ភ្នំពេញ ៖ លោក អ៊ិត សំហេង លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគណៈវិស្វករកម្ពុជាឡើង ដើម្បីប្រមូលផ្តុំនិងគ្រប់គ្រងវិស្វករទូទាំងប្រទេសមកចុះបញ្ជីនៅគណៈវិស្វករកម្ពុជា ដើម្បីអប់រំបណ្តុះបណ្តាលបង្កើនសមត្ថភាពបច្ចេកទេស គ្រប់មុខជំនាញវិជ្ជាជីវៈវិស្វកម្មឲ្យមានគុណភាព ប្រសិទ្ធភាព សុវត្ថិភាព ស្ថិរភាពប្រកប ដោយការទទួលខុសត្រូវខ្ពស់ ដែលធ្វើឲ្យវិជ្ជាជីវៈវិស្វកម្មកាន់តែល្អ ដើម្បីការពារកិត្តិយសសេចក្តីថ្លៃថ្នូរដល់វិស្វករ និងរួមចំណែកថែរក្សាលើកស្ទួយអត្តសញ្ញាណជាតិ។
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជាមានប្រសាសន៍លើកឡើងបែបនេះ នាឱកាសដឹកនាំកិច្ចប្រជុំលើកដំបូងជាមួយក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា នាថ្ងៃ ចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីស្តីការក្រសួងការងារ។
លោក បញ្ជាក់ថា វិស្វករគ្រប់មុខជំនាញវិជ្ជាជីវៈវិស្វកម្ម ត្រូវតែមកចុះបញ្ជីនៅគណៈវិស្វករកម្ពុជា ដែលជាបុព្វលក្ខខ័ណ្ឌ ព្រោះបើមិនមកចុះបញ្ជី បានន័យថាវិស្វករនោះមិនអាចទទួលគោរមងារជាវិស្វករអាជីពជាតិ វិស្វករអាស៊ាន និងវិស្វករអាជីពឆ្នើមអាស៊ានបានទេ ព្រោះមានតែស្ថាប័នគណៈវិស្វករកម្ពុជានេះទេ ដែលអាចផ្តល់គោរមងារជាវិស្វករអាជីព ដែលច្បាប់ផ្តល់សិទ្ធិឲ្យជាធរមាន។ ទន្ទឹមនឹងនេះ គណៈវិស្វករកម្ពុជាក៏ជាអ្នកវាយតម្លៃ និងធ្វើបែបបទសម្រាប់ទទួលគោរមងារបន្ថែមជាវិស្វករអាស៊ាន និងវិស្វករអាជីពឆ្នើមអាស៊ានបន្ថែមទៀត។
ក្នុងពេលបច្ចុប្បន្ន គណៈវិស្វករកម្ពុជាបានកែសម្រួលសមាសភាពក្រុមប្រឹក្សាគណៈវិស្វករកម្ពុជាឡើងវិញតាមព្រះរាជក្រឹត្យលេខ នស/រកត/១២១៧/១២៧៥ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ ដែលមានលោក អ៊ិត សំហេង ជាប្រធាន និងអស់លោក អ្នកឧកញ៉ា ជាអនុប្រធាន និងជាសមាជិកក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ដែលត្រូវទទួលខុសត្រូវចំពោះរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសដ៏ខ្ពង់ខ្ពស់នៃគណៈវិស្វករកម្ពុជា ហើយមានតួនាទីសំខាន់ដូចខាងក្រោម៖ អនុម័តគោលនយោបាយ យុទ្ធសាស្ត្រ ផែនការ សកម្មភាព បទបញ្ជាផ្ទៃក្នុង និងក្រមសីលធម៌របស់គណៈវិស្វករកម្ពុជាតាម ដានត្រួតពិនិត្យដំណើរការប្រព្រឹត្តទៅរបស់គណៈវិស្វករកម្ពុជា ផ្តល់យោបល់ដល់អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជាសម្របសម្រួល និងដោះស្រាយវិវាទផ្សេងៗរបស់គណៈវិស្វករកម្ពុជាផ្តល់យោបល់ក្នុងការចុះបញ្ជីវិស្វករអាជីពជាតិ និងអន្តរជាតិ ការលើកទឹកចិត្ត និងដាក់ពិន័យ។
លោក រដ្ឋមន្ត្រីបានសំណូមពរមួយចំនួនដល់សមាជិក សមាជិកា នៃក្រុមប្រឹក្សាគណៈវិស្វករកម្ពុជាដូចមានខាងក្រោម៖ត្រូវយកចិត្តទុកដាក់នូវភារកិច្ច ដែលរាជរដ្ឋាភិបាលប្រគល់ជូន ក្នុងការជួយជំរុញឲ្យគណៈវិស្វករកម្ពុជាប្រព្រឹត្តទៅដោយរលូន និងជួយដោះស្រាយនូវសំណូមពរចាំបាច់ទាំងឡាយរបស់អង្គភាពប្រតិបត្តិនេះ ក្នុងនោះរួមមាន៖ក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានបញ្ជូនមន្ត្រីមានបទពិសោធន៍ខាងវិស័យជំនាញវិស្វកម្មមកចូលរួមក្នុងសមាសភាពក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា សូមមេត្តាជួយបង្កលក្ខណៈងាយស្រួលក្នុងការអញ្ជើញចូលរួមប្រជុំក្នុងក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា និងមេត្តាជួយសម្រួលដល់មន្ត្រីទាំងនោះ ដែលត្រូវចូលរួមវាយតម្លៃសម្បទាវិជ្ជាជីវៈវិស្វកម្មដល់បេក្ខជនវិស្វករអាជីពជាតិ វិស្វករអាស៊ាន និងវិស្វករអាជីពឆ្នើមអាស៊ាន-អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ដែលបញ្ជូនវិស្វករដើម្បីបង្កើតក្រុមប្រឹក្សាគណៈវិស្វកររាជធានី-ខេត្ត ត្រូវជ្រើសរើសវិស្វករអាជីព និងវិស្វករចុះបញ្ជីដើម្បីបង្កើតក្រុមប្រឹក្សារាជធានី-ខេត្តរបស់ខ្លួន (បញ្ជាក់កន្លងមកខេត្តមួយចំនួនបានបញ្ជូនវិស្វករជាប្រធាន អនុប្រធាននិងសមាជិកក្រុមប្រឹក្សាគណៈវិស្វកររាជធានី-ខេត្ត ដោយវិស្វករទាំងនោះដែលមិនទាន់បានមកចុះបញ្ជីនៅគណៈ វិស្វករកម្ពុជាផង)។
ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានកិត្តិយសដ៏ខ្ពង់ខ្ពស់របស់គណៈវិស្វករកម្ពុជា និងក្នុងនាមលោក រដ្ឋមន្ត្រី ផ្ទាល់ជាប្រធានក្រុមប្រឹក្សាគណៈ វិស្វករកម្ពុជា លោក បានកោតសរសើរដល់គណៈវិស្វករកម្ពុជាដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួនកន្លងមកប្រកបដោយផ្លែផ្កា ក្នុងនោះបានទទួលវិស្វករចុះបញ្ជីវិស្វករ នៅគណៈវិស្វករកម្ពុជាគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ មានចំនួនៈ ៣០៤៥នាក់៕ ដោយ៖បញ្ញាស័ក្តិ