Friday, September 17, 2021

កូរ៉េខាងជើង​ទាមទារ​ឲ្យ​អាមេរិក​រំសាយ​ចោល​អាវុធ​នុយក្លេអ៊ែរ​មុន​

ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រទេស​កូរ៉េខាងជើង​ប្រកាសថា អាមេរិក​ត្រូវតែ​ជា​ប្រទេស​រំសាយ​ចោល​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​មុន ប្រសិនបើ​គេ​ប្រាថ្នា​ចង់បាន​ពិភពលោក​មួយ​ដែល​គ្មាន​នុយក្លេអ៊ែរ​។​

​មេដឹកនាំ​ក​រ៉េ​ខាងជើង Kim Jong-Un កំពុង​ពិនិត្យ​មើល​វត្ថុ​មួយ​ត្រូវបាន​ចាត់ទុក​ថា ជា​ក្បាល​គ្រាប់​នៃ​កាំ​ជ្រួច Rodong Sinmun ស្ថាប័ន​សារព័ត៌មាន​ផ្លូវការ​របស់​បក្ស​ពលករ​កូរ៉េ​នៅ​ថ្ងៃ ២៧​កុម្ភៈ បាន​ចុះផ្សាយ​អត្ថបទ​វិចារណកថា ស្តីបន្ទោស និង​ចោទប្រកាន់​អាមេរិក ថា​ជា​ប្រទេស​ដំបូង​លើ​ពិភពលោក​ដែល​ផលិត​អាវុធ​នុយក្លេអ៊ែរ និង​ជា​ប្រទេស​តែមួយគត់​មកទល់​បច្ចុប្បន្ន​នេះ បាន​ប្រើប្រាស់​អាវុធ​ប្រល័យ​លោក​នេះ​។ កាសែត​នេះ​ហៅ​អាមេរិក​ថា ជា “​ឧក្រិដ្ឋជន​នុយក្លេអ៊ែរ​”​។​

​ថ្មីៗ​នេះ​ប្រធានាធិបតី​ដូណាល់ ត្រាំ ពោលថា អាមេរិក​នឹង​ទំនើបកម្ម​អាវុធ​នុយក្លេអ៊ែរ ដោយសារតែ​ប្រទេស​ដទៃ​បាន​ធ្វើបែបនេះ ហើយ​មេដឹកនាំ​អាមេរិក​រូប​នេះ បាន​ពោល​បន្តថា ៖ ប្រសិនបើ​ប្រទេស​ដទៃ​បោះបង់​ចោល​ការអនុវត្ត​នុយក្លេអ៊ែ នោះ​អាមេរិក​ក៏​ធ្វើ​ដូចគ្នា​ដែរ ហើយ​ចំណាយពេល​ត្រឹម “២​នាទី​” ប៉ុណ្ណោះ​។​

​កាសែត​បក្ស​កូរ៉េខាងជើង​មួយ​នេះ បាន​ថ្កោលទោស​ថា ៖ អាមេរិក​បាន​ចិញ្ចឹម​មហិច្ឆតា​ត្រួតត្រា​ពិភពលោក ដោយ​កម្លាំង​នុយក្លេអ៊ែ​ខ្លាំងជាងគេ ហើយ​ប្រសិនបើ​អាមេរិក ជ្រើសរើស​យក​ការបោះបង់​ចោល​នុយក្លេអ៊ែរ នោះ​បញ្ហា​នុយក្លេអ៊ែ​លើ​ពិភពលោក វា​នឹង​វាយ​ស្រួល​សម្រាប់​ដោះស្រាយ​។​

​កាលពី​ថ្ងៃ ២៤​កុម្ភៈ KCNA របស់​កូរ៉េ​ខាងជើង បាន​ប្រកាស​ពី​គោលដៅ​តែ​១​គត់ នៃ​អាវុធ​នុយក្លេអ៊ែ​របស់​កូរ៉េខាងជើង គឺ​សំដៅ​តតាំង​នឹង​ការបង្ក​ជម្លោះ​របស់​អាមេរិក ហើយ​ថា អាមេរិក នឹង​ត្រូវ​រង​ទទួល​ការ​វាយបក​ដោយ​នុយក្លេអ៊ែ​រ ដ៏​សាហាវ ប្រសិនបើ​ក្រុង​វ៉ាស៊ីនតោន​មាន​ទង្វើ​បង្កជម្លោះ​នឹង​ក្រុង​ព្យុង​យ៉ាង​។​

KCNA នៅ​បាន​អះអាង​ទៀតថា អាវុធ​នុយក្លេអ៊ែ​របស់​ពួកគេ​គឺជា​ឧបករណ៍​ការពារ​ស្ថិរភាព​សន្តិភាព​លើ​ឧបទ្វីប​កូរ៉េ ហើយ​ប្រទេស​ខ្លួន​មិន​ប​ដែល​មាន​បំណង​ចំណាយលុយ​ច្រើន​សន្ធឹកសន្ធាប់​ដើម្បី​ផលិត​កាំជ្រួច និង​នុយក្លេអ៊ែ​សម្រាប់​វាយប្រហារ​ប្រទេសជិតខាង​ឡើយ​៕ សូ​យ​ន​