Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច​ជំរុញ​ឲ្យ UN រក្សា​សម្ពាធ​លើ​កូរ៉េខាងជើង រហូត​ដល់​ឃើញ​ដំណើរ​ឆ្ពោះ​ទៅកាន់​ការលុបបំបាត់​ ​អាវុធ​នុយក្លេអ៊ែរ​

spot_img

សហរដ្ឋ​អា​មេ​រិច នៅ​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ បាន​ជំរុញ​ឲ្យ​ក្រុមប្រឹក្សា​អង្គការសហប្រជាជាតិ​បន្ត​ការ​​ដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​ប្រទេស​កូរ៉េខាងជើង រហូតដល់​មាន​ការរីកចម្រើន​ឆ្ពោះទៅ​កាន់​ការបោះបង់​កម្ម​វី​ធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​សិន​។​

​ទីប្រឹក្សា​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ លោក HR McMaster បាន​ជួបពិភាក្សា ជាមួយនឹង​ឯកអគ្គរដ្ឋទូត​របស់​ក្រុមប្រឹក្សា​នៅក្នុង​ទីក្រុង​ញូយ៉ក តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពេល​​ប្រធានាធិបតី​អា​មេ​រិច​ដូណាល់ ត្រាំ បាន​យល់ព្រម​ធ្វើ​កិច្ចប្រជុំ​កំពូល​ជាមួយនឹង​មេដឹកនាំ​កូរ៉េ​ខាងជើង គីម ជុង​អ៊ុន​។​

​លោក HR McMaster ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ដូច្នេះ​ថា “​ពួក​យើង​ទាំងអស់​ព្រមព្រៀង​គ្នា​ថា ពួក​យើង​មាន​សុទុដ្ឋិនិយម​ចំពោះឱ​កាសនេះ ប៉ុន្តែ​ពួកយើង​ប្តេជ្ញាចិត្ត​រក្សា​យុទ្ធ​ធនា​ការដាក់​សម្ពាធ​រហូត​ទាល់តែ​ពួក​យើង​ឃើញ អ្វី​ដែល​ពួកគេ​និយាយ​បាន​ស្តែង​ជា​ទង្វើ និង​ការរីកចម្រើន​ក្នុង​ដំណើរ​ឆ្ពោះ​ទៅកាន់​ការលុបបំបាត់​ចោល​អាវុធ​នុយក្លេអ៊ែរ​”​។​

​ក្នុង​កំឡុង​កិច្ចប្រជុំ លោក HR McMaster បានបង្ហាញ​ទណ្ឌកម្ម ៣ របស់​អង្គការសហប្រជាជាតិ​ដែល​ជា​គន្លឺះ​សំខាន់​ក្នុង​យុទ្ធ​ធនា​ការដាក់​សម្ពាធ​ក្នុង​ការនាំយក​កូរ៉េខាងជើង​ត្រឡប់​មក​តុ​ចរចារ​​វិញ​។ លោក​ថ្លែងថា ក្រុមប្រឹក្សា​សន្តិសុខ​បាន​បង្ហាញ​ពី​ការរួបរួម​គ្នា និង​ដំណោះស្រាយ​ដែល​ធ្វើឲ្យ​ពួក​យើង​ឥឡូវនេះ​ស្ថិត​នៅ​កន្លែង​ដែល​អាច​ស្វែងរក​ដំណោះស្រាយ​ការទូត​ក្នុង​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​ទាំងស្រុង នៅ​ឧបទ្វីប​កូរ៉េ​។​

​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បាន​ដាក់​ទណ្ឌកម្ម​យ៉ាងខ្លាំង​ក្លា​ក្នុង​គោលបំណង​រាំងខ្ទប់​កូរ៉េខាងជើង​ក្នុង​ការរកចំណូល​ដើម្បី​ផ្គត់​ផ្គង​កម្មវិធី​យោធា​របស់​ខ្លួន ក្រោយ​ពេល​របប​ព្យុងយ៉ាង​​បាន​ធ្វើ​ការបាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​លើក​ទី ៦ និង​ការបាញ់​សាកល្បង​មី​ស៊ី​ល​ជាច្រើនលើក​។​

​សូមបញ្ជាក់​ថា ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ កាល​ពី​អាទិត្យ​មុន​បាន​យល់ព្រម​ជួបចរចា​ទល់មុខ​គ្នា​ជាមួយនឹង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន​។ ការចរចារ​នោះ​អាច​នឹង​កើតឡើង​នៅ​ចុងខែ​​ឧសភា ហើយ​វា​ធ្វើឲ្យ​មាន​ក្តីសង្ឃឹម​ក្នុង​ការរក​ដំណោះស្រាយ​ការទូត ក្រោយពេល​មេដឹកនាំ​ទាំងពីរ​បាន​ប្រើ​វោហា​សព្ទ​វាយប្រហារ​គ្នា​ទៅវិញទៅមក អស់​រយៈពេល​ជាច្រើន​ខែ​៕ សុភ័ក្ត្រ​

spot_img
×