ខេត្តកំពត ៖ សមត្ថកិច្ចនគរបាលខេត្តកំពត បានអោយដឹងថា កាលពីម៉ោងប្រហែល១១ និង៤៥នាទី ថ្ងៃត្រង់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ មានការភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពីមានក្មេងប្រុសម្នាក់អាយុប្រហែល ៦ឆ្នាំ បានដុតផាវលេងនៅក្នុងបន្ទប់ផ្ទុកសំភារៈឧបករណ៍សិល្បៈ នៃអង្គការវិទ្យាស្ថានអភិវឌ្ឍន៍វប្បធម៌ខ្មែរ ធ្វើអោយឆេះខ្នើយកើយផ្អើលមនុស្សពេញក្រុង។
ភ្លើងឆេះខ្នើយនេះ ក៏បានកើតចេញជាផ្សែងសាយភាយឡើងបង្កអោយមានការភ្ញាក់ផ្អើលខ្លាំងពីគ្រោះអគ្គីភ័យឆាបឆេះឡើង។ សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា ពេលភ្លើងកំពុងឆេះមានក្មេងៗកំព្រា ដែលបានស្នាក់នៅជាមួយគ្នាយកបំពង់ពន្លត់អគ្គីភ័យមកបាញ់ពន្លត់អស់ចំនួន ៣បំពង់ តែការបាញ់ពន្លត់នោះមិនបានចំគោលដៅ ធ្វើអោយខ្នើយបន្តឆេះហុយផ្សែងពេញក្នុងសាលសាលាភ្លេងដដែល។
សាក្សីដដែលបានអោយដឹងដែរថា ដោយក្មេងៗពន្លត់ភ្លើងមិនរលត់ដូច្នេះ ពួកគេក៏បានរុញខ្នើយដែលកំពុងតែឆេះហុយផ្សែងនោះចូលទៅក្រោមគ្រែ បន្ទាប់មកក៏មានរថយន្តពន្លត់អគ្គីភ័យ របស់មន្ត្រីជំនាញនគរបាលខេត្តកំពត បានមកដល់ចំនួន ២គ្រឿង ហើយនគរបាលជំនាញបានបាញ់ពន្លត់អគ្គីភ័យបានចូលទៅពន្លត់អគ្គីភ័យនោះ ប៉ុន្ដែរកកន្លែងឆេះមិនឃើញ គឺឃើញតែផ្សេងហុយឡើងចេញពីក្នុងអាគារនោះ។ មួយសន្ទុះក្រោយមកទើបនគរបាលពន្លត់អគ្គីភ័យ រកឃើញដឹងថា ផ្សែងដែលហុយនោះ គឺហុយចេញពីខ្នើយនៅក្រោមគ្រែ ទើបក្រោយពេលយកខ្នើយនោះចេញក្រៅផ្សែងក៏បាត់ហុយ។
សមត្ថកិច្ចនគរបាលខេត្តកំពត អោយដឹងថា ពេលនេះសមត្ថកិច្ចបានគ្រប់គ្រងលើអគ្គីភ័យឆាបឆនោះបានទាំងស្រុងហើយ នៅម៉ោង ១២និង១៥នាទី នាថ្ងៃត្រង់ថ្ងៃដដែលនេះ។ ហើយគ្រោះថ្នាក់ដោយអគ្គីភ័យនេះ មិនមានមនុស្សរងរបួស ឬបាត់បង់ជីវិតនោះទេ។ ចំណែកសំភារៈក្នុងបន្ទប់ទុកសម្ភារៈ គឺមិនមានបាត់បង់ធ្ងន់ធ្ងរទេ ហើយឧបករណ៍ភ្លេងបុរាណមិនមានការបាត់បង់ ឬខូចខាតនោះទេ ៕ ដោយ៖ ព្រាបស