Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចប្រធានរដ្ឋសភា៖ ៨ មីនា ជំរុញបុរសៗ ផ្តល់កិត្តិយសដល់ស្នាដៃស្ត្រី និងលើកតម្កើងតម្លៃ ឋានៈ តួនាទី និងសិទ្ធិស្ត្រី ក្នុងសង្គម

spot_img

មិនខុសពីឆ្នាំមុនៗ នៅឆ្នាំនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានទទួលជួបសំណេះ​សំណាលជាមួយ ប្រតិភូស្រ្តី មកពីស្ថាប័នរដ្ឋ អង្គការ និងវិស័យឯកជនទៀត ដើម្បីលើកកម្ពស់តម្លៃស្រ្តី អបអរសាទរទិវាអន្តរជាតិនារី ៨មីនា។

ទិវាអន្តរជាតិនារី៨មីនាឆ្នាំ២០១៨នេះ ជាខួបទី១០៧។ នៅឆ្នាំនេះ កម្ពុជាបានជ្រើសរើសប្រធានបទសម្រាប់ទិវានេះ គឺ “ស្រ្តីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍជាតិ”។ ក្នុងឱកាសជួបសំណេះសំណាលជាមួយស្រ្តីដែលមកពីស្ថាប័នផ្សេងៗគ្នា ដែលដឹកនាំដោយលោកស្រី វេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃ៦ ខែមីនា ឆ្នាំ២០១៨។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ថ្ងៃទី៨ មីនា គឺជាទិវាដែលផ្តល់កិត្តិយស​ចំពោះស្នាដៃរបស់ស្ត្រី និងជាថ្ងៃដែលយើងទាំងអស់គ្នា ជាពិសេសបុរសត្រូវតែបន្តជំរុញ និងលើកតម្កើងនូវតម្លៃ ឋានៈ តួនាទី និងសិទ្ធិរបស់ស្ត្រីឲ្យកាន់តែមានភាពប្រសើរ និងថ្លៃថ្លាថែមទៀត។

សម្តេចបានគូសបញ្ជាក់បន្តថា ក្នុងឱកាសដ៏ថ្លៃថ្លានេះ សម្តេច សូមអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការពារ និងលើកស្ទួយនូវតម្លៃ ឋានៈ តួនាទី សិទ្ធិ និងជីវភាពរបស់ស្រ្តី ដែលឆ្លើយតបទៅនឹងសេចក្តីប្រកាសផែនការសកម្មភាព នៃទីក្រុងប៉េកាំង ដែលបានដាក់ចេញនៅក្នុងសន្និសីទស្រ្តីពិភពលោកលើកទី៤ ឆ្នាំ១៩៩៥ គោលដៅអភិវឌ្ឍន៍សហសវត្សរ៍ និងសេចក្តីសម្រេចលើក​ទី៨ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពី “ ស្ត្រី សុខសន្តិភាព និងសន្តិសុខ” ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា ស្របតាមស្មារតីរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានដាក់បញ្ចូលគោលនយោបាយស្តីពីការលើកកម្ពស់ស្ថានភាពស្រ្តី និងសមភាពយេនឌ័រ។ រាជរដ្ឋាភិបាលកម្ពុជា មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់តួនាទីស្រ្តី ក្នុងការធ្វើសេចក្តីសម្រេចក្នុងវិស័យសាធារណៈ នៅគ្រប់កម្រិត តាមរយៈគោលនយោបាយជាតិនានា ក្នុងនោះមានយុទ្ធសាស្ត្រចតុកោណ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិបច្ចុប្បន្នកម្ម និងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ និងផែនការយុទ្ធសាស្រ្ត ស្រ្តីនារីរតនៈជាដើម។

ការជ្រើសយកប្រធានបទ “ស្រ្តីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍជាតិ” សម្រាប់ទិវា ៨ មីនា ឆ្នាំ២០១៨ នេះ ពិតជាមានសារៈសំខាន់ និងស្របទៅនឹងបរិបទតំបន់ និងសកល ជាពិសេសសម្រាប់កម្ពុជាយើង ដែលជានិច្ចកាលបានផ្តល់តម្លៃជាសារវ័ន្តនូវតម្លៃសន្តិភាព និងការលើកកម្ពស់វប្បធម៌អហិង្សា ដែលរាជរដ្ឋាភិបាលបាន និងកំពុងគាំទ្រជំរុញ ឱ្យមានការចូលរួមពីគ្រប់ស្ថាប័ន រួមទាំងបុរស ទាំងស្រ្តី ដើម្បីអភិវឌ្ឍសង្គមឆ្ពោះទៅបន្តលើកកម្ពស់សិទិ្ធ ស្ថានភាព ជីវភាព ឋានៈ តួនាទីរបស់ស្រ្តី ព្រមទាំងសុខុមាលភាពសង្គម។ នេះជាប្រសាសន៍របស់សម្តេចចក្រី ហេង សំរិន។

នៅក្នុងរបាយការណ៍របស់ លោកស្រីវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ដែលបានអានជូនអង្គពិធី បានបង្ហាញឲ្យឃើញថារាជរដ្ឋាភិបាលបានកំពុងយកចិត្តទុកដាក់ជាខ្លំាង ក្នុងការជំរុញលើកកម្ពស់សម​ភាពយេនឌ័រ។ ស្រ្តី និងកុមារី នៅក្នុងគ្រប់កម្រិតបានកំពុងយកចិត្តទុកដាក់ថែទំា គំាពារ និងផ្តល់ឱកាស ជំរុញនិងលើកទឹកចិត្តពីរាជរដ្ឋាភិបាល។

លោកស្រីរដ្ឋមន្រ្តី បានលើកឡើងថា នៅក្នុងក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០១៦-២០២៥ ដែលជាផែនទីមគ្គុទេសក៍សម្រាប់កែទម្រង់ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ដើម្បីរក្សាឱ្យបាននូវសន្តិសុខប្រាក់ចំណូល កាត់បន្ថយនូវភាពរងគ្រោះផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រជាជន។

វិធានការថ្មីៗ ដែលរាជរដ្ឋាភិបាល បាននិងកំពុងអនុវត្ត និងរៀបចំដើម្បីលើកកម្ពស់សុខុមាលភាព សមធម៌ សាមគ្គីភាព នៅក្នុងសង្គមជាតិទាំងមូលមានច្រើន នៅក្នុងនោះ មានការដាក់ចេញជាសាច់ប្រាក់សម្រាប់ជួយស្ត្រីមានផ្ទៃពោះ ដើម្បីយកទៅប្រើប្រាស់ក្នុងការថែទាំសុខភាពមុន និងក្រោយសម្រាលកូន ឱ្យស្របទៅនឹងគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកស្រី បានបន្តថា សម្រាប់កម្មការិនីឆ្លងទន្លេត្រូវបានឈប់សម្រាករយៈពេល៣ខែ ដោយទទួលបានបៀវត្សរ៍​១២០% ក្នុងនោះបេឡាជាតិសន្តិសុខសង្គមចេញ៧០% និងនិយោជកចេញ៥០% ព្រមទាំងបានទទួលប្រាក់ឧបត្ថម្ភចំនួន ៤០ម៉ឺនរៀល ចំពោះកូនមួយ កូនភ្លោះពីរ ៨០ម៉ឺនរៀលនិងកូនភ្លោះបីបាន ១លាន២សែនរៀល។

វិធានការ ការគំាពារ និងវឌ្ឍនភាព របស់ស្រ្តីនៅក្នុងសង្គមកម្ពុជាមានច្រើន។ ស្រ្តីបានចូលរួមកិច្ចការសង្គម ក្នុងវិស័យនានាមានការកើនឡើង គ្រប់ផ្នែក គ្រប់វិស័យ នេះបើតាមរបាយការណ៍ របស់ក្រសួងកិច្ចការនារី។

លោកស្រី វេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី បានលើកឡើងចំពោះ វឌ្ឍនភាពរបស់ស្រ្តីក្នុងវិស័យនយោបាយថា “ការចូលរួមរបស់ស្ត្រីក្នុងវិស័យនយោបាយមានការកើនឡើងជាលំដាប់ ក្នុងនោះសមាជិករដ្ឋសភាជាស្រ្តីឆ្នាំ១៩៩៣ មាន​៥,៨៣% កើនដល់២០,៣២% ឆ្នាំ២០១៣។ នៅឆ្នាំ១៩៩៣ ស្រ្តីជារដ្ឋមន្រ្តី (គ្មាន) រដ្ឋលេខាធិការ (គ្មាន) អនុរដ្ឋលេខា​ធិការ (២រូប) ។ បើប្រៀបធៀបនៅឆ្នាំ២០១៣ មានឧបនាយករដ្ឋមន្រ្តីជាស្រ្តី (១រូប) ទេសរដ្ឋមន្រ្តី(១រូប) រដ្ឋមន្រ្តីជាស្រ្តី (២រូប) រដ្ឋលេខាធិការ(៣៨រូប) និងអនុរដ្ឋលេខាធិការ (៤៨រូប) ។ស្រ្តីជាចៅសង្កាត់/មេឃុំ មានការកើនឡើងពី៤២រូបក្នុងឆ្នាំ២០០២ ដល់១៣០រូបក្នុងឆ្នាំ២០១៨”។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងនាមរដ្ឋសភា ដែលជាស្ថាប័ននីតិប្បញ្ញត្តិ សម្តេចសូមគាំទ្រ និងលើកទឹកចិត្តដល់រាជរដ្ឋាភិបាល ជាពិសេសក្រសួងកិច្ចការនារី បន្តនិងជំរុញ អនុវត្តគោលនយោបាយជាតិ ឲ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីឧត្តមប្រយោជន៍របស់ស្ត្រីនិងក្មេងស្រី ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល។

ដោយឡែកនៅក្នុងសុន្ទរកថាស្វាគមន៍ចំពោះវត្តមានរបស់ស្រ្តីនៅក្នុងឱកាស ដ៏ថ្លៃថ្លា នៅវិមានរដ្ឋសភា នាពេលនេះ លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានលើកឡើងថា ប្រធានបទ “ស្ត្រីរួមគ្នារក្សាសន្តិភាពដើម្បីអភិវឌ្ឍជាតិ” ដែលជាបាវចនានៃខួបទី១០៧នៃទិវានារីអន្តរជាតិ ថ្ងៃ៨ មីនា ឆ្នាំ២០១៨ គឺជាប្រធានបទដ៏សំខាន់ ដែលឯកឧត្តម មានសង្ឃឹមយ៉ាងមំាថា តាមរយៈបាវចនាខាងលើនេះស្ត្រីកម្ពុជា ដែលមានចំនួនជាងពាក់កណ្តាលនៃចំនួនប្រជាជនកម្ពុជាជាង១៤លាននាក់ នឹងក្លាយជាកម្លំាងដ៏សំខាន់បំផុតដែលមិនអាចចៀសវាងបាន និងជាសក្តានុពលយ៉ាងធំធេងក្នុងការរក្សាសន្តិភាព និងជំរុញកិច្ចអភិវឌ្ឍនៃមាតុភូមិកម្ពុជា៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×