Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន​បញ្ចេញ​សមត្ថភាព​ប្រកួត​និយាយ​ជា​សាធារណៈ លើ​ការផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង

spot_img

​ភ្នំពេញ​ ៖​ ក្នុង​កម្មវិធី​ការប្រកួត​និយាយ​ជា​សាធារណៈ តាមរយៈ​ប្រធានបទ ការផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង កាលពី​រសៀល​ថ្ងៃ​ទី​២៨​ខែ​កុម្ភៈ​ឆ្នាំ​២០១៨ នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ លោក​វេជ្ជបណ្ឌិត មុំ គង់ នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា បាន​ថ្លែងថា ក្នុង​ស្រា​បៀរ​គឺជា​ប្រភេទ​គ្រឿង​ស្រវឹង​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​និយម​សេព​រហូតដល់​៨៤​ភាគរយ​។

​លោក​បន្តថា ប្រជាពលរដ្ឋ​កម្ពុជា​ទទួល​ឥទ្ធិពល​ពី​ការផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ក្នុង​ការជ្រើសរើស​ម៉ាក​គ្រឿង​ស្រវឹង ក្នុងនោះ ៣៨​ភាគរយ ដោយសារ​រសជាតិ​ឆ្ងាញ់ ២៨​ភាគរយ​ដោយសារ​ម៉ាក​ល្បី ១៦​ភាគរយ​ដោយសារតែ​តម្លៃថោក និង​១១​ភាគរយ​ដោយសារ​ចង់​ត្រូវ​រង្វាន់​។ ហេតុផល​ទាំងនេះ​សុទ្ធតែ​ជា​សារ​ទាក់ទាញ​ដែល​គេ​ប្រើ​ក្នុង​ការផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​។​

​បើ​តាម​លោក​វេជ្ជបណ្ឌិត ៖ រាជរដ្ឋាភិបាល​គួរ​កំណត់​ទី​តាំង​លក់​គ្រឿង​ស្រវឹង​ឲ្យបាន​សមស្រប​ដើម្បី​កាត់បន្ថយ​លទ្ធភាព​ងាយ​រក​ទិញ​គ្រឿង​ស្រវឹង ហើយ​កន្លែង​លក់​គ្រឿង​ស្រវឹង​គួរតែ​មាន​អាជ្ញាប័ណ្ណ​អនុញ្ញាត​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច​។ លោក​បន្តថា ប្រជាពលរដ្ឋ​កម្ពុជា​៩៣​ភាគរយ ចង់ឲ្យ​រាជរដ្ឋាភិបាល​ហាមឃាត់​ការផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង ហើយ​ពួក​គាត់​យល់ថា​ការប្រើប្រាស់​គ្រៀង​ស្រវឹង​បណ្តាលឲ្យមាន​បញ្ហាអ​វិជ្ជមាន​ច្រើន ដូចជា ៩៩​ភាគរយ​យល់ថា​ពាក់ព័ន្ធ​នឹង​អំពើហិង្សា ៩៩​ភាគរយ​យល់​ថា​បង្កឲ្យមាន​គ្រោះថ្នាក់​ចរាចរ ៩៨​ភាគរយ​យល់ថា​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ និង​៩៩​ភាគរយ​យល់​ថា​បង្ក​ជំងឺ​។​

​ក្នុងការ​ឱកាស​នោះដែរ លោក​វេជ្ជបណ្ឌិត​មុំ គង់ បានលើកឡើង​ពី​ផលប៉ះពាល់​នៃ​គ្រឿង​ស្រវឹង​ផងដែរ ដូចជា គ្រឿង​ស្រវឹង​គឹជា​មូលហេតុ​ទី​៣​ដែល​បណ្តាលឲ្យ​មាន​អ្នក​ស្លាប់​នៅលើ​ពិភពលោក​ប្រមាណ​២,៥​លាន​នាក់​ក្នុង​១​ឆ្នាំៗ និង​បង្ក​ឲ្យមាន​ជំងឺ​ប្រមាណ​២០០​មុខ​រួមមាន​ជំងឺមហារីក​បំពង់ក​អាហារ មហា​រីកថ្លើម ជំងឺ​លើស​សម្ពាធ​ឈាម ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង ខួរក្បាល ជំងឺ​ក្រិន​ថ្លើម រលាក​លំពែង វិកល​វិបល្លាស​ជាដើម​។ ក្រៅពី​នេះ​គ្រឿង​ស្រវឹង​ជា​ដើមហេតុ​នៃ​គ្រោះថ្នាក់​ចរាចរ ការបាត់បង់​សណ្តាប់ធ្នាប់​សង្គម អំពើហិង្សា​ក្នុង​គ្រួសារ និង​បញ្ហា​សង្គម​ជាដើម​។ លោក​បាន​បន្ថែមថា នៅ​កម្ពុជា​គ្រឿង​ស្រវឹង​ជា​មូលហេតុ​ទី​២ ដែល​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ចរាចរ​។ កម្ពុជា​ខាតបង់​ថវិកា​ប្រមាណ​៤៤​លាន​ដុល្លារ​ជា​រៀងរាល់ឆ្នាំ​ដោយសារ​គ្រោះថ្នាក់​ចរាចរ ដែល​បណ្តាល​មកពី​ការបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​។ លោក​បាន​លើកឡើង​ទៀត​ថា ប្រជាពលរដ្ឋ​កម្ពុជា​៧៥​ភាគរយ គាំទ្រ​រាជរដ្ឋាភិបាល​ក្នុង​ការដំឡើង​ពន្ធ​លើ​ផលិតផល​គ្រឿង​ស្រវឹង​។ ការដំឡើង​ពន្ធ​លើ​ផលិតផល​គ្រឿង​ស្រវឹង​គឺជា​យុទ្ធសាស្ត្រ​សកល​ដែលមាន​ប្រសិទ្ធភាព​បំផុត​ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​គ្រឿង​ស្រវឹង​។​

​ជាមួយគ្នា​នោះ​ដែរ​តាមរយៈ​ប្រធានបទ “​ការផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​” ក្នុង​កម្មវិធី​ការប្រកួត​និយាយ​ជា​សាធារណៈ កញ៉ា ម៉ក់ ទេ​វិន្ទ ប្រធាន​គម្រោង​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា បានបញ្ជាក់​ថា ការប្រកួត​និយាយ​ជា​សាធារណៈ​រហូតមកដល់​ពេលនេះ​មាន​បេក្ខជន​ទាំង​១០​បាន​ចូលរួម​ប្រកួត​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដែល​ទទួលបាន​ពិន្ទុ​ខ្ពស់​ជាង​គេ​លើ​វិញ្ញាសារ​សរសេរ​អត្ថបទ​។ ហើយ​បេក្ខជន​ទាំង​១០​រូប​នឹង​ប្រកួត​គ្នា​ដោយ​ជ្រើសរើស​យក​តែ​៥​នាក់​ប៉ុណ្ណោះ ហើយ​ឈានដល់​ផ្តាច់ព្រ័ត្រ​នឹង​ប្រកួ​កអ្នក​ជាប់​លេខ​១ លេខ​២ និង​លេខ​៣​។ គួរបញ្ជាក់​ថា​ការ​ដាក់​ពិន្ទុ​គឺ​ធ្វើឡើង​ប្រកប​ដោយ​ភាព​សុ​ក្រឹត្យ​និង​តម្លាភាព ដោយ​មាន​ការចូលរួម​ពី​តំណាង​ក្រសួង​និង​អង្គការ​ពាក់ព័ន្ធ​។ ការផ្ដល់​ពិន្ទុ​គឺ​ផ្អែក​ទៅលើ​អត្រាកំណែ​យ៉ាង​ច្បាស់លាស់​។​ ​ដើម្បី​បញ្ចេញ​សមត្ថភាព​ក្នុងការ​សរសេរ​និង​និយាយ រួម​ទាំង​ទទួល​ឱកាស​ក្នុង​ការ​ក្លាយ​ជា​ជ័យលាភី​ជាមួយ​រង្វាន់​ដូចខាងក្រោម​៖
​លេខ​១ ទទួលបាន​ពាន​១ និង ទឹកប្រាក់ “១​លាន​២​សែន​” លេខ​២ ទទួលបាន​ពាន​១ និង ទឹកប្រាក់ “៨​សែន​” និង លេខ​៣ ទទួលបាន​ពាន​១ និង ទឹកប្រាក់ “៤​សែន​”​។​

​លោក​វេជ្ជបណ្ឌិត មុំ គង់ បានបញ្ជាក់​ថា ការប្រកួត​នេះ​ធ្វើឡើង​ក្នុង​គោលបំណង កាត់បន្ថយ​គ្រោះថ្នាក់​ដែល​កើតឡើង​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​គ្រឿង​ស្រវឹង​នៅ​កម្ពុជា និង​ផ្តល់​ឱកាស​ដល់​យុវជន​ក្នុង​ការបញ្ចេញ​សមត្ថភាព​និយាយ​ជា​សាធារណៈ ដោយសារ​តែ​យុវជន​មួយចំនួន​មាន​ទេព្យកោសល​និង​មាន​ការស្រាវជ្រាវ​ច្រើន​លើ​បញ្ហា​គ្រឿង​ស្រវឹង អីចឹង​គឺជា​វេទិកា​មួយ​ដែល​អាច​អនុញ្ញាត​ឲ្យ​យុវជន​បញ្ចេញ​នូវ​សមត្ថភាព​របស់​ពួកគាត់​ដែល​សិក្សា​ស្រាវជ្រាវ​នា​ពេលកន្លងមក​៕​ ដោយ​៖​កូឡាប​

spot_img
×