Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងស្រីខ្មែរឥស្លាម រងគ្រោះដោយម្ចាស់ផ្ទះធ្វើទារុណកម្មកាត់ត្រចៀក បានត្រឡប់មកដល់កម្ពុជា

spot_img

ភ្នំពេញ ៖ ក្មេងស្រីខ្មែរឥស្លាមបម្រើការងារជាជំនួយការមេផ្ទះ នៅប្រទេសម៉ាឡេស៊ី រងគ្រោះដោយម្ចាស់ផ្ទះធ្វើទារុណកម្មកាត់ត្រចៀក ត្រូវបានអាជ្ញាធរខ្មែរអន្តាគមន៍សង្គ្រោះ និងបានត្រឡប់មកដល់កម្ពុជាវិញហើយ។

នៅរសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ ឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានផ្ដល់ព័ត៌មានផ្លូវការឲ្យដឹងថា ក្មេងស្រីខ្មែរឥស្លាមបម្រើការងារជាជំនួយការមេផ្ទះនៅប្រទេសម៉ាឡេស៊ីរងគ្រោះដោយម្ចាស់ផ្ទះធ្វើទារុណកម្មកាត់ត្រចៀក ត្រូវបានអាជ្ញាធរខ្មែរ សហការជាមួយអាជ្ញាធរម៉ាឡេស៊ី ក្រោមការសម្របសម្រួលពីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងស្ថានទូតព្រះរាជាណាចក្រណាចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានជួយអន្តរាគមន៍សង្គ្រោះដោយជោគជ័យ និងបានបញ្ជូនត្រឡប់មកដល់កម្ពុជា នាថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១៧ និង៤៥នាទីរសៀល តាមជើងយន្តហោះអាកាសចរណ៍សិង្ហបុរីលេខ SQ5008 ។ ពលការិនីរងគ្រោះដោយអំពើព្រៃផ្សៃនេះមានឈ្មោះ អូស្មាន ក្រីម៉ះ ភេទស្រី អាយុ១៦ឆ្នាំ ។

សូមរំលឹកថា កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារប្រតិកម្មរហ័ស នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានពិនិត្យឃើញថា មានការចែករំលែកជាបន្តបន្ទាប់លើបណ្ដាញសង្គម ពាក់ព័ន្ធនឹងករណីហិង្សាដែលកើតឡើងលើពលការិនីជនជាតិខ្មែរអ៊ីស្លាមម្នាក់នៅប្រទេសម៉ាឡេស៊ី។ ករណីនេះត្រូវបានដាក់ជូននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីអនុវត្តជំនាញ និងជួយអន្តរាគមន៍។

នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ ឧត្តមសេនីយ៍ឯក ជីវ ផល្លី បានឲ្យដឹងថា ស្ត្រីជនជាតិខ្មែរអ៊ីស្លាមម្នាក់ដែលត្រូវបានគេសរសេរសារបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា “ក្មេងស្រីខ្មែរម្នាក់បម្រើតាមផ្ទះនៅប្រទេសម៉ាឡេស៊ីត្រូវម្ចាស់ផ្ទះធ្វើទារុណកម្ម និងកាត់ស្លឹកត្រចៀកយ៉ាងព្រៃផ្សៃ” នោះត្រូវបានជួយសង្គ្រោះដោយជោគជ័យ ក្រោមកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ក្រោមការសម្របសម្រួលពីស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី និងសហការជាមួយសមត្ថកិច្ចម៉ាឡេស៊ីផងដែរ ទើបឈានដល់ការរំដោះនារីរងគ្រោះ និងបានបញ្ជូនទៅសំរាកព្យាបាលនៅមន្ទីរពេទ្យ ។

ឧត្តមសេនីយ៍ ជីវ ផល្លី បានបញ្ជាក់បន្ថែមថា សមត្ថកិច្ចម៉ាឡេស៊ីកំពុងស៊ើបអង្កេតដើម្បីមានចំណាត់ការបន្តលើជនដៃដល់ រីឯជនរងគ្រោះ បន្ទាប់ពីព្យាបាលជាសះស្បើយពីរបួស ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី នឹងរៀបចំសម្របសម្រួលឲ្យវិលត្រឡប់មកកម្ពុជាវិញ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី បានសង្កត់ធ្ងន់ថា ជាទិសដៅនៅពេលដែលនារីរងគ្រោះខាងលើ បានត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជាវិញ ជំនាញរបស់នាយកដ្ឋាន សហការជាមួយអង្គភាពពាក់ព័ន្ធដើម្បីធ្វើការស៊ើបអង្កេតស្វែងរកជនសង្ស័យជាមេខ្យល់នាំនារីរងគ្រោះខាងលើទៅបម្រើការងារនៅប្រទេសម៉ាឡេស៊ី ដើម្បីឈានដល់ការអនុវត្តនីតិវិធីនាំខ្លួនជនសង្ស័យមកផ្ដន្ទាទោសតាមច្បាប់។

ឧត្តមសេនីយ៍ឯក ជីវ ផល្លី បានបញ្ជាក់បន្ថែមថា ក្នុងនាមថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្នុងនាមនាយកដ្ឋានជំនាញ សូមថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរបស់អាជ្ញាធរម៉ាឡេស៊ី និងស្ថាប័នពាក់ព័ន្ធ បានរួមចំណែកលើការងារនេះ និងសូមអរគុណចំពោះសាធារណជន អ្នកសារព័ត៌មាន បណ្ដាញទំនាក់ទំនងសង្គមដែលតែងតែចូលរួមចំណែកក្នុងកិច្ចការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និងក៏ដូចជាការចូលរួមចំណែកស្វែងរកយុត្តិធម៌សង្គម៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×