Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សភា​កម្ពុជា​នឹង​ដឹកនាំ​វេទិកាសភា​អាស៊ី​-​បា​ស៊ី​ហ្វិក (APPF) ចាប់ពី​ខែ​ឧសភា ឆ្នាំ​២០១៨​នេះ​ទៅ​

spot_img

​ភ្នំពេញ​៖សភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ក្លាយជា​ប្រធាន​វេទិកាសភា​អាស៊ី​-​បា​ស៊ី​ហ្វិក​(APPF) ចាប់ពី​ខែ​ឧសភា ឆ្នាំ​២០១៨​នេះ​ទៅ ខណៈ​ស្ថាប័ន​នីតិប្បញ្ញត្តិ នេះ បាន​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​លើក​ទី​២៧ នៃ​វេទិកាសភា​មួយ​នេះ នា​ខែ​មករា ឆ្នាំ​២០១៩ ខាងមុខ​។ នៅក្នុង​ខែ​ឧសភា​ឆ្នាំ​នេះ​ដែរ សភា ប្រទេស​វៀតណាម ដែល​បច្ចុប្បន្ន​ជា​ប្រធាន​APPF និង​ប្រគល់​ទង់​APPF មក​ឲ្យ​សភា​កម្ពុជា ដើម្បី​ដឹកនាំ​ការងារ​បន្ត​ពី​ប្រទេស​ខ្លួន​។​

​នៅក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​ក្រុមការងារ​ផ្នែក​ឯកសារ ក្នុងការ​ត្រៀម​រៀបចំ​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ លើក​ទី​២៧​របស់​APPF​នេះ នា​ព្រឹក​ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ នៅ​វិមាន​រដ្ឋ​សភា លោក ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនា​ការ និង​ព័ត៌មាន នៃ​រដ្ឋសភា បាន​មានប្រសាសន៍ថា តាម​បទបញ្ជាផ្ទៃក្នុង​របស់​APPF សភា​ប្រទេស​វៀតណាម នឹង​ប្រគល់​ទង់​APPF ឲ្យ​កម្ពុជា​នៅក្នុង​ខែ​ឧសភា ហើយ ចាប់ពី​ពេល​នោះ​ទៅ សភា​កម្ពុជា​នឹង​ក្លាយជា​ប្រធាន​APPF ពោល​គឺ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នឹង​ក្លាយជា​ប្រធាន APPF​។​

​លោក បាន​គូសបញ្ជាក់ថា បើទោះបី​តួនាទី​ផ្លូវការ​ជា​ប្រធាន​របស់​APPF កម្ពុជា​ត្រូវ​ទទួល​នៅក្នុង​ខែ​ឧសភា​យ៉ាងណាក៏ដោយ ការងារ​ត្រៀម​រៀបចំ កិច្ចប្រជុំ​លើក​ទី​២៧​នោះ ត្រូវ​ដំណើរការ​ចាប់ពី​ពេលនេះ​តទៅ​។ លោក បាន​លើកឡើង​ថា នេះ​ជា​លើក​ទី​១ ដែល​ក្រុមការងារ​ខ្លឹមសារ ដែល​បង្កើត ឡើង​ដោយ​សេចក្តីសម្រេច​របស់ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន មាន​សមាសភាព​ចូលរួម សមាជិក​សមាជិកា​រដ្ឋ​សភា និង​ព្រឹទ្ធសភា ព្រមទាំង​មន្ត្រី​ជំនាញ​អគ្គលេខាធិការដ្ឋាន​សភា​ទាំងពីរ​បាន​ជួបប្រជុំគ្នា ដើម្បី​ពិនិត្យ​លទ្ធផល​ការងារ និង​ការអនុវត្ត​ទិសដៅ​បន្ត​ទៀត​។​

​លោក ឈាង វុន បាន​កោតសរសើរ​ចំពោះ​ក្រុម​លេខាដ្ឋាន​ជាតិ​APPF ដែល​បង្កើតឡើង​ដោយ​អគ្គលេខាធិការដ្ឋាន​សភា​កម្ពុជា​ទាំង​ពីរ គឺ​អគ្គលេខា​- ធិ​ការដ្ឋាន​រដ្ឋសភា និង​ព្រឹទ្ធសភា​។ ក្រុម​លេខាធិការដ្ឋាន​នេះ បាន​ធ្វើការ​ដោយ​យកចិត្តទុកដាក់ និង​បាន​សម្រេច​លទ្ធផល​មួយ​ចំនួន​ហើយ ជាពិសេស ប្រតិទិន​ការងារ​ជាក់លាក់​មួយ ដែល​ជា​ត្រីវិស័យ​នោះ​។​

​នៅក្នុង​របាយការណ៍​ជូន​កិច្ចប្រជុំ លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា និង​ជា​ប្រធាន​លេខាធិការដ្ឋាន​ជាតិ​APPF បាន​លើកឡើង​ថា ក្នុងការ​ត្រៀម​រៀបចំ​កិច្ចប្រជុំ​លើក​ទី​២៧ នៃ​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក​នេះ លេខាធិការដ្ឋាន​ជាតិ​APPF បាន​បែងចែក​ការងារ​ចេញ​ជា​ពីរ​ដំណាក់ កាល​។ ដំណាក់កាល​ទី​១ គឺ​ចាប់ពី​ពេលនេះ ដល់​ខែ​ឧសភា ជា​ពេល​សភា​កម្ពុជា​ទទួល​ទង់​APPF​ជា​ផ្លូវការ​។ ដំណាក់កាល​ទី​២ គឺ​ចាប់ពី​ខែ​ឧសភា ឆ្នាំ​២០១៨ រហូត​ដល់​ថ្ងៃ​បើក​កិច្ចប្រជុំ ដែល​គ្រោង​ធ្វើ​នៅក្នុង​ខែ​មករា ឆ្នាំ​២០១៩ នា​ខេត្តសៀមរាប​។​

​លោក អគ្គលេខាធិការ បាន​គូសបញ្ជាក់ថា នៅ​ចំពោះមុខ​គឺ​ក្រុម​ការងារ​លេខាធិការដ្ឋាន​នឹង​កំណត់​កាលបរិច្ឆេទ និង​នីតិវិធី​ក្នុង​ពិធី​ទទួល​ទង់​APPF ពី​ប្រទេស​វៀតណាម​។ កំណត់​មូលបទ​នៃ​កិច្ចប្រជុំ កំណត់​កាលបរិច្ឆេទ និង​ពេលវេលា​នៃ​កិច្ចប្រជុំ និង​កំណត់​ស្លាក​សញ្ញា​កិច្ចប្រជុំ​(Logo) ដើម្បី​ដាក់ជូន គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​សម្រេច នៅ​ដើម​ខែ​មេសា​។ លទ្ធផល​នៃ​ការសម្រេច​របស់​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​រដ្ឋសភា លើ​បញ្ហា​ខាងលើ​នោះ គឺ​ដើម្បី​ទុក​ជម្រាប​ទៅ​ភាគី​ប្រទេស​វៀតណាម​វិញ នៅក្នុង​ពិធី​ប្រគល់ និង​ទទួល​ទង់ ក្នុង​ខែ​ឧសភា​នោះ​។ លោក ឡេង ប៉េងឡុង បានបញ្ជាក់​ថា នេះ​នីតិវិធី​ការងារ​។​

​កិច្ចប្រជុំ​នាពេលនេះ ក៏បាន​លើកឡើង​ពី​ប្រតិទិន​ការងារ​ដែល​ត្រូវ​អនុវត្ត​ជា​បន្តបន្ទាប់​ទៅទៀត ទំ​រាំ​ដល់​ថ្ងៃ​រៀបចំ​កិច្ចប្រជុំ​តែម្តង​។ អ្វី​ដែល​ក្រុមការងារ ត្រូវ​អនុវត្ត​ចំពោះ​មុខ​នោះ មានដូចជា​ការស្វែងរក​មូលបទ និង​ប្រធានបទ សម្រាប់​វិស័យ​ទាំង​៥ នៃ​កិច្ចប្រជុំ​APPF ដូចជា​វិស័យ​នយោបាយ សេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការ ទិសដៅ​របស់​APPF និង​វិស័យ​សមាជិកសភា​ជា​ស្ត្រី​។​

​សូមជម្រាបថា វេទិកាសភា​អាស៊ី​ប៉ាស៊ីហ្វិក ដែល​មានឈ្មោះ​ជា​ភាសា​អង់គ្លេស “The Asia Pacific Parliamentary Forum” បាន​បង្កើតឡើង​នៅ​ទីក្រុង តូ​ក្យូ ប្រទេស​ជប៉ុន ក្នុង​ឆ្នាំ​១៩៩៣​។ សភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចូល​ជា​សមាជិក​ពេញសិទ្ធិ​នៃ​វេទិកាសភា​នេះ កាលពី​ឆ្នាំ​១៩៩៥​។ បច្ចុប្បន្ន APPF មាន​សមាជិក​ពេញសិទ្ធិ​ចំនួន​២៧​ប្រទេស​។​

​កិច្ចប្រជុំ​ដឹកនាំ​ដោយ លោក ឈាង វុន នាពេលនេះ បាន​ផ្តល់​ឱកាស​ជូន​ក្រុមការងារ​លេខាធិការដ្ឋាន​ជាតិ​APPF សិក្សា​ស្វែងយល់​ដោយ​សហការ ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ខ្លឹមសារ ប្រធានបទ និង​រូបភាព នៃ​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​លើក​ទី​២៧ នៃ​វេទិកាសភា​មួយ​នេះ បាន​ចូលរួមចំណែក ដល់​ការលើកកម្ពស់​កិត្តិយស និង​កិត្យានុភាព​របស់​កម្ពុជា នៅលើ​ឆាក​អន្តរជាតិ ពិសេស​ការលើកកម្ពស់​យន្តការ​សភា បង្កើន​កិច្ចសហប្រតិបត្តិកា​ររ​វាង សភា​កម្ពុជា ជាមួយ​បណ្តា​ប្រទេស​នានា​នៅក្នុង​តំបន់ និង​ពិភពលោក​៕​ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×