Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ប៉ាន សូរ​ស័ក្តិ ជួប​ជាមួយ​សមាគម​ផលិត​ករ LA MAISON DU GRUYÈRE ដើម្បី​ពង្រីក​ការប្រើប្រាស់ និង​ស្វែងរក​ដៃគូ​នាំចេញ “​ម្រេច​កំពត​”​ ឲ្យបាន​កាន់តែ​ទូលំទូលាយ​ថែម​ទៀត​

spot_img

(​ទីក្រុង​ហ្សឺ​ណែ​វ ប្រទេស​ស្វីស​)៖ ឆ្លៀត​ឱកាស​ក្នុង​ពេល​តម្កល់​លិខិតុបករណ៍​នៃ​ការចូល​ជា​សមាជិក​ច្បាប់​ទីក្រុង​ហ្សឺ​ណែ​វ ស្តីពី​កិច្ចព្រមព្រៀង​ទីក្រុង​លី​ស្បោន អំពី​ឈ្មោះ​ប្រភព​ដើម​ទំនិញ និង​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ នៅ​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក នៅ​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៨។

លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​គណៈប្រតិភូ បាន​អញ្ជើញ​ជួបពិភាក្សា​ជាមួយ​សមាគម​ផលិត​ករ LA MAISON DU GRUYÈRE លោក M. Eric Thevenod ទីប្រឹក្សា​ផ្នែក​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​នៃ​វិទ្យាស្ថាន​កម្មសិទ្ធិបញ្ញា លោក Georges Magnin តំណាង​ភោជនីយដ្ឋាន នៃ​សហព័ន្ធ​ស្វីស ដើម្បី​ពង្រីក​ការប្រើប្រាស់ និង​ស្វែងរក​ទីផ្សារ​នាំចេញ “​ម្រេច​កំពត​” ឲ្យបាន​កាន់តែ​ទូលំទូលាយ​ថែម​ទៀត និង​អញ្ជើញ​ទស្សនា​ខ្សែចង្វាក់​ផលិតកម្ម​ឈីស LA GRUYÈRE ដែល​ជា​ឈ្មោះ​ប្រភព​ដើម​ទំនិញ​បាន​ការពារ និង​មាន​កិត្តិនាម​ល្បីល្បាញ ដើម្បី​ស្វែងយល់​ពី​ការអនុវត្ត និង​ស្រង់​យក​បទពិសោធន៍​ល្អៗ ក្នុង​ការអភិវឌ្ឍ​ភូមិ​មួយ​ផលិតផល​មួយ ការបង្កើត​ការងារ ការទាក់ទាញ​ភ្ញៀវទេសចរ និង​ការកាត់បន្ថយ​ភាពក្រីក្រ និង​ចំណាកស្រុក តាមរយៈ​ការប្រើប្រាស់​ឈ្មោះ​ប្រភពដើម​ទំនិញ ឬ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ នៃ​សហព័ន្ធ​ស្វីស​ផងដែរ​។​

​សូមបញ្ជាក់​ថា ប្រវត្តិ​នៃ​ឈ្មោះ​ប្រភពដើម​ទំនិញ “LA GRUYÈRE” នេះ បានកកើតឡើង​តាំងពី​ឆ្នាំ ១១១៥ រហូត​មក ដែល​មាន​កិត្តិនាម​ល្បីល្បាញ​ប្រកបដោយ​សក្តានុពល​ក្នុង​ការផលិត​ឈីស (Cheese) ចេញពី​ទឹកដោះគោ ក្នុង​បរិមាណ ២៩០០០​តោន ក្នុង​មួយ​ឆ្នាំ ដែល​ការសម្ងាត់ និង​វិធីសាស្ត្រ​ក្នុងការ​ផលិត​បាន​ផ្ទេរ​ពី​ជំនាន់​មួយ​មក​ជំនាន់​​មួយ​ក្នុងស្រុក LA GRUYÈRE នៃ​សហព័ន្ធ​ស្វីស​ឈីស​។ ផលិត​ឈីស​ឈ្មោះ LA GRUYÈRE នេះ បាន​ផលិតឡើង​ដោយ​ប្រើប្រាស់​ទស្សនទាន និង​ប្រព័ន្ធ​វិញ្ញាតកម្ម​នៃ​ឈ្មោះ​ប្រភពដើម​ទំនិញ ឬ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ ដែល​ផ្សារភ្ជាប់​នឹង​តំបន់​ភូមិសាស្ត្រ​ទំនិញ ទឹកដី ធាតុ​អាកាស កត្តា​មនុស្ស និង​ចំណេះ​ជំនាញ​ជា​លក្ខណៈ​ប្រពៃណី ព្រមទាំង​បាន​ធ្វើ​ទំនើបកម្ម​ជាមួយ​បច្ចេកវិទ្យា​សម័យ​ទំនើប​ខ្លះៗ​ប៉ុណ្ណោះ ទើប​ផលិតផល​ឈីស​ឈ្មោះ LA GRUYÈRE នេះ​មាន​លក្ខណៈ​ពិសេស និង​កិត្តិនាម​ល្បីល្បាញ​ដែល​អតិថិជន​ទទួលស្គាល់ និង​និយម​បរិភោគ​រហូតមក​។​

​ក្នុង​បរិបទ​នាពេល​បច្ចុប្បន្ន​នេះ ការជំរុញ និង​កែច្នៃ​ផលិតផល​ដែល​មាន​លក្ខណៈ​ពិសេស និង​មាន​រសជាតិ​ប្លែកៗ ដោយ​មាន​ប្រព័ន្ធ​ត្រួតពិនិត្យ​ច្បាស់លាស់​លើ​គុណភាព​ផលិតផល​ក្នុង​កម្រិត​ស្តង់ដារ​ជាក់លាក់​ណាមួយ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក ក៏ដូចជា​ទីផ្សារ​អន្តរជាតិ ដែល​អតិថិជន​មាន​ជីវភាព​កាន់តែ​ប្រសើរ​ឡើង​ចង់បាន​អ្វី​ដែល​ប្លែកៗ​មកប្រើប្រាស់ និង​បរិ​ភាគ​នោះ សមាគម​ផលិតករ LA MAISON DU GRUYÈRE ទើបតែ​កែច្នៃ​បង្កើត​ផលិតផល​ឈីស​ប្រភេទ​ថ្មី ដោយ​ប្រើប្រាស់​ម្រេច​ជា​ធាតុ​ផ្សំ​មួយ​សំខាន់​ក្នុង​ការផលិត​របស់​ខ្លួន ដែល​មាន​រសជាតិ​ប្លែក​ថ្មី​មួយទៀត​”​។​

​ឆ្លៀត​យក​ឱកាស​នៃ​ការកែច្នៃ​បង្កើត​ផលិតផល​ឈីស​ប្រភេទ​ថ្មី​របស់​សមាគម​ផលិត​ករ LA MAISON DU GRUYÈRE ខាងលើ លោក ប៉ាន សូរ​ស័ក្តិ បាន​ពិភាក្សា​ជាមួយ​អ្នកពាក់ព័ន្ធ​ខាងលើ ដើម្បី​បញ្ចុះបញ្ចូល​ឲ្យ​សមាគម​បែរ​មក​ប្រើប្រាស់ “​ម្រេច​កំពត​” ជា​ធាតុ​ផ្សំ​ក្នុង​ការផលិត​ឈីស​ប្រភេទ​ថ្មី​នេះ​វិញ ហើយ​ជា​ការឆ្លើយតប​សមាគម​បាន​សន្យា​ធ្វើការ​ពិចារណា និង​ឆ្លៀត​ពេល​មក​ទស្សនា​ចំការ​ម្រេច​កំពត ដើម្បី​ស្វែងយល់​ពី​ប្រវត្តិសាស្ត្រ ភូមិសាស្ត្រ និង​លក្ខណៈពិសេស​របស់​ម្រេច​កំពត​ទៀតផង​។​

​លើសពីនេះ​លោក​រដ្ឋមន្ត្រី ក៏​បាន​គូសបញ្ជាក់​ផងដែរ​ថា បើ “​ម្រេច​កំពត​” ត្រូវ​ជ្រើសរើស​ជា​ធាតុ​ផ្សំ ក្នុង​ការផលិត​ឈីស​ប្រភេទ​ថ្មី​បន្ថែម​ទៀត​នោះ ទីផ្សារ​នាំចេញ “​ម្រេច​កំពត​” នឹង​កាន់តែ​រីក​ធំ​ធាត់​ថែម​ទៀត ដែល​នឹង​ចូលរួម​ចំណែក​លើក​ស្ទួយ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ឲ្យបាន​កាន់តែ​ប្រសើរ​ឡើង​បាន​មួយកម្រិត​ទៀត​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×