Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកភូមិ​ជនជាតិដើម​ភាគតិច​ខ្មែរ​កួយ នៅតែ​រក្សា​ទម្លាប់​ប្រើប្រាស់​ទឹកអូរ តាំងពី​បុរាណកាល​មកដល់​បច្ចុប្បន្ន​

spot_img

​ស្ទឹងត្រែង ៖ បងប្អូន​ខ្មែរ​កួយ​រស់នៅ​ភូមិ​រំដេង​ឃុំ​ចំការលើ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង នៅតែ​រក្សា​ទម្លាប់​ប្រើប្រាស់​ទឹកអូរ​ជាប្រចាំ​។ អាជ្ញាធរ​នៅ​ទី​នោះបាន​ប្រាប់ថា នេះ​គឺជា​ទម្លាប់​តាំងពី​បុរាណកាល​មកម្ល៉េះ​។​

​រស់ ដួន អាយុ ៥០​ឆ្នាំ គឺជា​មេផ្ទះ​ចាស់ទុំ​នៅ​ភូមិ​រំដេង បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹងថា បងប្អូន​របស់គាត់​ដែលមាន​ផ្ទះ​ក្បែរ​ដងអូរ​បាននាំគ្នា​ជីករណ្ដៅ​ជា​អណ្ដូង​រាក់​នៅក្បែរ​មាត់ទឹក​ឲ្យ​ទឹក​ហូរ​ជ្រាប ដើម្បី​យក​ទឹក​ទៅប្រើ​ប្រាស់​។​
ពេល​អ្នកសារព័ត៌មាន​យើង​ចុះទៅ​ដល់​ភូមិ​នោះ​ឃើញថា សកម្មភាព​អ្នកភូមិ​យក​ផ្តិល ឬ​ការ​បោយ​ដងទឹក​ចេញពី​អណ្ដូង​ដាក់​ធុង​ជញ្ជូន​ឡើងទៅ​ប្រើប្រាស់​នៅផ្ទះ​ហើយ​អ្នកខ្លះ ក៏​បោកគក់​សម្លៀកបំពាក់​នៅ​តាម​ដងអូរ​។​
នៅតាម​ដងអូរ​ឃើញ​មាន​រណ្ដៅ​ជីក​ជា​អណ្ដូង​រាក់​ជាច្រើន​កន្លែង ដើម្បីឱ្យ​ទឹក​ជ្រាបចូល​ហើយ​អ្នកភូមិ​យក​ទឹក​នោះ​ដង​ទៅ​ដាំ​ស្ល​បោកគក់​តាម​ទំនៀមទម្លាប់​របស់គាត់​។​
លោក​ព្រះ ហែម មេឃុំ​ចំការលើ​បាន​ប្រាប់​ឲ្យ​ដឹងថា អាជ្ញាធរ​បាន​ពន្យល់​ណែនាំ​អប់រំ​ដល់​អ្នកភូមិ ឲ្យ​ប្រើប្រាស់​ទឹក​មាន​អនាម័យ​ជៀសវាង​កើតមាន​ជំងឺឆ្លង​។ ត្រូវ​ប្រើប្រាស់​ទឹក​ដាំ​ស្ល ឲ្យ​បាន​ឆ្អិន​តាម​ក្បួន​សុខាភិបាល ដូចជា​ដាំទឹក​ក្តៅ​ពុះ​ដែលមាន​រយៈពេល ១៥ នាទី​យ៉ាងតិច​។​
លោក​មេឃុំ​និយាយថា នៅក្នុង​ភូមិ​ក៏មាន​អ្នកខ្លះ​បាន​ប្រើប្រាស់​អណ្ដូង ដែល​អង្គការ​ឧបត្ថម្ភ​ហើយ​អ្នក​ខ្លះទៀត ក៏មាន​អណ្ដូង​ជីក​ដោយ​ដៃ​ផ្ទាល់ខ្លួន​រួចទៅហើយ​។​
ជាមួយ​នោះ​ស្ត្រី​អ្នកភូមិ​ម្នាក់ទៀត បាន​និយាយថា អណ្ដូង​ដែល​អង្គការ​ជួយឧបត្ថម្ភ ប្រើប្រាស់​មិន​គ្រប់គ្រាន់​សម្រាប់​អ្នកភូមិ​ទេ​ពេលខ្លះ​ខូច​មិនទាន់​ចិត្ត​ទើប​អ្នកភូមិ​ភាគច្រើន ដែលមាន​ផ្ទះ​ក្បែរ​មាត់​អូរ​នាំគ្នា​ជីក​អណ្ដូង តាម​បាត​អូរ​យក​ទឹក​មកប្រើប្រាស់​តែម្ដងទៅ​។​

​លោក​មេឃុំ​ចំការលើ បាន​បញ្ជាក់ថា មានតែ​ប្រជាពលរដ្ឋ ៣ ភូមិ​ប៉ុណ្ណោះ នៅក្នុង​ឃុំ​របស់លោក​បាន​ប្រើប្រាស់​ទឹក​ហូរ ក្នុងនោះ​មាន​ភូមិ​រុន ភូមិ​រំដេង និង​ភូមិ​ចំការលើ​។ ភូមិ​ទាំង ៣ នេះ​បាន​ប្រើប្រាស់​ទឹកអូរ ប៉ុន្តែ​មិន​ទាំងអស់​ទេ​។ អ្នកខ្លះ​ដងទឹក​អូរ​យកទៅ​រក្សា​ទុក សម្រាប់​ប្រើប្រាស់​លាងចាន ឬក៏​ដង​ស្រោច​ដំណាំ​ជាដើម​។ ម្យ៉ាងទៀត គឺជា​ទម្លាប់​អ្នកភូមិ​នៅពេល​រដូវប្រាំង តែងតែ​ប្រើប្រាស់​ទឹកអូរ ដែល​មិនអាច​កែប្រែ​បានទេ​។​
ហេតុដូច្នេះ​មានតែ​ជម្រុញ​ការអប់រំ​ដល់​ពួកគាត់ ក្នុងការ​ប្រើប្រាស់​ទឹក​ឲ្យ​មាន​អនាម័យ​តែប៉ុណ្ណោះ​៕ រក្សា​សិទ្ធិ​ដោយ​៖​សំណាង​

spot_img
×