Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ត្រៀម ចុះ​រុះរើ​ផ្ទះ​ពលរដ្ឋ ៧​គ្រួសារ​នៅ​ជិត​វត្ត​អូ​ត្រេះ​ក្រុងព្រះសីហនុ

spot_img

ខេត្ត​ព្រះសីហនុ ​៖ រដ្ឋបាល​ខេត្ត​ព្រះសីហនុ ត្រៀម​ចុះ​រុះរើ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ៧​គ្រួសារ មាន​ទីតាំង​នៅ​ជិត​វត្ត​អូ​ត្រេះ សង្កាត់​លេខ​4 ក្រុងព្រះសីហនុ​នៅ​ថ្ងៃទី​13 ខែ​មីនា ឆ្នាំ​2018 ប្រសិនបើ ក្នុងករណី​ពលរដ្ឋ​ទាំង ៧​គ្រួសារ មិន​ទទួលយក​ដំណោះស្រាយ​ដោយ​សន្តិវិធី ដែល​រដ្ឋបាល​ខេត្ត​ដោះស្រាយ​ជូន​ទេ​។

​បញ្ហា​នេះ កាលពី​ព្រឹក​ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០១៨ លោក ផៃ ប៊ុន​វណ្ណៈ​អភិបាលរង​ខេត្ត​ព្រះសីហនុ ក្នុង​នាម​រដ្ឋបាល​ខេត្ត បាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​មន្ត្រី​តំណាង​អង្គភាព​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ ក្នុង​ខេត្ត ដើម្បី​ត្រៀមកម្លាំង ចុះ​រុះរើ​ផ្ទះ របស់​ប្រជាពលរដ្ឋ​ចំនួន ៧​គ្រួសារ នៅ​ជិត​វត្ត​អូ​ត្រេះ​ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​មីនា បើ​ក្នុង​ករណី ប្រជាពលរដ្ឋ​ទាំង ៧​គ្រួសារ មិន​ព្រម​ទទួលយក​ដំណោះស្រាយ​ដោយ​សន្តិវិធី ក្រោយ​បញ្ចប់​ឱសានវាទ​ត្រឹម​ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០១៨​នេះ​។

លោក ផៃ ប៊ុន​វណ្ណៈ ឲ្យដឹងថា កន្លងមក មាន​វិវាទ​ដីធ្លី រវាង​ពលរដ្ឋ​ច្រើន​គ្រួសារ​ជាមួយ​ម្ចាស់​ដី​មួយកន្លែង ដែល​រដ្ឋបាល​ខេត្ត​ទទួលស្គាល់ថា ភាគី​ម្ចាស់​ដី​មាន​ប្លង់​កម្មសិទ្ធិ​ត្រឹមត្រូវ​ស្របតាម​ទម្រង់ការ​ច្បាប់​។ ករណីនេះ លោក​ថា ដោយ​មាន​ពាក្យបណ្តឹង​មក​រដ្ឋបាល​ខេត្ត​ឲ្យជួយ​ដោះស្រាយ​បញ្ហា​នេះ ទើប ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​ចាត់ចែង​ធ្វើ​ការដោះស្រាយ​ដោយ​បាន​សម្របសម្រួល​ជា​បន្តបន្ទាប់ រវាង​ភាគី​ម្ចាស់​ដី និង​ភាគី​ប្រជាពលរដ្ឋ​។ ក្នុង​នោះ​ភាគី​ខាង​ម្ចាស់​ដី បានធ្វើ​សម្បទាន​យល់ព្រម​ជួយ​ដោះស្រាយ​គោលនយោបាយ​ជូន​ពលរដ្ឋ តាមរយៈ​ប្រគល់​ដី​មួយ​កន្លែង​ទៀត ដែល​ស្ថិតនៅ​តំបន់​ប៉ែក​ខាងលើ​វត្ត​អូ​ត្រេះ ស្ថិតក្នុង​សង្កាត់​លេខ​៤​ដូចគ្នា ជូន​ពលរដ្ឋ​ពាក់ព័ន្ធ​ដោយ​ក្នុង​មួយ​គ្រួសារៗ ទទួលបាន​ដី​ថ្មី​ទំហំ ១០​ម៉ែត្រ គុណ ២០​ម៉ែត្រ និង​ទឹកប្រាក់​បន្ថែមចំនួន ៥​ពាន់​ដុល្លារ​សហរដ្ឋអាមេរិក​ថែម​ទៀត​។

លោក​អភិបាលរង​ខេត្ត បានឲ្យ​ដឹង​បន្ថែមថា ប្រជាពលរដ្ឋ​ដែល​ពាក់ព័ន្ធ​វិវាទ​ដីធ្លី​ខាងលើនេះ មាន​ចំនួន​សរុប ២៦​គ្រួសារ ប៉ុន្ដែ​បច្ចុប្បន្ន ក្រោយ​មាន​ដំណោះស្រាយ​ពី​រដ្ឋបាល​ខេត្ត​ជា​បន្ត​បម្ទាប់​មក​នេះ គឺ​មាន​ប្រជាពលរដ្ឋ​ចំនួន ១៩​គ្រួសារ​ហើយ​បាន​យល់ព្រម​ទទួលយក​សំណង និង​បាន​មក​តាំង​ទីលំនៅ​ថ្មី​សង់​ជា​ផ្ទះសំបែង​រស់នៅ​បង្កើតជា​ភូមិឋាន​រស់នៅ​ដោយ​មាន​សុវត្ថិភាព​។ ព្រម​គ្នា​នេះ ពលរដ្ឋ​ចំនួន 19​គ្រួសារ​នោះ បានបង្ហាញ​ការសប្បាយ​រីករាយ និង​ថ្លែងអំណរគុណ ដល់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដែល​បាន​ជួយ​ដោះស្រាយ​ឲ្យ​ពួកគាត់ មាន​ដីធ្លី​ធ្វើ​ផ្ទះសំបែង​ស្នាក់នៅ ដោយ​ស្របច្បាប់​។​

​លោក ផៃ ប៊ុន​វណ្ណៈ បន្តទៀតថា ចុងក្រោយ​នេះ នៅសល់​ពលរដ្ឋ ៧​គ្រួសារ​ទៀត ដែល​មិន​ទាន់​យល់ព្រម​ទទួលយក​ដំណោះស្រាយ​ពី​រដ្ឋបាល​ខេត្ត គឺ​ពេល​នេះ ពួកគាត់​កំពុង​ស្វះស្វែង​រក​អន្តរាគមន៍​បន្ត​។ ទាក់ទិន​បញ្ហា​នេះ កន្លងមក រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ទាំង ៧​គ្រួសារ ដោយ ទុក​ពេល​ជូន​ពលរដ្ឋ ៧​គ្រួសារ​ចុងក្រោយ​នេះ ឲ្យធ្វើ​ការសម្រេចចិត្ត និង​បាន​ដាក់​ឱសានវាទ​ត្រឹម​ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០១៨ ហើយ​ក្នុង​ករណី​ពលរដ្ឋ​ទាំង ៧​គ្រួសារ​ចុងក្រោយ​នេះ មិន​ទទួលយក​សំណង ឬ​ផុត​ថ្ងៃ​កំណត់​ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០១៨​តទៅ រដ្ឋបាល​ខេត្ត​នឹង​រុះរើ​ផ្ទះ របស់​ប្រជាពលរដ្ឋ​ទាំង 7​គ្រួសារ​នោះ​ចោល ដោយ​មិន​ទទួលខុសត្រូវ ទៅ​លើ​រាល់​ការខូចខាត ឬ​មិន​ផ្តល់​ជា​សំណង​ជូន​ទៀត​ទេ​៕ ដែន សីមា​

spot_img
×