Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​ខេត្ត​មណ្ឌលគិរី គ្រោង​សង់​ផ្សារ​សែន​មនោ​រម្យ​ជាថ្មី​ឡើងវិញ​ក្នុង​ពេល​ឆាប់ៗ ក្រោយ​ត្រូវ​ភ្លើង​ឆេះ​ស្លាប់​មនុស្ស ២​នាក់ និង​របួស​៣​នាក់​ (4 Video inside)

spot_img

ខេត្ត​មណ្ឌលគិរី​៖ មន្ត្រី​រដ្ឋបាល​ខេត្ត​មណ្ឌលគិរី បានឲ្យដឹងថា ផ្សារ​សែន​មនោ​រម្យ មាន​ទីតាំង​ស្ថិតក្នុង​ក្រុង​សែន​មនោ​រម្យ ដែល​ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ កាលពី​ពេល​ថ្មី​នេះ នឹង​អាច​ស្ថាបនា​ឡើង​វិញ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​។ ការអះអាង​នេះ កើតមាន​បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី បាន​ជួប​ពិភាក្សា​គ្នា​ល្អិន​ល្អន់​ជាមួយ​ក្រុម​អាជីវករ ត្រូវ​ភ្លើង​ឆេះ​តូប និង​ផ្ទះ ដោយ​លទ្ធផល ខាង​ភាគី​អាជីវករ​ស្ម័គ្រចិត្ត​សាងសង់​តូប និង​ផ្ទះ​ជា​ថ្មី​ឡើងវិញ​ដោយ​ខ្លួនឯង ចំណែក​អាជ្ញាធរ​មាន ភារកិច្ច​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ មាន​ផ្លូវ ប្រព័ន្ធ​លូ និង​ចរន្ត​អគ្គីសនី​ជូន​អាជីវករ ។​

ក្រុម​អាជីវករ​ក្នុង​ផ្សារ​សែន​មនោ​រម្យ បាន​អះអាង​ថា ពួកគាត់​ឯកភាពគ្នា ចំពោះ​ការសាងសង់​តូប និង​ផ្ទះ​ជា​ថ្មី​ឡើងវិញ​ដោយ​ខ្លួនឯង និង​ពុំ​ចាំបាច់​ឲ្យ​អាជ្ញាធ​រលំ​បាក​នោះ​ទេ ហើយ​អ្វី​ដែល​អាជីវករ​ពួកគាត់​ចង់បាន គឺ​សំណូមពរ ឲ្យ​អាជ្ញាធរ​ចុះ​វាស់​បែងចែក​ចំណែក​ដីធ្លី និង​ចេញ​ប័ណ្ឌកម្មសិទ្ធ​(​ប្លង់រឹង​) ជូន​ពួកគាត់​កាន់កាប់​ស្រប​ច្បាប់​ឲ្យបាន​ឆាប់​។​

​ក្រុម​អា​ជី​រករ​បាន​សំណូមពរ ឲ្យ​រដ្ឋបាល​ខេត្ត​មណ្ឌលគិរី ត្រូវ​ពន្លឿន​ផ្តល់​ប្លង់​កម្មសិទ្ធិ​ជូន​ពួកគាត់​ឲ្យបាន​ឆាប់ ដើម្បី​អាច​ឈាន​ដល់​ពួកគាត់​សហការគ្នា​សាងសង់​លំនៅដ្ឋាន និង​តូប​លក់ដូរ​នៅ​ផ្សារ​សែន​មនោ​រម្យ​ជា​ថ្មី​ឡើងវិញ សម្រាប់​បន្ត​របរ​រក​ប្រាក់ចំណូល​ចិញ្ចឹម​គ្រួសារ​នា​ថ្ងៃ​អនាគទ​។

​ក្រុមអាជីវករ​បន្តថា ពួកគាត់​បាន​ឯកភាព​ជាមួយ​អាជ្ញាធរ​ថា នឹង​បរិច្ចាក​ដី របស់​ពួក​គាត់​ម្នាក់​បន្តិចបន្តួច ដើម្បី​ផ្តល់ជូន​អាជ្ញាធរ​ស្ថាបនា​ពង្រីក​ផ្លូវ​ចេញចូល​ទៅ​ក្នុង​ផ្សារ ដែល​ត្រូវ​សង់​ថ្មី ឲ្យបាន​ធំ​ទូលាយ ទុក​សម្រាប់​បង្ការ​ដល់​រថយន្ត​ពន្លត់​អគ្គីភ័យ​អាច​ចេញចូល នៅពេល​មាន​ភ្លើង​ឆេះ​ផ្សារ​ជា​យថាហេតុ​ណា​មួយ​នៅ​ថ្ងៃ​ខាង​មុខ​។
​អភិបាលក្រុង​សែន​មនោ​រម្យ លោក ឡុង វិបុល បានឲ្យដឹងថា ចំពោះ​ដំណោះស្រាយ​ជុំវិញ​ការរៀបចំ​ផ្សារ​សែន មនោ​រម្យ​ជាថ្មី​ឡើងវិញ​នេះ គឺ​អាជ្ញាធរ​បាន​ចុះ​វាស់​បែងចែក​ដី​ជូន​អាជីវករ​បាន​ប្រមាណ ៩០%​រួចហើយៗ​ការងារ​នេះ គឺ​អាជ្ញាធរ​បាន​អនុវត្ត​ទៅតាម​សំណូមពរ របស់​អាជីវករ ប៉ុន្តែ​ក្រោយ​បញ្ចប់​ការងារ​នេះ មន្ត្រី​រដ្ឋបាល​ខេត្ត នឹង​បញ្ជូន​សំណើរ របស់​ក្រុម​អាជីវករ ដែល​ត្រូវ​ភ្លើង​ឆេះ​នៅ​ផ្សារ​សែន​មនោ​រម្យ​ស្នើសុំ​សាងសង់​ផ្សារ​ឡើងវិញ​នេះ ដាក់​ទៅ​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ពិនិត្យ​សម្រេច​ជា​មុន​សិន​។ ប៉ុន្តែ​ប្រសិនបើ​ថ្នាក់ដឹកនាំ​ឯកភាព រដ្ឋបាល​ខេត្ត​មណ្ឌលគិរី នឹង​រៀបចំ​ប្លង់​ស្ថាបត្យកម្ម តម្រូវ​ឲ្យ​អាជីវករ សាងសង់​តូប និង​ផ្ទះ​ទៅតាម​ផែនការ របស់​អាជ្ញាធរ ស្ថាប័ន​ពាក់ព័ន្ធ ព្រមទាំង​រៀបចំ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន​ផ្សារ​ថ្មី​ឲ្យ​ល្អ​ប្រសើរ​ជាង​ពេល​មុន​ត្រូវ​ភ្លើង​ឆេះ​ផ្សារ​នេះ​។

សូម​រម្លឹកថា ផ្សារ​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ​ស្ទើរ​ទាំងស្រុង កាលពី​ម៉ោង ២​រំ​អាធ្រាត ថ្ងៃទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៨ បាន​បណ្ដាលឲ្យ​មាន​មាន​មនុស្ស​ស្លាប់​ចំនួន ២​នាក់ និង​របួស​ចំនួន ៣​នាក់​។ អគ្គីភ័យ​នេះ បាន​បំផ្លាញ​តូប​លក់ដូរ និង​ផ្ទះ​អាជីវករ​អស់​ប្រមាណ ៧០% ឬ​ស្មើ ១៥៨​តូប និង​ខ្នង​ផ្ទះ ព្រមទាំង​បង្ក​ផលប៉ះពាល់​ដល់​អាជីវករ​ចំនួន ២១១​គ្រួសារ​។

​មន្ត្រី​ខេត្ត​មណ្ឌលគិរី ឲ្យដឹងថា មូលហេតុ​នាំ​ឲ្យ​ផ្សារ​សែន​មនោ​រម្យ ត្រូវ​ភ្លើង​ឆេះ គឺ​បណ្ដាលមកពី​ទុស្សេ​ចរន្ត​អគ្គីសនី​៕ ដោយ ៖ សមុទ្រ​ឈើ​

spot_img
×