Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ជួបប្រជុំ​ជាមួយ​អគ្គនាយកដ្ឋាន​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច ការស្រាវជ្រាវ និង​ច្នៃប្រឌិត​ថ្មី និង​អង្គភាព​ជំរុញ​ផលិតផល​កសិកម្ម​

spot_img

​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស ៖ បន្ទាប់ពី​អញ្ជើញ​ដាក់​តម្កល់​លិខិតុបករណ៍​នៃ​ការចូល​ជា​សមាជិក​ច្បាប់​ទីក្រុង​ហ្សឺ​ណែវ ស្តីពី​កិច្ចព្រមព្រៀង​ទីក្រុង​លី​ស្បោ​ន អំពី​ឈ្មោះ​ប្រភពដើម​ទំនិញ និង​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ នៅ​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក​រួចមក កាលពី​រសៀល​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ហ្សឺ​ណែវ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​គណៈប្រតិភូ បាន​ឆ្លៀតឱកាស​ជួបប្រជុំ​ជាមួយ​អគ្គនាយកដ្ឋាន​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច ការស្រាវជ្រាវ និង​ច្នៃប្រឌិត​ថ្មី និង​អង្គភាព​ជំរុញ​ផលិត ផល​កសិកម្ម ដើម្បី​ស្វែងយល់​ពី​ការអនុវត្ត និង​ស្រង់​យក​បទពិសោធន៍​ល្អៗ ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច ការស្រាវជ្រាវ និង​ច្នៃប្រឌិត​ថ្មី និង​ការជំរុញ​ផលិតផល​កសិកម្ម​ក្នុងស្រុក តាមរយៈ​ការប្រើប្រាស់​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ និង​ម៉ាក​កម្រិត​តំបន់ ក្នុង​តំបន់ Canton of Geneva នៃ​ប្រទេស​ស្វី​ស​។​

​នៅក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា ការអភិវឌ្ឍ​វិស័យ​ស្រាវជ្រាវ និង​អភិវឌ្ឍ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ក្នុងប្រទេស​កម្ពុជា​នៅមានកម្រិត​នៅឡើយ ដោយសារ​ធនធានមនុស្ស ថវិកា និង​ហេដ្ឋារចនាសម្ព័ន្ធ​គាំពារ​នៅមានកម្រិត ដូច្នេះហើយ​ទើប​ក្នុង​ទស្សនវិស័យ និង​ការវិនិយោគ​រយៈពេល​យូរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្កើតឡើង​ក្រុម​ប្រឹក្សាជាតិ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ក្នុង​ឆ្នាំ​២០១៤ ដើម្បី​ដាក់ចេញ​ផែនការមេ​ជាតិ​វិទ្យាសាស្ត្រ និង​ប​ចេ្ច​ក​វិទ្យា ក្នុងទិសដៅ​ជំរុញ និង​សម្របសម្រួល​ការអភិវឌ្ឍ​វិទ្យាសាស្ត្រ និង​ប​ចេ្ច​ក​វិទ្យា​នៅ​កម្ពុជា​។​

“​ក្នុងដំណាក់កាល​អភិវឌ្ឍ​ន៍​នាពេល​បច្ចុប្បន្ននេះ កម្ពុជា​គួរ​ផ្តោតទៅលើ​ការជំរុញ និង​អភិវឌ្ឍ​ផលិតផល​សក្តានុពល​មួយចំនួន ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក ក៏ដូចជា​ទីផ្សារ​អន្តរជាតិ ដោយមាន​ប្រព័ន្ធ​ត្រួតពិនិត្យ​ច្បាស់លាស់​លើ​គុណភាព​ផលិតផល​ក្នុង​កម្រិតស្តង់ដារ​ជាក់លាក់​ណាមួយ ដែល​ធានា​ចំពោះមុខ​អតិថិជន​តាំងពី​កន្លែង​ផលិត​រហូតដល់​ការ​ចែកចាយ​ប្រើប្រាស់​ចុងក្រោយ ដូចជា​ផលិតផល​មាន​លក្ខណៈពិសេស​ផ្សារភ្ជាប់​នឹង​ដែនដី អ័​រ​ហ្គា​និក កសិដ្ឋាន​ធម្មជាតិ ការជ្រើសរើស​ផលិតផល​ល្អៗ​ធ្វើជា​វត្ថុធាតុដើម​។​ល​។ ក្រោមរូបភាព​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ ម៉ាក​សមូហភាព (​ភូមិ​មួយ​ផលិតផល​មួយ​) ម៉ាក​វិញ្ញាតកម្ម​។​ល​។ ដែលជា​ឧបករណ៍​ពង្រីក​ទីផ្សារ​ដែល​ត្រូវការពារ​ក្នុង​កម្រិត​ជាតិ ឬ​អន្តរជាតិ​ឲ្យ​បាន​រឹងមាំ​។ ជាក់ស្តែង​នៅ Maison du Terroir ដែលជា​កន្លែង​បណ្តុះបណ្តាល ជំរុញ កែច្នៃ និង​អភិវឌ្ឍ​ផលិតផល​របស់​ប្រទេស​ស្វី​ស ក្រោមរូបភាព​សហការ​គ្នា​ជា​ដៃគូ​ដែល​ពាក់ព័ន្ធ ដោយ​សំរាំង​យក​ផលិតផល​មាន​លក្ខណៈពិសេស​ផ្សារភ្ជាប់​នឹង​ដែនដី​ល្បីៗ​មក​ធ្វើជា​វត្ថុធាតុដើម ដើម្បី​ផលិត​ផលិតផល​ថ្មី ដូចជា​សាច់ក្រក់​ម៉ាក DON RECROZE បាន​ផលិតឡើង​ដោយមាន​ធាតុ​ផ្សំ​មួយ​ក្នុងចំណោម​ធាតុ​ផ្សំ​ល្បីៗ​ដទៃទៀត គឺ “​ម្រេច​កំពត​” ជាដើម​” លោក ប៉ាន សូរ​ស័ក្តិ បាន​គូសបញ្ជាក់​។​

​លើសពីនេះ លោក​រដ្ឋមន្ត្រី ក៏បាន​លើកឡើង​ផងដែរ​ថា កសិករ ផលិតករ និង​អាជីវករ​កម្ពុ​ជាណា​ដែល​ប្រកាន់យក​នូវ​គំរូ (Model) ក្នុង​ការផលិត និង​កែច្នៃ​ដូច​បាន​បញ្ជាក់ជូន ពិតជា​នាំមក​នូវ​ភាព​រីកចម្រើន ហើយ​ចូលរួមចំណែក​ដល់​ការអភិវឌ្ឍ​ភូមិ​មួយ​ផលិតផល​មួយ សេដ្ឋកិច្ចជាតិ ដោយ​បង្កើត​ការងារ កាត់បន្ថយ​ភាពក្រីក្រ និង​ចំណាកស្រុក​ជាក់​ជាមិនខាន​ឡើយ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×