Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជា​ពលរដ្ឋមាន​ជម្លោះដីធ្លីរ៉ាំរ៉ៃ ជាមួយក្រុមហ៊ុនស្ករអំពៅ​ ខេ. អេស. អាយ និង ខេ. ភី. ធី ប្រមូល​ផ្តុំ​គ្នា​តវ៉ា​ទាម​ទារ​ដី​កសិកម្មមកវិញ (Video inside)

spot_img

កោះកុង៖ ប្រជាពលរដ្ឋរាប់រយនាក់ ដែលមានទំនាស់ដីធ្លី ជាមួយក្រុមហ៊ុនស្ករអំពៅ​ ​ខេ.អេស.អាយ (K.S.I) និង​ក្រុមហ៊ុន ខេ. ភី. ធី (K.P.T) បានប្រមូលផ្តុំគ្នាតវ៉ា​នៅពីមុខ​ផ្លូវ​ចូលទៅកាន់​ក្រុមហ៊ុន​នេះ ដើម្បីទាម ទារឲ្យ​រដ្ឋ​បាល​ខេត្តកោះកុង និងអាជ្ញាធរ​ស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ ឲ្យ​ជួយ​ពន្លឿន​ដោះស្រាយ​ជម្លោះ​ដី​ធ្លី​​រ៉ាំរ៉ៃ​​ជូនពួកគាត់​ ដែល​មានទំនាស់​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​កោះកុង ចប់​ឲ្យ​បាន​ឆាប់​។

ប្រជាពលរដ្ឋតំណាងឲ្យ ១៥០គ្រួសារ ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនទាំងពីរ​ខាងលើ បាន​មកប្រមូល​ផ្តុំគ្នា​តវ៉ា នៅព្រឹកថ្ងៃអង្គារ ទី៦ ខែមីនា ឆ្នាំ២០១៨ និងមកពី​ ៧ភូមិ​រួមមាន៖ ភូមិ​តាធង និង​ភូមិ​ព្រះអង្គកែវ ស្ថិតក្នុង​ឃុំដងពែង។ ភូមិត្រពាំងកណ្តោល និងភូមិជីខ ស្ថិតក្នុងឃុំជី​ខលើ។ ភូមិ​ព្រែក​ជីក ឃុំជីខ​ក្រោម ស្រុក​ស្រែ​អំបិល និងប្រជាពលរដ្ឋមកពីភូមិតាំកន់ និងភូមិកណ្តោល ឃុំកណ្តោល ស្រុក​បូទុម​សាគរ ខេត្តកោះកុង។

អ្នកសម្របសម្រួលសមាគមអាដហុក (Adhoc) ខេត្តកោះកុង លោក ញៀប សំអឿន ដែលបានចុះ​អង្កេត​ការ​ប្រមូល​ផ្តុំគ្នា របស់ប្រជាពលរដ្ឋ បានឲ្យដឹងថា កាលពីព្រឹកមិញនេះ មានតំណាង​ពលរដ្ឋមានទំនាស់ដីធ្លី​ប្រមាណ​ ១០០នាក់​ បាននាំគ្នា​ប្រមូលផ្តុំ នៅ​ភូមិត្រពាំងកណ្តោល ឃុំជីខ​លើ ស្រុកស្រែអំបិល ខេត្តកោះកុង។ លោកថា ក្រោយបានជួបជុំគ្នាហើយ ក្រុមប្រជាពលរដ្ឋ ក៏បាន​ដង្ហែរក្បួនតាមម៉ូតូធ្វើដំណើរ​ឆ្ពោះ ទៅមុខក្រុមហ៊ុន KPT &​KSI ស្ថិតនៅភូមិតាធង ឃុំ​ដងពែង ស្រុកស្រែអំបិល ដោយមានបំណងសម្រុក​ចូលទៅក្នុង​បរិវេណក្រុមហ៊ុន​ខាង​លើ ប៉ុន្តែនៅពេលទៅដល់​ខ្លោងទ្វារក្រុមបាតុករ បានថយក្រោយវិញ រួចក៏មានបំណង​នាំគ្នាបិទផ្លូវជាតិ ៤៨ ប៉ុន្តែ​ក៏បានរំសាយវិញ​ភ្លាមៗ ដោយរង់ចាំការរកដំណោះស្រាយពីអាជ្ញាធរសិន។

លោក ញៀប សំអឿន បានបន្តថា ជួនពេលនោះត្រូវ លោក ម៉ាស់ សុជា អភិបាលរងស្រុកស្រែអំបិល ខេត្ត​កោះកុង បានមកដល់នៅម៉ោងជិត ១០ព្រឹក ក៏បានហៅប្រ​ជាពលរដ្ឋជាបាតុករមកជួប​ពិភាក្សាគ្នា​រកដំណោះ​ស្រាយ ប៉ុន្តែ​មិន​មានលទ្ធផលទេ ព្រោះតែអភិបាល​រងស្រុករូបនេះ បានអះអាងថា ខ្លួនគ្មាន​សមត្ថកិច្ច​ដោះ​ស្រាយ​លើករណី​ទំនាស់​ដីធ្លីជាមួយក្រុម​ហ៊ុនខាងលើនោះទេ។ លោកថា ក្រោយមក នៅម៉ោងជាង​ជាង ១១​ព្រឹក​ថ្ងៃ​ដដែល ​ក៏ឃើញវត្តមាន លោក ម៉ា ទី អភិបាលស្រុកស្រែអំបិល ក៏បាន​មកដល់​ទីកន្លែងប្រជា​ពលរដ្ឋប្រមូលផ្តុំ និង​បាន​បន្តជួបពិភាក្សាគ្នា​ជា​មួយ​ក្រុមប្រជា​ពលរដ្ឋជាបន្តទៀត ដើម្បីឈាន​ទៅមានដំណោះស្រាយទៀត ប៉ុន្តែនៅតែ​មិន​ទទួលបានលទ្ធផលនោះទេ។

​លោកថា រហូតមកដល់ពេកនេះ ​ជុំនួបពិភាក្សាគ្នាជាមួយក្រុមកម្មករ របស់អាជ្ញាធរស្រុកស្រែអំបិល នៅមិន​ទាន់​មានដំណោះស្រាយទេ ហើយ​ប្រជាពលរដ្ឋតំណាង ឲ្យពលរដ្ឋចំនួន ១៥០គ្រួសារ ​ដែលមានទំនាស់ដីធ្លីជាមួយ​ ក្រុម​ហ៊ុនស្ករអំពៅ​ ​ខេ.អេស.អាយ (K.S.I) និង​ក្រុមហ៊ុន ខេ. ភី. ធី (K.P.T) បានបន្តប្រមូលផ្តុំគ្នា​តវ៉ានៅក្រោមកំដៅថ្ងៃ តាម​ចិញ្ចើម​ផ្លូវជាតិលេខ ៤៨ ប៉ុន្តែមិនមានការបិទផ្លូវជាតិទេ នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ​២០១៨។

ការប្រមូលផ្តុំគ្នាតវ៉ា របស់តំណាងប្រជាពលរដ្ឋ ១៥០គ្រួសារ​ កាលពីព្រឹកមិញនេះ គេសង្កេតឃើញ​កម្លាំងនគរ​បាល និងកងរាជអាវុធហត្ថខេត្តកោះកុងជាងសែសិបនាក់ ត្រូវបានគេដាក់​ពង្រាយ ដើម្បីការពារ​នៅពី​មុខ​បរិវេណ​ផ្លូវចូលទៅ​ក្រុមហ៊ុន​ស្ករអំពៅទាំង​ពីរ​ខាង​លើ ប៉ុន្តែមិនកើតមានអំពើហិង្សា ឬមិនទាន់​មានការ​ចាប់ខ្លួន​ប្រជា​ពល​រដ្ឋណាម្នាក់ ក្នុង​សកម្មភាព​ប្រមូល​ផ្តុំ​គ្នា​តវ៉ាដោយសន្តិវិធី​ ដើម្បីទាមទារ​រកដំណោះស្រាយទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុនស្ករអំពៅ​ ​ខេ.អេស.អាយ (K.S.I) និង​ក្រុមហ៊ុន ខេ. ភី. ធី (K.P.T)​ នៅឡើយទេ គិត​ត្រឹមម៉ោង ១២ និង៣០នាទី​រសៀល​ថ្ងៃអង្គារ ទី៦ ខែមីនា ឆ្នាំ​២០១៨​៕ ដែន សីមា

spot_img
×