Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់ កំណាត់​ផ្លូវជាតិ​លេខ​ ១

spot_img

​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី ​១៣ ខែ​មីនា ឆ្នាំ​ ២០១៨ ​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា អញ្ជើញ​សម្ពោធ​​​​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​កំណាត់​ផ្លូវជាតិ​លេខ ​១ ​។​

​គម្រោង​សាងសង់​កំណាត់​ផ្លូវជាតិ​លេខ ​១ ដំណាក់កាល​ទី​៤ មាន​ប្រវែង​សរុប ៤​គីឡូម៉ែត្រ គិត​ចាប់ពី​ទីប្រជុំជន ត្រង់​ចំណុច​គល់​ស្ពាន​ព្រះមុនីវង្ស ត្រើយ​ខាងកើត គីឡូម៉ែត្រ លេខ​០+០០០ ដល់​គីឡួម៉ែត្រ ៤+០០០ ក្នុង​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។ កំណាត់​ផ្លូវ​នេះ​សាងសង់​ដោយ​ក្រុមហ៊ុន​ជប៉ុន ដោយ​បាន​ចំណាយ​ថវិកា​ជាង ២៣​ លាន​ដុល្លារ​អាមេរិក ក្នុងនោះ​ថវិកា​ប្រមាណ​ជា ១៦​ លាន​ដុល្លារ​អាមេរិក ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន និង​ថវិកា ៧,៨៧​ លាន​ដុល្លារ​អាមេរិក ជា​ថវិកា​បដិភាគ​របស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា សម្រាប់​ដោះស្រាយ​គោលនយោបាយ និង​ផលប៉ះពាល់​។​

​ក្រៅពី​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា កម្មវិធី​សម្ពោធ​កំណាត់​ផ្លូវ​ដែល​បម្រើ​ដល់​ការដឹកជញ្ជូន និង​ធ្វើ​ដំណើរ​ដ៏​សំខាន់​មួយ​នេះ ក៏​នឹង​មាន​ការអញ្ជើញ​ចូលរួម​ពី​មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើន​ពាន់​នាក់​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែងថា កំណាត់​ផ្លូវ​ដែល​សាងសង់ ដោយ​ក្រុមហ៊ុន​ជប៉ុន ត្រូវបាន​សាងសង់​ឡើង​ដោយ​មាន​គុណភាព​ខ្ពស់បំផុត​។ ក្នុងនោះ​គ្រឹះ​ផ្លូវ​មាន​កម្រាស់​រហូតដល់ ៦៥​ សង់ទីម៉ែត្រ និង​ស្រទាប់​ខាងលើ ចាក់​បេតុង​កៅស៊ូ (AC) កម្រាស់ ២០​សង់ទីម៉ែត្រ ដែល​ធ្វើឲ្យ​កំណាត់​ផ្លូវ​នេះ មាន​កម្រាស់​បេតុង​កៅស៊ូ​ក្រាស់​ជាងគេ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ លើសពីនោះ​កំណាត់​ផ្លូវ​នេះ មាន​ទទឹង​ចាប់ពី ២៥​ ម៉ែត្រ រហូតដល់ ៣៩​ម៉ែត្រ ក្នុងនោះ មាន ៤​គន្លង​សម្រាប់​រថយន្ត (២​ ទៅ​ ២​ មក​) ២ ​គន្លង សម្រាប់​ម៉ូតូ (១ ​ទៅ ១​ មក​) និង​ចិញ្ចើមផ្លូវ​សម្រាប់​អ្នក​ថ្មើរជើង​ចាប់ពី ១​ ម៉ែត្រ រហូតដល់ ៨,៥០​ ម៉ែត្រ ដែល​មាន​បង្កប់​លូ​មូល​នៅ​ខាងក្រោម​ផង​ដែរ ដើម្បី​រំដោះ​ទឹក កុំឲ្យ​លិច​ផ្លូវ ជាពិសេស នា​រដូវវស្សា​។​

​បើ​តាម​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បើ​ទោះ​បី​កំណាត់​ផ្លូវ​នេះ​មាន​ប្រវែង​ត្រឹមតែ​ជាង ៤​ គីឡូម៉ែត្រ តែ​បាន​បាន​ចំណាយ​ថវិកា​ជាង ២៣​លាន​ដុល្លារ​អាមេរិក​។ ក្នុងនោះ​ថវិកា​ប្រមាណ​ជា ១៦​ លាន​ដុល្លារ​អាមេរិក ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន និង​ថវិកា ៧,៨៧​ លាន​ដុល្លារ​អាមេរិក ជា​ថវិកា​បដិភាគ​របស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា សម្រាប់​ដោះស្រាយ​គោលនយោបាយ និង​ផលប៉ះពាល់​។​

​លោក​ទេសរដ្ឋមន្ត្រី បានឲ្យ​ដឹង​ដែរថា ផ្លូវ​នេះ​សាងសង់​ដោយ​ក្រុមហ៊ុន​សាជីវកម្ម HAZANA-ANDO CORPORATION និង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​សាងសង់ ដោយ​ក្រុមហ៊ុន​ប្រឹក្សា​បច្ចេកទេស Katahira & Engineers International ប្រើ​រយៈពេល​សាងសង់​អស់​ចំនួន ២៧ ​ខែ ដែល​ចាប់ផ្តើម​សាងសង់ ពី​ខែ​មេសា ឆ្នាំ​២០១៥ និង​បញ្ចប់​នៅ ខែកក្កដា ឆ្នាំ​ ២០១៧ កន្លងទៅ​។​

​លោក​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឲ្យដឹង​ទៀតថា កំណាត់​ផ្លូវជាតិ​លេខ ​១ ដំណាក់កាល​ទី ​៤​នេះ គឺជា​ដំណាក់កាល​ចុងក្រោយ​នៃ​គម្រោង​ធ្វើឲ្យ​ប្រសើរឡើង កំណាត់​ផ្លូវជាតិ​លេខ​ ១ ពី​ភ្នំពេញ​-​អ្នក​លឿង មាន​ប្រវែង សរុប ៥៥,៩៨​ គីឡូម៉ែត្រ ដែល​ត្រូវបាន​ស្តារ និង​សាងសង់​ឡើង​វិញ ក្រោម​គម្រោង​ជំនួយ​ឥតសំណង​របស់​រដ្ឋាភិបាល​ជប៉ុន​។​

​លោក​រដ្ឋមន្ត្រី ដែល​កំពុង​ធ្វើឲ្យ​ប្រជាពលរដ្ឋ​កើតសរសើរ​លើ​ស្នាដៃ​ការងា​ររបស់​លោក​នោះ បាន​គូសបញ្ជាក់ថា កំណាត់​ផ្លូវ​នេះ គឺជា​ផ្លូវ​ប្រវត្តិសាស្ត្រ យុទ្ធសាស្ត្រ និង​ជា​ផ្លូវ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ទេសចរណ៍​ដ៏​ធំ របស់​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ផ្លូវជាតិ​លេខ​១​នេះ គឺជា​ផ្នែក​មួយ​នៃ​ផ្លូវ​អាស៊ាន​ហាយវ៉េ​ (AH1) រត់​កាត់​តំបន់​ទំនាប​នៃ​មហា​អនុ​តំបន់​មេគង្គ (GMS) (​បាងកក​-​ភ្នំពេញ​-​វង់​តាវ​) ដែល​នឹង​ផ្តល់​សារសំខាន់​យ៉ាងខ្លាំង ក្នុង​ការបម្រើ​ឱ្យ​កិច្ច​សហ ប្រតិបត្តិការ​ការប្រកួត​ប្រជែង ការរួម​គ្នា​រស់នៅ​ជា​សហគមន៍ ការតភ្ជាប់ ការធ្វើ សមាហរណកម្ម​តំបន់ និង​សកលភាវូបនីយកម្ម ពិសេស​ការដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន ការផ្គត់ផ្គង់​ភស្តុភារ លំហូរ​ពាណិជ្ជកម្ម និង​ទេសចរណ៍​ជាតិ​-​អន្តរជាតិ ដែល​ឆ្លងកាត់​តាម​ច្រកទ្វារ អន្តរជាតិ​នានា របស់​កម្ពុជា ។​

​លោក​ទេសរដ្ឋមន្ត្រី​បន្តថា កំណាត់​ផ្លូវ​នេះ មិន​ត្រឹមតែ​អាច​សម្រួល​ដល់​ការកកស្ទះ​ចរាច​រណ៍ ដែល​ធ្លាប់​កើតមាន​កន្លង​មក​ជារឿយៗ​ជាពិសេស​នៅ​រាល់​ថ្ងៃ​ឈប់សម្រាក និង​ថ្ងៃបុណ្យ​ធំៗ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បង្កើន​សមត្ថភាព​ដឹកជញ្ជូន និង​បង្ក​លក្ខណៈសម្បត្តិ​បន្ថែម សម្រាប់​ការពង្រីក និង​អភិវឌ្ឍ​រាជធានី​ភ្នំពេញ ពិសេស​តំបន់​ជ្រោយ​អំពិល កៀនស្វាយ គគីរ និង​ប្រែក្លាយ​តំបន់​តាម​សងខាង ផ្លូវ និង​តំបន់​ជុំវិញ​កំពង់ផែ​ភ្នំពេញ ឱ្យទៅជា​តំបន់​ឡូ​ជី​ស្ទីក​ដ៏​ល្អប្រសើរ ជំរុញ​ចលនា​ដឹកជញ្ជូន និង​រួមចំណែក​យ៉ាង​ធំធេង ផ្នែក​សេដ្ឋកិច្ច​-​សង្គមកិច្ច សម្រាប់​បណ្តា​ខេត្ត​ភាគ​ខាងកើត មាន​ខេត្តកណ្តាល ព្រៃវែង និង​ស្វាយរៀង ឲ្យ​កាន់តែ​ប្រសើរ​។​

​លោក ស៊ុន ចាន់ថុល បាន​អះអាង​ថា សមិទ្ធផល​កំណាត់​ផ្លូវជាតិ​លេខ​១​នេះ បាន​កើតចេញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ដែល​ដឹកនាំ​ដោយ​សម្តេច​តេជោ​។ លោក​បន្តថា កិច្ចខិតខំ​ប្រឹងប្រែង​គ្រប់បែបយ៉ាង មិន​គិត​ពី​ការលំបាក និង​បាន​ជម្នះ​រាល់​ឧបសគ្គ​របស់​សម្តេច​តេជោ ហ៊ុន សែន បាន​អភិវឌ្ឍន៍​ប្រទេសជាតិ ដែល​ចេញពី​បាតដៃ​ទទេ រហូត​ឲ្យមាន​ការអភិវឌ្ឍ​មួយ ដែល​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​មិន​ធ្លាប់​នឹកស្មាន​ដល់។​

​លោក​បន្តថា ជាងនេះទៅទៀត សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​ខិតខំ​កសាង​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​យ៉ាង​ល្អប្រសើរ ដើម្បី​ជំរុញ​ការគាំទ្រ​ដល់​ការអភិវឌ្ឍ​ប្រទេសជាតិ​លើ​គ្រប់​វិស័យ ជាពិសេស​ការកសាង​ទំនាក់ទំនង​មិត្តភាព​យ៉ាង​ជិតស្និទ្ធ និង​រឹងមាំ រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ជប៉ុន​។ កិច្ចខិតខំ​ប្រឹងប្រែង​ទាំងអស់នេះ បានប្រែក្លាយ​កម្ពុជា ជា​រដ្ឋ​ស្មើភាព និង​ស្មើ​សិទ្ធិ ជាមួយ​បណ្តា​ប្រទេស​នានា ក្នុង​ពិភពលោក ដូច​សព្វថ្ងៃនេះ​៕​ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×