Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា បានបញ្ចប់ដោយគ្មានអំពើហិង្សា និងសណ្តាប់ធ្នាប់ល្អ ហើយបក្សកាន់អំណាចបានទទួល៥៨អាសនៈ

spot_img

ភ្នំពេញ៖ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ នៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានបញ្ចប់ទៅដោយជោគជ័យ ជាមួយបរិយាកាសដែលបានប្រព្រឹត្តទៅដោយរលូន​ របៀបរៀបរយ និងសណ្តាប់​ធ្នាប់ល្អប្រសើរ និងគ្មានអំពើហិង្សា។គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅរសៀលថ្ងៃអាទិត្យ ១១កើត ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ បានប្រកាសលទ្ធផលបណ្តោះអាសន្នរបស់ខ្លួន សម្រាប់ការបោះឆ្នោតព្រឹទ្ធសភា អណត្តិទី៤នេះបានបង្ហាញថា គណបក្សប្រជាជនកម្ពុជា (CPP) ដែលជាបក្សកាន់អំណាចបានទទួល៥៨អាសនៈ ក្នុងនោះគណបក្ស៣ផ្សេងទៀត មិនបានទទួលអាសនៈនោះទេ។

បន្ទាប់ពីបិទបញ្ចប់ការបោះឆ្នោត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីប្រកាសវាយតម្លៃថា បរិយាកាសនៅថ្ងៃបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៤នេះ ឆ្នាំ២០១៨ ការិយាល័យបោះឆ្នោតទាំង៣៣ នៃមណ្ឌលបោះឆ្នោត ទាំង៨ ភូមិភាគ នៅទូទាំងប្រទេសបានបើកដំណើរការនៅវេលាម៉ោង​៧ព្រឹកនាថ្ងៃនេះ តាមនីតិវិធីកំណត់។ អ្នកបោះឆ្នោត និងអង្គបោះឆ្នោតចំនួន១១.៦៧០នាក់ ក្នុងចំនួនអ្នកបោះ​ឆ្នោតសរុប ១១.៦៩៥នាក់ បានចេញទៅបោះឆ្នោតគ្រប់ៗគ្នាតាមការិយាល័យ ពួកគាត់មានក្នុងបញ្ជីបោះ​ឆ្នោតដែលត្រូវបោះឆ្នោត។ អ្នកបោះឆ្នោតចំនួន២៥នាក់ អវត្តមានមិនបានបោះឆ្នោតដោយសារមានជំងឺធ្ងន់​ធ្ងរចេញ​​ទៅព្យាបាលជំងឺនៅក្រៅប្រទេស និងអវត្តមានដោយគ្មានមូលហេតុ។

គ.ជ.ប. បានប្រកាសថា ការបោះឆ្នោតនេះបានប្រព្រឹត្តទៅមានរបៀបរៀបរយ និងសណ្តាប់ធ្នាប់ល្អ ក្រោមការសង្កេតមើលពីភាគីពាក់ព័ន្ធរួមមាន ភ្នាក់ងារគណបក្សនយបោយចំនួន៧៥នាក់ បម្រុង៦៩នាក់ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិប្រមាណ៣០០នាក់ ព្រមទាំងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិចំនួនជាង៣០០នាក់ផងដែរ។

គ.ជ.ប សូមថ្លែងអំណរគុណ ដល់ គធ.ខប គណបក្សនយោបាយ អ្នកសង្កេតការណ៍បោះឆ្នោត អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ដែលបានសហការ និងគោរពតាមបទបញ្ជា និងនីតិវិធី គ.ជ.ប និងក្រមសីលធម៌សម្រាប់ការបោះឆ្នោតបានត្រឹមត្រូវ។

ក្រោយការបោះឆ្នោតបានបញ្ចប់ គ.ជ.ប បានប្រកាសលទ្ធផលបឋម នៅព្រលប់ថ្ងៃអាទិត្យនេះ បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំ រាជរដ្ឋាភិបាល ទទួលបានសំឡេងគាំទ្រច្រើនលើសលុប។ ចំណែកឯគណបក្ស៣ផ្សេងទៀត រួមមាន គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ និងគណបក្សយុវជនកម្ពុជា ទទួលបានសំឡេងតិចតួច ពុំទទួលបានអាសនៈ។ លទ្ធផលបឋម នៅតាមភូមិភាគនីមួយៗទទួលបានដូចតទៅ៖ ភូមិភាគ១៖ គណបក្សប្រជាជនកម្ពុជា៖ ៨៩៧សំឡេង គណបក្សខ្មែររួបរួមជាតិ៖ ២សំឡេង គណបក្សហ្វ៊ុនស៊ិនប៉ិច៖ ១១សំឡេង ។ ភូមិភាគ២៖ គណបក្សប្រជាជនកម្ពុជា៖ ១៣០៥សំឡេង គណបក្សខ្មែររួបរួមជាតិ៖ ១៦សំឡេង គណបក្ស ហ្វ៊ុនស៊ិនប៉ិច៖ ៤៥សំឡេង គណបក្សយុវជនកម្ពុជា៖ ៣សំឡេង។ ភូមិភាគ៣៖ គណបក្សប្រជាជនកម្ពុជា៖ ៧៧១សំឡេង គណបក្សខ្មែររួបរួមជាតិ៖ ៨សំឡេង គណបក្សហ្វ៊ុនស៊ិនប៉ិច៖ ៤៤សំឡេង។ ភូមិភាគ៤៖ គណបក្សប្រជាជនកម្ពុជា៖ ២០៥៤សំឡេង គណបក្សខ្មែររួបរួមជាតិ៖ ៧៩សំឡេង គណបក្សហ្វ៊ុនស៊ិនប៉ិច៖ ៨១សំឡេង។ ភូមិភាគ៥៖ គណបក្សប្រជាជនកម្ពុជា៖ ១៣២៤សំឡេង គណបក្សហ្វ៊ុនស៊ិនប៉ិច៖ ១៤សំឡេង។ ភូមិភាគ៦៖ គណបក្សប្រជាជនកម្ពុជា៖ ១៣៩៥សំឡេង គណបក្សខ្មែររួបរួមជាតិ៖ ១៣សំឡេង គណបក្សហ៊្វុនស៊ិនប៉ិច៖ ១៨សំឡេង។ ភូមិភាគ៧៖ គណបក្សប្រជាជនកម្ពុជា៖ ១៦៨២សំឡេង គណបក្សខ្មែររួបរួមជាតិ៖ ៣២សំឡេង គណបក្សហ្វ៊ុនស៊ិនប៉ិច៖ ១៦សំឡេង និងភូមិភាគ៨៖ គណបក្សប្រជាជនកម្ពុជា៖ ១៦៧៤សំឡេង គណបក្សខ្មែររួបរួមជាតិ៖ ៣២សំឡេង គណបក្សហ្វ៊ុនស៊ិនប៉ិច៖ ៤៧សំឡេង។

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាអាណត្តិទី៤៖ មានអសនៈចំនួន៦២ ស្មើនឹងសមាជិកព្រឹទ្ធសភា៦២រូប ក្នុងនោះច្បាប់កំណត់ថា សមាជិកព្រឹទ្ធសភា ២រូប ត្រូវតែងតាំងដោយព្រះមហាក្សត្រ ២រូបទៀតត្រូវបោះឆ្នោតដោយរដ្ឋសភា តាមមតិភាគច្រើនដាច់ខាត និង នៅសល់ចំនួន៥៨រូប ត្រូវជ្រើសតាំងដោយការបោះឆ្នោតអសកលរបស់អង្គបោះឆ្នោត។

អ្នកបោះឆ្នោត១១៦៩៥រូប កើនឡើងចំនួន២១៩រូប ពីអាណត្តិទី៣ ក្នុងនោះមានអង្គបោះឆ្នោតតំណាងរាស្រ្ត១២៣រូប។ រយៈពេលនៃការឃោសនាបោះឆ្នោត១៤ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់២៣ ខែកុម្ភៈ ឆ្នាំ២០១៨។ ការិយាល័យបោះឆ្នោតមានចំនួន៣៣ នៅទូទាំង២៥រាជធានី-ខេត្ត។ មានចំនួន៨ភូមិភាគ រួមមាន៖ ភូមិភាគទី១ រាជធានីភ្នំពេញ មាន ៦ អាសនៈ។ ភូមិភាគទី២ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ មាន ៨ អាសនៈ។ ភូមិភាគទី៣ ខេត្តកណ្តាល មាន ៥ អាសនៈ។ ភូមិភាគទី៤ ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ និងខេត្តប៉ៃលិន មាន ១០ អាសនៈ។ ភូមិភាគទី៥ ខេត្តតាកែវ កំពត និងកែប មាន ៧ អាសនៈ។ ភូមិភាគទី៦ ខេត្តព្រៃវែង និងខេត្តស្វាយរៀង មាន ៧ អាសនៈ។ ភូមិភាគទី៧ ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ កោះកុង និងខេត្តព្រះសីហនុ មាន ៩ អាសនៈ។ ភូមិភាគទី៨ ខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី មាន ៦ អាសនៈ៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×