Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទិវានារីអន្តរជាតិ ៨មីនា ខួបលើកទី១០៧ ក្រោមប្រធានបទ “ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍជាតិ”

spot_img

នៅទីស្ដីការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានរៀបចំពិធីសំណេះសំណាលអបអរសាទរ ក្នុងឱកាសខួបលើកទី ១០៧ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០១៨ នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង ០៩ព្រឹក ក្រោមប្រធានបទ “ស្រ្តីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍជាតិ”។ អង្គពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។

ព្រះរាជសារសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល អានដោយលោកជំទាវ តំណាងក្រសួងកិច្ចការនារី។

លោកជំទាវ សុភ័គ្គ ថាវី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេសយេនឌ័ររបស់ក្រសួងបានថ្លែងសុន្ទរកថាស្វាគមន៍ រៀបរាប់របាយការណ៍លទ្ធផលការងារដែលបានសម្រេចបានកន្លងមក និងទិសដៅការងារ បន្តអនុវត្តសកម្មភាពរបស់ក្រសួងមានជាអាទិ៍ ៖ ការរៀបចំសៀវភៅផែនការយុទ្ធសាស្ត្របញ្ជ្របយេនឌ័រ ២០១៨-២០២៣ និងចំពោះមុខគឺរៀបចំផែនការយុទ្ធសាស្រ្តថវិកាយេនឌ័រក្រសួងឆ្នាំ២០១៩ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។ លោកជំទាវរដ្ឋលេខាធិការក៏បានផ្សព្វផ្សាយអនុសញ្ញាស៊ី-ដ អនុសាសន៍ ១២ចំណុច របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងអនុសាសន៍ ៦ចំណុច របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកិត្តិយស នៃគណៈកម្មការជាតិលើកកំពស់សីលធម៍សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ។ ទន្ទឹមនោះក៏បានផ្ដល់វគ្គបំពាក់បំប៉នសមត្ថភាពស្រ្តីក្នុងភាពជាអ្នកដឹកនាំពិនិត្យតាម​ដាន​ការអនុវត្តការងារបញ្ជ្រាបយេនឌ័រ និងដោះស្រាយបញ្ហាប្រឈមនានាក្នុងការអនុវត្ត។

លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានលើកឡើងថា យើងបានជ្រើសយកប្រធានបទ “ស្រ្តីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍជាតិ” ជាប្រធានបទដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅ សម្រាប់យើងទាំងអស់គ្នា ដើម្បីរួមចំណែក ធ្វើអោយមានសុខសន្តិភាព វឌ្ឍនភាពរឹងមាំយូរអង្វែងសំរាប់សង្គមជាតិយើង។ ការលើកឡើងនេះ ចំពេលដែលប្រទេសជាតិយើង កំពុងតែមានសុខសន្តិភាព សន្តិសុខល្អ ស្ថេរភាពនយោបាយ អ្នកវិនិយោគក៏បានចូលមកបណ្តាក់ទុនទេសចរណ៍ជាច្រើនលាននាក់បានចូលមកទស្សនាប្រទេសកម្ពុជាយើងការលើកកម្ពស់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់ប្រទេសជាតិយើង ក៏ដូចជាស្រ្តីយើង លើកកម្ពស់ស្រ្តី រាជរដ្ឋាភិបាលបានគាំទ្រ និងផ្ដល់ឪកាសក្នុងខ្លឹមសារ លើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈតួនាទីរបស់ស្ត្រី ក៏ដូចជាពង្រឹងសមាណភាព។

ទន្ទឹមនឹងនោះ ក៏បានធ្វើការទប់ស្កាត់ និងលុបបំបាត់អំពើហិង្សាលើស្រ្តី ព្រមទាំងដោះស្រាយជម្លោះនានាដោយសន្តិវិធី។ ស្ត្រី គឺជាត្បូងដ៏មានតម្លៃ ស្ត្រីយើងជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិនេះ គឺជាការផ្ដល់តម្លៃ និងកត្តិយសខ្ពស់ខ្ពស់ ដើម្បីធ្វើកិច្ចការអោយល្អប្រសើរឡើង។

លោកជំទាវបានបន្តទៀតថា សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន លោកបានដឹកនាំ និងដោះស្រាយរាល់បញ្ហាប្រឈមនានា ពង្រួញនូវបញ្ហានោះ ព្រមទាំងបានបង្កើនថវិកាទាក់ទងអំពីផ្លូវច្បាប់ ធ្វើយ៉ាងណាដើម្បីការពារស្ត្រីរងគ្រោះដោយអំពើហិង្សា ។ ដោយមានបញ្ហាជំលោះក្នុងផ្លូវច្បាប់នេះ ស្ត្រីក្រីក្រ មិនអាចលទ្ធភាព ដើម្បីជួលមេធាវីក្នុងការកាត់ក្ដី ដូច្នោះសម្តេចបានបង្កើតកញ្ចប់ថវិកា ប្រគល់ក្រសួងកិច្ចការនារី សហការជាមួយក្រសួងពាក់ព័ន្ធ ធ្វើកិច្ចការជួយបងប្អូននារីរងគ្រោះ នារីក្រីក្រដែលត្រូវគេរំលោភ អំពើហិង្សា រកយុត្តិធម៌ជូនបងប្អូននារីយើង។

លោកស្រីបញ្ជាក់ក្នុងកាលៈទេសៈនេះ ប្រទេសជាតិយើងទើបតែគេចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត បីឆ្នាំប្រាំបីខែម្ភៃថ្ងៃ យើងបានរួមគ្នាកសាងប្រទេសពីលេខសូន្យ រហូតមានអ្វីៗនៅថ្ងៃនេះ កិត្យានុភាពជាតិ ត្រូវបានលើកតម្កើង អន្តរជាតិគាំទ្រ ទទួលស្គាល់មិនមែនជារឿងធម្មតាទេ យើងចំណាយញើសឈាម អាយុជីវិតសម្បើមណាស់ ទម្រាំបានសុខសន្តិភាពថ្ងៃនេះ ដូច្នោះយើងត្រូវ ចូលរួមទាំងអស់គ្នា ទប់ស្កាត់កុំអោយរបបប្រល័យពូជសាសន៍មួយនេះត្រឡប់មកវិញ។

កិច្ចបញ្ចប់នៃកម្មវិធីនេះដែរ ដើម្បីអបអរសាទរដល់មន្ត្រីរាជការជាយេនឌ័រ ក្នុងថ្ងៃនារីអន្តរជាតិ ៨ មីនានេះ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានជូនពរ និងថ្លែងអំណរអរគុណចំពោះសប្បុរសជនមួយចំនួនដែលបានបរិច្ចាកជាប្រាក់កាសផ្ទាល់ខ្លួនក្នុងការចូលរួម ។ ក្រោយមកទៀតលោកជំទាវបានទទួលបាច់ផ្កា វត្ថុអនុស្សាវរីយ៍ និងថតរូបជាមួយមន្ត្រីរាជការ និងសប្បុរសជននានា ព្រមទាំងចែកជូនវត្ថុអនុស្សាវរីយ៍ដល់សមាសភាពចូលរួមសរុប ៣៨៦រូប ក្នុងនោះស្ត្រីយេនឌ័រ ២២៨រូប៕ ដោយ ៖ នេនទុំ

spot_img
×