Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ចក្ខុវិស័យ និង​ទិសដៅ​គោលនយោបាយ​វែងឆ្ងាយ​គឺ ប្រែក្លាយ​កសិកម្ម​កម្ពុជា​ទៅជា​កសិកម្ម​ទំនើប មាន​លក្ខណៈ​ប្រកួតប្រជែង​

spot_img

​ភ្នំពេញ​ ៖ “​ការអភិវឌ្ឍន៍​វិស័យ​កសិកម្ម គឺ​ទាមទារ​ចាំ​បាប់​ត្រូវ​ពង្រឹងគុណភាព​អប់រំ ស្រាវជ្រាវ និង​ផ្សព្វផ្សាយ​អំពី​បច្ចេកវិទ្យា​កសិកម្ម​នៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​” នេះ​ជា​ប្រសាសន៍​ណែនាំ​របស់​ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​នាយក​វិទ្យា ស្ថាន​ជាតិ​កសិកម្ម​កំពង់ចាម កាលពី​ព្រឹក ថ្ងៃទី​១៨ ខែកុម្ភៈ​។

​ជា​កិច្ច​ចាប់ផ្តើម ឯកឧត្តម សួន សេរី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែលជា​អតីត​នាយក​វិទ្យាស្ថាន​ជាតិ​កសិកម្ម​កំពង់ចាម បាន​រាយការណ៍​ជូន​អង្គពិធី​ជ្រាប​អំពី​វឌ្ឍនភាព​របស់​វិទ្យាស្ថាន​ទាក់ទង​ការអភិវឌ្ឍ​ធនធានមនុស្ស​លើ​វិស័យ​កសិកម្ម ធនធាន​សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិត រួមទាំង​សមិទ្ធផល​សំខាន់ៗ កិច្ចសហការ​ជាតិ អន្តរជាតិ បញ្ហា​ប្រឈម​នានា​ដែល​វិទ្យាស្ថាន​បាន​ជួបប្រទះ​ក្នុង​រយៈពេល​កន្លងមក​។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ការខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច​ប្រកបដោយ​ស្មារតី​យកចិត្តទុកដាក់ និង​ទទួលខុសត្រូវ​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់​ទាំងអស់​របស់​វិទ្យាស្ថាន ដោយ​ទទួលបាន​នូវ​សមិទ្ធផល ស្នាដៃ​ជាច្រើន​គួរ​ជាទី​មោទនៈ ហើយ​ការលះបង់​ទាំង​កំលាំងកាយ ចិត្ត ប្រាជ្ញា​ស្មារតី និង​ធនធាន​របស់​ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និង​និស្សិត សម្រេច​ទទួលបាន​សមិទ្ធ​ផល​យ៉ាង​ធំធេង​សម្រាប់​ប្រទេសជាតិ ជាពិសេស​សម្រាប់​ខេត្តកំពង់ចាម ស្តែងចេញ​ឲ្យ​ឃើញ​យ៉ាងច្បាស់​អំពី​ការរីកចម្រើន​នៃ​វិស័យ​កសិកម្ម​។

​ឆ្លៀត​យក​ឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​រំលេច​ជូន​អង្គពិធី​ជ្រាប​ដោយ​សង្ខេប​ថា ដោយសារ​វិបត្តិ​ជំងឺឆ្លង​កូ​វីដ​-១៩ រាជរដ្ឋាភិបាល ជាពិសេស​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បង្វែរ​ទិសដៅ ផ្តោត​ភ្ជង់​មកលើ​វិស័យ​កសិកម្ម​ជាពិសេស ដោយបាន​ជំរុញ គាំទ្រ លើកទឹកចិត្ត និង​ជួយ​ឧ​ប​ត្ត​ម្ភ​ប្រជាពលរដ្ឋ ជាពិសេស​ក្រសួង​ឲ្យ​ខិតខំ​ពង្រឹង​ភាពម្ចាស់ការ​ក្នុង​ការផលិត ដើម្បី​ធានា​សន្តិសុខ​ស្បៀង ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ បង្កើត​ឱកាស​ការងារ តាមរយ​:​ការបង្កើន​ផលិតភាព​ផលិតកម្ម​កសិកម្ម ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព ធានាបាន​នូវ​គុណភាព សុវត្ថិភាព​កសិផល ដើម្បី​ធ្វើ​ការនាំ ចេញ ប្រកួតប្រជែង​ស្នើ​មុខមាត់ ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ បរិ​យា​ប័ន្ន និរន្តរភាព វិបុល ភាព និង​សុ​ខុ​មារ​ភាព​របស់​ប្រជា​ពល​រដ្ន​។ យក​អស់​ស្មារតី​ទទួលខុស​ត្រូវអនុវត្ត​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ វិស័យ​កសិកម្ម​បាននិងកំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ជំរុញ​កំ​ណើ​រ​ផលិតកម្ម​ស្បៀង បង្កើន​បរិមាណ​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​ក្នុងស្រុក និង​នាំចេញ បង្កើន​ប្រាក់ ចំណូល បង្កើត​ការងារ ពង្រីក​ទីផ្សារ​កសិផល អនុវត្ត​បច្ចេកវិទ្យា​ទំនើប ទាន់សម័យ ធានាបាន​ប្រសិទ្ធភាព​ផលិតកម្ម និង​សេដ្ឋកិច្ច នៅក្នុង​យុគសម័យ​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ និង​ការវិវឌ្ឍ​នៃ​បច្ចេកវិទ្យា​ឌីជីថល​។

​ជា​ចក្ខុវិស័យ និង​ទិសដៅ​គោលនយោបាយ​វែងឆ្ងាយ​គឺ “​ប្រែក្លាយ​កសិកម្ម​កម្ពុជា​ទៅជា​កសិកម្ម​ទំនើប មាន​លក្ខណៈ​ប្រកួតប្រជែង បរិ​យា​ប័ន្ន ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ និង​និរន្តរភាព​ដើម្បី​បង្កើន​ប្រាក់ចំណូល​គ្រួសារ​កសិករ​” ដើម្បី​សម្រេចបាន​នូវ​ចក្ខុ​វិស័យនេះ ឯកឧត្តម​រដ្ឋមន្ត្រី ​បាន​យក​ពេល​ដ៏​មានតម្លៃ​នេះ ធ្វើការ​ណែនាំ​ដល់​នាយក​វិទ្យាស្ថាន​ថ្មី សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និង​និស្សិត ទទួលយក​នូវ​អនុសាសន៍​គន្លឹះ​មួយចំនួន​ដូចខាងក្រោម ទៅ​កែច្នៃ គិតគូ ពិ​ចារ ណា និង​ព្យាយាម​អនុវត្ត​ឲ្យ​ស្របតាម​ស្ថានភាព​ជាក់ស្តែង​ដែល​ប្រទេស​យើង ក៏ដូចជា​អន្តរជាតិ​កំពុង​ប្រឈម មាន​ដូចតទៅ​៖

​ទី​១- ដើម្បី​ពង្រឹងគុណភាព​អប់រំ ត្រូវខិតខំ​ធ្វើកំណែទម្រង់​ប្រព័ន្ធ​សិក្សា កែលម្អ និង​អភិវឌ្ឍ​កម្មវិធីសិក្សា វិធីសាស្ត្រ​បង្រៀន និង​មធ្យោបាយ​សម្ភារ​បង្រៀន ឯកសារ​បង្រៀន ការងារ​ពិសោធន៍ ស្រាវជ្រាវ​ក្នុង និង​ក្រៅ​មន្ទីរពិសោធន៍ ផ្សព្វផ្សាយ ឆ្លើយតប​ទៅនឹង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ២០១៥-២០២៥ ក៏ដូចជា​គោ​លន​យោ​យ​បាយ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​២០១៩-២០២៣ និង​គោលនយោបាយ​សំខាន់ៗ​ផ្សេងៗ​ទៀត​។

​ទី​២- ស្វះស្វែង កៀរគរ រក​ប្រភព​ជំនួយ​ឧបត្ថម្ភ​ទាំង​ធនធានមនុស្ស សម្ភារ និង​ថវិកា ពី​គ្រប់​មជ្ឈដ្ឋាន ដើម្បី​ពង្រឹងគុណភាព​អប់រំ ស្រាវជ្រាវ និង​ពង្រឹងសមត្ថភាព​មន្ទីរ​ពិសោធន៍​។​

​ទី​៣- ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​ថ្នាក់ជាតិ អន្តរជាតិ ដៃគូ​អភិវឌ្ឍន៍ វិស័យ ឯកជន សហគមន៍​កសិកម្ម ជាពិសេស​អាជ្ញាធរ​មូល​ដ្ឋា​ន​គ្រប់​ជាន់ថ្នាក់ ដើម្បី​ឲ្យ​ការអនុវត្ត​ផែន ការ​សកម្មភាព​អភិវឌ្ឍ​ធនធានមនុស្ស​ប្រព្រឹត្ត​ដោយ​រលូន ផ្លែផ្កា និង​ទទួលបាន​ជោគជ័យ​តាម​ផែនការ​ដែល​បាន​គ្រោងទុក​។

​ទី​៤- ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​សាមគ្គីភាព​ឯកភាព​ផ្ទៃក្នុង ប្រកាន់យក​ក្រមសីលធម៌​ជា​មន្ត្រីរាជការ​សាធារណ​ក្នុងការ​បំពេញភារកិច្ច​ដូច​មានចែង​ក្នុង​ជំពូក​ទី​៥ មាត្រា​៣៣ ដល់​មាត្រា​៣៨ ក្នុង​ច្បាប់​ស្តីពី​សហ​ល​ន្តិ​កៈ​មន្ត្រីរាជការ​ស៊ីវិល​។ ដឹកនាំ និង​គ្រប់គ្រង​លើ​មន្ត្រីរាជការ​ប្រកបដោយ​សមធម៌ ប្រគល់​ការងារ​តាម​សមត្ថភាព ទប់ស្កាត់​រាល់​សកម្មភាព​បំបែកបំបាក់​ផ្ទៃក្នុង និង​យុត្តិធម៌​។ មិន​ត្រូវយក​តួនាទី​របស់ខ្លួន​ធ្វើជា​ខ្នងបង្អែក និង​បក្ស​ពួកខ្លួន​ណាមួយ​ឡើយ មិនត្រូវ​លាប​ពណ៌​គ្នាឯង ជាពិសេស​មន្ត្រី​នៅ​ថ្នាក់ក្រោម មិន​មើលបំណាំ​គ្នា​និង​ស្តាប់​យោបល់​ថ្នាក់ក្រោម​បង្គាប់​ដោយ​អនុវត្ត​គោលការណ៍ “​សមូហភាព​ដឹកនាំ បុគ្គល​ទទួលខុសត្រូវ​”​។​

​ទី​៥- វិទ្យាស្ថាន​ដុះ កើត និង​រស់នៅ​ដោយផ្ទាល់​ជាមួយ​ប្រជាកសិករ​ខេត្តកំពង់ចាម ដូច្នេះ​ត្រូវ​ចុះ​មូលដ្ឋាន​ឲ្យ​បាន​ជាប់​ជាប្រចាំ ដើម្បី​ចុះ​សិក្សា ស្រាវជ្រាវ ស្វែងយល់ ទទួលយក និង​ដោះស្រាយ​នូវ​រាល់​បញ្ហា​ទាក់ទង​នឹង​ចំណេះ ជំនាញ​យើង​ផ្ទាល់​ឲ្យ​បាន​ទាន់ពេល មាន​ប្រសិទ្ធភាព និង​ទទួលបាន​ប្រសិទ្ធ​ផល​ខ្ពស់​។

​ចុងក្រោយ ឯកឧត្តម​រដ្ឋមន្ត្រី​សង្ឃឹម និង​ជឿជាក់ថា ថា​មន្ត្រីរាជការ​ក្រោម​ឱវាទ​ទាំងអស់ នឹង​ខិតខំ​បំពេញភារកិច្ច​របស់ខ្លួន​ទៅតាម​ការ​បេ្ត​ជ្ញា​ចិត្ត​របស់​ឯកឧត្តម នាយក​វិទ្យាស្ថាន ក្នុង​ស្មារតី​សាមគ្គីភាព ភាតរភាព យោគយល់​គ្នា និង​រួមសហការ​ឲ្យ​បានល្អ​ប្រសើរ​ជាមួយ​រដ្ឋបាលខេត្ត មន្ទីរជំនាញ​ពាក់ព័ន្ធ វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍន៍​ជាតិ​-​អន្តរជាតិ ហើយ​សង្ឃឹមថា​គ្រប់​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់​នឹង​បន្ត​ជួយឧបត្ថម្ភ​គាំទ្រ និង​ផ្តល់នូវ​កិច្ចសហការ​ល្អ​តទៅទៀត ដើម្បី​បុព្វហេតុ​នៃ​ការអភិវឌ្ឍ​ធនធានមនុស្ស​សម្រាប់​វិស័យ​កសិកម្ម​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×