Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន​ ៖ ការរីកចំរើន​នៃ​វិស័យ​ទេសចរណ៍ ឆ្លុះបញ្ចាំង​អំពី​សារសំខាន់​នៃ​កត្តា​សន្តិភាព​

spot_img

​ភ្នំពេញ​៖ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ការរីកចំរើន​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា បាន​ឆ្លុះបញ្ចាំង​អំពី​សារសំខាន់​នៃ​កត្តា​សន្តិសុខ សុវត្ថិភាព ស្ថិរភាព​នយោបាយ ដែល​ជា​កត្តា​កំណត់ និង​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ធានា​ចីរភាព​នៃ​កំណើន​វិស័យ​ទេសចរណ៍​។​

​នៅ​រសៀល​ថ្ងៃ​ពុធ ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៨ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បិទ​សន្និបាត​ការងារ​ទេ​ចរណ៍​ឆ្នាំ​២០១៧ និង​លើក​ទិសដៅ​ឆ្នាំ​២០១៨ អម​ជាមួយ​ពិធី​អបអរសាទរ​ទិវា​ទីក្រុង​ស្អាត​ក្រោម​ប្រធានបទ “​ទីក្រុង​ស្អាត​ដើម្បី​ទាំងអស់គ្នា និង​ពិធី​ចែក​ជ័យលាភី​ទីក្រុង​ស្អាត​លើក​ទី​២ សម្រាប់​ឆ្នាំ​២០១៨-២០២១“​។

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា អង្គសន្និបាត​នេះ​បាន​ចូលរួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការជំរុញ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ឲ្យមាន​លក្ខណៈ​កាន់តែ​ល្អប្រសើរ​ឡើង​បន្ថែមទៀត​។ ក្នុង​ឆ្នាំ​២០១៧ កម្ពុជា​ទទួលបាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​ជាង ៥,៦​លាន​នាក់ កើនឡើង ១១,៨% និង​ភ្ញៀវទេសចរ​ក្នុងស្រុក​មាន​ចំនួន ១១​លាន​នាក់ បាន​រួមចំណែក​ប្រមាណ ១៣% នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​កម្ពុជា និង​តំណាង​ឱ្យ​ប្រមាណ ៣០% នៃ​វិស័យ​សេវាកម្ម​នៅ​កម្ពុជា​។ ការសម្រេចបាន​នូវ​កំណើន​នៃ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​កម្ពុជា ក្នុង​ឆ្នាំ​២០១៧​នេះ ក៏​ព្រោះ​ដោយសារតែ រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​កម្មវិធី​នយោបាយ និង​មាន​យុទ្ធសាស្ត្រ​ត្រឹមត្រូវ ច្បាស់លាស់​ប្រកបដោយ​ភាពប្រាកដនិយម ពិសេស​មាន​ច្បាប់​ស្តីពី​ទេសចរណ៍ និង​ផែនការ​ជាតិ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ទេសចរណ៍​២០១២-២០២០​។​

​ក្នុង​អង្គសន្និបាត​នេះ សម្តេច​តេជោ ហ៊ុន សែន បាន​ផ្តល់​នូវ​អនុសាសន៍​សំខាន់​ចំនួន​៣​ចំនុច​ដល់​អង្គ​សន្និបាត​ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍​ឲ្យ​កាន់តែ​មាន​សក្តានុពល និង​រីកចម្រើន​ឈានឡើង ៖ ១)​ត្រូវ​ចូលរួម​រក្សា​សន្តិភាព​អោយបាន​គង់វង្ស​ពីព្រោះ​អ្នក​ទេសចរណ៍​អាច​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​មក​បាន គឺ​អាស្រ័យ​ដោយ​កត្តា​មាន​សន្តិសុខ សន្តិភាព សណ្ដាប់ធ្នាប់​សង្គម ដូច្នេះ​សូម​ចូលរួម​ថែរក្សា​សន្តិសុខ សន្តិភាព សណ្ដាប់ធ្នាប់​សង្គម​ឲ្យបាន​ល្អ​ប្រសើរ​។ ជាមួយគ្នា​នោះ​រាជរដ្ឋាភិបាល​បាន​តាំងចិត្ត​ថា​ទោះ​ក្នុង​តំលៃ​ណា​ក៏​ដោយ​គឺ​កម្ពុជា​ត្រូវ​តែ​រក្សា​សន្តិភាព​អោយបាន ដើម្បី​សេចក្តីសុខ​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ​ទាំងមូល​។ ២)​ត្រូវ​ចាត់ទុក​ឆ្នាំ​២០១៨​ជា​ឆ្នាំ​នៃ​ទេសចរណ៍​បៃតង​ដូច្នេះ​ត្រូវ​រួមគ្នា​ថែរក្សា​ប្រាង្គ​ប្រាសាទ​នានា​ដែល​កម្ពុជា​មាន​ជាពិសេស​សម្បត្តិ​ធម្មជាតិ​ទាំងឡាយ​ជាមួយគ្នា​នោះ​ត្រូវ​រួមគ្នា​ក្នុង​ការ​ក៏​សាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ដើម្បី​បំរើ​ក្នុង​វិស័យ​ទេសចរណ៍​។ ៣)​បន្ត​រួម​គ្នា​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ឲ្យ​កាន់តែ​ច្រើន​ឡើង​បន្ថែម​ទៀត​។ ត្រូវ​រួម​គ្នា​បង្កើត​ផលិតផល​ទេសចរណ៍ សេវា​ទេសចរណ៍ ផ្សេងៗ ជា​ពិសេស​ត្រូវ​ត្រៀម​ខ្លួន​ទទួលភ្ញៀវ​ទេសចរណ៍​ចិន ដែល​នឹង​មក​ប្រទេស​កម្ពុជា​នា​ពេលខាងមុខ​។​ចូលរួម​ថែរក្សា​កេរិ៍្តឈ្មោះ​ប្រទេស​កម្ពុជា​ដែល​ត្រូវ​បាន​ប្រសិទ្ធ​នាម​ថា​ព្រះរាជាណាចក្រ​អាច្ឆរិយៈ ក្នុង​នោះ​ខេត្ត​ដែល​ទទួលបាន​ចំណាត់ថ្នាក់​ល្អ ក្នុង​ការប្រកួតប្រជែង​ត្រូវ​ខិតខំ​ប្រឹងប្រែង​អោយ​ចំណាត់​ថ្នាក់​ឡើង​មួយ​កំរិត​ថែមទៀត​ឬ យ៉ាងហោចណាស់​ត្រូវ​រក្សា​អោយ​នៅលើ​លំដាប់​ថ្នាក់​ដដែល ។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ស្នើ​ឲ្យ​អង្គសន្និបាត​បន្ត​អនុវត្តន៍​ផែនការ​ថ្មី​ដែល​បាន​ដាក់ចេញ សម្រាប់​ឆ្នាំ​២០១៨ អោយមាន​ប្រសិទ្ធិភាព និង​រីកចម្រើន​ជា​បន្តបន្ទាប់​ទៀត​។​

​នា​ឱកាស​នេះ​ដែរ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏​បាន​អញ្ជើញ​ផ្តល់​កិត្តិយស​បំពាក់​គ្រឿង​ឥស្សរិយយស​ដល់​មន្ត្រី​ទេសចរណ៍​ដែល​មាន​ស្នាដៃ​ល្អ និង​អញ្ជើញ​ប្រគល់​ជ័យលាភី ទីក្រុង​ស្អាត​លើក​ទី​២ សម្រាប់​ឆ្នាំ ២០១៨-២០២១ ដល់​ទីក្រុង​ដែល​ទទួលបាន​ចំណាត់ថ្នាក់​ល្អ ក្នុង​ការប្រកួតប្រជែង​ទីក្រុង​ស្អាត​កន្លងមកនេះ ដែល​មាន​ដូចជា ក្រុង​បាត់ដំបង ក្រុងកែប ក្រុង​កំពត ក្រុង​សៀមរាប ក្រុងភ្នំពេញ ក្រុង​កំពង់ចាម និង​ក្រុងព្រះសីហនុ ៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×