Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​តេជោ ហ៊ុន សែន ៖ ការដុត​ទីងមោង​រូប​សម្តេច ដោយ​ត្រឹម​តែ​ភ្ជាប់​រូបថត មិន​មាន​ប្រសិទ្ធភាព​នោះ​ទេ

spot_img

​កំពង់ស្ពឺ​ ៖ ករណី​ក្រុមប្រឆាំង​ដែល​ដុត​ទី​មោង​រូប​សម្តេច​តេជោ​នៅ​អូស្ត្រាលី​នោះ សម្ដេច​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី បាន​ថ្លែងថា ជា​ទង្វើរ​គ្មាន​ប្រយោជន៍ និង​គ្មាន​ប្រសិទ្ធិភាព​អ្វី​ប៉ះពាល់​ដល់​រាសី​សម្ដេច​ឡើយ​។

​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ​សហគ្រាស​នៅ​ខេត្ត​កំពង់ស្ពឺ ប្រមុខ​រដ្ឋាភិបាល បាន​និយាយ​ដូច្នេះ​ថា ការដុត​រូប​សម្តេច​ដោយ​ត្រឹមតែ​ភ្ជាប់​រូបថត​មិនមាន​ប្រសិទ្ធភាព​នោះ​ទេ​។ សម្តេច​ថ្លែងថា បើ​ចង់​មាន​ប្រសិទ្ធភាព​ត្រូវ​ទៅ​ដុត​រូប​នាគ​នៅតាម​វត្ត ព្រោះ​តែ​សម្តេច​មាន​ឆ្នាំ​កំណើត​ជា​ឆ្នាំរោង​។​

​តែ​ទោះជា​យ៉ាងណា​សម្តេច​បាន​បញ្ជាក់ថា សម្តេច​មិន​តប​ត​ជា​មួយ​ក្រុម​អ្នក​ដុត​រូប​សម្តេច​នោះទេ ដោយ​សម្តេច​បាន​លើកឡើង​ថា បើ​ឆ្កែ​ខាំ​ជើង​ហើយ ទៅ​ខាំ​ឆ្កែ​វិញ​ក៏​មិន​កើត​ដែរ​។​

​សម្តេច​តេជោ បញ្ជាក់ថា ៖ “​ដុត​រូប​ទី​មោង មិន​អាច​ឲ្យ​ខ្ញុំ​ងាប់​ទេ បើ​ចង់​ធ្វើឲ្យ​ខ្ញុំ​ងាប់ មាន​តែ​ដុត​រូប​នាគ ព្រោះ​ខ្ញុំ​កើត​ឆ្នាំ​រោង (​នាគ​) ហើយ​បើ​ដុត​រូប​នាគ គឺ​ដុត​នាគ​ក្នុង​វត្ត​ទៀត ។ បើ​ដុត​ត្រឹម​រូប​ទីង​មោង ខ្ញុំ​មិន​ងាប់​ទេ​។ ការដុត​រូប​ទីងមោង​នេះ មិន​អាច​ឲ្យ​សម្ដេច​ស្លាប់​នោះទេ​” ។​

​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ក្រៅ​ប្រទេស​មួយ​ចំនួន រួមមាន អាមេរិក កាណាដា និង​អូស្ត្រាលី បាននាំគ្នា​ដុត​រូប​ទីងមោង​សម្ដេច ហ៊ុន សែន ដើម្បី​បង្ហាញ​ពី​ការ​មិន​ពេញចិត្ត​ចំពោះ​ការដឹកនាំ​របស់​ប្រមុខ​រដ្ឋាភិបាល​។ សកម្មភាព​របស់​ពល​រដ្ឋ​ខ្មែរ​ទាំងនោះ ធ្វើឡើង​ក្រោយ​ពី​សម្ដេច ហ៊ុន សែន ប្រកាស​ហាម​ពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​អូស្ត្រាលី ដុត​រូប​ទីងមោង​សម្ដេច នៅ​ពេល​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​-​អូស្ត្រាលី ខាងមុខនេះ​។​

​ទាក់ទង​នឹង​បញ្ហា​នេះ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កំពុង​ចរចា​ការទូត​ជាមួយ​ប្រទេស​អូស្ត្រាលី ដើម្បី​ឲ្យមាន​ការធានា​កិត្តិយស​សម្ដេ​ច ហ៊ុន សែន នៅក្នុង​កិច្ចប្រជុំ​។​

​រដ្ឋាភិបាល​អូស្ត្រាលី​មាន​ភាពកំសោយ​ទុកឱ្យ​ក្រុមប្រឆាំង​ដុត​រូប​ទីងមោង​ដោយ​ភ្ជាប់​ជា​មួយ​រូប​សម្តេច​តេជោ ហ៊ុន សែន​។ កាល​ពី​ថ្មីៗ​នេះ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ថ្កោលទោស​យ៉ាង​ខ្លាំងក្លា​ចំពោះ​ការដុត​រូប​ទីង​មោង ដោយ​ភ្ជាប់​ជា​មួយ​រូប​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ហើយ​បាន​និង​កំពុង​ធ្វើការ​ជាមួយ​ស្ថានទូត​អូស្ត្រាលី ដើម្បី​បញ្ឈប់​សកម្មភាព​ដ៏​អសីលធម៌​ទាំងនេះ​ផង​ដែរ​។​

​លោក ជុំ សុន្ទ​រី អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា បានបញ្ជាក់ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ​ថា ក្រសួង​បាន​និង​កំពុង​ធ្វើការ សម្របសម្រួល តាមផ្លូវ​ការទូត​ជាមួយ​អូស្ត្រាលី ដើម្បី​ធានាបាន​នូវ​ការគោរព​ចំពោះ​កិត្តិយស និង​ភាពថ្លៃថ្នូ​របស់​ថ្នាក់​ដឹកនាំ​កម្ពុជា ជាពិសេស​ក្នុង​ឱកាស​ដែល សម្តេច​អគ្គមហាសេនាបតី​តេជោ​នាយករដ្ឋមន្ត្រី​កម្ពុជា អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូស្ត្រាលី នៅ​ទីក្រុង​ស៊ីដ​នី ក្នុង​ខែ​មីនា​ខាងមុខ តាម​ការអញ្ជើញ​ផ្លូវការ​របស់​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​។ លោក ជុំ សុន្ទ​រី ៖ ក្រសួងការបរទេស​ក៏​នឹង​ធ្វើ​ដូច​គ្នា​នេះ ជាមួយ​បណ្តា​ប្រទេស​ដទៃ​ទៀត ចំពោះ​ករណី​ដុត​រូប​ថ្នាក់​ដឹកនាំ​កម្ពុជា​ផងដែរ​។​

​ចំពោះ​ការចរចា​រវាង​ក្រសួងការបរទេស​កម្ពុ​ជា ជាមួយ​ស្ថានទូត​អូស្ត្រាលី ដើម្បី​ឲ្យមាន​ការគោរព​ភាពថ្លៃថ្នូ​ររបស់​មេដឹក​នាំ​ខ្មែរ​នេះ បាន​ធ្វើឡើង​បន្ទាប់​ពី​ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី ដែល​ដឹកនាំ​ដោយ​លោក ហុង លីម តំណាងរាស្ត្រ​អូស្ត្រាលី​ដើមកំណើត​ខ្មែរ បាននាំគ្នា​ដុត​រូប​ទីងមោង​ដោយ​មានភ្ជាប់​ជា​មួយ​រូប​របស់​សម្តេច​តេជោ ហ៊ុន សែន ជាមួយ​ការនិយាយ​នូវ​ពាក្យ​អសុរោះ​ជាច្រើន ថែមទៀត​ផង​។ ក្រៅ​ពី​ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី ពលរដ្ឋ​ខ្មែរ​នៅ​កាណាដា ដែល​គេ​ដឹង​ថា​សុទ្ធតែ​ជា​មនុស្ស​មាន​និន្នាការ​គាំទ្រ​អតីត​បក្ស​សង្គ្រោះ​ជាតិ ក៏​បាន​នាំគ្នា​ដុត​រូប​បែប​នេះ​ផងដែរ​។​គួររំលឹកថា​៖​ការដុត​រូប​របស់​ពួកគេ​បាន​ធ្វើឡើង​បន្ទាប់ពី​សម្តេច​តេជោ ហ៊ុន សែន បាន​ព្រមាន​តាម​វាយ​ពួកគេ​ដល់​ផ្ទះ​ប្រសិនបើ​មាន​ការដុត​រូប​សម្តេច​។​

​គួរ​បញ្ជាក់ដែរ​ថា​ ៖ ​នៅ​ខែ​ក្រោយ​នេះ​អូស្ត្រាលី​អញ្ជើញ​មេដឹកនាំ​អាស៊ាន​ទាំង​១០ ឲ្យទៅ​ប្រជុំ​នៅក្នុង​ប្រទេស​របស់​ខ្លួន តែ​បែរជា​បណ្តោយ​ឲ្យមាន​ការប្រមា​ថ​ដល់​ភាពថ្លៃថ្នូ​របស់​មេដឹកនាំ​អាស៊ាន​ទៅវិញ តើ​អ្វី​ទៅ​ជា​បំណង​ពិត​របស់​អូស្ត្រាលី តើ​អូស្ត្រាលី​ចង់​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​អាស៊ាន ឬ​មួយ​យ៉ាងណា​?​អាស៊ាន គួរតែ​ដឹង​ពី​គោលការណ៍​កុង​សង់​ស៊ី​របស់​អាស៊ាន ដូច្នេះ​បើ​អូស្ត្រាលី​ធ្វើ​ឲ្យ​មេដឹកនាំ​អាស៊ាន​ណាមួយ​មិន​សប្បាយចិត្ត​ជាមួយ​ខ្លួន នោះ​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អូស្ត្រាលី ដែល​ធ្វើ​អំឡុង​ថ្ងៃ​ទី​១៧-១៨ ខែ​មីនា ឆ្នាំ​២០១៨​ខាងមុខនេះ អាច​នឹង​មិន​មាន​លទ្ធ​ផល​ល្អ​នោះ​ឡើយ​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×