Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​លឹម គានហោ​៖ ប្រព័ន្ធធារាសាស្ត្រ វ៉ៃកូ អាចផ្តត់ផ្គង់​ទឹក​ស្រោចស្រព​ដី​ស្រែ​កសិក​រប្រ​មាណ​៣០​ម៉ឺន​ហិកតា

spot_img

​ស្វាយរៀង​ ៖ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក បាន​ថ្លែងថា តាម​គម្រោង​ការដ្ឋាន​សាងសង់​ប្រព័ន្ធ​ធារាសាស្ត្រ វ៉ៃកូ ក្នុង​ជំហាន​ទី​២ នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២១​ខាងមុខ ដែល​វា​មាន​លទ្ធភាព អាច​ផ្គត់ផ្គង់​ស្រោចស្រព​ស្រូវ​ទាំង​វស្សា និង​ប្រាំង រហូត​ដល់​ប្រមាណ​៣០​ម៉ឺន​ហិកតា នៃ​ខេត្ត​ចំនួន​៤ ក្នុងនោះ​ស្រូវ​វស្សា​ជាង​២០​ម៉ឺន​ហិកតា​។​

​រសៀល​ថ្ងៃ​ពុធ ទី​៧ ខែ​មីនា ឆ្នាំ ២០១៨ លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​ប្រព័ន្ធ​ធារាសាស្ត្រ វ៉ៃកូ ជំហាន​ទី ២ ស្ថិតក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ។​

​ក្នុងឱកាស​ចុះ​ពិនិត្យ​ការងារ​នោះ​លោក​រដ្ឋមន្ត្រី ក៏​បាន​ជួប​ជាមួយ​អ្នកបច្ចេកទេស​របស់​ក្រុមហ៊ុន Guangdong Foreign Construction Co.,Ltd នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែលជា​អ្នក​អនុវត្ត​គម្រោង​នេះ ដោយ​ឯកឧត្តម​បាន​ណែនាំ​បន្ថែម​លើ​លក្ខណៈ​បច្ចេកទេស​មួយចំនួន សំដៅ​ធ្វើ​យ៉ាងណា​ឱ្យ​សំណង់​ប្រព័ន្ធធារាសាស្ត្រ ក្រោយពេល​សាងសង់​រួច មាន​គុណភាព​ល្អ ធានា​ការប្រើប្រាស់​យូរអង្វែង ។​

​គួរ​រំលឹក​ផងដែរ​ថា គម្រោង​ប្រព័ន្ធ​ធារាសាស្ត្រ វ៉ៃកូ ជំហាន​ទី ២ ដែល​មាន​សមត្ថភាព​ផ្គត់ផ្គង់​ទឹក​ស្រោចស្រព​ដល់​ដី​ស្រែ​ប្រជាកសិករ​ប្រមាណ ១០ ម៉ឺន​ហិកតា កំពុង​ត្រូវបាន​ដំណើរការ​សាងសង់​យ៉ាង​មមាញឹក ។ ការងារ​សាងសង់​ដែល​ត្រូវ​អនុវត្ត​នៅក្នុង​ជំហាន​ទី ២ នេះ មាន ៖ ជីក​ព្រែក ២ ខ្សែ សរុប​ប្រវែង ១៤,៦ គីឡូម៉ែត្រ សាងសង់​ប្រឡាយ​មេ ៤ ខ្សែ សរុប​ប្រវែង ៥៩,៥ គីឡូម៉ែត្រ សាងសង់​ទំនប់​សណ្តរ ប្រវែង ៤១,៥ គីឡូម៉ែត្រ សាងសង់​សំណង់​បង្ហៀរ ចំនួន ១ កន្លែង សំណង់​ស្ទាក់​ទឹក ៦ កន្លែង និង​សំណង់​សម្រួល​ចរន្តទឹក ៨ កន្លែង សាងសង់​ស្ថានីយ​បូមទឹក ចំនួន ៤ កន្លែង និង​សំណង់​លូទឹក ៣២ កន្លែង ។​

​គម្រោង​សាងសង់​ប្រព័ន្ធធារាសាស្ត្រ​ដ៏​មាន​សក្តានុពល​នេះ គ្រោង​នឹង​ប្រើ​រយៈពេល​ប្រមាណ ៥២ ខែ ដោយ​គិត​ចាប់ពី​ថ្ងៃ​បើក​ការដ្ឋាន​កាលពី​ថ្ងៃ​ទី ២៨ ខែកក្កដា ឆ្នាំ ២០១៧ កន្លងទៅ ។ តាម​ការរំពឹងទុក ប្រព័ន្ធធារាសាស្ត្រ វ៉ៃកូ ជំហាន​ទី ២ នឹង​ផ្តល់​ទឹក​សម្រាប់​ផ្គត់ផ្គង់​ដល់​ផ្ទៃដី​បង្កបង្កើន​ផល​ស្រូវ​វស្សា​ប្រមាណ ៩៣.១០០ ហិកតា និង​ស្រូវប្រាំង ២៣.៣០០ ហិកតា បន្ថែមទៀត នៅក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ។​

​នៅ​ពេល​បញ្ចប់​ការសាងសង់​ទាំងស្រុង នៅ​ឆ្នាំ ២០២១ ប្រព័ន្ធធារាសាស្ត្រ វ៉ៃកូ (​ជំហាន​ទី ១ និង​ជំហាន​ទី ២) មាន​សក្តានុពល​ទឹក​ស្រោចស្រព​ស្រូវវស្សា និង​ស្រូវប្រាំង នៅក្នុង​ខេត្ត​ព្រៃវែង ខេត្ត​ស្វាយរៀង ខេត្ត​កំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ ប្រមាណ ៣០ ម៉ឺន​ហិកតា ។​

​បន្ទាប់ពី​បាន​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​ប្រព័ន្ធធារាសាស្ត្រ វ៉ៃកូ ជំហាន​ទី ២ រួចមក នា​ល្ងាច​ថ្ងៃ​ដដែល លោក លឹម គានហោ បាន​បន្ត​ដំណើរ​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​ប្រឡាយ​មេ បូ​ព៌ា ជំហាន​ទី ៣ ស្ថិតក្នុង​ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង ។​

​គម្រោង​សាងសង់​ប្រឡាយ​មេ បូ​ព៌ា ជា​គម្រោង​ប្រព័ន្ធ​ធារាសាស្ត្រ​ខ្នាត​ធំ​មួយ ដែល​ការសង​សង់​ទាមទារ​នូវ​ការអនុវត្ត​ជា​ជំហានៗ ដោយ​ក្នុង​នោះ​ជំហាន​ទី ១ គឺ​មាន​ប្រវែង ៤.៧០០ ម៉ែត្រ បំពាក់​សំណង់​សិល្ប​ការ ចំនួន ១៧ កន្លែង ជំហាន​ទី ២ មាន​ប្រវែង ៧.០០០ ម៉ែត្រ បំពាក់​សំណង់​សិល្ប​ការ ចំនួន ១៦ កន្លែង និង​ជំហាន​ទី ៣ ដែល​កំពុង​ដំណើរការ​សាងសង់​នេះ គឺ​មាន​ប្រវែង ៥.០០០ ម៉ែត្រ បំពាក់​សំណង់​សិល្ប​ការ ចំនួន ២១ កន្លែង ។ នៅ​ពេល​បញ្ចប់​ជំហាន​ទី ៣ នេះ ក្រសួង​គ្រោង​នឹង​ធ្វើ​ការសាងសង់​នូវ​ជំហាន​ទី ៤ បន្តទៀត ដែល​មាន​ប្រវែង ៤.០០០ ម៉ែត្រ ។​

​ក្រោយពេល​ការសាងសង់​ត្រូវបាន​បញ្ចប់​ជា​ស្ថាពរ ប្រឡាយ​មេ​បូ​ព៌ា នឹង​ផ្តល់​ទឹក​ស្រោចស្រព​ដល់​ផ្ទៃដី​បង្កបង្កើន​ផល​ប្រមាណ ១៥.០០០ ហិកតា និង​អាច​ធ្វើបាន ៣ ដង ក្នុង ១ ឆ្នាំ ៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×