Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុគ្គល​ចូល​កាន់កាប់​ដី​មាត់បឹង​ព្រែក​ទប់ ​ធ្វើ​សកម្ម​សិទ្ធិ​រាល់ថ្ងៃនេះ កំពុង​ផ្គើន​បទបញ្ជាសម្តេច ហ៊ុន សែន ឲ្យ​ការពា​របឹង​នេះ​..? (Video inside)

spot_img

ខេត្ត​ព្រះសីហនុ ​៖ ប្រជាពលរដ្ឋ ពិសេស​មនុស្ស​វ័យ​ចំណាស់​រស់នៅ​ខេត្ត​ព្រះសីហនុ បង្ហាញ​អារម្មណ៍​សោកស្តាយ​ជាថ្មីទៀត នៅ​គ្រា​ដី​ចំណី​មាត់​បឹង​ព្រែក​ទប់ និង​ផ្ទៃ​បឹង​ទឹកសាប​ព្រែក​ទប់ ស្ថិតក្នុង​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ដែល​ពីមុន​មាន​ទំហំ​រាប់រយ​ហិច​តារ ប៉ុន្តែ​បច្ចុប្បន្ន​នេះ បែរជា​ត្រូវ​រួម​តូច​ត្រឹម​ជាង ១៦​ហិច​តារ ដោយសារ​មហិច្ឆិតា និង​ការឃុបឃិត របស់​មន្ត្រី​មាន​បុណ្យស័ក្តិ​ខ្ពស់ និង​ឈ្មួញ​មានទ្រព្យ​មួយចំនួន​។

​បញ្ហា​នេះ ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ បាន​សំណូមពរ​ដល់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យជួយ​ហូត​យក​ដី​ចំណី​មាត់​បឹង ឬ​ផ្ទៃ​រង​ទឹកភ្លៀង​បឹង​ព្រែក​ទប់ ដែល​ត្រូវ​បុគ្គល​មួយចំនួន រំលោភ​ធ្វើ​កម្មសិទ្ធិ​ឯកជន​កន្ល​ង​មក យកមក​ដាក់​ជា​សម្បត្តិ​រដ្ឋ​គ្រប់គ្រង និង​អភិរក្ស​បឹង​ទឹកសាប​មួយ​នេះ​ឲ្យបាន​គង់វង្ស​នា​ថ្ងៃ​អនាគត​។​

​មនុស្ស​វ័យ​ចំណាស់​រស់នៅ​ខេត្ត​ព្រះសីហនុ បានឲ្យ​អ្នកយក​ព័ត៌មាន CEN.COM.KH ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៨ ខែ​មីនា ឆ្នាំ​២០១៨​ថា នៅ​មុនពេល​មាន​សកម្មភាព​ដឹក​ដី​ចាក់​លុប​រំលោភ​យក​ផ្ទៃ​រង​ទឹកភ្លៀង ឬ​ដី​ចំណី​មាត់បឹង​ព្រែក​ទប់​ធ្វើ​កម្មសិទ្ធិ ពី​សំណាក់​មន្ត្រី​មាន​បុណ្យស័ក្តិ​ខ្ពស់ និង​ឈ្មួញ​មានទ្រព្យ​មួយចំនួន បរិវេណ​បឹង​ព្រែក​ទប់​នេះ គឺ​មាន​ទំហំ​រាប់រយ​ហិច​តារ ប៉ុន្តែ​បច្ចុប្បន្ន​នេះ បឹង​ធម្មជាតិ​ទឹកសាប​មួយ​នេះ​បាន​រួម​នៅសល់​ត្រឹម​ផ្ទៃ​បឹង​តែង​ជាង ១៦​ហិច​តារ​ប៉ុណ្ណោះ​។

​ត្រង់​ចំណុច​នេះ ទាំង​មន្ត្រីរាជការ​ថ្នាក់ទាប និង​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ បង្ហាញ​ការសោកស្តាយ ចំពោះ​ការបាត់បង់​ដី​ជុំវិញ​បរិវេណ​មាត់បឹង​ព្រែក​ទប់ និង​បាន​សំណូមពរ​ដល់​សម្តេច​តេជោ ហ៊ុន សែន ឲ្យជួយ​សង្គ្រោះ និង​ការពា​របឹង​ព្រែក​ទប់​ឲ្យបាន​គង់វង្ស ព្រមទាំង​ឲ្យមាន​ទំហំ​ផ្ទៃរង​ទឹកភ្លៀង និង​ផ្ទៃ​បឹង​ទាំងមូល ឲ្យបាន​ទូលំទូលាយ​ដូចពេលមុ​ន​វិញ​។​

​ករណី​បឹង​ព្រែក​ទប់​នេះ ទាំង​មន្ត្រីរាជការ និង​ពលរដ្ឋ​ខេត្ត​ព្រះសីហនុ បង្ហាញ​ការហួសចិត្ត​កាលបើ មហិច្ឆិតា​ប៉ុនប៉ង​រំលោភ​ផ្ទៃរង​ទឹកភ្លៀង​បឹង​ព្រែក​ទប់​ធ្វើ​កម្មសិទ្ធិ ដែល​ឈ្មួញ និង​មន្ត្រី​មាន​អំណាច​មួយចំនួន​ចូល​ទន្ទ្រាន​កាន់កាប់​នា​ពេល​កន្លងមក​នោះ ប៉ុន្តែ​ពេល​នេះ​ជន​មាន​មហិច្ឆិតា​ទាំងនោះ បានសម្រេច​បំណង របស់​ពួកគេ​ដោយ​ជោគជ័យ​។ ជោគជ័យ ក៏​ព្រោះតែ​បច្ចុប្បន្ន​នេះ​ត្រូវ លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី និង​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃទៀត បាន​ទទួលស្គាល់ថា អ្នក​មាន​ចំណី​នៅ​ជាប់​មាត់​បឹង​ព្រែក​ទប់​ទាំងអស់ មាន​សិទ្ធិ​កាន់កាប់​ដី​មាត់​បឹង​នេះ​ដោយ​ស្របច្បាប់ និង​ប្រកាស​ចេញ​បណ្ណ​កម្មសិទ្ធិ​កាន់កាប់​ដី​នៅ​ជុំវិញ​បរិវេណ​បឹង​ព្រែក​ទប់​នេះ ជូន​បុគ្គល​ឯកជន​ថែមទៀត​។

​ត្រង់​ចំណុច​នេះ មនុស្ស​វ័យ​ចំណាស់ និង​មន្ត្រីរាជការ​មាន​ឋានៈ​តូចតាច នា​ខេត្ត​ព្រះសីហនុ ថ្លែង​ហួសចិត្ត កាល​បើ​បទបញ្ជា របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ដាក់បទបញ្ជា ឲ្យ​មន្ត្រី​នៅតាម​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ក្រោម​ឱវាទ ឲ្យ​ការពារ​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​រួមមាន​៖ បឹង​ធម្មជាតិ ព្រៃកោងកាង ឆ្នេរសមុទ្រ និង​ធនធាន​ជីវៈចម្រុះ​បាតសមុទ្រ​ជាដើម ឲ្យបាន​គង់វង្ស ប៉ុន្តែ​បែរជា​មន្ត្រីក្រោមឱវាទ​មួយចំនួន មិន​អនុវត្ត​តាម​បទបញ្ជា របស់​ប្រមុខ​ដឹកនាំ​បែប​នេះ​ទេ​។ ផ្ទុយ​ទៅ​វិញ​មន្ត្រី​មួយចំនួន​បែរជា​បាន ធ្វើ​សកម្មភាព​ផ្គើន​ទៅនឹង​បទបញ្ជា សម្តេច ហ៊ុន សែន ថែម​ទៀត​។​

​ត្រង់​ចំណុច​នេះ ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ បាន​លើក​ជា​ឧទាហរណ៍​ដូចជា​ករណី ទ្រព្យសម្បត្តិ​សាធារណៈ របស់ រដ្ឋ ឬ​ធនធាន​ធម្មជាតិ ដែល​មាន​នៅ​ខេត្ត​ព្រះសីហនុ​មាន​ដូចជា​៖ ធនធានធម្មជាតិ​បឹង​ព្រែក​ទប់ ដែល​ជា​បឹង​ទឹកសាប​មាន​ទីតាំង​នៅ​ចាប់​ឆ្នេរ​ឯករាជ្យ ឬ​ឆ្នេរ​សណ្ឋាគារ ៧​ជាន់ ដែល​ដូនតា​បន្សល់​ទុក​រាប់សិប​ឆ្នាំ មកហើយ ទុក​សម្រាប់​ស្តុក​ទឹកសាប​ប្រើប្រាស់​ទូទាំង​ខេត្ត​នេះ ប៉ុន្តែ​បច្ចុប្បន្ន​បែរជា​ត្រូវ​ជន​មាន​មហិច្ឆិតា បាន​ចាក់ដី​រំលោភ​យក​ដី​បរិវេណ​មាត់​បឹង​មួយ​នេះ​ធ្វើ​កម្មសិទ្ធិ​ទាំងស្រុង​អស់​ទៅហើយ​។​

​ទាក់ទិន​បញ្ហា​បឹង​ព្រែក​ទប់​នេះដែរ កាលពី​អំឡុង​ពេល លោក សាយ ហាក់ មក​ដឹកនាំ​ជា​អភិបាលខេត្ត​ព្រះសីហនុ គឺ​ត្រូវ​អតីត​អភិបាលខេត្ត​រូបនេះ បាន​ឲ្យ​អាជ្ញាធរ វាយកំទេច​សំណង់ផ្ទះ​វីឡា របស់ លោក ខាត់ ប៊ុណ្ណា អតីត​អនុប្រធាន​មន្ត្រី​សុរិយោដី​ខេត្ត​ព្រះសីហនុ ដែល​ទើប​ដកដំណែង​ថ្មីៗ ទៅ​តាម​បទបញ្ជា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ម្តង​រួចមកហើយ ក៏​ប៉ុន្តែ​បច្ចុប្បន្ន​នេះ បរិវេណ​ដី​ត្រង់​ចំណុច​ផ្ទះ​វីឡា លោក ខាត់ ប៊ុណ្ណា ដែល​ត្រូវ​វាយ​កំទេច​ចោល​នោះ ត្រូវ​បុគ្គល​ផ្សេង​យក​ធ្វើ​កម្មសិទ្ធិ​ឯកជន​ជា​បន្ត​ទៀត​។

​ផ្តើម​ពី​បញ្ហា​នេះ មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ បាន​សំណូមពរ​ដល់ សម្តេច​ហ៊ុន សែន ជួយ​អភិរក្ស​ថែរក្សា​ចំណី​មាត់​បឹង​ព្រែក​ទប់ និង​ផ្ទៃ​បឹង​ព្រែក​ទប់​ទាំងមូល ឲ្យមាន​ទំហំ​ធំ​ទូលំទូលាយ​ដូចដើម​វិញ​។ ជាងនេះទៀត ក៏​សំណូមពរ​ឲ្យ​សម្តេច ជួយ​ពិចារណា​ឈាន​ដល់​និរាករណ៍​រាល់​បណ្ណ​កម្មសិទ្ធិ​ទាំងឡាយណា ដែល​ចេញ​រំលោភ​ប៉ះពាល់​ដល់​ដី​ចំណី​មាត់​បឹង ឬ​ផ្ទៃ​រង​ទឹកភ្លៀង​បឹង​ព្រែក​ទប់ ផ្ទុយ​ពី​ច្បាប់រដ្ឋធម្មនុញ្ញ បានកំណត់ ត្រូវ​ដកហូត​ដី​នោះ យកមក​ដាក់​ជា​សម្បត្តិ​រដ្ឋ​គ្រប់គ្រង​វិញ​។

​ទោះជា​បែប​នេះ​ក្តី កាលពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៧ លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ចេញ​លិខិត​ជម្រាបជូន លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ដោយ​បើកផ្លូវ​ឲ្យ​រដ្ឋបាល​ខេត្ត​នេះ អាច​ដំណើរការ​ចុះបញ្ជី​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ ជូន​ប្រជាពលរដ្ឋ​មាន​សិទ្ធ​កាន់កាប់​ដី នៅ​ជុំវិញ​មាត់​បឹង​ព្រែក​ទប់ ស្ថិតក្នុង​សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ អាច​ប្រើប្រាស់ ដោយ​ស្របច្បាប់​រួចហើយ​។​

​បន្ថែម​លើ​នេះ លោក ជា សុផារ៉ា ក៏​តម្រូវឲ្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ រក្សា​ទីតាំង​តំបន់​អភិរក្ស​ទឹកសាប​បឹង​ព្រែក​ទប់​មាន​ទំហំ​ជាង ១៦​ហិកតារ (១៦,៣) ឲ្យស្រប​តាម​អនុក្រឹត្យ របស់​រាជរដ្ឋាភិបាល ចុះ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៦ ដោយ​ត្រូវ​រក្សា​ដី​ចំណី​ផ្លូវ​ជុំវិញ​បឹង​សងខាង​អ័ក្ស​ផ្លូវ​សរុប​មាន​ទទឹង ២០​ម៉ែត្រ សម្រាប់​រៀបចំ​ជា​ផ្លូវ​ទំនប់ ប្រព័ន្ធ​លូបង្ហូរទឹក​កខ្វក់​នៅតាម​បណ្ដោយ​ដី​ចំណី​ផ្លូវ​ព័ទ្ធជុំវិញ​បឹង និង​ត្រូវការពារ​ប្រឡាយ​ធម្មជាតិ ដែល​ត​ភ្ជាប់​ទៅ​នឹង​បឹង​ធម្មជាតិ​មួយ​នេះ ហើយ​ត្រូវ​រៀបចំ​ប្រព័ន្ធ​អាង​ចម្រោះ​ទឹក​កខ្វក់ នៅខាងមុខ​ប្រឡាយ​នោះ មុន​នឹង​បង្ហូរទឹក​ចេញពី​ប្រឡាយ​ចូលទៅ​ក្នុង​ផ្ទៃ​បឹង​ព្រែក​ទប់​។​

​ត្រង់​ចំណុច​នេះ អ្នកឃ្លាំមើល​ផែន​ការអភិវឌ្ឍ​សង្គម​មួយចំនួន ក៏​ថ្លែង​ហួសចិត្ត​កាលបើដឹងថា មហិច្ឆិតា​ដឹក​ដី​ចាក់​រំលោភ​យក​បឹង​ធម្មជាតិ​ទឹកសាប នៃ​បឹង​ព្រែក​ទប់ ដែល​បុគ្គ​មានអំណាច និង​ឈ្មួញ​មានទ្រព្យ​មួយចំនួន បាន​ព្យាយាម​នា​ពេលកន្លងមក ប៉ុន្តែ​ពេល​នេះ​ពួកគេ​បាន​សម្រេច​បំណង​ដោយ​ជោគជ័យ និង​ឈាន​ទៅ​ទទួលបាន​ប្លង់​កម្មសិទ្ធិ​កាន់កាប់​ដី នៅ​ជុំវិញ​បរិវេណ​មាត់បឹង​ធម្មជាតិ​ទឹកសាប​មួយ​នេះ ដោយ​ស្របច្បាប់​ថែម​ទៀត​។​

​យោង​តាម​តារាង ឬ​បញ្ជី​ឈ្មោះ​អ្នក​មាន​ចំណែក​ក្បាលដី នៅ​ជុំវិញ​បរិវេណ​មាត់បឹង​ព្រែក​ទប់ មាន​ទីតាំង​នៅក្នុង​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ បង្ហាញថា បុគ្គល​មាន​ឈ្មោះ​កាន់កាប់​ដី​នៅ​ជុំវិញ​បរិវេណ​មាត់បឹង​ព្រែក​ទប់​ភាគច្រើន គឺជា​មន្ត្រី​មាន​ឋានៈ​បុណ្យស័ក្តិ​ខ្ពស់ កំពុង​បម្រើ​ការងា​នៅតាម​មន្ទីរ ស្ថាប័ន​រដ្ឋ​មួយ​ចំនួន​នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ និង​មន្ត្រី​ខ្លះទៀត កំពុង​បំរើ​ការងារ​នៅតាម​ក្រសួង​ស្ថាប័ន​ថ្នាក់ជាតិ ដោយ​មាន​ទាំង​ស្ថាប័ន​កងកម្លាំងប្រដាប់អាវុធ និង​ស្ថាប័ន​ស៊ីវិល​ផង​ដែរ​។​

​បញ្ហា​នេះ សម្រាប់​អ្នក​ឃ្លាំមើល​ការងារ​អភិវឌ្ឍ​សង្គម​មួយ​ចំនួន ប្រចាំ​ខេត្ត​ព្រះសីហនុ ក៏​បង្ហាញ​ការសោកស្តាយ កាល​បើ​សង្កេតឃើញថា បទបញ្ជា របស់ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​នៅក្នុង​វេទិកា​ការពារ​បរិស្ថាន ឬ​ធនធាន​ធម្មជាតិ លើក​ទី​២ កាលពី​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៧ នា​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ ប៉ុន្តែ​បែរជា​មិន​មាន​មន្ត្រីក្រោមឱវាទ របស់​សម្តេច អនុវត្ត​តាម​ឲ្យមាន​ប្រសិទ្ធភាព​ទេ​។ ហើយ​ផ្ទុយទៅវិញ​ថែមទាំង​បាន​ផ្គើន ទៅនឹង​បទ​បញ្ជា របស់​សម្តេច​បែបនេះ​ទៅ​វិញ​ទេ​។​

​យោង​តាម​ឯកសារ របស់​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម ខេត្ត​ព្រះសីហនុ បង្ហាញថា ដើមឡើយ​ដី​នៅ​ជុំវិញ​បរិវេណ​នៅ​ជុំវិញ​មាត់បឹង​ព្រែក​ទប់ ឬ​ផ្ទៃ​រង​ទឹកភ្លៀង និង​ផ្ទៃ​បឹង​ព្រែក​ទប់​ទាំងមូល មាន​ទំហំ​សរុប​ជាង ២​រយ​ហិច​តារ​។ ប៉ុន្តែ​ក្រោយមក បន្ទាប់​ពី​មាន​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដី​ផ្ទៃ​រង​ទឹកភ្លៀង​ខុសច្បាប់​ពី​ឈ្មួញ និង​មន្ត្រី​មាន​អំណាច​ជា​បន្តបន្ទាប់ ដោយ​មាន​ការឃុបឃិត​ពី​មន្ត្រី​ស្ថាប័ន​ជំនាញ​ខ្លះ នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ក្នុង​អាណត្តិ​មុនៗ ទើប​នាំ​ឲ្យ​បរិវេណ​មាត់​បឹង និង​ផ្ទៃ​បឹង​ព្រែក​ទប់ បាន​រួម​នៅ​សល់​ជាង ៩០​ហិច​តារ​  ដែល​កាលណោះ នៅក្នុង​អាណត្តិ លោក សាយ ហាក់ ដឹកនាំ​ជា​អភិបាលខេត្ត​ព្រះសីហនុ​។ ក្រោយមកទៀត នៅក្នុង​អាណត្តិ​ទី​៤ ដែល លោក ស្បោង សារ៉ាត់ ដឹកនាំ​ជា​អភិបាលខេត្ត​ព្រះសីហនុ​វិញ​ម្តង គឺ​ទាំង​ដី​ចំណី​មាត់​បឹង និង​ផ្ទៃ​បឹង​ព្រែក​ទប់ ដែល​នៅសល់​ជាង ៩០​ហិច​តារ ត្រូវបាន​មន្ត្រី​មានអំណាច និង​ឈ្មួញ​មានទ្រព្យ​មួយចំនួន បាន​បន្ត​ឃុបឃិត​គ្នា រំលោភ​ធ្វើជា​កម្មសិទ្ធិ​ស្ទើរ​ទាំងស្រុង​រលាយ​ហិនហោច​ដល់​សព្វថ្ងៃនេះ​។

​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដី​នៅ​ជុំវិញ​បរិវេណ​បឹង​ព្រែក​ទប់​នេះ​ទាំង លោក ស្បោង សារ៉ាត់ អតីត​អភិបាលខេត្ត​ព្រះសីហនុ និង​អតីត​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ព្រះសីហនុ ក្នុង​រជ្ជកាល​នោះ​បាន​ដឹង​យ៉ាងច្បាស់​ថា ដី​ចំណី​មាត់​បឹង និង​ផ្ទៃ​រង​ទឹកភ្លៀង​បឹង​ព្រែក​ទប់ ដែល​ត្រូវ​បាត់បង់ ឬ​រួម​តូច​មក​ដល់​សព្វថ្ងៃនេះ បណ្តាល​មក​ពី​បុគ្គល​ណា​រូប​ណាខ្លះ ដែល​នៅ​ពីក្រោយ​សកម្មភាព​ចូល​ទន្ទ្រាន​កាន់កាប់​ដី​នៅ​ជុំវិញ​បរិវេណ​មាត់បឹង​ព្រែក​ទប់​នេះ​..?​។ ជា​បន្តបន្ទាប់​មក​ទៀត លោក ស្ប៉ោ​ង សារ៉ាត់ អតីត​អភិបាលខេត្ត​ព្រះសីហនុ បានសម្រេច​រក្សា​ផ្ទៃ​បឹង​ព្រែក​ទប់ នៅ​ចន្លោះ​ពី ១៥ ទៅ ១៦​ហិកតារ​តែ​ប៉ុណ្ណោះ​។​

​យ៉ាងណា​ក៏ដោយ​ចុះ ងាក​មក​រជ្ជកាល លោក យន្ត មីន បាន​មក​ដឹកនាំ​ជា​អភិបាលខេត្ត​ព្រះសីហនុ​ក្នុង​អាណត្តិ​នេះ​វិញ​ម្តង​។ លោក យន្ត មីន ដែល​បាន​ចូល​មក​កាន់​តំណែង​អភិបាលខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ចន្ទ ទី​៧ ខែ​កញ្ញា ឆ្នាំ​២០១៥ មានប្រសាសន៍ថា បញ្ហា​ទាំងឡាយ​កើតមាន​នៅ​បឹង​ព្រែក​ទប់ មាន​ទីតាំង​នៅក្នុង​សង្កាត់​លេខ​៣ នា​ពេលកន្លងមក រូប​លោក​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ ប៉ុន្តែ​អ្វី​ដែល​មាន​នៅ​សេសសល់​ចុងក្រោយ​នេះ និង​ជាក់ស្តែង​នៅ​បឹង​ព្រែក​ទប់​នេះ គឺ​រូប​លោក​ត្រូវ​ថែរក្សា​ការពារ​ឲ្យបាន​គង់វង្ស និង​អនុវត្ត​ឲ្យស្រប​តាម​ច្បាប់​បានកំណត់​។ លោក យន្ត មីន ឲ្យដឹងថា កន្លងមកនេះ បឹង​ធម្មជាតិ​ទឹកសាប​ព្រែក​ទប់ ត្រូវបាន​ក្រុម​ការងារ​ចម្រុះ របស់​រាជរដ្ឋាភិបាល​រួមមាន​៖ មន្ត្រី​ជំនាញ​មកពី​ក្រសួង​រៀបចំ​ដែនដី មន្ត្រី​មន្ទីរ​សុរិយោដី​ខេត្ត និង​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ជាដើម បាន​ចុះ​អនុវត្ត​ការងារ តាម​សេចក្តីសម្រេច របស់​រាជរដ្ឋាភិបាល ដើម្បី​ឈាន​ទៅ​អភិរក្ស​ថែរក្សា​ការពារ បឹង​ធម្មជាតិ នៃ​ផ្ទៃ​បឹង​ព្រែក​ទប់ មាន​ទំហំ​ជាង ១៦​ហិច​តារ (១៦,៣​ហិច​តារ​) ទុក​សម្រាប់​រក្សា​ប្រភព​ទឹកស្អាត និង​ដាក់​ការពារ​ដោយ​ព្រះរាជ្យក្រឹត្យ​។​

​ផ្តើម​ពី​បញ្ហា​នេះ ទាំង​ភ្ញៀវទេសចរ មន្ត្រីរាជការ ពិសេស​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ​ភាគច្រើន បាន​ងាក​មក​សំណូមពរ​ដល់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យជួយ​ពិចារណា ឈាន​ទៅ​ដកហូត​យក​ដី​ជុំវិញ​បរិវេណ​បឹង​ព្រែក​ទប់ ពី​បុគ្គល​មាន​មហិច្ឆិតា​មួយចំនួន ដែល​បច្ចុប្បន្នេះ មាន​បុគ្គល​ខ្លះ​បាន​សង់​សំណង់​រឹងមាំ និង​ចាក់​ដី​ហ៊ុំ​ព័ទ្ធ​របង​កំណត់​ព្រំ​ដី​ឬ​ក្បាល​ដី​កម្មសិទ្ធិ​រៀងៗ​ខ្លួន ដើម្បី​ឈាន​ទៅ​រក្សា​ការពារ​ទំហំ​បរិវេណ​ជុំវិញ​មាត់បឹង និង​ផ្ទៃ​បឹង​ព្រែក​ទប់​ទាំងមូល ឲ្យបាន​ធំ​ទូលំទូលាយ​មាន​ទំហំ​រាបរយ​ហិច​តារ​ដូចដើម​វិញ​។ ជាងនេះទៀត ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ ក៏បាន​សំណូមពរ​ដល់​សម្តេច ឲ្យជួយ​អភិរក្ស​ការពារ​ដី​នៅ​ជុំវិញ​បរិវេណ​បឹង​ព្រែក​ទប់ ដែល​ជា​បឹង​ធម្មជាតិ​ទឹកសាប​ដ៏​អច្ឆរិយ មាន​ទីតាំង​នៅ​ជាប់​សមុទ្រ នៃ​ឆ្នេរ​ឯករាជ្យ ឬ​ឆ្នេរ​សណ្ឋាគារ ៧​ជាន់ ស្ថិតក្នុង​សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ ដើម្បី​ទុកជា​កេរ្តិ៍ដំណែល សម្រាប់​កូនចៅ​ជំនាន់​ក្រោយ របស់ សម្តេច បាន​ប្រើប្រាស់​ទឹកសាប​បឹង​ធម្មជាតិ​មួយ​នេះ ជា​រៀងរហូត​នា​ថ្ងៃ​អនាគត​៕ ដែន សីមា​

spot_img
×