Monday, December 6, 2021

នីតិរដ្ឋ គឺជា​មធ្យោបាយ​តែមួយ ដើម្បី​បញ្ចប់​បដិវត្តន៍​ពណ៌

ភ្នំពេញ​៖ កម្ពុជា​ប្តេជ្ញាចិត្ត​បន្តដំណើរ​លើផ្លូវ​ដ៏​ត្រឹមត្រូវ លើផ្លូវ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដែល​មិន​បំផ្លាញ​សន្តិភាព ដើម្បី​ជាតិ​មានជីវិត​និង​ដើរទៅ​មុខជា​និច្ច​។ ប្រជាធិបតេយ្យ​ដែល​គ្មាន​នីតិរដ្ឋ គឺ​អនាធិបតេយ្យ​។ នីតិរដ្ឋ​គឺជា​មធ្យោបាយ​តែមួយ ដើម្បី​បញ្ចប់​បដិវត្តន៍​ពណ៌​។

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ប៉ុល សារឿន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ បាន​មានប្រសាសន៍ថា បញ្ជាការដ្ឋាន​អង្គរក្ស​ដែលមាន​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​មិត្តភាព​កម្ពុជា​-​ឥណ្ឌូនេស៊ី ធ្វើជា​សេនាធិការ បាន​យកចិត្តទុកដាក់​ខ្ពស់ ក្នុងការ​ហ្វឹកហ្វឺន​កម្លាំង​ជាប់​ជាប្រចាំ សំដៅ​កសាង​និង​ពង្រឹង​ធនធានមនុស្ស​ឱ្យមាន​សមត្ថភាព​ប្រកបដោយ​ឆន្ទៈ​មោះមុត ជា​កងកម្លាំង​រៀបរយ មាន​វិន័យ​ម៉ឺងម៉ាត់ ឆ្លើយតប​នឹង​ភារកិច្ច​ជាច្រើន ជាពិសេស កិច្ចការពារ​សន្តិសុខ សុវត្ថិភាព​ជូន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​ក្រុមគ្រួសារ និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ជាតិ​-​អន្តរជាតិ និង​បានរួម​ចំណែក​តស៊ូ​ប្តូរផ្តាច់​ក្នុង​កិច្ចការពារ​បូរណភាព​ទឹកដី និង​បានរួម​ចំណែក​ថែរក្សា​សន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ បានល្អ​ប្រសើរ​ជូន​ប្រទេសជាតិ ។​

​ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន ជំនាញ​អង្គរក្ស​ពិសេស​ជំនា​ន់ទី​២៣ និង​បើក​វគ្គ​ហ្វឹកហ្វឺន ជំនាញ​អង្គរក្ស​ពិសេស​ជំនា​ន់ទី​២៤ ដែលមាន​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ប៉ុល សារឿន ជា​គណៈអធិបតី បាន​ថ្លែង​បញ្ជាក់ថា កងយោធពល​ខេមរភូមិន្ទ ប្តេជ្ញា​ដាច់ខាត​ការពារ​រាល់​វិធានការ​និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល និងសេចក្តីសម្រេច​ចិត្ត​របស់​ស្ថាប័ន​រដ្ឋសភា ព្រឹទ្ធសភា ដែល​បម្រើ​នូវ​ឧ​ត្ត​ម​ប្រយោជន៍​ជាតិ នាំមក​នូវ​សុខសន្តិភាព និង​ឈរលើ​វិថី​នៃ​ការអភិវឌ្ឍ​ប្រទេសជាតិ ឱ្យ​កាន់តែ​រីកចម្រើន​។ កងយោធពល​ខេមរភូមិន្ទ មាន​ភារកិច្ច​ចម្បង​បំផុត​ក្នុងការ​ថែរក្សា​នូវ​មនុញ្ញផល​នៃ​សន្តិភាព ដើម្បី​ការអភិវឌ្ឍ​សម្រាប់​ប្រជាជន​កម្ពុជា​គ្រប់រូប​។ កងយោធពល​ខេមរភូមិន្ទ បាននិងកំពុង​ត្រៀម​អនុវត្ត​សកម្មភាព​និង​ចំណាត់ការ​គ្រប់យ៉ាង​ជាមួយ​កម្លាំង​ពេញលេញ ដើម្បី​ប្រឆាំង​រាល់​ការបង្ក​ហេតុ ដើម្បី​ថែរក្សា​សន្តិសុខ​និង​សន្តិភាព​ជាតិ​។​

​លោកនាយក​ឧ​ត្ត​ម​សេនីយ៍ បាន​លើកឡើងថា សិក្ខាកាម​ទាំងអស់ ត្រូវ​ស្មោះត្រង់​ដាច់ខាត​ចំពោះ​ជាតិ បន្ត​ស្វ័យ​សិក្សា គោរព​វិន័យ មាន​ភក្តីភាព មានចិត្ត​ក្លាហាន​មោះមុត មានការ​ទទួលខុសត្រូវ​ខ្ពស់ មាន​សាមគ្គី​ភាពល្អ និង​ស្មោះត្រង់​ដាច់ខាត​ចំពោះ​ថ្នាក់ដឹកនាំ ដើម្បី​បំពេញភារកិច្ច​ទទួលបាន​ជោគជ័យ និង​អភិវឌ្ឍន៍​ខ្លួន​ឱ្យ​កាន់តែ​រីកចម្រើន​។ អង្គភាព ត្រូវ​រួមសហការ​ជាមួយ​បណ្តា​ស្ថាប័ន​ពាក់ព័ន្ធ ក្នុង​កិច្ចការពារ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ ជូន​ថ្នាក់ដឹកនាំ និង​ឥស្សរជន​ជាន់ខ្ពស់​ជាតិ​-​អន្តរជាតិ ជាពិសេស ការពារ​សន្តិសុខ សុវត្ថិភាព​ឱ្យបាន​១០០% ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​ក្រុមគ្រួសារ ។ ត្រូវ​សហការ​ថែរក្សា ការពារ​ឱ្យបាន​ដាច់ខាត​នូវ​សន្តិភាព ការពារ​រដ្ឋធម្មនុញ្ញ ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ ការពារ​បូរណភាព​ទឹកដី និង​ប្រឆាំង​ដាច់ខាត​នូវ​ក្រុម​ជ្រុលនិយម ឬ សកម្មភាព​ណាមួយ នាំឱ្យមាន​ភាពវឹកវរ​ក្នុង​សង្គមជាតិ ដែលមាន​ចរិត​បដិវត្តន៍​ពណ៌ ក្នុង​គោលបំណង​បំផ្លាញ សុខសន្តិភាព សេចក្តីសុខសាន្ត​របស់​ប្រជាពលរដ្ឋ និង​ការរីកចម្រើន​របស់​ប្រទេសជាតិ​៕ ដោយ​៖​ជាលី​