Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម នេ​ត សាវឿន បញ្ជា​ឲ្យ​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​ថ្មី ត្រូវ​រៀបចំ​ជម្រក​ជូន​កម្លាំង​ការពារ​ព្រំដែន​ឲ្យបាន​ល្អ

spot_img

ខេត្ត​មណ្ឌលគិរី​៖ ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ នៃ​ក្រសួង​មហាផ្ទៃ បាន​បញ្ជា​ឲ្យ​លោកស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី ដែល​ទើប​ឡើងកាន់តំណែង​ថ្មី ត្រូវមាន​ភារកិច្ច​ចាំបាច់​រៀបចំ និង​សិក្សា​អំពី​ទីតាំង​ដែល​ជា​ជម្រក​ស្នាក់នៅ របស់​កងកម្លាំង​ការពារ នៅតាម​បន្ទាត់​ព្រំដែន ឲ្យបាន​ល្អ​ប្រសើរ​ជាង​បច្ចុប្បន្ន ដើម្បី​ផ្ដល់​ភាពងាយស្រួល​ដល់​បងប្អូន​កងកម្លាំង​នៅតាម​ព្រំដែន ដែល​ខិតខំ​បំពេញការងារ និង​ឈរជើង​ការពារ​បូរណភាព​ទឹកដី​។

បន្ថែម​លើ​នេះ ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ក៏​បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ថា សម្រាប់​ខេត្ត​មណ្ឌលគិរី គឺ​ត្រូវ​បង្ការ​ដាច់ខាត មិន​ត្រូវឲ្យមាន​ករណី​ចំនួន ២​រឿង កើត​ឡើង​បន្ត​ទៀត នោះ​ទេ​នៅ​ថ្ងៃ​ខាង​មុខ​រួមមាន​៖ ទី​១ ករណី​កងកម្លាំងប្រដាប់អាវុធ​បាញ់សម្លាប់​អ្នក​ការពារ​ព្រៃឈើ​ចំនួន ៣​នាក់ និង​ទី​២ ករណី​ឆេះ​ផ្សារ សែន​មនោ​រម្យ ដែល​ហេតុការណ៍​ទាំងពីរ​នេះ បាន​កើតឡើង​ក្នុង​ខេត្ត​មណ្ឌលគិរី កាលពី​ពេល​ថ្មីៗ​នេះ​។

​ឯកឧត្តម នេ​ត សាវឿន បានឲ្យ​ដឹង​ដូច្នេះ នៅក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង​ថ្មី ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី កាលពី​ព្រឹក​ថ្ងៃទី​៧ ខែ​មីនា ឆ្នាំ​២០១៨ នៅ​សាលា​ខេត្តមណ្ឌលគិរី​។

នា​ឱកាស​នោះ ឯកឧត្ដម​សន្តិ​បណ្ឌិត នាយ​ឧត្ដមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បានដាក់​បទ​បញ្ញា​ទៅ​ស្នងការ​ខេត្ត​មណ្ឌលគិរី ទើប​ឡើង​កាន់តំណែង​ថ្មី​ថា ត្រូវ​បន្ត​រៀបចំ​វគ្គ​សិក្សា​ដល់​មន្ត្រីនគរបាល​សណ្ដាប់ធ្នាប់​អគ្គីភ័យ​ឲ្យមាន​បច្ចេកទេស​ច្បាស់លាស់ ព្រោះ​ឆ្លងកាត់​ករណី​ឆេះ​ផ្សារ​សែន​មនោ​រម្យ ឃើញថា មន្ត្រី​ពន្លត់អគ្គីភ័យ គឺ​នៅ​ខ្វះ​បទពិសោធន៍​នៅឡើយ​។

​ឯកឧត្ដម នេ​ត សាវឿន បាន​បន្ថែមថា ថ្នាក់ដឹកនាំ​ស្នងការដ្ឋាន​ខេត្ត​មណ្ឌលគិរី ក៏​ត្រូវ​រៀបចំ​ផែនការឲ្យ​ល្អិតល្អន់ សហការ ជាមួយ​អង្គភាព​ពាក់ព័ន្ធ បង្ការ​ការពារ​ក្នុង​ព្រឹត្តិការណ៍​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឬ​បោះឆ្នោត​សភា ដែល​នឹង​ប្រព្រឹត្តទៅ​ក្នុង​ពេលខាងមុខ​នេះ និង​ត្រូវ​អប់រំ ដាក់វិន័យ​ដល់​កម្លាំង​ដែល​ល្មើស​ច្បាប់​ឲ្យស្រប​តាម​វិន័យ របស់​កងកម្លាំង​នគរបាលជាតិ​។ ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ នេ​ត សាវឿន បានបញ្ជាក់​ថា លោក​ក៏​សូម​កោតសរសើរ​ដល់​លោក​ស្នងការ​ចាស់ ចំពោះ​សមិទ្ធិផល​ល្អៗ ដែល​លោក​សម្រេច​បាន និង​ស្នើ​ដល់​លោក​ស្នងការ​ថ្មី ត្រូវ​យក​ចំនុច​ល្អៗ​ទាំងនេះ ទៅ​បន្ត​ការងារ​ដឹកនាំ​អង្គភាព​នេះ​ជា​បន្ត​ទៀត​។ ចំណែក​មន្ត្រី​ក្នុង​ស្នងការដ្ឋាន នគរបាល​ខេត្ត​មណ្ឌលគិរី ទាំងមូល ត្រូវ​រក្សា​ស្មារតី រួមគ្នា​បំពេញ​ការងារ​ការពារ​សន្តិសុខ​ជូន​សង្គម​ជាតិ​ឲ្យបាន​ល្អ​ថែម​ទៀត ព្រោះ​ការផ្លាស់ប្ដូរ​ផ្ទេរ​ភារកិច្ច​ស្នងការ នៃ​ស្នងការដ្ឋាន គឺជា​ការ​កែទម្រង់​មួយ សំដៅ​រក​សមិទ្ធិផល​ល្អ​ជូន​សង្គមជាតិ​។​

​សូមបញ្ជាក់​ថា ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង​ថ្មី ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី គឺ​លោក​ឧត្ដមសេនីយ៍ទោ អ៊ុក សំណាង អតីត​ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី ត្រូវ​ផ្ទេរ​ភារកិច្ច​ទៅ​បំពេញ​ការងារ​ថ្មី ជា​អនុប្រធាន​នាយកដ្ឋាន​ន​គរ​បាល​ព្រហ្មទណ្ឌ ក្រសួង​មហាផ្ទៃ​វិញ​។ ចំណែក​លោក​ឧត្ដមសេនីយ៍ត្រី ឡោ សុខា អតីត​ស្នងការរង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល ត្រូវបាន​ប្រកាស​តែងតាំង មក​កាន់​តំណែង​ថ្មី ជា​ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី​។​

​ទន្ទឹមនេះ អភិបាលខេត្ត​មណ្ឌលគិរី ឯកឧត្ដម ស្វាយ សំ​អ៊ាង ក៏​បាន​ជម្រុញ​ដល់ លោកស្នងការ​ថ្មី ត្រូវ​ការពារ​ទប់ស្កាត់ បទល្មើស​តាម​បន្ទាត់​ព្រំដែន ឲ្យមាន​ប្រសិទ្ធិភាព និង​បន្ត​យកចិត្តទុកដាក់​ជាមួយ​មន្ត្រី​ថ្នាក់ក្រោម ព្រមទាំង​អង្គភាព​ពាក់ព័ន្ធ ក្នុង​បំណង​ការពារ​សន្តិសុខ​ជូន​ពលរ​ដ្ឋ​ឲ្យ​ល្អប្រសើរ ។​

​នា​ឱកាស​នោះ​ដែរ លោក​ឧត្ដមសេនីយ៍ត្រី ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី ដែល​ទើប​ទទួល​តំណែង​ថ្មី ក៏​បាន​ប្ដេជ្ញា​ថា គោរព​តាម​បទ​បញ្ជា​ថ្នាក់លើ គោរព​តាម​បទបញ្ជា​គណៈបញ្ជាការ​ឯកភាព​ខេត្ត ខិតខំ​បំពេញ​ភារកិច្ច អនុវត្ត​តួនាទី បម្រើ​ប្រជាពលរដ្ឋ រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​ក្នុង​ខេត្ត ព្រមទាំង​ដឹកនាំ​មន្ត្រីនគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី អនុវត្ត​តួនាទី​ឲ្យបាន​ល្អ​ប្រសើរ​៕ ដោយ​៖ សមុទ្រ​ឈើ​

spot_img
×