Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ក្រឡាហោម ស ខេង ៖ អាណត្តិ​ទី​៦​ខាងមុខ​នេះ​នឹង​បញ្ចូល​ស្ត្រី​ឲ្យបាន​ច្រើន​ក្នុង​បេក្ខភាព​តំណាងរាស្ត្រ​

spot_img

​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​កម្ពុជា និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាង​ថា នៅក្នុង​អាណត្តិ​ទី​៦ នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ក្នុង​ខែ​កក្កដា​ខាងមុខនេះ គណបក្ស​ប្រជាជន​កម្ពុជា​នឹង​បញ្ចូល​ស្ត្រី​ឲ្យបាន​ច្រើន​នៅក្នុង​បេក្ខភាព​តំណាងរាស្ត្រ​ជា​ស្ត្រី ដើម្បី​ចូលរួម​អនុវត្តន៍​នូវ​គោល​យោ​បាយ​យេនឌ័រ ហើយ​ថា ស្ត្រី​ខ្លួនឯង​ក៏​ត្រូវតែ​ជួយ​ខ្លួនឯង​ផង​ដែរ តាមរយៈ​ការពង្រឹង​នូវ​សមត្ថភាព ចំណេះ​ជំនាញ​ឲ្យបាន​ខ្ពស់​បូករួម​ជាមួយ​និ​ង​ការចូលរួម​គាំទ្រ​ពី​ស្ត្រី​ជួយ​ស្ត្រី​គ្នាឯង​ផងដែរ ។

​ក្នុង​ពិធី​សំណេះសំណាល​អបអរសាទ​រ​ទិវា​អន្តរជាតិ​នារី ៨​មីនា ខួប​លើក​ទី​១០៧ ក្រោម ប្រធានបទ ស្ត្រី​រួម​គ្នា​រក្សា​សន្តិភាព​ដើម្បី​អភិវឌ្ឍន៍​ជាតិ នៅ​ព្រឹក​ថ្ងៃទី​៩ ខែ​មីនា ឆ្នាំ​២០១៨​នេះ នាទីស្តី​ក្រសួងមហាផ្ទៃ សម្តេច​ក្រឡាហោម ស ខេង បាន​លើកឡើង​ថា ក្នុង​ក្របខណ្ឌ​គណបក្ស​ប្រជាជន ការជ្រើសរើស​បេក្ខភាព​តំណាងរាស្ត្រ​នេះ គឺ​ត្រូវបាន​ជ្រើសរើស​ពី​គណបក្ស​ខេត្ត និង​ក្រុមការងារ​ខេត្ត ដើម្បី​យក​មក​ជ្រើសរើស​នៅ​គណបក្ស​ប្រជាជន​ថ្នាក់កណ្តាល ។​

​សម្តេច​ក្រឡាហោម ថា ការជ្រើសរើស​បែបនេះ នឹង​ផ្តល់​លទ្ធភាព​ឲ្យ​គណបក្ស​បញ្ចូល​ស្ត្រី​ឲ្យបាន​ច្រើន​នៅក្នុង​បេក្ខភាព​តំណាងរាស្ត្រ​ជា​ស្ត្រី សម្រាប់​ការប្រកួតប្រជែង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ខាងមុខនេះ ។​

​សម្តេច​ក្រឡាហោម ស ខេង បាន​លើកឡើង​ជា​ឧទាហរណ៍​ថា ការលើកកម្ពស់​ស្ត្រី​ឲ្យបាន​ច្រើន​នេះ គឺ​បើ​យើង​សម្លឹង​មើល​បណ្តា​ប្រទេស​លើ​ពិភពលោក​នោះ គឺមាន​តែ​ប្រទេស​ស៊ុយអែត​តែមួយគត់ ដែល​បាន​អនុវត្តន៍​បានល្អ​ជាង​គេ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ។ ក្នុងនោះ ជា​គោលការណ៍​នៃ​យន្តការ​តែងតាំង​សមាសភាព​រដ្ឋាភិបាល​នោះ គឺ​ស្ត្រី​៥០​ភាគរយ និង​បុរស​៥០​ភាគរយ ៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×