Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កសិករ​ខេត្តមណ្ឌលគិរី រីករាយ ចំពោះ​ទិន្នផល​គ្រាប់ស្វាយចន្ទី​ឆ្នាំនេះ​មាន​តម្លៃ​ខ្ពស់

spot_img

មណ្ឌលគិរី​ ៖ ប្រជាកសិក​ប្រកប​របរ​កសិកម្ម រស់នៅ​ខេត្ត​មណ្ឌលគិរី បានឲ្យដឹងថា គ្រាប់ស្វាយចន្ទី នៅ​រដូវ​ប្រមូល​ផល​ឆ្នាំ​២០១៨​នេះ ទទួល​បាន​ទិន្នផល​ខ្ពស់ និង​មាន​តម្លៃ​សមរម្យ ដែល​ធ្វើឲ្យ​ជីវភាព របស់​ពួកគាត់​មាន​ភាពប្រសើរឡើង​។ ប្រជា​កសិករ​មួយចំនួន បានឲ្យដឹងថា ពួកគាត់​បាន​ងាយ​មក​ចាប់អារម្មណ៍​ដំណាំ​ប្រភេទ​ស្វាយចន្ទី​នេះ​វិញ បន្ទាប់​ពី​ខាត់​បង​លើ​ការដាំ​ដំណាំ​ផ្សេងៗ​ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ​។ ពួក​គាត់​អះអាង​ថា ដំណាំ​ចន្ទី​ងាយស្រួល​ដាំ​មិន​ពិបាក​ថែទាំ ទើប​កសិករ​ពួកគាត់​ច្រើន​គ្រួសារ គ្រោង​ដាំ​ស្វាយចន្ទី​ឲ្យបាន​ច្រើន​ហិកតារ​ទៀត នៅ​ឆ្នាំ​ខាងមុខ ប្រសិន​តម្លៃ​ចន្ទី​មានតម្លៃ​ខ្ពស់​ដូច​ពេលបច្ចុប្បន្ន ។ ទន្ទឹមគ្នានេះ គាត់​បាន​សំណូមពរ​មន្ទីរជំនាញ​ខាង​កសិកម្ម​ឲ្យជួយ​ចុះ​ណែនាំ ឬ​ផ្តល់​ការអប់រំ ពី​របៀប​ថែរក្សា និង​ការប្រើប្រាស់​ថ្នាំ​បង្ការ នៅ​ពេល​ដាំ​ណាំ​ចន្ទី ដែល​អាច​ប្រឈម​នឹង​ជម្ងឺ​ផ្សេងៗ​។​

បុរស​ជា​កសិករ​ម្នាក់​ឈ្មោះ សាក់ សារ៉ុន រស់នៅ​ចំណុច​ប៉ោ​ដើម​ស្វាយ ស្ថិតនៅ​ភូមិ​គង់ ឃុំ​ស្រែ​ព្រះ​ស្រុក​កែវ​សីមា រៀបរាប់ថា គាត់​បាន​ខាត់​បង់​ពី​ការ​ដាំ​ដំណាំ​ម្រេច អស់​ជាច្រើន​ម៉ឺន​ដុល្លារ ហើយ​ពេលនេះ​រូប​គាត់​ឈប់​បន្ត​ដាំ​ដំណាំ​ម្រេច​ទៀតហើយ ព្រោះតែ​តម្លៃ​ម្រេច​ចេះ​តែ​ធ្លាក់​ចុះ​។ លោក​បន្តថា បច្ចុប្បន្ន​ដំណាំ​ម្រេច របស់​គាត់​មាន​ចំនួន ៥​ពាន់​ជន្លង់ ត្រូវ​លោក​ដក​ជន្លង់​បោះចោល​ទាំងអស់ ហើយ ងាយ​មក​ដាំ​ដើម​ដូង និង​ស្វាយចន្ទី​ជំនួស​វិញ​។ កសិករ​រូបនេះ ឲ្យដឹង​បន្ត​ថា រូបគាត់​បាន​ដាំ​ស្វាយចន្ទី​បាន​ចំនួន ២០​ហិកតារ ក្នុង​រយៈពេល​ជិត ៣​ឆ្នាំកន្លងមក ដោយ​ពេល​នេះ​បាន​ហុច​ផល​ជា​បណ្តើរៗ​រួច​ហើយ​ដែរ​។ លោក​ថា ត្រៀម​ដំណាំ​ចន្ទី​ឲ្យបាន​ច្រើន​ហិកតារ​ទៀត នៅ​ពេល​គាត់​មានលទ្ធភាព​។ កសិករ​ខេត្តមណ្ឌលគិរី​រូបនេះ បញ្ជាក់ថា ក្រៅ​ពី​បាន​ដាំ​ដំណាំ​ស្វាយចន្ទី រូប​គាត់​នៅ​មាន​ចំការកៅស៊ូ​ចំនួន ៤០​ហិកតារ​ទៀត​ផង​ដែរ​។​

​កសិក​ម្នាក់​ទៀត រស់នៅ​ភូមិ ឆ្នែង ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា ឈ្មោះ អ៊ែល ម៉ាត់ ឲ្យដឹង​ដែរថា ឆ្នាំនេះ ដំណាំ​ស្វាយចន្ទី របស់គាត់ ប្រមូលបាន​ផល​ខ្ពស់​ជាង​រាល់​ឆ្នាំ និង​មាន​តម្លៃ​ខ្ពស់ ដែល​អាច​ទទួលយកបាន​។ លោក​ថា ឆ្នាំ​នេះ​តម្លៃ​គ្រាប់ស្វាយចន្ទី លក់​បាន​ថ្លៃ ៧៦០០​រៀល ក្នុង​គីឡូក្រាម​សម្រាប់​គ្រាប់ស្វាយចន្ទី​លេខ​១ និង​លេខ​២ លក់​បាន​ថ្លៃ ៧៥០០​រៀល​។ កសិករ​រូបនេះ បន្តថា ដោយសារ​អាកា​ធាតុ​អំណោយផល​ល្អ​នៅ​ឆ្នាំ​នេះ មិន​ភ្លៀង​ធ្លាក់​នៅ​ពេល​រដូវ​ស្វាយចន្ទី​ចាប់ផ្ដើម​ផ្កា វា​អំណោយផល​ដល់​ក្ដិប​ចន្ទី មិន​ប្រឈម​ការ​ជ្រុះ ឬ​ខូចខាត​ទេ​។ លោក​បន្ត​ទៀត​ថា ដំណាំ​ស្វាយចន្ទី បើ​គិត​ចាប់ពី​ថ្ងៃ​ដាំ រហូតដល់​ពេល​ត្រូវ​ប្រមូល​ផល គឺ​ប្រើពេល​អស់ ៣​ឆ្នាំ​។ ដំណាំ​ស្វាយចន្ទី ចាប់ផ្ដើម​ផ្កា ពី​ខែ​ដើម​ខែ​មករា និង​ចាប់ផ្ដើម​ផ្លែ​ទុំ នៅ​ចុង​ខែ​មីនា រហូត​ដល់​ចុង​ខែ​មេសា ហើយ បច្ចុប្បន្ននេះ ដំណាំ​ស្វាយចន្ទី​កំពុងតែ​ប្រមូល​ផល​។ កសិក​រូប​នេះ​ឲ្យដឹងថា រូបគាត់​មាន​ចំការ​ស្វាយចន្ទី​ចំនួន ៤​ហិកតារ ហើយ​គាត់​រើស​គ្រាប់​ស្វាយចន្ទី បាន​ចំនួន​ចាប់ពី ៥០​គីឡូ​ទៅ ២០០​គី​ឡូ ក្នុង​មួយ​ថ្ងៃៗ នៅលើ​ផ្ទៃ​ដី​ចំការ របស់​គាត់​ចំនួន ៤​ហិកតារ ប៉ុន្តែ​លោក​ថា ចំនួន​នេះ​អាច​កើនឡើង​រាងរាល់ថ្ងៃ ពីព្រោះ​ដល់​រដូវ​នេះ ជា​រដូវ​ស្វាយចន្ទី​ទុំ​រោយ​។ កសិករ​រូបនេះ បន្តទៀតថា ដំណាំ​ស្វាយចន្ទី ងាយស្រួល​ដាំ​និង​ងាយស្រួល​ថែទាំ ជាង​ដំណាំ​ផ្សេងៗ ប៉ុន្តែ​ក៏​មាន​ការ​ប្រឈម​ខ្លះ​ដែរ​នៅ​ពេល​វា​មាន​អាយុ ១​ឆ្នាំ ទៅ​២​ឆ្នាំ​ដំបូង និង​នៅ​ពេល​វា​មាន​អាយុ​ជាង ១០​ឆ្នាំ វា​មាន​បញ្ហា ដង្កូវ​ដួង​ស៊ី​គល់ ដែល​ធ្វើឲ្យ​ស្វាយចន្ទី​ថមថយ​ចុះ​ទិន្នផល​។​លោក​សំណូមពរ​ដល់​មន្ត្រីរ​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ ឲ្យ​ចុះមក​ជួយ​បង្រៀន​ពី​វិធី ប្រើប្រាស់​ថ្នាំ​បង្ការ​សម្រាប់​ដំណាំ​ប្រភេទ​នេះ​ផង ព្រោះ​ពួកគាត់​គ្មាន​ជំនាញ​គ្រប់គ្រាន់ ចេះ​តែ​ប្រើប្រាស់​ថ្នាំ​តាមចិត្ត​ចងង់​ធ្វើ​តែប៉ុណ្ណោះ​រាល់ថ្ងៃនេះ ។​

​លោក សេង ហួត នាយក​រដ្ឋបាល​សាលាស្រុក​កែវ​សីមា បានឲ្យដឹងថា មូលដ្ឋាន​នេះ​មាន​ផ្ទែ​ដី​ដាំ​ដុះ​ដំណាំ​ស្វាយចន្ទី​សរុប​ចំនួន ៧៧៥​ហិកតារ ហើយ​បច្ចុប្បន្ន​កំពុង​ប្រមូល​ផល​ចំនួន ៥៥៩​ហិកតារ​។ លោក​បន្តថា បច្ចុប្បន្ន​កសិក​ជាច្រើន​គ្រួសារ​បាន​ងាយ​មក​និយម​ដាំ​ដំណាំ​ស្វាយចន្ទី​ច្រើន​មែន​។ តាម​របាយការណ៍ របស់​មន្ទីរ​កសិកម្ម​ខេត្ត​មណ្ឌលគិរី លោក សុង ឃាង ធ្លាប់​ឲ្យ​អ្នកព័ត៌​មានដឹងថា នៅ​ទូទាំង​ខេត្ត​មណ្ឌលគិរី មាន​ផ្ទៃដី​ដាំ​ស្វាយចន្ទី​សរុប​ចំនួន ២​ពាន់​ហិកតារ ក្នុង​ចំណោម​ស្រុក​-​ក្រុង​ទាំង​៥ គឺមាន​តែ​ស្រុក កែវ​សីមា និង​ស្រុក​អូររាំង​ទេ មាន​ដំណាំ​ប្រភេទ​នេះ​ច្រើនជាងគេ​៕ ដោយ​៖ សមុទ្រ​ឈើ

spot_img
×