Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​បណ្តាញ​ផ្សព្វផ្សាយ​ធំៗ​ចំនួន ៣ នៅ​កម្ពុជា ចុះ​MOU សហការគ្នា បង្កើត​ក្រុមហ៊ុន​ថ្នាល​ទូរទស្សន៍​ឌីជីថល​ធំជាងគេ​នៅ​កម្ពុជា​

spot_img

​ភ្នំពេញ​៖ ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប ក្នុងនោះ​រួមមាន ទូរទស្សន៍ CBS និង Digital Sky នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២១ បាន​ចុះហត្ថលេខា លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) ជាមួយ​ទូរទស្សន៍​ធំៗ​ចំនួន​២ រួមមាន ក្រុមហ៊ុន ទូរទស្សន៍​បាយ័ន​គ្រុប និង​ក្រុមហ៊ុន​ហង្ស​មាស​គ្រុប ដែលជា​ការបោះ​ជំហាន​ដ៏​ធំ​មួយ ដើម្បី​បង្កើត​ក្រុមហ៊ុន​ថ្នាល​ទូរទស្សន៍​ឌីជីថល​ធំជាងគេ​នៅ​កម្ពុជា​។​

​ពិធី​ចុះហត្ថលេខា​នេះ ប្រព្រឹត្តទៅ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ភ្នំពេញ ដែលមាន​ការចូលរួម​ជា​ផ្លូវការ​ដោយ​អ្នកឧកញ៉ា គិត ម៉េង ប្រធាន​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប ដែលមាន​ទូរទស្សន៍ CBS និង Digital Sky និង​លោក​ឧកញ៉ា ឆាល វ៉ាន់ ទីប្រឹក្សា​ក្រុមហ៊ុន​ទូរទស្សន៍​បាយ័ន​គ្រុប និង​លោក​ឧកញ៉ា អ៊ឹង ឆៃ​ងួន ប្រធាន​ក្រុមហ៊ុន​ទូរទស្សន៍​ហង្ស​មាស​គ្រុប​។ កម្ម​ពិធី​នេះ ក៏មាន​ការចូលរួម​ផងដែរ​ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន មន្ត្រីរាជការ​ពាណិជ្ជក​រ​ឆ្នើម និង តារាចម្រៀង និង​តារា​សំដែង ជាច្រើនរូប​។​

​គោលបំណង​នៃ​អនុស្សរណៈ​នេះ គឺ​ដើម្បី​បង្កើត​ក្រុមហ៊ុន​ថ្នាល​ទូរទស្សន៍​ឌីជីថល ដែលមាន​ឈ្មោះថា “​សម្ព័ន្ធ ទូរទស្សន៍​កម្ពុជា គ្រុប ខូ អិ​ល ធី ឌី​” ដែលមាន​ការចូលរួម​ភាគហ៊ុន​ដោយ ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប ក្រុមហ៊ុន​ទូរទស្សន៍​បាយ័ន និង​ក្រុមហ៊ុន​ទូរទស្សន៍​ហង្ស​មាស​។ ក្រុមហ៊ុន​ថ្នាល​ទូរទស្សន៍​ឌីជីថល​ថ្មី​មួយ​នេះ នឹង​ដាក់ឱ្យ​ដំណើរការ​នូវ​ថ្នាល​ទូរទស្សន៍​ឌីជីថល ដែល​នឹង​ផ្តល់ជូន​នូវ​សេវា និង​ជម្រើស​ទូរទស្សន៍​ឌីជីថល​ដោយ​សម្បូរបែប ព្រមទាំង​មាន​ប៉ុស្តិ៍​ច្រើន​ប្រភេទ សំដៅ​លើកស្ទួយ​ចំណេះដឹង ការកម្សាន្ត និង​ទស្សនីយភាព​ត្រជាក់ៗ ដែល​នាំមក​នូវ​ភាពសុខដុមរមនា​ដល់​ក្រុមគ្រួសារ​កម្ពុជា​។​

​ដៃគូ​សហការ ដែល​បង្កើតបាន​ក្រុមហ៊ុន​ថ្នាល​ទូរទស្សន៍​ឌីជីថល​ថ្មី​នេះ នឹងចូលរួម​ចំណែក​ជួយ​ដល់​ការអនុវត្ត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការជំរុញឱ្យ​រាល់​បណ្តាញ​ផ្សព្វផ្សាយ​របស់​ឯកជន និង​រដ្ឋ ដើម្បី​ប្តូរ ការផ្សាយ​ពី អាណា​ឡូ​ក ទៅជា​ការផ្សាយ​លើ​ថ្នាល​ទូរទស្សន៍​ឌីជីថល​វិញ​។​

ក្រុមហ៊ុន​ថ្នាល​ទូរទស្សន៍​ឌីជីថល​ថ្មី​នេះ មាន​ភារកិច្ច​ត្រួតពិនិត្យ​គុណភាព រូបភាព វីដេអូ សំឡេង និង​កម្មវិធី​ផ្សាយ នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាមរយៈ​ច្រកចេញចូល​តែមួយ ហើយក៏​ចូលរួម​ធានាបាន​នូវ​ការផ្លាស់ប្តូរ​ការផ្សាយ​ពី​ប្រព័ន្ធ​អាណា​ឡូ​ក​ទៅជា​ប្រព័ន្ធ​ឌីជីថល​ដោយ​រលូន ឱ្យបាន​ទាន់ពេល​កំណត់​មុន​ឆ្នាំ​២០២៣ ។​

​ក្រុមហ៊ុន​នីមួយៗ បាន​បម្រើ​ទស្សនី​យ​អារម្មណ៍ ចំណេះដឹង និង​ការកម្សាន្ត ក្នុង​វិស័យ​សោតទស្សន៍ ជូន​ប្រជាជន​កម្ពុជា​អស់​រយៈពេល ២៥ ឆ្នាំ​មកហើយ រហូតមកដល់​ពេលនេះ ក្រុមហ៊ុន​យើង​មាន​បទ​ពិ សោធ ន៍ ជំនាញ និង​ធនធានមនុស្ស​យ៉ាង​មុតមាំ​នៅក្នុង​ឧស្សាហកម្ម​សោតទស្សន៍ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​។​

​សូមជម្រាបថា ក្រុមហ៊ុន​ទូរទស្សន៍ CBS មាន​ប៉ុស្តិ៍​ទូរទស្សន៍​ដូចជា ប៉ុស្តិ៍ CTN, CTN International, CNC, MyTV, CBS Digital, TMS, វិទ្យុ​ភ្នំពេញ និង Legend Tiger និង Digital Sky ។ ក្រុមហ៊ុន​ទូរទស្សន៍ បាយ័ន​គ្រុប រួមមាន ប៉ុស្តិ៍​ទូរទស្សន៍​បាយ័ន ប៊ី​ធី​វី កាសែត​កម្ពុ​ជាថ្មី និង​វិទ្យុ​បាយ័ន​។ និង​ក្រុមហ៊ុន​ទូរទស្សន៍ ហង្ស​មាស​គ្រុប រួមមាន ប៉ុស្តិ៍​ទូរទស្សន៍​ហង្ស​មាស រស្មី​ហង្ស​មាស វិទ្យុ​ហង្ស​មាស និង Pleng Records និង​ក្រុមហ៊ុន​ពិធីការ​និង​សារព័ត៌មាន​២៤​ម៉ោង​៕​ រក្សាសិទ្ធិដោយ ៖ CEN

spot_img
×