Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក គង់ វិបុល​៖ អ្នក​ជាប់​ពន្ធ​ត្រូវ​បង់ពន្ធ ឱ្យ​ត្រឹមត្រូវ​តាម​ច្បាប់​កំណត់​

spot_img

​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ បានបញ្ជាក់​ថា រដ្ឋបាល​សារពើពន្ធ ប្រមូល​ពន្ធ​លើស នូវ​ចំនួន​ប្រាក់​ពន្ធ​ដែល​អ្នក​ជាប់​ពន្ធ​ត្រូវ​បង់ ហើយ​កាន់តែ​មិន​ចង់​ឃើញ​បង់​ខ្វះ​ប្រាក់​ពន្ធ ដែល​អ្នក​ជាប់​ពន្ធ​ត្រូវ​បង់​ដែរ គឺ​បង់​ឱ្យ​ត្រឹមត្រូវ​តាម​ច្បាប់​កំណត់​។​

​លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​លោក OH NAKYOUNG ឯកអគ្គរាជទូត​នៃ​សាធារណៈរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០១៨​នេះ បាន​អញ្ជើញ​អធិបតីភាព ក្នុង​វេទិកា​ពន្ធដារ​កម្ពុជា​-​កូរ៉េ ស្តីពី ប្រព័ន្ធ​ពន្ធដារ​កម្ពុជា និង​កំណែទម្រង់​រដ្ឋបាល​សារពើពន្ធ នៅ​សណ្ឋាគារ ឡឺ​រ៉ូយ៉ាល់​។​

​ថ្លែង​ក្នុង​ឱកាស​នោះ លោក OH NAKYOUNG បាន​បង្ហាញ​នូវ​ក្តី​សោមនស្ស​រីករាយ ចំពោះ​វត្តមាន​របស់​លោក​អគ្គ​នាយក​ពន្ធដារ និង​មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ក្នុង​វេទិកា​ថ្ងៃនេះ ដែល​ផ្តល់​ឱកាស​ដល់ អ្នក​វិនិយោគិន​កូរ៉េ​នៅ​កម្ពុជា អាច​ស្វែងយល់​កាន់តែ​ច្បាស់​ទៀត អំពី​ប្រព័ន្ធ​ពន្ធដារ​កម្ពុជា ក្នុង​គោលដៅ​ពង្រឹង​អនុលោមភាព​ពន្ធ ខណៈ​ដែល​ទំហំ​នៃ​ការវិនិយោគ​របស់​កូរ៉េ មាន​ទំហំ​ធំ​ជា​ពិសេស វិស័យ​វាយ​ន​ភណ្ឌ ផលិតកម្ម សំណង់ អចលនទ្រព្យ ហិរញ្ញវត្ថុ​និង​ធានារ៉ាប់រង និង​កសិកម្ម​។ បន្ថែម​ពីលើ​នេះ សហគ្រាស​ធុន​តូច និង​មធ្យម​របស់​សហគ្រិន​កូរ៉េ កាន់តែ​មាន​ចំនួន​កើនឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។​

​បន្ទាប់មក លោក​ប្រតិភូ​រាជរដ្ឋាភិបាល ក៏​បាន​ធ្វើ​ការកត់សម្គាល់​អំពី​សារសំខាន់ នៃ​វត្តមាន​របស់​វិនិយោគិន​កូរ៉េ ក្នុង​ការចូលរួមចំណែក​ក្នុង​ការអភិវឌ្ឍន៍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា​។ វេទិកា​ថ្ងៃនេះ គឺជា​លើក​ទី​១ រវាង​អគ្គនាយកដ្ឋាន​ពន្ធដារ ជាមួយនឹង​ទីភ្នាក់ងារ​ជំរុញ​ការវិនិយោគ និង​ពាណិជ្ជកម្ម​កូរ៉េ (KOTRA) និង សភាពាណិជ្ជកម្ម​កូរ៉េ​ប្រចាំ​កម្ពុជា ហើយ​ជំរុញ​លើកទឹកចិត្ត​ឱ្យ មាន​ការរៀបចំ​វេទិកា​បែបនេះ ជា​បន្តបន្ទាប់​ទៀត ដើម្បី​ពង្រឹង​កិច្ចសហការ​គ្នា រវាង​សហគ្រាស​ជា​អ្នក​ជាប់ពន្ធ និង​រដ្ឋបាល​សារពើពន្ធ ដើម្បី​ពង្រឹង​អនុលោមភាព​ពន្ធ ជាពិសេស ចង់​ឃើញ​សហគ្រាស​កូរ៉េ​ទទួលបាន អនុលោមភាព មាស GOLD certificate​ផងដែរ​។​

​ក្នុងន័យនេះ លោក​ប្រតិភូ ៖ មិន​ចង់​ឃើញ​រដ្ឋបាល​សារពើពន្ធ​ប្រមូល​ពន្ធ​លើស​នូវ​ចំនួន​ប្រាក់​ពន្ធ​ដែល​អ្នក​ជាប់​ពន្ធ​ត្រូវ​បង់ ហើយ​កាន់តែ​មិន​ចង់​ឃើញ​បង់​ខ្វះ​ប្រាក់​ពន្ធ ដែល​អ្នក​ជាប់​ពន្ធ​ត្រូវ​បង់​ដែរ គឺ​បង់​ឲ្យ​ត្រឹមត្រូវ​តាម​ច្បាប់​កំណត់​ប៉ុណ្ណោះ​”​។ លោក​គង់ វិបុល បាន​គូសបញ្ជាក់ថា ផ្តើមចេញ​ពី​ការអនុវត្ត​នូវ​កំណែទម្រង់​ដ៏​មុត​ស្រួច និង​ស៊ីជម្រៅ លទ្ធផល​នៃ​បេសកកម្ម​ក្នុង​ការគ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ​ក្នុង​រយៈពេល​៦​ឆ្នាំ​ចុងក្រោយ​នេះ តែងតែ​សម្រេចបាន​លើស​ផែនការ​ច្បាប់​បាន​កំណត់ ជាពិសេស​សម្រាប់​ឆ្នាំ​២០១៧​នេះ សម្រេច​នូវ​លទ្ធផល​ជា​ប្រវត្តិសាស្ត្រ​ជូន​រាជរដ្ឋាភិបាល ដោយ​សម្រេចបាន​១១៣​ភាគរយ ធៀប​នឹង​ផែនការ​ច្បាប់​កំណត់​។ លទ្ធផល​នេះ គឺ​មិន​អាច​កាត់ផ្តាច់​បាន​ពី ការគាំទ្រ​របស់ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ព្រមទាំង​កិច្ចខិតខំ​ប្រឹងប្រែង​អនុវត្តន៍​យ៉ាង​ហ្មត់ចត់ របស់​អគ្គនាយកដ្ឋាន​ពន្ធដារ នូវ​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​រយៈពេល​មធ្យម​ឆ្នាំ ២០១៤-២០១៨ ព្រមទាំង​ការចូលរួម​របស់​សហ​គ្រា​ស ជា​អ្នក​ជាប់ពន្ធ​ទាំងឡាយ​។ ការធ្វើ​កំណែទម្រង់​នានា គឺ​ចង់ឱ្យ​អ្នក​ជាប់ពន្ធ​រីករាយ​សប្បាយចិត្ត ក្នុង​ការបង់ពន្ធ​ជូន​រដ្ឋ តាមរយៈ​ការផ្តល់​សេវា​ល្អ​ជូន​អ្នក​ជាប់ពន្ធ ដោយ​ពន្ធដារ​ត្រូវ​បន្ត​នូវ​បេសកកម្ម​នៃ​កំណែទម្រង់ ទន្ទឹម​នឹង​គ្នា​នេះ សហគ្រាស​ក៏ត្រូវ​ចូលរួម​កំណែទម្រង់​ផងដែរ ដោយ​ពង្រឹង​នូវ​ការគោរព​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ស្តី​ពី​ពន្ធដារ​ជា​ធរមាន​។​

​អគ្គនាយកដ្ឋាន​ពន្ធដា​រ ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​អាណត្តិ​ទី ៥ បាននិងកំពុង អនុវត្តន៍​យ៉ាង​ហ្មត់ចត់​នូវ​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​រយៈពេល​មធ្យម​ឆ្នាំ ២០១៤ – ២០១៨ ក្នុងនោះ​គឺ ទី​១ មិន​មាន​ការបង្កើន​អត្រាពន្ធ​ឬ​បង្កើត​ពន្ធ​ថ្មី​។ ទី​២ មានតែ​ពង្រឹង​ច្បាប់​និង​បទ​ប្បញ្ញត្តិ​ស្តីពី​ពន្ធដារ​មាន​ស្រាប់​។ ទី​៣ ពង្រឹង​ការគ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ​ឱ្យ​អស់​សក្តានុពល​ដែល​មាន​ស្រាប់ និង​ទី​៤ ធានា​ឱ្យបាន​នូវ​ភាពងាយស្រួល សមធម៌ និង​ភាពត្រឹមត្រូវ​ក្នុង​ការបង់ពន្ធ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×