Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការបញ្ចុះ​សព​លើក​ទី​ពីរ​នៅ​សម័យ​នគរ​ភ្នំ ករណី​វត្ត​ជើងឯក​

spot_img

ក្នុង​ការស្រាវជ្រាវ​ខាង​បុរាណ​វិទ្យា ដោយ​ការធ្វើ​កំណាយ​តាម​វិធីសាស្ត្រ នៅ​ក្នុង​ស្ថានីយ​ភូមិ​មួយ នៅ​វត្ត​ជើងឯក​ដែល​ជា​ទីប្រជុំជន នា​សម័យ បុរេប្រវត្តិ​សាស្ត្រ លោក ផន ក​សេ​កា បានឲ្យដឹងថា កន្លងមក​នេះ​កាលពី​ឆ្នាំ ២០០៩ លោក​បាន​ជួបប្រទះ កុលាលភាជន៍​មួយចំនួន មាន​ចោះ​រន្ធ​នៅ​បាត តែ​លោក​មិន​ទាន់​យល់​ដឹង​អំពី​មូលហេតុ​នៅឡើយ ។​

ដោយ​មាន​បំណង​ធ្វើការ​សិក្សា​បន្ថែម​លើ​បញ្ហា​នេះ យើង​ក៏​បាន​ស្នើ​ឲ្យ​លោក​ផ្តល់នូវ ទិន្នន័យ​ជា​រូបភាព និង​ឯកសារ​មួយចំនួន​ពាក់ព័ន្ធ ។ បន្ទាប់មក លោក​ក៏​បាន​ទទួល​សំណូមពរ​នេះ​ដោយ​សោមនស្ស ។​

​ការបញ្ចុះ​សព​លើក​ទី ២ នៅ​ថ្មបាំង ខេត្ត​កោះកុង ដោយ​ជនជាតិ​ស្អូច ឬ ជ​ង

ដើម្បី​រួមចំណែក​ក្នុង​ការអភិវឌ្ឍន៍​ចំណេះដឹង​ទូទៅ ដោយហេតុ​ថា​ជិត​ពីរ​ឆ្នាំ​មកហើយ ពុំទាន់​មាន​ការពន្យល់​អំពី​ករណី​ភាជន៍​ខាងលើ​នេះ​នៅឡើយ ដូច្នេះ​តទៅ​នេះ​យើង​សូម​ផ្តល់​ដោយ​សង្ខេប នូវ​ពន្លឺ​ថ្មីៗ ជុំវិញ​បញ្ហា​ដ៏​សំខាន់​នេះ។

បើ​យើង​ប្រៀបធៀប​ជាមួយ​កុលាលភាជន៍​មួយចំនួន នា​ដើម​សម័យ​ប្រវត្តិសាស្ត្រ នៅ​អង្គរបុរី ភូមិ​ស្នាយ និង​ថ្មីៗ​នេះ នៅ​ភូមិ​ព្រែក​តា​គាំ ក្បែរ​ស្ពាន​ជ្រោយចង្វារ យើង​ឃើញថា​កុលាលភាជន៍​នៅ​វត្ត​ជើងឯក ជាពិសេស​ប្រភេទ​ក​ណ្ឌី មាន​លក្ខណៈ​ដូច​គ្នា ពោល​គឺ​មាន​ចោះ​រន្ធ​នៅ​បាត​ក្រឡ ។ គឺ​ប្រការ​នេះ​ហើយ ដែល​បង្ហាញ​ឲ្យដឹងថា ការ​ចោះ​រន្ធ​បែប​នេះ​គឺជា​ប្រពៃណី ទំនៀមទម្លាប់​មួយ​មាន​លក្ខណៈ​ទូទៅ ក្នុង​សម័យ​បុរាណ ដ៏​យូរលង់ ។​

ក្នុង​ការស្រាវជ្រាវ​របស់​យើង ពី​ប្រពៃណី​កប់​សព នៅ​អង្គរបុរី​កន្លងមក យើង​ក៏​បាន​ឃើញ​មាន​ការនិយម​ភាជន៍ សម្រាប់​បញ្ចុះធាតុ​ដោយមាន​ចោះ​រន្ធ​នៅ​បាត​ភាជន៍ ដូចគ្នា​ដែរ ។ ហើយ​សំខាន់​ជាងនេះទៀត​ប្រពៃណី​ប្រជាប្រិយ​នេះ​ក៏​នៅតែ​ត្រូវ​បាន​បន្ត រហូត​ដល់​សព្វថ្ងៃ ដោយ​គ្រាន់តែ​មាន​លក្ខណៈ​បែប​ពុទ្ធ​និយម​ទៅវិញ​ប៉ុណ្ណោះ ។​

នៅ​ខេត្ត​កោះកុង ដោយឡែក​នៅ​ថ្មបាំង​ក៏​ដូច្នេះ​ដែរ គឺ​បងប្អូន ជ​ង ឬ ស្អូច ដែល​ជា​ជនជាតិដើម​ខ្មែរ​ភាគតិច កន្លងមក ក៏​បាន​បញ្ចុះធាតុ​ក្នុង​ក្តារ​ម​ឈូសឈើ ឬ​ក្រឡ ពាង នៅក្នុង​គុហារ ដែល​ស្ថិត​តាម​ចង្កេះភ្នំ​។ តែ​អ្វី​ដែល​ខុសប្លែក​នៅ​តំបន់​ព្រៃ​ភ្នំ​នេះ គឺ​គេ​មិន​ប្រើ​កោ​ដ្ឋ ដើម្បី​ផ្ទុក​អដ្ឋិធាតុ ឬ ធាតុ​របស់​បុព្វបុរស​គេ​ដូច​ពុទ្ធសាសនិក​ទេ ។ តែ​ទោះជា​យ៉ាងណាក៏ដោយ តើ​អត្ថិភាព​នៃ​ទំនៀមទម្លាប់​បញ្ចុះសព​លើក​ទី​ពីរ​ដ៏​មាន​ប្រជាប្រិយ​ខាងលើនេះ មាន​ទំនាក់ទំនង​នឹង​ប្រពៃណី​បញ្ចុះធាតុ​នៅ​វត្ត​ជើងឯក​ដែរ​ទេ ។​

​កណ្ឌី​សម័យ​នគរ​ភ្នំ បាន​ពី​វត្ត​ជើងឯក (​ឯកសារ​របស់លោក ផុន កសិកា នៅ Southeast Asian Cultural Values : Cultural Industry, December 17-18 2009, Siem Reap)

សូមជម្រាបថា ការពិសោធន៍​ដោយ​ចុះ​ទៅ​តាម​ស្រុកភូមិ ដោយ​ធ្វើ​សំនួរ​ផ្ទាល់មាត់ ចាស់ទុំ ដើម្បី​ពង្រីក​ការចេះដឹង បាន​ផ្តល់​នូវ​ពត៌មាន​ជា​វិជ្ជមាន ដោយ​បាន​បង្ហាញ​បញ្ជាក់ឲ្យ​យើង​ដឹងថា ប្រពៃណី​ចោះ​រន្ធ​នៅ​បាត​ភាជន៍​ខាងលើនេះ ពិតជា​ពាក់ព័ន្ធ​និង​ការ​បញ្ចុះសព​លើក​ទី​ពី​យ៉ាង​ប្រាកដ ។ ដោយហេតុ​ថា ជាទូទៅ រហូតដល់​បច្ចុប្បន្ន ក្រោយ​ពី​ការ​គាស់​ឆ្អឹង​សព ទៅ​បូជា​និង​ភ្លើង​ឲ្យ​សល់​តែ​សំណុះ​ឆ្អឹង​តូចៗ គេ​ក៏​រើស​យក​ធាតុ​ទាំងនោះ ដើម្បី​យកទៅ​ដាក់​ក្នុង​កោដ្ឋ ឬ​ក្នុង​ក្រឡ​មួយ​ជាទី​គោរព​របស់​គេ ។ ការធ្វើអង្កេត​បានឲ្យដឹង​ទៀតថា មុន​នឹង​ដាក់​កំទេច​ឆ្អឹង​ទាំងនោះ​ក្នុង​កោដ្ឋ​ធ្វើ​អំពី​ស្ពាន់ ឬ​ប្រាក់ ឬ​ក៏​ដី​ដុត កូនចៅ​សព​រមែង​តែង​យក​កំទេច​ឆ្អឹង​ទាំងនោះ ដាក់​ក្នុង​ចាន​ហើយ​លាង​ឲ្យ​ស្អាត​ដោយ​ប្រើ​ទឹក​ដូងខ្ចី ហើយ​ថែមទាំង​ហាល​ឲ្យ​ស្ងួត​ជាមុនសិន​ផងដែរ ។ បន្ទាប់មក​ពួកគេ​យក​កោដ្ឋ​ផ្ទុក​ធាតុ​ទាំងនោះ ទៅ​ដាក់​តម្កល់​លើ​អាសនៈ ឬ​នៅ​លើ​ក្បាល​ទូ​នៅលើ​ផ្ទះ​ខ្ពស់​ពី​ដី​ដើម្បី​ជាទី​គោរព​សក្ការៈ ។​

​ឆ្នាំង​ដែល​មាន​ចោះ​រន្ធ​សំរាប់​បញ្ចុះ​អដ្ឋិធាតុ (​ឯកសារ​របស់លោក ផុន កសិកា នៅ Southeast Asian Cultural Values : Cultural Industry, December 17-18 2009, Siem Reap)

នៅ​ទីបំផុត ក្រោយពេល​ដែល​បាន​គោរពបូជា​ធាតុ​ទាំងនោះ​បាន​ប្រមាណ​ជាមួយ ឬ​ពី​តំណ មនុស្ស​រួច​មក គេ​យក​កោដ្ឋ​នោះ​ទៅ​បញ្ចុះ​ក្នុង​ចេតីយ ។ ចំណែក​អ្នកក្រ​វិញ គេ​គ្រាន់តែ​យក​ធាតុ​ឪពុក​-​ម្តាយ យាយ​-​តា របស់​ខ្លួន​ទៅ​បញ្ចុះ​លើ​ទួល​ណាមួយ ដែល​ទឹក​មិន​លិច ហើយ​ស្ថិត​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ស្រុក​ភូមិ តាម​គន្លង​ប្រពៃណី ព្រះពុទ្ធសាសនា ។​

ការសិក្សា​ស្រាវជ្រាវ​បានឲ្យដឹង​ទៀតថា គេ​មាន​ទម្លាប់​និមន្ត​ព្រះសង្ឃ​ដើម្បី​សូត្រធម៌​បង្សុកូល ឧទ្ទិស បុណ្យ​កុសល​ជូន​ដល់​មាតាបិតា ជីដូន​ជីតា ជា​រៀងរាល់ឆ្នាំ​មិន​ដាច់​ទេ ។ ពីរ​ឬ​បី​ឆ្នាំ គេ​ធ្វើបុណ្យ​ម្តង ដោយ​មាន​វត្តមាន​របស់​កូនចៅ​យ៉ាងច្រើន​កុះករ ដែល​អញ្ជើញ​មក​គ្រប់​ច្រកល្ហក ។​

សូម​ជម្រាប​ផងដែរ​ថា ប្រពៃណី​បូជាសព​លើក​ទី​ពីរ​ខាងលើ​នេះ (​ដូច​បង្ហាញ​រូបភាព​ភ្ជាប់​មក​នេះ​) ដោយ​គ្រាន់តែ​យក​អដ្ឋិធាតុ​មក​បញ្ចុះ​ក្នុង​កុលាលភាជន៍ ដូច​ករណី​វត្ត​ជើងឯក ឬ អង្គរ​បុរី ស្ថិត​ក្នុង​អំឡុង ស​.​ត ទី​១ ដល់ ទី​៥​ទី​៦ នៃ គ​.​ស ពោល​គឺ​សម័យ​ឥណ្ឌា​នីយកម្ម នេះ​បើ​យោងតាម​ការសិក្សា​ស្រាវជ្រាវ លទ្ធផល​នៃ​បុរាណ​វិទ្យា ។

​ការធ្វើ​កំណាយ​នៅ​ស្ថានីយ៍​កោះ​តា​មាស​នៅ​ខេត្ត​សៀមរាប​, សព​មាន​សំណែន​ជាប់​នឹង​ខ្លួន (​ថត ២០០៤)

យោងតាម​ការវិភាគ យើង​អាច​កត់សំគាល់ថា ការ​ចោះ​រន្ធ​នៅ​បាត​ភាជន៍ ក​ណ្ឌី ដើម្បី​ឲ្យ​ធាតុ​បុព្វការី​ជន​រលាយ​តាម​ធម្មជាតិ នៅ​វត្ត​ជើងឯក មាន​លក្ខណៈ​គួរឲ្យ​ចាប់អារម្មណ៍ ព្រោះថា​ប្រពៃណី​បាន​បង្ហាញ​ពី​ទំនាក់ទំនង វប្បធម៌​រវាង​តំបន់​វត្ត​ជើងឯក និង​ខេត្ត​ផ្សេងៗ​ទៀត ប្រកប​ដោយ​ឧត្តមគតិ គឺ​ការដឹងគុណ​បុព្វការី​ជន ។​

មានន័យ​ថា ទង្វើ​នេះ​ទាក់ទង​ផ្ទាល់​និង​ចារិក​លក្ខណៈ​របស់​មនុស្ស​ខ្មែរ ដែល​សម្តែង​ឲ្យឃើញ​ពី​អាកប្បកិរិយា​យ៉ាង​ច្បាស់​គឺ កត្តញ្ញូតាធម៌​ចំពោះ​ដូនតា ដែល​បាន​ចែក​ឋាន​ទៅ ។ ទន្ទឹមនឹងនេះ​ដែរ គឺ​ការផ្លាស់ប្តូរ​ទម្រង់​ប្រពៃណី ពិសេស​ការ​កប់​សព ទៅ​ការ​បូជាសព​ដោយ​ភ្លើង ដោយ​ជ្រើស​ធាតុ​សព​ដាក់​ក្នុង​ក​ណ្ឌី ឬ​កោដ្ឋ ដើម្បី​បញ្ចុះ​ក្នុង​ដី ឬ​ក៏​សម្រាប់​ទុក​ជា​ទីសក្ការៈ នៅលើ​ទីតាំង​ណា​មួយ​ដូច​ក្នុង​ចេតីយ​ជាដើម ៕ (​ម​.​ត្រា​ណេ​)​

spot_img
×