Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស​អណ្តើក ទី​២ ត្រូវ​បញ្ជូន​ទៅ​តុលាការ​

spot_img

​ភ្នំពេញ​ ៖ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​អ្នកសុំទាន ក្លែង​ធ្វើ​ជនពិកា ១​នាក់​ទៅ​តុលាការ ក្រោម​ការចោទប្រកាន់​ពី​បទ​ប្រើប្រាស់​គ្រឿងញៀន​នៅ​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០១៨ ។ អ្នក​សុំទាន​ឈ្មោះ ប្រៀប ជា អាយុ​៤០​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ឯ ខេត្ត​កំពង់ស្ពឺ ត្រូវបាន​ប្រជាពលរដ្ឋ រស់​នៅក្នុង​មូលដ្ឋាន ភូមិ​ឬ​ស្សី ផ្លូវ​៣៧១ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានក្តី ទោមនស្ស​និង​ទើសភ្នែក​ជាខ្លាំង ព្រោះ​តែ​បាន​ឃើញ បុរស​ពេញកម្លាំង​ម្នាក់នេះ មាន​ដៃជើង​នៅ​ល្អ តែ​ក្លែង​ជា​ពិការ ដេក​ផ្កាប់ លើ​បន្ទះក្តា​រកង់​បួន រំកិល​តាម​ដងផ្លូវ សុំទាន​យកលុយ​ទៅ​ផឹកស៊ី​រាល់ថ្ងៃ ទើប​ប្រជាពលរដ្ឋ​រាយការណ៍​មក អាវុធហត្ថ​រាជធានី ភ្នំពេញ ចុះ​ធ្វើ​ការស្រាវជ្រាវ និង​នាំ​បុគ្គល​សុំទាន ដែល​ក្លែង​ជា​ពិការ មក​កាន់​ទី​បញ្ជាការ​ដើម្បី​សួរនាំ កាលពី​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៨​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​អាវុធហត្ថ បុគ្គល​ឈ្មោះ ប្រៀប ជា បាន​រៀបរាប់​ថា រូបគេ​បាន​ដើរ​សុំទាន​ជាមួយ​ឪពុក​ម្តាយចឹញ្ចឹម តាំងពី​អាយុ​៥​ទៅ​៦​ឆ្នាំ​។ លុះ​ដល់​អាយុ​៣៦​ឆ្នាំ ក៏​បែកគំនិត​ក្លែង​ធ្វើជា​ពិការ ដេក​ផ្កាប់​លើ​បន្ទះក្តារ វារ​សុំ​លុយ តាម​មុខ​រោងចក្រ និង​ទីប្រជុំជន​ផ្សេងៗ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​ជា​មធ្យម រូប​គេ​អាច​សុំ​លុយ​បាន​រហូត​ដល់​ទៅ ៧​ម៉ឺន​រៀល​ក្នុង​១​ថ្ងៃ រី​ឯ​លុយ​ដែល​សុំ​បាន​គឺ​យក​ទៅ​ទិញ​ស្រា ផឹកស៊ី និង​ជក់​គ្រឿងញៀន​។ ក្រោយពី​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ ពិនិត្យ​ទឹកនោម​បុគ្គល​សុំទាន​ក្លែង​ជា​ពិការ​ម្នាក់​នេះ ឃើញ​មាន​សារធាតុ​ញៀន កម្លាំង​ជំនាញ​ក៏​បាន​កសាង​សុំណុំរឿង បញ្ជូន​បុគ្គល​សុំទាន​ញៀន​ថ្នាំ​នេះ ទៅ​តុលាការ​ដើម្បី ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ។​

​ចំពោះ​បុគ្គល​សុំទាន​ឈ្មោះ ប្រៀប ជា នេះ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ហៅ​ថា​មនុស្ស​អណ្តើក​ទី​២ ព្រោះតែ​បុគ្គល​នេះ បាន​ប្រើ​រូបភាព ក្លែង​ធ្វើ​ជនពិកា ដេក​ផ្កាប់ លើ​បន្ទះក្តារ វារ​លើដី ធ្វើ​ដៃ​ខ្វៃៗ ដូច​សត្វ​ច​អណ្តើក ដើម្បី​បោកប្រាស់​ក្តីមេត្តា មហាជន ដូចគ្នា​ទៅ​នឹង មនុស្ស​អណ្តើក​ទី​១ ដែល​ក្លែង​ធ្វើ​ពិការ​សុំទាន​ដូចគ្នា​ដែរ ហើយ​ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បកអាក្រាត កាលពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៨ និង បញ្ជូនទៅ​មន្ទីរ​សង្គមកិច្ច​រាជធានី ដើម្បី​ធ្វើ​ការអប់រំ ឲ្យ​ឈប់​ដើរ​សុំទាន ឈប់​ក្លែង​ជា​ពិការ បោកប្រាស់​ក្តីមេត្តា​អ្នក​ដ៏​ទៃ និង​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ សម្រាប់​ប្រកប​របរ​ចឹញ្ចឹមជីវិត​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×