នៅថ្ងៃទី ៦មីនា តុលាការកំពូលថៃបានចេញដីកាចាប់ខ្លួនថ្មីចំពោះអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលទាក់ទងដល់គោលនយោបាយមានប្រយោជន៍សម្រាប់មុខជំនួញ នៃត្រកូលស៊ីណាវ៉ាត្រា ក្នុងអំឡុងពេលដែលលោកកាន់អំណាច -នេះបើតាម Straits Times។
លោកថាក់ស៊ីនបានត្រូវចោទប្រកាន់ទោសពីឆ្នាំ ២០០៨ ក្រោមបទធ្វើសកម្មភាពផ្ទុយច្បាប់គេចចេញពីការទទួលខុសត្រូវ និងបំពានច្បាប់ប្រឆាំងអំពើពុករលួយ។ សំណុំរឿងនេះចាប់ផ្តើមពីការដែលរដ្ឋាភិបាលរបស់លោក បានសម្រេចអនុញ្ញាតឲ្យក្រុមហ៊ុនផ្ទេរសិទ្ធិឲ្យទូរគមនាគមន៍ទូទាត់ពន្ធលើប្រាក់ចំណូលពិសេសជំនួសឲ្យការបង់ពន្ធផ្ទេរសិទ្ធិ។ ទង្វើនេះបានធ្វើឲ្យបណ្តាក្រុមហ៊ុនរបស់រដ្ឋដែលពាក់ព័ន្ធខាតបង់អស់ទឹកប្រាក់ ៦៦ពាន់លានបាត។ ក្រុមហ៊ុនរបស់ត្រកូលស៊ីណាវ៉ាត្រា នាខណៈពេលនោះគឺ Shin Corportaion ត្រូវបានចាត់ទុកថា ជាក្រុមហ៊ុនទូរគមនាគមន៍មួយទទួលបានផលប្រយោជន៍កប់ក្តោងពីគោលនយោបាយនេះ។ តាម Straits Times ដដែល ដីកាចាប់ខ្លួនថតចម្លងនិងលិខិតថ្កោលទោសត្រូវបានបញ្ជូនដល់ផ្ទះរបស់លោកថាក់ស៊ីននៅតំបន់ Charoen Sanitwong នាទីក្រុងបាងកក ដោយប្រកាសប្រាប់ថ្ងៃបើសវនាការគឺថ្ងៃទី ៦ ខែមីនា ។ តាមបាងកកប៉ុស្តិ៍ដីកាចាប់ខ្លួននេះត្រូវបានចុះហត្ថលេខាក្រោយពេលដែលលោកថាក់ស៊ីន ពុំបង្ហាញមុខនៅតុលាការក៏ដូចជាពុំបានចាត់មេធាវីតំណាងមកជំនួស។
តុលាការក៏បានតែងតាំងបណ្តាអយ្យការស្វែងរកលោកថាក់ស៊ីន ហើយរាយការណ៍កិច្ចការនេះជាប្រចាំខែ។ សវនាការបន្តនិងប្រព្រឹត្តទៅនៅថ្ងៃទី ១០ កក្កដា ដើម្បីត្រួតពិនិត្យមើលភស្តុតាង និងបញ្ជីរាយនាមសាក្សី។
ក្រៅពីករណីនេះ នៅមានករណីពាក់ព័ន្ធផ្សេងចំនួន៣ទៀត របស់លោកថាក់ស៊ីនកំពុងត្រូវបានពិនិត្យតាមច្បាប់ថ្មី។ នោះគឺករណីទាក់ទងដល់ខ្ទង់ប្រាក់កម្ចីពីធនាគារអាហរ័ណនីហរ័ណ ដែលរងការចោទប្រកាន់ថា បានយកទៅបម្រើឲ្យផលប្រយោជន៍អាជីវកម្មរបស់លោកនៅមីយ៉ាន់ម៉ា ព្រមទាំងគ្រោងការណ៍មួយទៀតរបស់លោកថាក់ស៊ីន៕ សូយន