​ក្រសួង ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា និង​លោក ចា​ស្ទី​ន ហេ​ហ៊ើ​ស (Justin Hayhurst) អនុរដ្ឋលេខាធិការ (Deputy Secretary) ក្រសួងការបរទេស និង​ពាណិជ្ជកម្ម​អូស្ត្រាលី បាន​ធ្វើជា​សហប្រធាន​នៃ​កិច្ចប្រជុំ​នេះ​។​

​ភាគី​ទាំង​ពីរបាន​ផ្លាស់ប្ដូរ​ទស្សនៈ​គ្នា​អំពី​វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​អូស្ដ្រាលី ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី តំបន់ និង​អន្ដរជាតិ ក៏ដូចជា​កង្វល់​រួម​របស់​ពិភពលោក​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល និង​ផលប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូ​វីដ​-១៩​។​
​ជាការ​ឆ្លើយតប ភាគី​កម្ពុជា​បាន​សម្ដែង​ការកោតសរសើរ​ចំពោះ​រដ្ឋាភិបាល​អូស្ដ្រាលី ក្រោម​ការដឹកនាំ​របស់​លោក ស្កុ​ត ម៉ូ​រី​ស​សុន (Scott Morrison) នាយករដ្ឋមន្ត្រី​អូស្ដ្រាលី ក្នុងការ​ទប់ស្កាត់​ការរីក រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ ដោយ​ជោគជ័យ និង​មាន​ប្រសិទ្ធភាព​។
​កម្ពុជា​ថ្លែងអំណរគុណ​រដ្ឋាភិបាល​អូស្ត្រាលី ដែល​បាន​ផ្តល់ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន ២៨​លាន​ដុល្លារ​អាមេរិក ដើម្បី​គាំទ្រ​ដល់​ការអនុវត្ត​ការចាក់​វ៉ាក់សាំង​ដែល​ទទួលស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក​នៅក្នុង​ប្រទេស​កម្ពុជា និង​ជំនួយ​ហិរញ្ញវត្ថុ ផ្សេងទៀត ដើម្បី ជួយ​ដល់​កម្ពុជា​ក្នុងការ​គ្រប់គ្រង​ផលប៉ះពាល់​លើ​វិស័យសេដ្ឋកិច្ច​សង្គម ដោយ​វិបត្តិ​កូ​វីដ​-១៩​។​

​ចំពោះ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​សន្តិសុខ និង​ការពារជាតិ ភាគី​ទាំង​ពីរបាន​ឯកភាព​ជំរុញ កិច្ចសហប្រតិបត្តិការ​ក្នុងការ​គ្រប់គ្រង​ព្រំដែន ការប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន រួមមាន ការជួញដូរ​មនុស្ស ការរត់ពន្ធ គ្រឿងញៀន ការលាង​លុយកខ្វក់ ការប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្ម និង​សន្ដិសុខ​លម្ហ​សមុទ្រ តាមរយៈ កម្មវិធី​បណ្ដុះបណ្ដាល​ស​ម្រា​ប់​នាយទាហាន និង​មន្ត្រី​អនុវត្ត​ច្បាប់​។ ភាគី​អូស្ដ្រាលី​ស្វាគមន៍​ប្រសាសន៍ របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថា កម្ពុជា​ប្រកាន់ខ្ជាប់​នូវ​នយោបាយ អព្យាក្រឹត អចិន្ត្រៃយ៍ និង​មិន​ចូលបក្ស​សម្ព័ន្ធ និង​មិន​អនុញ្ញាត​ឱ្យមាន​មូលដ្ឋានទ័ព​បរទេស​នៅលើ​ទឹកដី​កម្ពុជា​ឡើយ​។​

​ចំពោះ​ទំនាក់ទំនង​សេដ្ឋកិច្ច ភាគី​ទាំង​ពីរបាន​ឯកភាព​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី និង​វិនិយោគ​ឱ្យ​កើនឡើង​ថែមទៀត​។ ទន្ទឹមនេះ ភាគី​ទាំង​ពីរបាន​ឯកភាព​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​។​
​ចំពោះ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍ ភាគី​អូស្ដ្រាលី​បញ្ជាក់​ជាថ្មី​អំពី​ការប្ដេជ្ញាចិត្ត​របស់​អូស្ដ្រាលី​បន្ដ​ជួយ​ដល់​កម្ពុជា ជាពិសេស​ក្នុង​វិស័យ​អាទិភាព​ដូចជា អប់រំ ហេដ្ឋារចនាសម្ព័ន្ធ​ដែលមាន​គុណភាព​ខ្ពស់ ពាណិជ្ជកម្ម កសិកម្ម សុខាភិបាល និង​បោសសម្អាត​មីន​។ កម្ពុជា​អរគុណ​អូស្ដ្រាលី​ដែល​បានផ្ដល់​ជំនួយ​ដ៏​មានតម្លៃ និង​គាំទ្រ​វិស័យ​នានា​ដែល​បាន​ចូលរួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​កម្ពុជា​។​

​ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​លើកកម្ពស់​ការប្រាស្រ័យ​ទាក់ទង​រវាង​ប្រជាជន និង​ប្រជាជន តាម រយៈ កម្មវិធី​កូឡុំបូ​ថ្មី និង​អ្នកស្ម័គ្រចិត្ត​អូស្ដ្រាលី​។ ភាគី​កម្ពុជា​បាន​ថ្លែងអំណរគុណ​ដល់​អូស្ត្រាលី ដែល​បាន​បញ្ជាក់ថា​នឹង​បង្កើន​ចំនួន​អាហារូបករណ៍​ដល់ក​ម្ពុ​ជា នៅ​ឆ្នាំ​២០២២​។​

​កិច្ចប្រជុំ​បានធ្វើការ​ផ្លាស់​ប្ដូរ​យោបល់​លើ​កិច្ចសហប្រតិបត្តិការ​ផ្នែក​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា និង​បាន​ឯកភាព​បន្ដ​សហការគ្នា​យ៉ាង​ជិតស្និទ្ធ​ក្នុង​ស្មារតី​ស្ថាបនា​៕ រក្សា​សិទ្ធិ​ដោយៈ ចេស្តារ​

spot_img
×