Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហរដ្ឋអាមេរិក​ផ្តល់​ជំនួយ​មក​អង្គភាព​ស៊ីម៉ាក់​

spot_img

​ភ្នំពេញ ​៖ លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល សកម្មភាព​កម្ចាត់​មីន​កម្ពុជា (​ស៊ីម៉ាក់​) បាន​ថ្លែងថា អាមេរិក​បាន​បន្ត​ផ្តល់​ជំនួយ​ចំនួន​៤​លាន​ដុល្លារ​ដល់​ស៊ីម៉ាក់ សម្រាប់​រយៈពេល​២​ឆ្នាំ ចាប់​គិតពី​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០១៨ ដល់​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ដើម្បី​ស្រាវជ្រាវ និង​បោសសំអាត​កាក​សំណល់ ពី​សង្គ្រាម​បណ្តា​ខេត្ត​ខាងកើត​នៃ​ប្រទេស ជា​ពិសេស​តំបន់​គ្រាប់បែក​ចង្កោម​។​

​លោក ហេង រតនា បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា នៅ​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១៨ នៅ​ទីបញ្ជាការ​ស៊ីម៉ាក់​ភ្នំពេញ ខ្ញុំ​បាន​ទទួល​ស្វាគមន៍​និង​ពិភាក្សា​ការងារ​ជាមួយ​ក្រុម​មន្ត្រី​អនុ​ពន្ធ័​យោធា​អាមេរិក​ប្រចាំ​នៅ​កម្ពុជា និង​ក្រុម​យោធា​ចារ្យ​អាមេរិក​មក​ពី​ទីបញ្ជាកា​រដ្ឋាន​អាស៊ី​ប៉ាស៊ីហ្វិក​។ យើង​បាន​ពិភាក្សា​គ្នា​ការពង្រឹង​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​ឡើងវិញ ហើយ​ភាគី​អាមេរិក​មាន​ចេតនា​ក្នុង​ការបង្កើន​ជំនួយ​លើ​ការគាំទ្រ​ស៊ីម៉ាក់​ឱ្យ​ផ្តល់​ការហ្វឹកហ្វឺន​ជូន​ប្រទេស​ដែល​កំពុង​រង​ផលប៉ះពាល់​ដោយសារ​សង្គ្រាម​។ ក្នុង​ការពិភាក្សា​គ្នា​នេះ ក៏​បាន​ផ្តោត​ជាពិសេស​លើ​បញ្ហា​គ្រាប់បែក​ជា​អាវុធ​គីមី​កាក​សំណល់​ពី​សង្គ្រាម​ផងដែរ ដែល​ចាំបាច់​ត្រូវ​បោសសំអាត​ហើយ​ដែល​គិតគូរ​ជា​សំខាន់​លើ​មូលដ្ឋាន​សមត្ថភាព​ធន​ធាន​មនុស្ស សម្ភារៈ និង​មធ្យាបាយ​ផងដែរ​។ ឆ្លៀត​ក្នុង​ឱកាស​នេះ សូម​បញ្ជាក់​ផង​ដែរ​ថា អង្គភាព​ស៊ីម៉ាក់​បាន​ទទួល​ព័ត៌មាន​ជា​ផ្លូវការ​ពី​អង្គការ​NPA​ថា ស៊ីម៉ាក់​និង​NPA បានឈ្នះ​ការដេញថ្លៃ​ទទួល​ជំនួយ​ពី​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​ដែល​គំរោង​រយៈពេល​២​ឆ្នាំ (១ មីនា​២០១៨​ដល់ ២៨ កុម្ភៈ ២០១៩) មាន​ថវិកា​សរុប​៤​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដោយ​គិត​ក្នុង​ឆ្នាំៗ​ចំនួន​២​លាន​ដុល្លារ​អាមេរិក​។ ជាមួយ​ជំនួយ​នេះ​ស៊ីម៉ាក់​ធ្វើការ​ស្រាវជ្រាវ​និង​បោសសំអាត​កាក​សំណល់​ពី​សង្គ្រាម​បណ្តា​ខេត្ត​ខាងកើត​នៃ​ប្រទេស​ជាពិសេស​តំបន់​គ្រាប់បែក​ចង្កោម​។​

​គួររំលឹកថា កាលពី​ថ្ងៃ​ទី​៦ ខែវិចិ្ឆកា ឆ្នាំ​២០១៧ អង្គការ NPA ដែលជា​អង្គការ​ដៃគូ​ជាមួយ​ស៊ីម៉ាក់ បាន​ផ្តល់​ព័ត៌មាន​ថា ស្ថានទូត​អាមេរិក បានសម្រេច​កាត់​ផ្តាច់​ជំនួយ​មនុស្សធម៌​របស់​ខ្លួន​មក​ស៊ីម៉ាក់ ចាប់ពី​ដើម​ខែ​មករា ឆ្នាំ​២០១៨​តទៅ ដោយ​គ្មាន​ការបញ្ជាក់​ហេតុផល​អ្វី​ច្បាស់លាស់​ឡើយ​។ ភ្លាមៗ​បន្ទាប់​ពី​ប្រកាស​ផ្តាច់​ជំនួយ​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ឆ្លើយតប​ភ្លាមៗ​ថា រាជរដ្ឋាភិបាល​កម្ពុជា ធានា​គ្រប់យ៉ាង​ដោយ​ឲ្យ​ស៊ីម៉ាក់ បន្ត​សកម្មភាព​របស់​ខ្លួន ដូចដើម​មិន​មាន​ការដកថយ​ឡើង​។​

​បន្ទាប់ពី​មាន​ប្រតិកម្ម​ឆ្លើយតប​របស់​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​គម្រោង​ផ្តាច់​ជំនួយ​នេះ ស្រាប់តែ​នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៧ ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បាន​ផ្ញើ​លិខិត​ផ្លូវការ​មួយ​ទៅ​កាន់ លោក ហេង រតនា ដើម្បី​បញ្ជាក់​ថា អាមេរិក​នឹង​បន្ត​ផ្តល់​ជំនួយ ក្នុង​សកម្មភាព​បោសសម្អាត​គ្រាប់បែក​ខ្លួន ដែល​ទម្លាក់​លើ​ទឹកដី​ខ្មែរ​កាលពី​អតីតកាល​។ ការផ្តល់​ជំនួយ​នេះ​ធ្វើ​តាម​លក្ខណៈ​ដេញថ្លៃ​។​

​ជាង​នេះ​ទៅទៀត​នោះ កាលពី​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ មហាមិត្ត​របស់​កម្ពុជា​គឺ​ប្រទេស​ចិន ក៏​បាន​ប្រកាស​ជួយ​ដល់​កម្ពុជា ក្នុង​សកម្មភាព​បោសសំអាត​គ្រាប់​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​កម្ពុជា​ឲ្យអស់ ដោយ​មិន​រើសអើង​ថា ជា​របស់​អាមេរិក ឬ​ប្រទេស​ដទៃ​នោះទេ​។ ការប្រកាស​ផ្តល់ជំនួយ​នេះ ធ្វើឡើង​នៅក្នុង​ជំនួប​ទ្វេភាគី​រវាង​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន និង​លោក លី កឺ​ជាង នាយករដ្ឋមន្ត្រី​ចិន នៅ​ទីក្រុង​ម៉ា​នី​ឡា ប្រទេស​ហ្វីលីពីន ដោយ​រដ្ឋាភិបាល​ចិន បាន​សន្យាថា នឹង​ជួយ​ឱ្យ​អស់​លទ្ធភាព ដើម្បី​បោសសម្អាត​មីន និង​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​កម្ពុជា ឱ្យបាន​ឆាប់រហ័ស​។​

​សូមជម្រាបថា បើ​តាម​របាយកាណ៍​របស់​ស៊ីម៉ាក់ បានបង្ហាញ​ថា​ចន្លោះ​ឆ្នាំ​១៩៦៣ ដល់​ឆ្នាំ​១៩៧៥ អាមេរិក​បាន​ទម្លាក់​គ្រាប់បែក​ជាច្រើន​ប្រភេទ​លើ​ដី​ខ្មែរ ក្នុងនោះ​មាន​គ្រាប់បែក​គីមី​ផងដែរ​។ គ្រាប់​ដែល​ទម្លាក់​មាន​ទម្ងន់​ប្រមាណ ២​លាន​៨​សែន​តោន​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×