Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​រដ្ឋបាល​ខេត្ត​មណ្ឌលគិរី បំភ្លឺ​ជុំវិញ​ភាពមិនប្រក្រតី​នៃ​បទល្មើស​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ខៀវ ដែល​សមត្ថកិច្ច​បង្ក្រាប​មិន​មាន​ប្រសិទ្ធភាព​ (2 Video inside)

spot_img

​ខេត្ត​មណ្ឌលគិរី​៖ រដ្ឋបាល​សាលា​ខេត្តមណ្ឌលគិរី បាន​ចេញមុខ​ផ្តល់​បទ​សម្ភាស​បំភ្លឺ ជូន​ដល់​ក្រុម​អ្នកសារព័ត៌មាន​ប្រចាំ​ខេត្ត​នេះ ជុំវិញ​ភាព​មិន​ប្រក្រតី នៃ​សកម្មភាព​ចូល​ទៅ​រាន​កាប់​ព្រៃឈើ នៅក្នុង​តំបន់​ព្រៃ​ខៀវ​យ៉ាង​អនាធិបតេយ្យ​ក្នុង​មូលដ្ឋាន​ខេត្ត​មណ្ឌលគិរី​នា​ពេលកន្លងមក​។

​នាយករង​រដ្ឋបាល​សាលា​ខេត្តមណ្ឌលគិរី លោក សុក សេ​រ៉ា បាន​បំភ្លឺ​ដល់​ក្រុម​អ្នកយក​ព័ត៌មាន ប្រចាំ​ខេត្ត​មណ្ឌលគិរី ចុង​សប្តាហ៍​កន្លងមកនេះ​ថា «​បញ្ហា​ព្រៃ​ខៀវ​នោះ គឺ​បាន​កើតមាន​តាំងពី​ឆ្នាំ​២០១២ ដែល​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី បាន​ចុះ​ទប់ស្កាត់ និង​បង្ក្រាប​ច្រើនសារ​រហូត​រាប់មិនអស់​…​ហើយ​គ្រប់ពេល នៃ​ការចុះ​បង្ក្រាប​ក្រុមការងារ តែង​មាន​កំណត់ហេតុ​និង​របាយការណ៍​ផ្តល់​ជូន​ទៅ​ឲ្យ​ក្រសួង​ពាក់ព័ន្ឋ​ជាច្រើន​»​។​

​លោក សេ​រ៉ា បន្តថា «​បទល្មើស​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ខៀវ​នេះ គឺ​រដ្ឋបាល​ខេត្ត​បាន​ជួបប្រទះ​បញ្ហា​ប្រឈម​ជាច្រើន ដែល​នាំ​ជា​ផលវិបាក​ក្នុង​ការអនុវត្តន៍​ច្បាប់ ចំពោះ​ប្រជាជន ដែល​បាន​ចូល​ទៅ​កាប់​ទន្ទ្រានព្រៃ​យក​ដី​នៅ​តំបន់​ខាងលើ ព្រោះថា នៅពេល​កម្លាំងចម្រុះ​ចុះ​ទៅ​ពួកគាត់​បាន​រត់គេចខ្លួន​ចេញ​អស់ពី​ទីតាំង​កាប់​រាន​ព្រៃ ប៉ុន្តែ​នៅ​ពេល​កម្លាំង​ជំនាញ​ដក​ចេញ​មក​វិញ ពួកគាត់​ក៏​នាំគ្នា​ចូល​ទៅ​កាប់​ព្រៃ​តំបន់​នោះ​ជា​បន្ត​ទៀត គឺ​ក្នុង​១​យប់ គាត់​កាប់​ពាយ​ព្រៃ​តែម្តង​។ លោក​ថា បទល្មើស​នេះ​រដ្ឋបាល​ខេត្ត ក៏​សម្រេច​ដាក់​កម្លាំង​យាមល្បាត នៅ​តំបន់​ព្រៃ​ខៀវ ប៉ុន្តែ​បាន​ជួប​ការលំបាក​ដោយសារ​បញ្ហា​សុខភាព និង​ជីវភាព របស់​មន្ត្រី​ជំនាញ​ទាំងនោះ រួច​ក្រោយមក​ក៏​សម្រេចចិត្ត​ដក​កម្លាំង​ចេញ​វិញ​។ ដល់​ពេល​ចឹង​ទៅ ប្រជាជន​ចេះតែ​ចូល​ទៅ​កាន់​រាន​ព្រៃ​ក្នុង​តំបន់​នេះ​ជា​បន្តបន្ទាប់​មក​ទៀត​»​។​

​លោក សុក សេ​រ៉ា ឲ្យដឹង​ដូច្នេះ រួច​បន្ថែមថា​«​ក្រោយមក​នៅ​ឆ្នាំ​២០១៥ ក៏​មាន​លិខិត​របស់​ឈ្មោះ កែវ វុទ្ឋី ដែល​បាន​ពី​ក្រសួង​កសិកម្ម បន្ទាប់ពី​នោះ​ស្រាប់តែ​មាន​មនុស្ស​កាន់តែ​ច្រើន​ឡើង​បាន​ទៅ​រស់នៅ​ទីតាំង​ខាងលើ​។​ការចូល​ទៅ​តាំង​ទីលំនៅ​ថ្មី របស់​ពួកគាត់ ខាង​ខេត្ត​ក៏​ទទួលបាន​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​ថា កែវ វុទ្ឋី បាន​យក​លុយ​ពី​ប្រជាពលរដ្ឋ ខេត្ត​ក៏​មាន​វិធានការ រហូត​ដល់​ចាប់​ខ្លួន​មនុស្ស​ពីរ​នាក់ ម្នាក់​ឈ្មោះ កែវ វុទ្ឋី នឹង​ម្នាក់ទៀត​ឈ្មោះ​លោក​ភ្លេច​ឈ្មោះ​។ លោក​ថា ក្រោយ​ចាប់ខ្លួន​កែវ វុទ្ឋី នឹង​បក្ខពួក​ហើយ ដោយ​មិន​បានដឹង​ពី​និតិ​វី​ធី របស់​តុលាការ​យ៉ាងណា​នោះ​ទេ​ក៏​មាន​ការដោះលែង​វិញ​។ ហើយ​ក្នុង​ករណី​នេះ រដ្ឋបាលខេត្ត ក៏​បាន​ស្នើ​ឲ្យ​តុលាការ​ធ្វើ​ពាក្យបណ្តឹង​មួយទៀត ដាក់​ទៅ​កាន់​សាលាឧទ្ឋរណ៍ ហើយក៏​បាន​ចេញ​ដីកា​មួយ​ទៀត​តាម​ចាប់​ឈ្មោះ កែវ វុទ្ធី​។ ប៉ុន្តែ​សព្វថ្ងៃនេះ​មិនដឹងថា កែវ វុទ្ឋី នោះ​នៅ​ទីណា​ទេ​»​។​

​លោក សុក សេ​រ៉ា ឲ្យដឹង​បន្ត​ទៀត​ថា «​ចំពោះ​ការ​ឃើញ​មាន​ដុត​ហុយផ្សែង​នោះ រឿងនេះ គឺ​ការ​កាប់ឆ្ការ​ពីមុន​មក​ចាស់​ទេ តែ​កាល​ពី​សមត្ថកិច្ច​ចូល​ទៅ​គេ​មិនទាន់​ហ៊ាន​ប្រមូល​ដុត​ទេ វា​នៅ​ជា​ឈើ​ចាស់ៗ​ខ្លះ ថ្មី​ខ្លះ ហើយ​មួយរយៈ​នេះ ដោយ​ខេត្ត​ជាប់រវល់​កិច្ច​ការងារ​ជាច្រើន​មិន​បាន​ចុះ​ទៅ​ជាប់ ក៏​មាន​សកម្មភាព​ប្រមូល​ដុត ក៏​ឃើញ​វាល​ធំ​មែន តែ​វា​មិនមែន​កាប់​ឥឡូវ​ទេ គឺ​កាប់​យូរហើយ​»​។​

​ចំណែក​រឿង​ដែល​គេ​និយាយថា មន្ត្រី​សាលាខេត្ត​មាន​ជាប់​ពាក់ព័ន្ធ​ការទទួល​សំណូក​លុយកាក់​ពី​ប្រជាពលរដ្ឋ ជា​ថ្នូរ​ឲ្យចូល​ទៅ​តំបន់​ព្រៃ​ខៀវ​នោះ ត្រូវបាន លោក សុក សេ​រ៉ា ថ្លែងថា​« យើង​នឹង​ហៅ​អ្នក​និយាយ​នោះ​មក​សួរនាំ ស្រាវជ្រាវ​ថា តើ​ប្រភព​នេះ បានមក​ពី​ណា ហើយ​យក​ទៅ​ឲ្យ​អ្នកណា​?​ហើយ​យើង​នឹង​ធ្វើ​នីតិវិធី​តាមច្បាប់​»​។

​​ថ្លែង​បំភ្លឺ​នៅ​ចំពោះមុខ​អ្នកយក​ព័ត៌មាន​រយៈពេល ៣០​នាទី លោក​នាយករង​រដ្ឋបាល​ខេត្ត​មណ្ឌលគិរី បាន​លើក​ពី​បញ្ហា​ដ៏​ស្មុគស្មាញ​ជាច្រើន ដែល​រដ្ឋបាល​ខេត្ត​មណ្ឌលគិរី បាន​ជួបប្រទះ​អំឡុង​ពេល​ចុះ​អនុវត្តន៍​ការងារ​ក្នុង​តំបន់​ព្រៃ​ខៀវ ដែលមាន​ប្រជាពលរដ្ឋ​រហូតដល់​ទៅ​ចំនួន ៤​ក្រុម​ធំៗ ដែល​សុទ្ឋតែ​មានភ្ជាប់​លិខិតឯកសា​រ​ពី​ក្រសួង​ផង ពី​រដ្ឋ​សភាព​ផង​ថា ខ្លួន​មាន​ច្បាប់​ត្រឹមត្រូវ លើ​ការកាន់កាប់​ដី​ដោយ​ស្របច្បាប់​ក្នុង​តំបន់​ព្រៃ​ខៀវ នា​ខេត្តមណ្ឌលគិរី​។ ប៉ុន្តែ​ជា​ការជាក់ស្តែង​ប្រជាពលរដ្ឋ​បាន​យល់ច្រលំ​ពី​ការពិត ដែល​ពួកគាត់ គិតថា ខ្លួន​អាច​មាន​សិទ្ធ​គ្រប់គ្រង​ដីព្រៃ​ទាំងនោះ ខណៈ​លិខិត​មួយចំនួន​ដែល​ចេញ​ដោយ​ក្រសួង ឬ​មិន​បាន​បញ្ជាក់​ឈ្មោះ​ក្រសួង​ផង​នោះ គឺ​ទុក​លទ្ធភាព​ឲ្យ​ខេត្ត​ជា​អ្នករៀបចំ​នឹង​ត្រួតពិនិត្យ​លើ​ភាពស្របច្បាប់ លើ​ការ​ចេញ​ប័ណ្ណ​ក​ម្ម​សិទ្ឋ​ជូន​ពួកគាត់​។ ហើយ​បញ្ហា​នេះ រដ្ឋបាលខេត្ត បាន​តម្រូវឲ្យ​ប្រជាពលរដ្ឋ​ពួកគាត់​ត្រូវ​ផ្អាក​សកម្មភាព​កាប់​ព្រៃឈើ នៅ​តំបន់​ព្រៃ​ខៀវ​ជា​បន្ត ប៉ុន្តែ​បែរជា​ពួក​គាត់​យល់ថា ក្រសួង​ចេញ​សេចក្តីសម្រេច​ឲ្យ​ពួកគាត់ មាន​សិទ្ធ​គ្រប់គ្រង​ដី​ហើយ តែ​អាជ្ញាធរ​ខេត្ត​មិន​ព្រម​អនុញ្ញាត​ឲ្យ​ពួកគាត់​ចូល​ទៅ​គ្រប់គ្រង​ដី ដែល​បាន​កាប់​រាន​ហើយ​នោះ​ទៅវិញ​។​
​ក្នុង​សេចក្តីបំភ្លឺ​ដដែល​បានឲ្យដឹង​ទៀត​ថា មាន​លិខិត​ចំនួន ៣ មក​ពី​លើ​(​ក្រសួង​ដែនដី​ចំនួន​ពីរ​ច្បាប់​)​ដែល​សម្រេច​ធ្វើ​ប័ណ្ណ​ជូន​ពួកគាត់ ដោយ​មាន​ចំនួន ៤​ក្រុម ក្នុង​នោះ​ក្រុម​ទី​១ មាន​អ្នកតំណាង​ឈ្មោះ កែវ វុទ្ឋី ក្រុមទី​២ មាន​អ្នកតំណាង​ឈ្មោះ សេន ស្លេះ មាន​លិខិត​ពី​ក្រសួង​ដែនដី នគររូបណីយកម្ម នឹង​សំណង់​។ ដោយឡែក​មាន​លិខិត​មួយទៀត ដែល​រដ្ឋសភា​បាន​ចេញ​មក​ឲ្យ​ផ្តល់​កម្មសិទ្ធិដ​ល់​គ្រួសារ​ជាច្រើន ដែល​នេះ​ជា​ក្រុម​ទី​៣ (​មិនទាន់​មាន​ឈ្មោះ​អ្នកតំណាង​) និង​ក្រុម​ទី​៤ បាន​សុំ​តាមរយៈ​អភិបាល​ខេត្ត​ក្រចេះ ដោយ​ស្នើរ​សុំ​មក​អភិបាលខេត្ត​មណ្ឌលគិរី ឲ្យជួយ​ផ្តល់​ដី​ជូន​ពួកគាត់​(​ក្រុម​នេះ​ក៏​មិន​មាន​ឈ្មោះ​អ្នកតំណាង​ដែរ​)​។​

​លោក សុក សេ​វ៉ា ឲ្យដឹងទៀតថា ចំពោះ​ក្រុម​ប្រជាពលរដ្ឋ​ទាំង ៤​ក្រុម ខាងលើ ដែល​អាច​មាន​ចំនួន​ប្រជាពលរដ្ឋ​រហូតដល់​រាប់​រយ​គ្រួសារ​នេះ គឺ​សុទ្ធតែ​មាន​ឯកសារ​ស្នើរ​សុំ​កាន់កាប់​ដី​លើ​ចំណុច​តែមួយ​ដូចគ្នា ដែល​នេះ​ជា​បញ្ហា​ដ៏​សំខាន់​ចំពោះ​រដ្ឋបាល​ខេត្ត​មណ្ឌលគិរី ពិបាក​សម្រេច​ថា​តើ​ត្រូវ​ប្រគល់​ចំពោះ​ក្រុម​ណាមួយ​ត្បិត​ដី​ដែល​ពួកគាត់​កំពុង ស្នើរ​ប័ណ្ណកម្មសិទ្ធិ គឺជា​ដី របស់​រដ្ឋ​គ្រប់គ្រង​៕ ដោយ ៖ សមុទ្រ​ឈើ​

spot_img
×