Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស្រី ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ខេត្ត​ស្វាយរៀង ជំរុញ​ឲ្យ​អាជ្ញាធរ​ខេត្ត​ ដោះស្រាយ​បញ្ហា​ប្រឈម​នានា ឲ្យ​ល្អ​ប្រសើរ​កុំ​ចាំតែ​បទបញ្ជា​ពី​ថ្នាក់លើ​

spot_img

​ស្វាយរៀង​៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភាព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​ជួយ​ខេត្ត​ស្វាយរៀង បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​នៅ​ទូទាំង​ខេត្ត​ស្វាយរៀង ត្រូវ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ឲ្យបាន​ល្អ​ប្រសើរ​កុំ​ដេក​ចាំតែ​ទទួល​បទបញ្ជា​ពី​ថ្នាក់លើ​របស់​ខ្លួន ដាក់​ឲ្យ​ចាំ​ដោះស្រាយ​នោះទេ​។​

​លោកស្រី ម៉ែន សំអន បាន​ថ្លែង​បែបនេះ ក្នុង​កិច្ចប្រជុំ​បូក​សរុប​ការងារ​វេទិកា​ថ្នាក់ជាតិ របស់​ក្រុម​ការងារ​ថ្នាក់ជាតិ ចុះ​មូលដ្ឋាន​ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល នៅ​ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ២០១៨​នេះ ដោយ​មាន​ការចូលរួម​ពី​សំណាក់​មន្ត្រីរាជការ​ទូទាំង​ខេត្ត យ៉ាងច្រើន​កុះករ​ផងដែរ​។​

​លោកស្រី ម៉ែន សំអន បាន​បន្តថា​៖ ក្នុងនាម​អាជ្ញាធរ​ខេត្ត​ត្រូវ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ក្នុង​ខេត្ត​ដូចជា ការជីក​ប្រ​ទ្បាយ ដែល​មាន​ការប៉ះពាល់​ដល់ដី​ពលរដ្ឋ​ត្រូវចុះ​ស្រង់​ស្ថិតិ​ឲ្យបាន​ត្រឹមត្រូវ ដើម្បី​ដាក់​សំណើរ​មក​តាម​ខ្សែបណ្តោយ​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ថា​តើ ផលប៉ះពាល់​នោះ​វា​អស់​ទំ​ហ៊ុ​ប៉ុន្មាន​ហើយ​។ បញ្ហា​មួយទៀត គឺ​បញ្ហា​អនាម័យ​បរិស្ថាន​នៅ​ក្រុង​បាវិត ដែល​ជា​ក្រុង​មួយ ដ៏​សំខាន់​សម្រាប់ ខេត្ត​ស្វាយរៀង ព្រោះ​មាន​ភ្ញៀវ​ទេសចរណ៍ ចេញចូល​ច្រើនណាស់ ដែល​ឆ្លងកាត់​ក្រុង​មួយ​នេះ ដូច្នេះ​អាជ្ញាធរខេត្ត និង​ក្រុង​ត្រូវ​ចុះ​អប់រំ​ពលរដ្ឋ ក៏ដូចជា ម្ចាស់​សហគ្រាស សូម​កុំ​ចោល​សំរាម​ពាសវាល​ពាសកាល ត្រូវ​ចូលរួម​សម្អាត​អនាម័យ​បរិស្ថាន ឲ្យបាន​ល្អប្រសើរ​បន្ថែមទៀត កុំ​ចាំ​ជិត​មាន​ថ្នាក់​នាំ​មក​បាន​ធ្វើ​នោះ គឺ​ធ្វើឲ្យ​ដូច​ភ្លៀងរលឹម​។​

​លោកស្រី ម៉ែន សំអន បាន​បន្ត​ទៀត បញ្ហា​មួយទៀត​ក៏​សំខាន់​ដែរ គឺ​បញ្ហា​សុខភាព​របស់​ពលរដ្ឋ​អាជ្ញាធរ​មូលដ្ឋាន បាន​ដាក់​សំណើ​ស្នើ​ទៅ​ក្រុម​ការងារ​ថ្នាក់ជាតិ ឲ្យ​បង្កើត​មណ្ឌល​សុខភាព​តាម​បណ្តា​ឃុំ មួយចំនួនទៀត ជា​តម្រូវការ​របស់​ព​លរ​ដ្ឋ​នៅ​មូលដ្ឋាន​ផ្ទាល់ ដូច្នេះ​មន្ទីរ​សុខាភិបាល ខេត្ត​ត្រូវ​ចុះ​សិក្សា​នៅតាម​ឃុំ​នី​មួយៗ ហើយ​ត្រូវ​រាយការណ៍​ទៅ​ក្រុមការងារ​ថ្នាក់ជាតិ ក៏ដូចជា​ក្រសួង ដែល​ពាក់ព័ន្ធ​ត្រូវ​ដោះស្រាយ​ជាបន្ទាន់​ព្រោះ​បញ្ហា​សុខភាព​របស់​ពលរដ្ឋ មាន​សារសំខាន់​ណាស់ ក្នុង​ការលើកកម្ពស់​សុ​ខ​មាល​ភាព​ប្រជាពលរដ្ឋ រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​ស្រប​តាម​យុទ្ធសាស្ត្រ ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​លោកស្រី​បាន​បញ្ជាក់ថា ការងារ​ចុះ​មូលដ្ឋាន​របស់​យើង​មាន​សារសំខាន់​ច្រើន​ណាស់​ គឺ​ទី​ ១.ពង្រឹង​សតិអារម្មណ៍ ប្រជាពលរដ្ឋ​យើង តាម​មូលដ្ឋានឲ្យ​មាន​ជំនឿ​ជឿជាក់ និង​ការពារ​រាជរដ្ឋាភិបាល​។ ​ទី​២. ធ្វើឲ្យ​មន្ត្រីរាជការ​យើង​យល់ដឹង​កាន់តែច្បាស់ ពី​ស្ថានភាព​ជាក់ស្តែង​ខាង​សេដ្ឋកិច្ច សន្តិសុខ នៅ​មូលដ្ឋាន​ជាពិសេស​ការបង្កើន​ប្រសិទ្ធិភាព សេវា​តាម​វិស័យ​ជំនាញ បាន​សាកសួរ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​នៅ​ថ្នាក់មូលដ្ឋាន ស្វែងយល់​ពី​សមិទ្ធិផល និង​ភាព​អសកម្ម​របស់​មន្ត្រី​យើង យល់​ពី​តម្រូវការ​ចាំបាច់​របស់​ប្រជាជន​សម្រាប់​លើកឡើង​មក​ដោះស្រាយ​ថ្នាក់ជាតិ​។ ទី​៣.មានឱកាស​ពន្យល់​ប្រជាជន ឲ្យ​ជ្រាប​អំពី​ការ​កែរ​ទម្រង់​ស៊ីជម្រៅ គោលនយោបាយ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​របស់​រាជរដ្ឋាភិបាល​។ ​ទី​៤. អាច​វាយបក​ពី​ការឃោសនា​អកុសល និង​ពិសពុល​របស់​ក្រុម​ប្រឆាំង និង​ពន្យល់​បកស្រាយ​ចម្ងល់ និង​ភាពស្រពិចស្រពិល របស់​ប្រជាពលរដ្ឋ​យើង និង​កែ​ទស្សន​ខុសឆ្គង​របស់​គាត់​។ ​ទី​៥. បង្កើន​ភាពជិតស្និទ្ធរ​វាង​រាជរដ្ឋាភិបាល និង​ប្រជាជន​នៅតាម​មូលដ្ឋាន ព្រោះ​តួនាទី​របស់​មន្ត្រី​យើង​គឺ​បម្រើ​ប្រជាជន ដើម្បី​ប្រជាជន​។​

​លោកស្រី ម៉ែន សំអន បានបញ្ជាក់​ថា ត្រូវ​តាមដាន​ស្តាប់​រាល់​ប្រសាសន៍ និង​សុន្ទរកថា របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ដើម្បី​ធ្វើ​ជា​ទុន​ចំណេះដឹង និង​ធ្វើ​ជា​មូលដ្ឋាន ដើម្បី​ឆ្លើយបំភ្លឺ​ដល់​ប្រជាពលរដ្ឋ និង​ធ្វើ​ប្រតិកម្ម​រហ័ស​វាយបក​ភ្លាមៗ រាល់​ឧបាយកល​ញុះញង់ បោក​បញ្ឆោត​របស់​ក្រុមប្រឆាំង​។ ជាពិសេស (​ប្រសាសន៍​របស់​សម្តេច ក្នុង​ពិធី​បិទ​សន្និសីទ​ជាតិ​ស្ដីពី «​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ មេរៀន​បទពិសោធន៍ បញ្ហា​ប្រឈម និង​ចក្ខុវិស័យ​នៅ​អនាគត កាលពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ដែល​បាន​សង្កត់ធ្ងន់ថា នឹង​មិន​ផ្តល់​ឱកាស​សម្រាប់​អាណត្តិ​​ទី​៦ ដល់​រដ្ឋមន្ត្រី​ណា ដែល​មិន​បាន​គិតគូរ​ផលប្រយោជន៍​ប្រជាជន​នៅ​មូលដ្ឋាន ហើយ​អោបក្រសោប​ការងារ​តែ​ខ្លួនឯង និង​បាន​ដាស់តឿន​ដល់​មន្ត្រី​នៅ​ថ្នាក់ក្រោម​ជាតិ ដែល​ច្បាប់​មានចែង​រួច​ហើយ​ពី​ការអនុវត្តន៍​​តួនាទី និង​ភារកិច្ច​របស់​ខ្លួន តែ​មិន​ព្រម​អនុវត្តន៍ មិន​ព្រម​ធ្វើ​បែរជា​នៅ​អង្គុយ​រង់ចាំ​តែ​បទបញ្ជា និង​អនុសាសន៍​ពី​នាយក​រដ្ឋមន្ត្រី​ទៅវិញ​)៕ វ៉ៃកូ​

spot_img
×