Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការ​មូលនិធិ​អាស៊ី និង​អង្គការ​សីល​ការ សម្ពោធ​គម្រោង «​ការលើកកម្ពស់​តម្លាភាព និង​គណនេយ្យភាព​នៃ​ការគ្រប់គ្រង​ថវិកា​ថ្នាក់ក្រោម​ជាតិ​នៅ​កម្ពុជា​»

spot_img

​ភ្នំពេញ ៖ តាមរយៈ​ជំនួយ​របស់​ក្រសួងការបរទេស និង​ពាណិជ្ជកម្ម​នូ​វែ​ល​ហ្សេ​ឡង់ អង្គការ​មូលនិធិ​អាស៊ី និង​អង្គការ​សីល​ការ បាន​សម្ពោធ​គម្រោង​រយៈពេល ៣ ឆ្នាំ ដែលមាន​ឈ្មោះថា «​ការលើកកម្ពស់​តម្លាភាព និង​គណនេយ្យភាព​នៃ​ការគ្រប់គ្រង​ថវិកា​ថ្នាក់ក្រោម​ជាតិ​នៅ​កម្ពុជា​»​។​

​កម្មវិធី​សម្ពោធ​គម្រោង​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្រោម​អធិបតីភាព​របស់ ឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិកា​រ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ គ​.​ជ​.​អ​.​ប ។​
​គម្រោង​រយៈពេល​បី​ឆ្នាំ​នឹង​ជម្រុញ​ការលើកទឹកចិត្ត​ជា​វិជ្ជមាន​ដល់​ក្រុមប្រឹក្សា​ថ្នាក់មូលដ្ឋាន ក្នុងការ​ឆ្លើយតប​ទៅនឹង​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ និង​ជំរុញ​ការចូលរួម​ពី​សំណាក់​ប្រជាពលរដ្ឋនៅក្នុង​ដំណើរការ​រៀបចំ​ផែនការ​ថវិកា​អភិវឌ្ឍន៍​មូលដ្ឋាន​ឱ្យ​កាន់តែ​ប្រសើរឡើង​។ គម្រោង​នេះ នឹង (១) ធ្វើការ​នៅ​ឃុំ​ចំនួន ២៤ ក្នុងស្រុក​ចំនួន ៨ ដែល​ស្ថិតនៅក្នុង​ខេត្តកំពង់ឆ្នាំង កំពង់ធំ កណ្តាល និង​ខេត្ត​ត្បូងឃ្មុំ​។ គំនិត​ផ្តួចផ្តើម​គម្រោង​នេះ នឹង​កសាង​សមត្ថភាព​សមាជិក​ក្រុមប្រឹក្សាឃុំ ចំនួន ២២២ នាក់ និង​សមាជិក​ក្រុមប្រឹក្សា​ស្រុក​ចំនួន ៤០​នាក់ សម្របសម្រួល​និង​រៀបចំ​វេទិកា​ជជែក​ពិភាក្សា​ចំនួន ៣១​ដង នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ និង​ធ្វើការ​ជាមួយ​អ្នកភូមិ​ចំនួន ៤ ម៉ឺន​នាក់​។​

​លោក Taha Macpherson ឯកអគ្គរដ្ឋទូត​នូ​វែ​ល​ហ្សេ​ឡង់​ប្រចាំ​ប្រទេស​ថៃ ឡាវ និង​កម្ពុជា បាន​មានប្រសាសន៍ថា​៖ «​តម្លាភាព និង​គណនេយ្យភាព​ហិរញ្ញវត្ថុ​សាធារណៈ​មាន​សារៈសំខាន់​ណាស់​ក្នុងការ​ធានាថា ការសម្រេចចិត្ត​ផ្នែក​ថវិកា​នឹងធ្វើ​ឱ្យមាន​ការផ្លាស់ប្តូរ​បែប​វិជ្ជមាន​ដល់​ការរស់នៅ​របស់​ប្រជាជន​កម្ពុជា​។ ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់ រីករាយ​នឹង​គាំទ្រ​ដល់​ក្រុមប្រឹក្សា​ថ្នាក់ក្រោម​ជាតិ និង​ប្រជាពលរដ្ឋ ដើម្បី​កសាង​សម្ថ​ភាព​របស់​ពួកគាត់​នៅក្នុង​ដំណើរការ​រៀបចំ​ថវិកា​ប្រកបដោយ​ភាពត្រឹមត្រូវ​។​»

​ឯកឧត្ដម ង៉ាន់ ចំរើន បាន​មានប្រសាសន៍ថា​៖ «​ការពង្រឹង​ប្រព័ន្ធគ្រប់គ្រង​ហិរញ្ញវត្ថុ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ កិច្ចការងារ​ដ៍​ចាំបាច់​ក្នុង​កំណែទម្រង់​អភិបាលកិច្ច​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ នៅ​ខណៈដែល​ថវិកា​របស់រ​ដ្ឋ​បាល​ថ្នាក់ក្រោម​ជាតិ​ត្រូវបាន​បង្កើន​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។
​កិច្ចការ​នេះ​ត្រូវបាន​អនុវត្ត​នៅក្នុង​យន្តការ​គណនេយ្យភាព​ស​ង្គ​ម ជាពិសេស​តាមរយៈ​សមាសភាគ​ទី​១ កា​រលើ​កម្ពស់​តម្លាភាព ភាព​ងាយ​ទទួលបាន​ព័ត៌មាន​នានា និង​ព័ត៌មាន​ថវិកា និង​សមាសភាគ​ទី​២ ការ​ការត្រួតពិនិត្យ តាមដាន​ដោយ​ប្រជាពលរដ្ឋ​។ អាស្រ័យហេតុនេះ គម្រោង​«​ការលើកកម្ពស់​តម្លាភាព និង​គណនេយ្យភាព​នៃ​ការគ្រប់គ្រង​មូលនិធិ​ថ្នាក់ក្រោម​ជាតិ​នៅ​កម្ពុជា​» ដែល​គាំទ្រ​ដោយ​រាជរដ្ឋាភិបាល​នូ​វែ​ល​ហ្សេ​ឡង់​តាមរយៈ ក្រសួងការបរទេស និង​ពាណិជ្ជកម្ម មាន​សារៈសំខាន់​ណាស់​ក្នុងការ​ចូលរួមចំណែក​នៅក្នុង​ការចូលរួម​អនុវត្ត​កំណែទម្រង់​អភិបាលកិច្ច​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។​»

​លោកស្រី Meloney C. Lindberg តំណាង​អង្គការ​មូលនិធិ​អាស៊ី ប្រចាំ​ប្រទេស​កម្ពុជា មានប្រសាសន៍ថា “​យោងទៅតាម​ការសិក្សា​ស្ទង់​មតិ​នៅក្នុង​សហគមន៍​គោលដៅ​របស់​យើង ៨៩.៧% នៃ​អ្នកចូលរួម យល់ថា ពួកគេ​ចាំបាច់​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​ផែនការ​វិនិយោគ​សហគម​ន៍​របស់​ពួកគេ ហើយ ៨៣.២% ចាប់អារម្មណ៍ និង​ចង់​យល់ដឹង​ពី​ថា​វិកា​សម្រាប់​អភិ​វ​ឌ្ឈ​ន៍​នៅ​ឆ្នាំ ២០២០​។ នេះ​បញ្ជាក់​ពី​ចំណាប់អារម្មណ៍​របស់​ប្រជាពលរដ្ឋ​ក្នុងការ​យល់ដឹង និង​ចូលរួម​ក្នុងការ​រៀបចំ​ផែនការ​ធ្វើ​ថវិកា​នៅ​សហគមន​របស់​ពួកគេ និង​ផែនការ​វិនិយោគ​សហគម​ន៍​”​។​

​លោក ចាន់ តារា អភិបាលរង​ខេត្តកំពង់ធំ បាន​មានប្រសាសន៍ថា​៖ «​គម្រោង​ថវិកា​ថ្នាក់ក្រោម​ជាតិ​នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ថ្នាក់ស្រុក​។ នេះ​ជាការ​ចាំបាច់​ក្នុងការ​ពង្រឹង និង​លើកកម្ពស់​សមត្ថភាព​ម​ន្ត្រី ឬ​គណៈ​អភិបាលស្រុក ដើម្បី​យល់ដឹង​កាន់តែច្បាស់​អំពី​ដំណើរការ​អភិវឌ្ឍ​ថ​រិ​កា និង​គៀងគរ​ការចូលរួម​ពី​ប្រជាពលរដ្ឋ​។​»

​គម្រោង​នេះ​រំពឹងថា​នឹង​ជម្រុញ​ឲ្យ​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរឡើង អំពី​ដំណើរ​ការរៀបចំ​ផែនការ និង​ផែនការ​ថវិកា​របស់​ក្រុមប្រឹក្សាឃុំ និង​ការបែងចែក​មូលនិធិ ព្រមទាំង​សិទ្ធិ និង​ការទទួលខុសត្រូវ​រប​ស់​ពួកគេ​ក្នុងការ​សម្រេចចិត្ត​នៅ​មូលដ្ឋាន ។​

​ដោយ​ផ្អែកលើ​អាទិភាព​ដែល​ដែល​បានបង្ហាញ​ដោយ​ប្រជាពលរដ្ឋ ក្រុមប្រឹក្សាឃុំ និង​ស្រុក នឹង​ត្រូវបាន​ពង្រឹង​បន្ថែម​នូវ​សមត្ថភាព ក្នុងការ​សម្រេចចិត្ត​ថវិកា​។ ទម្រង់​នៃ​ការចូលរួម​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​អត្ថន័យ​ក្នុង​ដំណើរ​ការរៀបចំ​ថវិកា​នឹង​បង្កើន​ការពិភាក្សា​អំពី​អាទិភាព​ថវិកា​មូលដ្ឋាន រវាង​ក្រុមប្រឹក្សាឃុំ និង​ប្រជាពលរដ្ឋ ។ ការរៀនសូត្រ​របស់​គ​ម្រោ​ង​នឹង​រួមចំណែក​ដល់​គោលនយោបាយ និង​គោលការណ៍​ណែនាំ​ថវិកា​មូលដ្ឋាន ហើយ​ដែល​ការរៀនសូត្រ​នឹងត្រូវ​បាន​ចែករំលែក​ជាមួយ​ភាគី​អ្នកពាក់ព័ន្ធ​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN​

spot_img
×