Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចពិជ័យសេនា ប្រគល់សៀវភៅកម្រងឯកសារពីវត្ថុបុរាណសិល្បៈខ្មែរដ៏កម្រ ដែលទទួលបានពីសារមន្ទីរ ហ្គីមេ នៃសាធារណរដ្ឋបារាំង

spot_img

សៀមរាប ៖ ព្រឹកថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុម ការងារថ្នាក់ជាតិចុះជួយខេត្តសៀមរាប បាននាំយកនូវសៀវភៅកម្រង ឯកសារពីវត្ថុបុរាណ សិល្បៈខ្មែរ ដ៏កម្រ ដែលទទួលបានពីសារមន្ទីរ ហ្គីមេ (GUIMET ) នៃសាធារណរដ្ឋបារាំង ត្រូវ បានប្រគល់ជូនដល់នាយកដ្ឋានគាំពារនិងអភិរក្សសំណង់បុរាណ នៅសារមន្ទីរអភិរក្សដ្ឋានអង្គខេត្តសៀមរាប ។

ក្នុងពិធីប្រគល់នោះសម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា សៀវភៅកម្រងឯកសារមួយក្បាលនេះ មានសារសំខាន់នៃសម្បត្តិវប្បធម៌បុរាណខ្មែរយើង ដែលបានបាត់បង់នាសម័យដើម ដោយសាសង្គ្រាមរាំងជុល ការជីកកកាយរបស់ក្រុមទុច្ចរិក ឬ ដោយគ្រោះធម្មជាតិ ហើយត្រូវបានសារមន្ទីរហ្គីមេ (GUIMET ) នៃសាធារណរដ្ឋ បារាំង បានធ្វើការចងក្រងទុកជាឯកសារ ក្នុងសិក្សាស្រាវជ្រាវ និង ស្វែងរកនូវវត្ថុបុរាណដែលបានបាត់បង់ទាំងនោះ ដែលជាសម្បត្តិរបស់មនុស្សជាតិ ដែលបានបាត់បង់ពីប្រាង្គប្រាសាទនានានៅកម្ពុជា នាសម័យនោះ ក៏ដូចបច្ចុប្បន្ននេះផងដែរ។ សម្តេចពិជ័យសេនា ក៏បានបន្តទៀតថា សៀវភៅឯកសារនេះ គឺបានបង្ហាញអំពីវប្បធម៌សិល្បៈខ្មែរ ប្រពៃណី ដែលខ្មែរយើងបានគោរពប្រតិបត្តិដែលមានជាយូលុងមកហើយ។ ម៉្យាងទៀតសៀវភៅនេះ ក៏ជាមូលដ្ឋានគ្រឹះសម្រាប់ក្រុមជំនាញអភិរក្សដ្ឋានអង្គរយើង ធ្វើការសិក្សាស្រាវជ្រាវ ក្នុងការថែរក្សា អភិរក្ស នូវរូបចម្លាក់ទាំង ឡាយដែលបានខូចបាក់បែក ដើមី្បធ្វើការជួសជុល និង អភិរក្សឡើងវិញ នូវរាល់វត្ថុទាំងឡាយដែលបានបាត់បង់ទៅ ធ្វើឲ្យមានឡើងវិញ នូវរាល់រូបសំណាកទាំងនោះ សម្រាប់កូនចៅខ្មែរយើងជំនាន់ក្រោយ បានស្គាល់អំពីសម្បត្តិ វប្បធម៌ជាតិ ព្រមទាំងធ្វើការជួសជុលរាល់រូបសំណាកដែលពុកផុយ ក្នុងការរក្សាឲ្យបានគង់វង្សផងដែរ។ សម្តេចពិជ័យសេនា ក៏បានផ្តាំផ្ញើដល់លោកប្រធាននាយកដ្ឋាន សូមឲ្យយកកម្រងឯកសារនេះ ទៅធ្វើការផ្សព្វផ្សាយ បណ្តុះបណ្តាលដល់មន្ត្រីក្រោមឱវាទ ក៏ដូចនៅតាមសាលារៀន សាកលវិទ្យាល័យ និងប្រជាពលរដ្ឋឲ្យបានស្គាល់ បានយល់អំពីតម្លៃនៃសម្បត្តិវប្បធម៌ប្រពៃណីជាតិខ្មែរយើងក្នុងការទប់ស្កាត់ ការហូរចូលពីវប្បធម៌ ប្រពៃណីបរទេសផងដែរ ។

លោក គឹម សុធិន ប្រធាននាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណ បានឲ្យដឹងថា រូបចម្លាក់ និងបដិមាបុរាណទាំងនេះ ត្រូវបានប្រមូលយកមកពីបណ្តាប្រាសាទ និងទីវត្តអារាមមួយចំនួន រួមទាំងកម្លាំងសមត្ថកិច្ចច្បាប់បានពីក្រុមជនទុច្ចរិត យកមករក្សាទុកនូវសារមន្ទីរអភិរក្សដ្ឋានអង្គរនេះ។ លោកក៏បានបញ្ជាក់ផងដែរថា នៅឆ្នាំ១៩៣៦ ដល់១៩៤៣ នាសម័យអាណានិគមបារាំង សារមន្ទីរមាននៅមុខប្រាសាទអង្គរវត្ត តែក្រោយមកទើបមកសាងសង់នៅក្នុងភូមិទ្រាំង រហូតមកដល់បច្ចុប្បន្ននេះ។ លោកបានបន្តទៀតថា ការទទួលសៀវភៅកម្រងឯកសារនេះ គឺជាសារសំខាន់មន្ត្រីអភិរក្ស ក្នុងការសិក្សា ស្រាវជ្រាវ និង អភិរក្សឡើងវិញ នូវរាល់វត្ថុបុរាណខ្មែរយើងបានបាត់បង់ទៅ ដើមី្បបង្ហាញដល់កូនខ្មែរយើងជំនាន់ក្រោយ ឲ្យបានស្គាល់ បានយល់អំពីសម្បត្តិ វប្បធម៌ ប្រពៃណីជាតិខ្លួន ដែលមានជាច្រើនតំណតរៀងមក ព្រមទាំងរួមគ្នាថែរក្សា ការពារ អភិរក្សនូវសម្បត្តិវប្បធម៌ជាតិ ក៏ដូចជាសម្បត្តិរបស់មនុស្សជាតិលើពិភពលោកផងដែរ ៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×