Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់​អគ្គីភ័យ និង​មហន្តរាយ​ដែល​បង្ក​ក្នុង​ឆ្នាំ​២០១៧ នៅ​ទូទាំង​ខេត្ត​កំពង់ធំ មាន​ចំនួន ៣៧​លើក​

spot_img

ខេត្ត​កំពង់ធំ​៖ យោងតាម​របាយការណ៍​របស់​ឧត្តមសេនីយ៍ត្រី អ៊ុក កុសល ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ បានបញ្ជាក់​ថា ចំនួន​គ្រោះថ្នាក់​អគ្គីភ័យ និង​មហន្តរាយ​ដែល​បង្ក​ក្នុង​ឆ្នាំ​២០១៧ នៅ​ទូទាំង​ខេត្ត​កំពង់ធំ មាន​ចំនួន ៣៧​លើក មាន​ការថយចុះ ១៦​លើក ស្មើ ២៨,០៧% បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៦ បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​ចំនួន ២៧​ខ្នង ឆេះ​តូប ៥៤​ខ្នង ឆេះ​ម៉ូតូ ៣១​គ្រឿង ឆេះ​ប្រាក់រៀល ១៤​លាន​រៀល ឆេះ​ប្រាក់​ដុល្លារ ១៦០០​ដុល្លារ ព្រម​ទាំង​សម្ភារៈ​ផ្សេងៗ​ជាច្រើន​ទៀត​។​

​អាជ្ញាធរ​ខេត្ត​កំពង់ធំ នៅ​ថ្ងៃ​ចន្ទ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ បាន​រៀបចំ​ទិវា​ជាតិ បង្ការ និង​ពន្លត់​អគ្គីភ័យ ដើម្បី​ជំរុញ​ដល់​ប្រជាពលរដ្ឋ មានការ​ប្រុងប្រយ័ត្ន​កាន់តែខ្លាំង​ឡើង ចំពោះ​គ្រោះថ្នាក់​សង្គម​មួយ​នេះ​។ យោង​តាម​ច្បាប់​ស្តីពី​ការបង្ការ និង​ពន្លត់​អគ្គីភ័យ ដែល​បាន​ប្រកាស​ឲ្យប្រើ​តាម​ព្រះរាជក្រម ចុះ​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០១៣ ត្រង់​មាត្រា​១៣ ចែងថា ថ្ងៃទី​២២ ខែ​កុម្ភៈ ជា​រៀងរាល់ឆ្នាំ ត្រូវបាន​កំណត់​ជា​ថ្ងៃ​ប្រារព្វ​ទិវា​ជាតិ បង្ការ និង​ពន្លត់​អគ្គីភ័យ​។

​លោក សុខ លូ អភិបាល​ខេត្ត​កំពង់ធំ បាន​ថ្លែងថា ទិវា​ប្រារព្ធ​ការបង្ការ និង​ពន្លត់​អគ្គីភ័យ​នេះ ពិតជា​មាន​សារសំខាន់​ណាស់ ដែល​បាន​ឆ្លុះបញ្ចាំង ពី​ប្រជាពលរដ្ឋ​យើង​ទូទាំងប្រទេស ចំពោះ​ការខិតខំ​យកចិត្តទុកដាក់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូចជា​បណ្តា​អង្គភាព និង​ស្ថាប័ន​ពាក់ព័ន្ធ កងកម្លាំង​នគរបាល​បង្ការ និង​ពន្លត់​អគ្គីភ័យ ដែល​បាន​ចូលរួម​ការពារ​អាយុជីវិត ទ្រព្យសម្បត្តិ រក្សាបាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ ជូន​ប្រជាពលរដ្ឋ​។​

​លោក​អភិបាលខេត្ត ក៏​បាន​ផ្តាំផ្ញើ និង​អំពាវនាវ​ដល់​គ្រប់​ស្ថាប័ន​រដ្ឋ និង​ឯកជន មន្ត្រីរាជការ ប្រជាពលរដ្ឋ ត្រូវមាន​ការប្រុងប្រយ័ត្ន​កុំឲ្យ​កើត​មាន​អគ្គីភ័យ​នេះ ក្នុងនោះ អាជ្ញាធរ​ដែនដី​គ្រប់​ជាន់ថ្នាក់ ត្រូវ​បង្កើន​ចាត់​វិធានការ​អប់រំ​ណែនាំ ដល់​ប្រជាពលរដ្ឋ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ដើម្បី​ឲ្យ​បណ្តា​ម្ចាស់​គេហដ្ឋាន ផ្ទះសំណាក់ ភោជនីយដ្ឋាន សណ្ឋាគារ ឲ្យមាន​ការប្រុងប្រយ័ត្ន គ្រប់ពេល​ចំពោះ​ដើមចម ដែល​អាច​បង្ក​កើតមាន​អគ្គីភ័យ ដូចជា ភ្លើងចង្ក្រាន ភ្លើងចង្កៀង ភ្លើងទាន ធូប ភ្លើង​ព្រៃ បារី រំ​សែ​វ​ជាតិ​ផ្ទុះ ប្រេងឥន្ធនៈ ឧស្ម័ន​ចំហេះ សារធាតុ​គីមី ដែល​ជា​វត្ថុ​ងាយ​ឆេះ ជាដើម​។ ជាមួយគ្នានេះ លោក​ក៏​បាន​កោតសរសើរ​ដល់​នគរបាល​ពន្លត់​អគ្គីភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​កន្លង​មក ក្នុង​ការចូលរួម​ជួយ​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយ​គ្រោះ​អគ្គីភ័យ បាន​ទាន់ពេលវេលា និង​បាន​ទស្សនា​ការបង្ហាញ សកម្មភាព​ស្តីពី​ការ​ពន្លត់អគ្គីភ័យ​ផងដែរ​។​

​លោក​ឧត្តមសេនីយ៍ត្រី អ៊ុក កុសល ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ បាន​បញ្ជាក់​ពី​មូលហេតុ​សំខាន់ៗ​ដែល​បណ្ដាល​ឲ្យ​កើតឡើង​មាន​គ្រោះថ្នាក់​អគ្គិភ័យ​ក្នុង​ឆ្នាំ​២០១៧ ដូចជា​៖ កត្តា​ភ្លើងចង្ក្រាន​ចំនួន ២៩,៧២ %,​កត្តា​ឆ្លង​ចរន្តអគ្គិសនី​ចំនួន ២,៧០%, កត្តា​ធ្វេសប្រហែស​ចំនួន ៥៤,៥ %, កត្តា​មូលហេតុ​ផ្សេងៗ​ចំនួន ១៣,៥១%៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×