Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​កោះរ៉ុង សំណូមពរ សម្តេច ហ៊ុន សែន ជួយ​ចេញ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ស្រប​ច្បាប់​ជូន​ពួកគាត់​ឲ្យបាន​ឆាប់​

spot_img

ខេត្ត​ព្រះសីហនុ​៖ ប្រជាពលរដ្ឋ​រស់នៅ​លើ​កោះរ៉ុង ស្នើសុំ​ឲ្យ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជួយ​ពន្លឿន​ចេញ​ប័ណ្ណកម្មសិទ្ធិ​កាន់​កាប់​ដីធ្លី​ស្រប​ច្បាប់​ជូន​ពួកគាត់​ឲ្យបាន​ឆាប់ ព្រោះ​ចាប់តាំងពី​មន្ត្រី​ជំនាញ​បាន​ចុះ​វាស់វែង​កំណត់​ក្បាល​ជូន​ប្រជាពលរដ្ឋ​ចប់​ជា​ស្ថាពរ កាលពី​ចុងឆ្នាំ​២០១៧​កន្លងមក ប៉ុន្តែ​គិត​មក​ត្រឹម​ថ្ងៃ​ព្រហស្បត៍ ទី​១ ខែ​មីនា ឆ្នាំ​២០១៨​ទៅហើយ នៅឡើយ​ពួកគាត់ មិនទាន់​ទទួលបាន​ប័ណ្ណកម្មសិទ្ធិ ដើម្បី​អាច​យក​ទៅ​ប្រើប្រាស់ ឬ​បង្កើត​របរ​ចិញ្ចឹមជីវិត​ឲ្យបាន​ស្រ​ប​ច្បាប់​នោះទេ​។

​ផ្តើម​ពី​បញ្ហា​នេះ ក្រុម​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​មូលដ្ឋាន​សង្កាត់​កោះរ៉ុង ក្រុងព្រះសីហនុ បាន​សំណូមពរ ដល់​សម្តេច​នាយករដ្ឋមន្ត្រី ប្រជាពលរដ្ឋ​ពួកគាត់ ដែល​ជា​កូនចៅ ឲ្យមាន​ប័ណ្ណកម្មសិទ្ធិ​កាន់កាប់​ដី​នៅ​លើ​កោះរ៉ុង ឲ្យបាន​ស្រប​ច្បាប់ ដើម្បី​ជៀសផុត​ពី​ការប៉ុនប៉ង​រំលោភបំពាន ពី​សំណាត់​បុគ្គល​ជា​មន្ត្រី​មាន​ឋានៈ​បុណ្យស័ក្តិ​ខ្ពស់ ក្នុង​ជួរ​រាជរដ្ឋាភិបាល និង​ក្រុមហ៊ុន​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​មួយចំនួន​នា​ថ្ងៃ​ខាង​មុខ​។

​សំណូមពរ របស់​ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​កោះរ៉ុង​ពេលនេះ បាន​កើតឡើង​ស្របពេល ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​ព្រះសីហនុ និង​ថ្នាក់​ក្រសួង​រៀបចំ​ដែនដី បាន​ផ្លាស់ប្តូរ​តំណែង​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បត៍ ទី​១ ខែ​មីនា ឆ្នាំ​២០១៨​។

​តាមរយៈ​ការផ្លាស់ប្តូរ ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ព្រះសីហនុ​ពេលនេះ ប្រជាពលរដ្ឋ​រស់នៅ​មូលដ្ឋាន​សង្កាត់​កោះរ៉ុង ក៏​បាន​ទទូច​ស្នើ​ដល់ ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ព្រះសីហនុ​ថ្មី គឺ​លោក ចេង ស្រុង ដែល​មក​ជំនួស តំណែង លោក នួន ប៉ុក ដែល​ត្រូវ​ផ្លាស់ប្តូរ​ចេញ បាន​ស្នើ​ឲ្យ​មន្ត្រី​រូប​នេះ ជួយ​ពន្លឿន​ការចេញ​ប័ណ្ណកម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​រស់​នៅ​លើ​កោះរ៉ុង ឲ្យបាន​ឆាប់​តាម​អាច​ធ្វើទៅបាន ដើម្បី​អាច​ឲ្យ​ពួកគាត់​មាន​សិទ្ធិ​បង្កើត​មុខរបរ​ចិញ្ចឹម​ជីវិត​នៅលើ​ដី​កាន់កាប់​ជាក់ស្តែង ឲ្យបាន​ស្រប​ច្បាប់​។

​ជាងនេះទៀត ក្រុម​ប្រជាពលរដ្ឋ​រស់នៅ​លើ​កោះរ៉ុង ក៏​បាន​រំលឹក​ដល់ លោក ចេង ស្រុង ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ព្រះសីហនុ ដែល​ទើប​ទទួលបាន​តួនាទី​ថ្មី ត្រូវ​បំពេញ​ការងារ​ឲ្យស្រប​តាម​ច្បាប់​បាន​កំណត់ ជា​ពិសេស​ត្រូវ​ជៀសឲ្យផុត​ពី​សំណូក​ពុករលួយ និង​មាន​បក្សពួក​និយម ជ្រៀត​ចូលក្នុង​កិច្ចការងារ​ប្រចាំថ្ងៃ​របស់​ខ្លួន​នា​ថ្ងៃ​ខាង​មុខ​។​
​បន្ថែម​លើ​នេះ ប្រជាពលរដ្ឋ​រស់នៅ​កោះរ៉ុង ក៏​បាន​សំណូមពរ​ដល់ ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ និង​ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ ក៏​ត្រូវ​ជួយ​សម្រួល​ឯកសារ​ផ្សេងៗ ដើម្បី​ឈាន​ទៅដល់​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​ពួកគាត់​ឲ្យបាន​ឆាប់ ព្រោះ​កន្លងមក​នេះ មាន​មន្ត្រី​មានអំណាច និង​ក្រុមហ៊ុន​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​មួយចំនួន​រួមមាន​៖ ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប (Royal Group) របស់​លោក​ឧកញ៉ា គិត ម៉េង ជាដើម បាន​ប៉ុនប៉ង​រំលោភ​ដី​លំនៅឋាន និង​ដី​បង្កបង្កើន​ផល របស់​ពួកគាត់​ជា​បន្តបន្ទាប់​មក​នេះ​។

​ត្រង់​ចំណុច​នេះ​ប្រជាពលរដ្ឋ​រស់នៅ​មូលដ្ឋាន​សង្កាត់​កោះរ៉ុង តាមរយៈ​អ្នកយកព័ត៌មាន​គេហទំព័រ CEN.COM.KH ប្រចាំ​ខេត្ត​ព្រះសីហនុ បាន​លើកដៃ​សំពះ សំណូមពរ​ដល់ សម្តេច ហ៊ុន សែន នា​ឱកាស​សម្តេច នឹង​ចុះ​មក​ជួប​សំណេះសំណាល ជាមួយ​ប្រជាពលរដ្ឋ មន្ត្រីរាជការ និង​កម្មករ​កម្មការិនី នា​ដើមខែ​មីនា ឆ្នាំ​២០១៨​នេះ ស្នើឲ្យ​ជួយ​អន្តរាគមន៍​ទៅ លោក សេង ហ៊ួ​លៀង ចៅ​សង្កាត់​កោះរ៉ុង និង​ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ព្រមទាំង​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី ឲ្យជួយ​ចេញ​ប័ណ្ណកម្មសិទ្ធិ​កាន់​កាប់​ដីធ្លី ជូន​ប្រជាពលរដ្ឋ​ពួកគាត់​ឲ្យបាន​ឆាប់ ដើម្បី​អាច​ឲ្យ​ពលរដ្ឋ​ពួក​គាត់​យក​ដី​កម្មសិទ្ធិ​នេះ ទៅ​ប្រើប្រាស់​ឲ្យមាន​សុវត្ថិភាព​នា​ថ្ងៃ​អនាគត​។​
​ក្រៅ​ពី​បាន​ផ្លាស់ប្តូរ​តួនាទី លោក នួន ប៉ុក ពី​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ព្រះសីហនុ ត្រូវ​តម្លើង​ឋានៈ​ទៅជា​អនុប្រធាន​នាយកដ្ឋាន​ប​ទប្ប​ញ្ញត្តិ ផែនការ និង​ទំនាក់ទំនង​សហប្រតិបត្តិ​ការងា​រលំ​នៅ​ឋាន ចំណុះ​ឲ្យ​អគ្គនាយកដ្ឋាន​លំនៅឋាន នៃ​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ នៅ​ព្រឹក​ថ្ងៃទី​១ ខែ​មីនា ឆ្នាំ​២០១៨ ក៏​មាន​ការផ្លាស់ប្តូរ​តួនាទី​មន្ត្រីរាជការ​មួយចំនួនទៀត គឺ លោក ស្រ៊ុន ម៉ាប់ ត្រូវ​ផ្លាស់ប្តូរ​តួនាទី​ពី អនុប្រធាន​មន្ទីរ​សុរិយ​ដី ខេត្ត​ព្រះសីហនុ តម្លើង​ឋានៈ​ទៅជា​អនុប្រធាន​នាយកដ្ឋាន​ប​ទប្ប​ញ្ញត្តិ ផែនការ និង​ទំនាក់ទំនង​សហប្រតិបត្តិ​ការងា​រលំ​នៅ​ឋាន ចំណុះ​ឲ្យ​អគ្គនាយកដ្ឋាន​លំនៅឋាន នៃ​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ និង​លោកស្រី កើត ពៅ ពី​ប្រធាន​ការិយាល័យ​អភិរក្ស​សុរិយោដី ត្រូវ​ផ្ទេរ​មក​បម្រើ​ការងារ​នៅ​ទីស្តីការក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់​វិញ​។

​ព្រម​គ្នា​នេះ ក៏​មាន​ការតែងតាំង​មន្ត្រីរាជការ នៅ​មន្ទីរ​សុរិយោដី​ខេត្ត​ព្រះសីហនុ​មួយចំនួនទៀត​រួមមាន​៖
១- លោក អ៊ូ ម៉ូ​នី​កា ជា​អនុប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ព្រះសីហនុ​
២- លោក ទ្រី ឆាយ​ហុក ប្រធាន​ការិយាល័យ​រៀបចំ​ដែនដី និង​នគរូបនីយកម្ម ជា​អនុប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ព្រះសីហនុ​
៣- លោក សេង សុខ​ណាក់ អនុប្រធាន​ការិយាល័យ​រៀបចំ​ដែនដី និង​រគ​រូបនីយកម្ម ជា​អនុប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ព្រះសីហនុ​
៤- លោក សាយ​វ៉េងស្រ៊ា​ន់ អនុប្រធាន​ការិយាល័យ​អភិរក្ស​សុរិយោដី ទៅជា​ប្រធាន​ការិយាល័យ​អភិរក្ស​សុរិយោដី ខេត្ត​ព្រះសីហនុ
៥- លោក សង សោភ័ណ អនុប្រធាន​ការិយាល័យ​រៀបចំ​ដែនដី និង​នគរូបនីយកម្ម ទៅជា​ប្រធាន​ការិយាល័យ​រៀបចំ​ដែនដី និង​នគរូបនីយកម្ម នៃ​មន្ទីរ​សុរិយោដី​ខេត្ត​ព្រះសីហនុ​។​

​ចំពោះ​ការតែងតាំង និង​ការផ្លាស់ប្តូរ​ខាងលើនេះ ត្រូវបាន​សាធារណៈជន មាន​ការភ្ញាក់ផ្អើល ចំពោះ​ការប្រកាស​តែងតាំង និង​ការផ្លាស់ប្តូរ​តួនាទី​ប្រធាន​-​អនុប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ព្រះសីហនុ និង​ការ​តម្លើង​ឋានៈ​មន្ត្រី​រាជការ នៅក្នុង​មន្ទីរ​សុរិយោដី​ខេត្ត​ព្រះសីហនុ​នាឱកាស​នេះ គឺ​បាន​រៀបចំ ស្រប​ពេល​សកម្មភាព​លក់ដូរ និង​ជួល​ដីធ្លី នៅ​ខេត្ត​ទេសចរណ៍​មួយ​នេះ កំពុង​មាន​ហាងឆេង និង​មាន​តម្លៃ​ដី​ខ្ពស់កប់ពពក​។​

​យ៉ាងនេះក្តី ប្រជាពលរដ្ឋ ពិសេស​មន្ត្រី​រាជការ​មាន​ឋានៈ​ទាប​មួយចំនួន នៅ​ខេត្ត​ព្រះសីហនុ ហាក់​មិន​ពេញចិត្ត​ចំពោះ​ការ​តម្លើង​ឋានៈ ឬ​តួនាទី របស់​ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​ព្រះសីហនុ និង​ក្រសួង​រៀបចំ​ដែនដី ដែល​បាន​តែងតាំង ឬ​តម្លើង​ឋានៈ​ជូន​មន្ត្រីរាជការ​មួយចំនួន ដែល​កន្លងមក​មាន​តួនាទី​ត្រឹម​ជា​អនុប្រធាន​ការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​ភូមិបាល​ស្រុក​ព្រៃនប់ ត្រូវ​តម្លើង​តួនាទី​ឲ្យក្លាយ​ទៅ​ជា​អនុប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ព្រះសីហនុ​។

​ទាំង​ប្រជាពលរដ្ឋ ពិសេស​មន្ត្រី​រាជការ​មួយចំនួន កំពុង​បំរើ​ការងារ​នៅ​មន្ទី​សុរិយោដី​ខេត្ត​ព្រះសីហនុ បាន​ថ្លែង​រិះគន់ ចំពោះ​ការ​តម្លើង​ឋានៈ​តួនាទី ជូន​មន្ត្រីរាជការ​មួយចំនួន របស់​ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​ព្រះសីហនុ និង​ក្រសួង​រៀបចំ​ដែនដី ថា មាន​ភាពមិនប្រក្រតី និង​អាច​មាន​បក្សពួក​និយម​ជ្រៀត​ចូល ចំពោះ​ការ​តម្លើង​តំណែង​តួនាទី ជូន​មន្ត្រី​បំរើ​ការងារ នៅក្នុង​ស្ថាប័ន​មន្ទីរ​សុរិយោដី​ខេត្ត​ព្រះសីហនុ​នៅពេលនេះ​៕ ដែន សីមា

spot_img
×