Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន​កសិកម្ម​ខេត្ត​កណ្តាល ៖ បន្លែ​ផលិត​ចេញពី​ខេត្ត​កណ្តាល ភាគច្រើន​ប្រើប្រាស់​សារធាតុ​គីមី និង​ថ្នាំ​សម្លាប់​សត្វល្អិត​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​

spot_img

ភ្នំពេញ ​៖​ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កណ្តាល បាន​ទទួលស្គាល់ថា ស្រុក​ចំនួន​៨​ក្នុង​ខេត្ត​កណ្តាល អាច​ផលិត​បន្លែ​បាន​តែ​ជាង​១៤០​តោន​ក្នុង​មួយថ្ងៃ ដើម្បី​បំពេញ​តម្រូវកា​រលើ​ទីផ្សារ ហើយ​បន្លែ​ទាំងនោះ​ទៀត​សោត​ភាគច្រើន​ប្រើប្រាស់​សារធាតុ​គីមី និង​ថ្នាំ​សម្លាប់​សត្វល្អិត ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​។​

​លោក ប៊ុន​ទួន ស៊ី​ម៉ូ​ណា ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កណ្តាល បាន​ថ្លែង​បែបនេះ​ក្នុង​ពិធី​ចុះហត្ថលេខា​ទទួល​ជំនួយ​លើ​គម្រោង​សាងសង់​មជ្ឈមណ្ឌល​ប្រមូលផ្តុំ​ត្រួតពិនិត្យ និង​ចែកចាយ​បន្លែ ខេត្ត​កណ្តាល នូវ​ថវិកា​ចំនួន ១១៤.៨២១​ដុល្លារ កាលពី​រសៀល​ថ្ងៃ​ទី​២​ខែ​មីនា​ឆ្នាំ​២០១៨​នៅ​ស្ថានទូត​ជប៉ុន​។ លោក ប៊ុន​ទួន ស៊ី​ម៉ូ​ណា បាន​ថ្លែងថា “​សក្តានុពល​ផលិតកម្ម​បន្លែ​ក្នុងស្រុក​ចំនួន​៨​ក្នុង​ខេត្ត​កណ្តាល​អាច​ផលិត​បន្លែ​បាន​រហូត​ដល់​២០៦​តោន​ក្នុង​មួយថ្ងៃ​។ ប៉ុន្តែ​នៅពេល​បច្ចុប្បន្ន​យើង​អាច​ផលិត​បាន​ប្រមាណ​១៤៥​តោន​ក្នុង​មួយ​ថ្ងៃ​ប៉ុណ្ណោះ​។ អ្នក​ផលិត​បន្លែ​នៅក្នុង​ខេត្ត​កណ្តាល​ភាគច្រើន​ប្រើប្រាស់​សារធាតុ​គីមី និង​ថ្នាំ​សម្លាប់​សត្វល្អិត ហើយ​បន្លែ​ខ្លះ​មាន​ផ្ទុក​សារធាតុ​គីមី​លើស​កម្រិត​កំណត់​ដែល​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព មនុស្ស សត្វ និង​បរិស្ថាន​ធម្មជាតិ​។ ដោយ​ជា​លទ្ធផល វា​បាន​ធ្វើ​ឲ្យ​ផលិតផល​បន្លែ​មានតម្លៃ​ទាប រីឯ​ការចំណាយ​ថ្លៃដើម​លើ​ផលិតកម្ម​មាន​កម្រិត​ខ្ពស់ ដែល​ធ្វើឲ្យប៉ះពាល់​ដល់​ជីវភាព​របស់ក​សិ​ករ​”​។​

​លោក​បន្តថា គម្រោង​សាងសង់​មជ្ឈមណ្ឌល​ប្រមូលផ្តុំ​ត្រួតពិនិត្យ និង​ចែកចាយ​បន្លែ ខេត្ត​កណ្តាល ទទួលបាន​ការឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​ជប៉ុន ដោយ​វា​ពិតជា​ជំរុញ​ដល់​ផលិតកម្ម​បន្លែ​សុវត្ថិភាព​។ មជ្ឈមណ្ឌល​នេះ​នឹង​ចែកចាយ​បន្លែ​ទៅតាម​ទីផ្សារ​ទំនើប​នានា​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​ទូទាំង​ប្រទេស ដោយ​ធានា​នូវ​គុណភាព​និង​សុវត្ថិភាព​ដល់​អ្នកប្រើប្រាស់​។ ជា​លទ្ធផល​ចុងក្រោយ​ប្រាក់ចំណូល​របស់​ប្រជា​កសិករ​នឹង​កើនឡើង ធ្វើឲ្យ​ជីវភាព​ធូរធារ និង​ជួយ​លើកកម្ពស់​សុខភាព​អ្នកប្រើប្រាស់ និង​ធ្វើឲ្យ​បរិស្ថាន​មាន​ភាពប្រសើរឡើង​។​

​ដោយ​មាន​ទីតាំង​អំណោយផល​ដល់​ផលិតកម្ម​បន្លែ មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ ខេត្ត​កណ្តាល​មាន​ទស្សនវិស័យ​ធ្វើឲ្យ​តំបន់​នេះ​ក្លាយជា “​មាស​បៃតង​” ដោយ​ធ្វើ​ឲ្យ​ផលិតផល​បន្លែ​មាន​គុណភាព មាន​សុវត្ថិភាព និង​ក្លាយ​ជា​បន្លែ​សរីរាង្គ ដោយ​កាត់បន្ថយ​ថ្លៃដើម​ផលិត ទទួល​បាន​តម្លៃ​ខ្ពស់ និង​ធានា​ដល់​សុខភាព​អ្នក​បរិភោគ​។​
​សូមបញ្ជាក់​ថា កន្លង​មក​ក្រោយ​ជំនួយ​ពី​មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម​( IFAD) តាមរយៈ​គម្រោង​អភិវឌ្ឍ​កសិកម្ម និង​ជំរុញ​កំណើនសេដ្ឋកិច្ច (PADEE)​បាន​បង្កើត​បណ្តុំ​អាជីវកម្ម​បន្លែ​មួយកន្លែង​ដែល​មាន​កសិករ​ជា​សមាជិក​ក្នុង​បណ្តុំ​ចំនួន​៤៦​នាក់ ស្ថិតនៅក្នុង​ឃុំ​ចំនួន​បី ក្នុង​ស្រុក​ស្អាង​។​

​ដើម្បី​ឲ្យ​លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​ទទួល​បាន​ការទទួលស្គាល់ និង​មាន​ទំនុកចិត្ត ចាំបាច់​ឲ្យ​ផលិតផល​ទាំងនេះ​មាន​ការគ្រប់គ្រង ត្រួតពិនិត្យ និង​មាន​ការបញ្ជាក់​គុណភាព​ច្បាស់លាស់ ដូច្នេះ​មជ្ឈមណ្ឌល​នេះ​ដែល​នឹង​ចាប់ផ្តើម​សាងសង់​នា​ពេល​ឆាប់ៗ​ខាងមុខនេះ ពិតជា​ផ្តល់​នូវ​អត្ថប្រយោជន៍​ដ៏​ធំធេង​ដល់​ជីវភាព​កសិករ និង​អ្នកប្រើប្រាស់​។ “​ខ្ញុំ​សូម​ធ្វើ​ការធានា​ថា នឹង​ធ្វើ​ការថែទាំ​និង​គ្រប់គ្រង​ដោយ​ប្រសិទ្ធភាព​ខ្ពស់​និង​មាន​និរន្តរភាព​” នេះ​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកណ្តាល​បញ្ជាក់​យ៉ាង​ដូច្នេះ​។​

​ក្នុងឱកាស​នោះ​ដែរ លោក ហូ​រីណូ​អ៊ូជិ ហ៊ី​ដេ​ហ៊ីសា​(HORINOUCHI Hidehisa) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍ថា ទី​នេះ​នឹង​ក្លាយជា​មជ្ឈមណ្ឌល​ដំបូង​គេ​នៅ​កម្ពុជា​ដែល​មាន​មន្ទីរពិសោធន៍​ដើម្បី​ពិនិត្យមើល​ការជាប់​សេសសល់​នៃ​ថ្នាំ​សម្លាប់​សត្វល្អិត​ដែល​មាន​នៅ​លើ​បន្លែ​។ លោក​ទូត សង្ឃឹម​ថា​មជ្ឈមណ្ឌល​នេះ​នឹង​ជួយ​ឲ្យ​ប្រជាជន​កម្ពុជា​ក្នុង​តំបន់​ទទួលបាន​បន្លែ​ប្រកបដោយ​សុវត្ថិភាព​និង​ទំនុកចិត្ត ហើយ​នឹង​រួមចំណែក​ក្នុង​ការបង្កើត​នូវ​ស្លាក​យីហោ​បន្លែ​របស់​ខេត្ត​កណ្តាល​៕​ ដោយ​៖​កូឡាប​

spot_img
×