Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ហាញ​សុច្ឆន្ទៈ​លើកកម្ពស់​សិទ្ធិ​ស្ត្រី និង​ទប់ស្កាត់​ដាច់ខាត​រាល់​ទម្រង់​រំលោភ​បំពាន​ទៅ​លើ​សិទ្ធិ​របស់​ស្ត្រី​

spot_img

​ភ្នំពេញ ​៖ ក្នុងឱកាស​សាទរ​ខួប​លើក​ទី​១០៧​នៃ​ទិវា​នារី​អន្តរជាតិ​ថ្ងៃទី​៨​មីនា សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) បានបញ្ជាក់​ថា ប្រមាណ​៩០​ភាគរយ នៃ​កម្លាំង​ពលកម្ម​សរុប​ក្នុង​វិស័យ​ឧស្សាហកម្ម វាយនភ័ណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង ដែល​ជា​វិស័យ​នាំចេញ​ឈានមុខ​គេ​របស់​កម្ពុជា គឺជា​ស្ត្រី​។

​នេះ​បើ​តាម​សេចក្តីថ្លែងការណ៍ GMAC បានបញ្ជាក់​ថា ទិវា​នារី​អន្តរជាតិ​នេះ ត្រូវបាន​បង្កើតឡើង​ក្នុង​គោល បំណង​បង្ហាញ​ពី​ភាពចាំបាច់ និង​ជា​កាតាលីករ​ដែល​មិន​អាច​ខ្វះ​បាន​របស់​ស្ត្រី​ក្នុងតួនាទី​រួមចំណែក​ក្នុង​កិច្ចការ​សង្គម សេដ្ឋកិច្ច នយោបាយ ទំនាក់ទំនង​អន្តរជាតិ និង​ជា​ពិសេស​នោះ គឺ​ក្នុង​វិស័យ​ការងារ​។ សិទ្ធិ​របស់​ស្ត្រី​នៅ​កម្ពុជា ត្រូវបាន​ការពារ និង​ប្រឆាំង​យ៉ាង​ដាច់ខាត​ពី​ការរំលោភ​បំពាន និង​កេងប្រវ័ញ្ច​គ្រប់​ប្រភេទ និង​គ្រប់​រូបភាព ជាក់ស្តែង​សិទ្ធិ​របស់​ស្ត្រី​ត្រូវ​បាន​បញ្ញត្តិ​ក្នុង​ច្បាប់​រដ្ឋធម្មនុញ្ញ ក្រមព្រហ្មទណ្ឌ ច្បាប់​ស្តីពី​ការបង្ក្រាប​អំពើ​ពង្រត់ និង​លក់ដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​លើ​មនុស្ស ច្បាប់​ស្តីពី​ការងារ និង​ឧបករណ៍​គតិយុត្តិ​ជាតិ និង​អន្តរជាតិ​ដទៃទៀត​។​

​កម្មករ​និយោជិត​ដែល​ជា​ស្ត្រី​ក្នុង​វិស័យ​នេះ បាន​នាំ​ចំណូល​សម្រាប់​ខ្លួនឯង ផ្គត់ផ្គង់​ក្រុមគ្រួសារ ជួយ​ពន្លឿន​ឧស្សាហកម្ម​គាំទ្រ​មួយ​ចំនួ​ន​ទៀត និង​បង្កើត បង្កើន​សកម្មភាព​អាជីវកម្ម ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ ២​លាន​នាក់​ដទៃទៀត​។ ស្ត្រី​ដែល​បំពេញ​ការងារ​ក្នុង​វិស័យ​នេះ គឺ​ត្រូវបាន​ចាត់ទុកជា​វីរៈនារី​ដែល​ជំរុញ​សេដ្ឋកិច្ច​ជាតិ និង​កាត់បន្ថយ​ភាពក្រីក្រ​មួយ​ផ្នែក​នៅ​កម្ពុជា ចាប់តាំងពី​ឧស្សាហកម្ម​អតិពលកម្ម​នេះ​ចាប់ផ្តើម​មាន​វត្តមាន​នៅ​កម្ពុជា​។

​ក្នុង​សេចក្តី​ថ្លែង​ការ​ដដែល GMAC បាន​បន្តទៀតថា “​កម្មករ​និយោជិត​ដែល​ជា​ស្ត្រី​ដែល​បំពេញ​ការងារ​ក្នុង​វិស័យ​កាត់ដេរ​គឺជា​វីរៈនារី​ដែល​ជំរុញ​សេដ្ឋកិច្ចជាតិ និង​កាត់បន្ថយ​ភាពក្រីក្រ​នៅ​កម្ពុជា​មួយ​ផ្នែក​ដ៏​សំខាន់​”​។​

​ច្បាប់​ស្តីពី​ការងារ​បាន​បញ្ញតិ្ត និង​ការពារ​យ៉ាង​ដាច់ខាត​ទៅលើ​សិទ្ធិ​ការងារ​របស់​ស្ត្រី និង​បាន​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​សំខាន់​មួយ​ចំនួន​សម្រាប់​ស្ត្រី​ដែល​បំពេញ​ការងារ​ក្នុង​ឧស្សាហកម្ម​ដ៏​សំខាន់​មួយ​នេះ​។ ជា​តួយ៉ាង សិទ្ធិ​របស់​ស្ត្រី​ក្នុងអំឡុងពេល​សម្រាកលំហែ​មាតុភាព​ដែល​ទទួលបាន​ប្រាក់​ឈ្នួល និង​អត្ថប្រយោជន៍​ដទៃទៀត សិទ្ធិ​ក្នុង​ការ​ឈប់សម្រាក​ពិសេស សិទ្ធិ​ទទួល​ប្រាក់​ឈ្នួល​ស្នើ​គ្នា​រវាង​បុរស​និង​ស្ត្រី សម្រាប់​កម្រិត​នៃ​ភាព​ប៉ិនប្រសប់​ខាង​វិជ្ជាជីវៈ និង​ផល​ដែល​ធ្វើ​បាន​ស្នើ​គ្នា ការធានា​ការងារ​ប្រឆាំង​នឹង​ការបញ្ឈប់​ស្ត្រី​ក្នុង​អំឡុងពេល និង​ក្រោយ​ពេល​សម្រាកលំហែ​មាតុ​ភាព និង​សិទ្ធិ​រួមទាំង អត្ថប្រយោជន៍​ដទៃទៀត ដែល​កម្មករ​និយោជិត​ជា​ស្ត្រី​ក្នុង​វិស័យ​នេះ​ទទួលបាន​។​
​ក្រៅពី​សិទ្ធិ​ដែល​មាន​បញ្ញត្តិ​ក្នុង​ច្បាប់​ស្តីពី​ការងារ និង​បទ​បដ្ឋា​នគតិ​យុ​ត្តិ​ដទៃ​ទៀត​ដូច​ខាងលើ​នេះ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ក៏​បាន​រួមចំណែក​ក្នុង​ការលើកតម្កើង និង​ការពារ​សិទ្ធិ​ស្ត្រី​ដែល​ជា​កម្មករ និយោជិត​ក្នុង​វិស័យ​នេះ តាមរយៈ​ក្រុមការងារ​មួយចំនួន នៅ​កន្លែង​ធ្វើ​ការងារ​ដូចជា​៖ ក្រុមការងារ​សុខភាព និង​សុវត្ថិភាព​នៅ​កន្លែង​ការងារ ក្រុម​ការងារ​អេដស៍​នៅ​កន្លែង​ធ្វើ​ការងារ ក្រុមការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សម្រាប់​គាំពារ​កម្មករនិយោជិត វេទិកា​ស្ត្រី និង​ពង្រីក​ការយល់ដឹង​ពី​សុខភាព​ជា​ច្រើនលើក និង​កិច្ចការ​ជាច្រើន​ទៀត​។​

​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) សូម​ចូលរួម​អបអរសាទរ​ទិវា​នារី​អន្តរជាតិ​ដល់​ស្ត្រី​ដែល​ជា​កម្មករ​និយោជិត​ក្នុង​វិស័យ​កាត់ដេរ និង​ផលិត​ស្បែកជើង​នៅ​កម្ពុជា និង​ស្ត្រី​ទាំងឡាយ​ដែល​បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការបង្ក​សមិទ្ធផល និង​វឌ្ឍនភាព​នៃ​ប្រទេស​កម្ពុជា​។ សមាគម​សូម​បង្ហាញ​នូវ​សុច្ឆន្ទៈ​របស់​ខ្លួន​ក្នុង​ការលើកកម្ពស់​សិទ្ធិ​ស្ត្រី និង​គាំទ្រ​នូវ​រាល់​កិច្ចខិតខំ​ប្រឹងប្រែង​នានា​ក្នុង​ការការពារ និង​ទប់ស្កាត់​ដាច់ខាត​រាល់​ទម្រង់​រំលោភ​បំពាន​ទៅ​លើ​សិទ្ធិ​របស់​ស្ត្រី​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×