Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ៖​ជំរុញ​ឲ្យ​ក្រសួងទេសចរណ៍​បញ្ជ្រាប​ចំណេះដឹង​ប្រវត្តិសាស្ត្រ​ដល់​មគ្គុទ្ទេសក៍​ទេសចរណ៍​

spot_img

​ភ្នំពេញ​៖ លោក​ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី បាន​ជំរុញ​ឲ្យ​ក្រសួងទេសចរណ៍​គប្បី​បញ្ជ្រាប​ចំណេះដឹង​ពាក់ព័ន្ធ​នឹង​ប្រវត្តិសាស្ត្រ​ឲ្យបាន​ច្បាស់លាស់ ដល់​មគ្គុទ្ទេសក៍​ទេសចរណ៍ និង​និយាយ​ឲ្យបាន​ត្រឹមត្រូវ​ទៅ​កាន់​ទេសច​រ ពីព្រោះ​ពួកគេ​មួយចំនួន​មិនទាន់​យល់ដឹង​ពី​ប្រវត្តិសាស្ត្រ​នៅ​ឡើយ​ទេ​។​

​ឧបនាយក​រដ្ឋមន្ត្រី​ជំរុញ​ណែនាំ​យ៉ាង​ដូច្នេះ ក្នុងឱកាស​បើក​សន្និបាត​បូកសរុប​ការងារ​ទេសចរណ៍ ឆ្នាំ​២០១៧ និង​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០១៨ អម​ជាមួយ​ពិធី​អបអរសាទរ​ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី​៦ ក្រោម​ប្រធានបទ ទីក្រុង​ស្អាត ដើម្បី​ទាំងអស់គ្នា និង​ពិធី​ចែក​ជ័យលាភី​ទីក្រុង​ស្អាត​លើក​ទី​២ សម្រាប់​ឆ្នាំ​២០១៨-២០២១ នៅ​សណ្ឋាគារ​រ៉េស៊ីដង់​សុខា​ភ្នំពេញ នា​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៨​។​

​ដើម្បី​ជា​មូលដ្ឋាន​ក្នុង​ការពិភាក្សា​របស់​អង្គសន្និបាត ឈរ​លើ​ទស្សនទាន កម្ពុជា ជា​គោលដៅ​ទេសចរណ៍​ស្អាត និង​បៃតង ប្រកប​ដោយ​ភាព​ទាក់ទាញ និង​គុណភាព​ខ្ពស់​លោក​ឧបនាយករដ្ឋមន្ត្រី​បាន​ផ្ដល់​នូវ​អនុសាសន៍​មួយ​ចំនួន រួមមាន​៖

​ទី​១៖ ក្រសួង​ទេសចរណ៍​គួរ​មាន​វិធានការ​ពង្រឹង​ការងារ​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍ ពិសេស​ចាប់យក​កាល្លានុវត្តភាព​នៃ​ទីផ្សារ​សំខាន់ និង​អាទិភាព ជាអាទិ៍ ទីផ្សារ​ចិន និង​ឥណ្ឌា​។ ក្រសួង​ទេសចរណ៍​គួរ​មាន​វិធានការ​អនុវត្ត​ឱ្យ​បាន​ប្រសិទ្ធភាព​នៃ​កម្មវិធី​នយោបាយ​ទេសចរណ៍​ស្តីពី China Ready ខណៈ​ដែល​កិច្ចសហប្រតិបត្តិកា​រ​កម្ពុជា​-​ចិន ត្រូវ​បាន​ចាត់​ជា​កិច្ចសហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​។​

​ទី​២៖ ឈរ​លើ​សក្តានុពល​នៃ​ធនធានធម្មជាតិ និង​វប្បធម៌ ដ៏​សម្បូរ​បែប​របស់​កម្ពុជា ក្រសួង​ទេសចរណ៍​គួរ​មាន​វិធានការ​បែបណា ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​យុទ្ធសាស្ដ្រ​ពិ​ពិធ​កម្ម​ទេសចរណ៍ ក៏ដូចជា​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍​ថ្មីៗ ប្រកប​ដោយ​ភាព​ទាក់ទាញ ច្នៃប្រឌិត និង​ផ្តល់​នូវ​បទពិសោធន៍​ប្រកបដោយ​ការចងចាំ​ដល់​ភ្ញៀវទេសចរ​។​

​ទី​៣៖ ក្រសួង​ទេសចរណ៍​គួរ​មាន​វិធានការ និង​គោលនយោបាយ​គាំទ្រ ដើម្បី​ពង្រឹង​គុណភាព​ផលិតផល​ទេសចរណ៍ ស្រប​តាម​ទស្សនទាន សេវា​មួយ ស្តង់ដារ​មួយ ខណៈ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​ចលនា​ប្រឡងប្រណាំង ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អ តើ​ធ្វើ​យ៉ាងណា​ឱ្យមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ ប្រតិបត្តិ​ករ​ទេសចរណ៍ ក្នុងការ​ពង្រឹងគុណភាព​ផលិតផល​ទេសចរណ៍ ពិសេស​ចលនា​ប្រឡងប្រណាំង​នេះ​ឱ្យ​កាន់តែ​ស៊ីជម្រៅ និង​ខ្លាំងក្លា​ថែម​ទៀត ដើម្បី​ត្រៀម​ទទួលភ្ញៀវ​ទេសចរ ៦,១​លាន​នាក់ នៅ​ឆ្នាំ​២០១៨, ៧​លាន​នាក់ នៅ​ឆ្នាំ​២០២០ និង ១៥​លាន​នាក់ នៅ​ឆ្នាំ​២០៣០​។​

​ទី​៤៖ ក្រសួង​ទេសចរណ៍​គួរ​មាន​វិធានការ​ក្នុង​ការបណ្ដុះបណ្ដាល​ធន​ធាន​មនុស្ស ពិសេស​ជំនាញ​វិជ្ជាជីវៈ​ក្នុង​វិស័យ​ទេសចរណ៍ ឱ្យ​សមស្រប​តាម​ស្មារតី​នៃ​បម្លាស់​ទី​នៃ​អ្នកជំនាញ​ទេសចរណ៍ (MRA) និង​ទស្សនទាន បុគ្គលិក​ម្នាក់ ជំនាញ​មួយ ក្នុង​ឧស្សាហកម្ម​ទេសចរណ៍​។​

​ទី​៥៖ ក្រសួង​ទេសចរណ៍​គួរ​មាន​វិធានការ​ជំរុញ​ចលនា​ទេសចរណ៍​ក្នុងស្រុក ដែល​អាច​បំផុស​ឱ្យមាន​ចលនា​ដំណើរ​កម្សាន្ត​សម្រាប់​យុវជន បុគ្គលិក កម្មករ​-​កម្មការិនី ឱ្យបាន​យ៉ាងហោច​មួយដង​ក្នុង​មួយ​ឆ្នាំ​។​

​ទី​៦៖ ក្រសួង​ទេសចរណ៍​គួរ​មាន​វិធានការ​ពង្រឹង​ការ​អនុវត្ដ​ច្បាប់​ស្ដីពី ទេសចរណ៍ និង​ការពង្រឹង​សមាគម​ឧស្សាហកម្ម​ទេសចរណ៍ ដែលជា​ដៃគូ​របស់​រដ្ឋ ហើយ​ដែល​មាន​សារសំខាន់​ជា​ចាំបាច់ ធានា​ដល់​និរន្ដរភាព​នៃ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​។ ចាំបាច់​ត្រូវធ្វើ​បច្ចុប្បន្នភាព នៃ​ច្បាប់​ស្តីពី​ទេសចរណ៍​។​

​ទី​៧៖ ក្រសួង​ទេសចរណ៍ គួរ​មាន​វិធានការ​ពង្រឹង​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ក្នុង​ការផ្សព្វផ្សាយ និង​គ្រប់គ្រង​វិស័យ​ទេសចរណ៍​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​ផ្តល់​ផល​ដល់​កំណើន​ទេសចរណ៍​។​

​ទី​៨៖ ក្រសួង​ទេសចរណ៍​គួរ​មាន​វិធានការ​ពង្រឹង​ភាព​ជា​ដៃគូ​រដ្ឋ និង​ឯកជន (PPP) ក៏ដូចជា​តួនាទី​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍ និង​ពង្រឹង​រចនាសម្ព័ន្ធ​គ្រប់គ្រង​ទេសចរណ៍​នៅ​ថ្នាក់​រាជធានី​-​ខេត្ត ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​កាន់តែ​ខ្ពស់ ដើម្បី​ឆ្ពោះ​ទៅ​សម្រេចបាន​នូវ​ចក្ខុវិស័យ នៅ​ឆ្នាំ​២០៣០​។​

​ទី​៩៖ ក្រសួង​ទេសចរណ៍​គួរ​មាន​វិធានការ​បែបណា ដើម្បី​ចូលរួម​ដល់​ការជំរុញ​ការតភ្ជាប់ (Connectivity) សម្រួល​ការធ្វើដំណើរ និង​ដឹកជញ្ជូន​ភ្ញៀវទេសចរ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ថែម​ទៀត និង​ជំរុញ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ទ្រទ្រង់​ចាំបាច់ បម្រើ​ឱ្យ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​។​

​លោក​ឧបនាយករដ្ឋមន្ត្រី​បាន​ជំរុញ​ឲ្យ​ក្រសួង​ទេសចរណ៍​ត្រូវ​ជំរុញ​ឲ្យមាន​ការបណ្ដុះ​បណ្ដាល​បន្ថែ​ម និង​ឲ្យបាន​ច្បាស់លាស់​ពី​ប្រវត្តិសាស្ត្រ ដល់​មគ្គុទ្ទេសក៍​ទេសចរណ៍ ដោយ​លោក​បាន​ថ្លែងថា​៖ ក្រសួង​ទេសចរណ៍​គួរ​មាន​ការបណ្ដុះបណ្ដាល​មគ្គុទ្ទេសក៍ ដើម្បី​ឲ្យ​យកចិត្តទុកដាក់​ទាំង​ភាសា ការ​យល់​ដឹង​រឿង​ប្រវត្តិសាស្ត្រ​ច្បាស់លាស់ កុំឲ្យ​ពន្យល់​ភ្ញៀវ​ខុស​។ ប្រាសាទ​យើង​មួយៗ​សុទ្ធ​មាន​ប្រវត្តិសាស្ត្រ​ខុសគ្នា​។ តំបន់​អេកូ​ទេសចរណ៍​ក៏​មាន​ប្រវត្តិសាស្ត្រ​។ ដូច្នេះ ការបណ្ដុះបណ្ដាល​ដល់​មគ្គុទ្ទេសក៍មាន​សារសំ​ខាន់​ណាស់ មិន​ត្រឹមតែ​បណ្ដុះបណ្ដាល​ប្រវត្តិសាស្ត្រ​ទេ បណ្ដុះបណ្ដាល​ឲ្យ​ច្បាស់​ពី​ប្រវត្តិសាស្ត្រ​។​

​ចំណែក​លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​ថ្លែងថា ការរីកចម្រើន​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា បាន​ឆ្លុះបញ្ចាំង​អំពី​សារសំខាន់​នៃ​កត្តា​សន្តិសុខ សុវត្ថិភាព ស្ថិរភាព​នយោបាយ ដែល​ជា​កត្តា​កំណត់ និង​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ធានា​ចីរភាព​នៃ​កំណើន​វិស័យ​ទេសចរណ៍​។ ការសម្រេចបាន​នូវ​កំណើន​នៃ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​កម្ពុជា ក្នុង​ឆ្នាំ​២០១៧​នេះ ក៏​ព្រោះ​ដោយសារតែ រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​កម្មវិធី​នយោបាយ និង​មាន​យុទ្ធសាស្ត្រ​ត្រឹមត្រូវ ច្បាស់លាស់ ប្រកប​ដោយ​ភាពប្រាកដនិយម ពិសេស​មាន​ច្បាប់​ស្តីពី​។ ទេសចរណ៍ និង​ផែនការ​ជាតិ យុទ្ធសាស្ត្រ អភិវឌ្ឍ​ទេសចរណ៍ លើសពីនេះ​ទៀត ដើម្បី​ឆ្លើយតប​និង​និន្នាការ និង​ការវិវត្តន៍​ថ្មី នៃ​វិស័យ​ទេសចរណ៍​ក្នុង​តំបន់ និង​ពិភពលោក ក្រសួង​ទេសចរណ៍​បាក់​ដាក់ចេញ​នូវ​ផែនការ​កំណែ​ក​ទម្រង់​វិស័យ​ទេសចរណ៍ ដោយ​ផ្តោត​លើ​មុំ​៤​អាទិភាព​គឺ ពង្រឹង​ការអភិវឌ្ឍ​ផលិតផល​ទេសចរណ៍​ប្រកប​ដោយ​ភាព​ទាក់ទាញ និង​ច្នៃប្រឌិត ពង្រឹង​គុណភាព​ឧស្សាហកម្ម​ទេសចរណ៍ ពង្រឹង​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍ និង​ការជំរុញ​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​ទេសចរណ៍ រួម​មាន​ការខិតខំ​ផ្សព្វផ្សាយ​ទេសចរណ៍​តាម​ឌីជីថល ការរៀបចំ​ឲ្យមាន​ការ​ចុះបញ្ជី​អាជ្ញាប័ណ្ណ​ទេសចរណ៍​តាម​ប្រព័ន្ធ​អន​ឡា​ញ និង​ប្រព័ន្ធ​គ្រប់គ្រង​មគ្គុទ្ទេសក៍​ទេសចរណ៍ អន​ឡាញ ជាដើម​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×