ភ្នំពេញ៖ សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍ប្រាប់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិថា សង្គ្រាមជាច្រើនទសវត្សរ៍នៅកម្ពុជា បណ្តាលមកពីការជ្រៀតជ្រែកពីបរទេស។ នៅក្នុងដំណើរបំពេញបេសកកម្មនៅកម្ពុជា លោកស្រី រ៉ូណាល់ ស្មីត អ្នករាយការណ៍ពិសេស នៃអង្គការសហប្រជាជាតិ ស្តីពីសិទ្ធិមនុស្សប្រចាំកម្ពុជា បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា។
នៅក្នុងជំនួបនេះ សម្តេចប្រធានរដ្ឋសភា បានជម្រាប លោកស្រី រ៉ូណាល់ ស្មីត ថា កម្ពុជា ធ្លាប់ទទួលរងនូវការឈឺចាប់ ខ្លោចផ្សារ ដោយសារសង្គ្រាមស៊ីវិល អស់រយៈពេលជាង៣ទសវត្សរ៍។ ទាំងនេះ គឺជាលទ្ធផល នៃឥទ្ធិពលការជ្រៀតជ្រែក ពីមជ្ឈដ្ឋានខាងក្រៅ។ “កម្ពុជាយើងខ្ញុំ ទើបមានសុខ សន្តិភាព ស្ថេរភាពពេញលេញ ជាងមួយទសវត្សរ៍ចុងក្រោយនេះ ដែលបានបង្កលក្ខណៈសម្បត្តិ ឲ្យកម្ពុជា មានឱកាសអភិវឌ្ឍដូចសព្វថ្ងៃ ហើយជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ក៏ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់”។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់លោកស្រី និងសហការី នាពេលកន្លងមក និងពេលបច្ចុប្បន្ន បានរួមចំណែកដល់ការលើកកម្ពស់ សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកម្ពុជា។ សិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប មានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងសិទ្ធិទទួលនូវកិច្ចការពារ ដោយច្បាប់ផ្សេងៗ ជាច្រើន។ សម្តេចបានមានប្រសាសន៍ថា ពិតណាស់ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស វាត្រូវតែដើរទន្ទឹមគ្នានិងនីតិរដ្ឋ គឺការគោរពច្បាប់ នេះឯង។ ថ្វីត្បិតតែតំណាងរាស្ត្រ មានអភ័យឯកសិទ្ធិ ជាអ្នកធ្វើច្បាប់ តែមិនអាចក្លាយជាអ្នករំលោភច្បាប់ បំពានច្បាប់ នោះទេ។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ពីជំហរកម្ពុជា ចំពោះមុខអ្នករាយការណ៍សិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិថា កម្ពុជាផ្តល់សារៈសំខាន់ ជាចម្បងលើការរក្សាឲ្យបាននូវសុខសន្តិភាព សន្តិសុខ និងស្ថិរភាពសង្គម រួមទាំងការអភិវឌ្ឍន៍។ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស រឹតតែមានសារៈសំខាន់ បន្ទាប់ពីប្រទេសជាតិ មាននូវអ្វីៗដូចខាងលើ។ ប្រសិនបើប្រទេសជាតិ ធ្លាក់ក្នុងស្ថានភាព ដូចបណ្តាប្រទេសមួយចំនួន នៅមជ្ឈិមបូព៌ា កុំនិយាយឡើយពីសិទ្ធិមនុស្ស សូម្បីតែសិទ្ធិជាមូលដ្ឋាន សិទ្ធិនៃការរស់រានមានជីវិត ក៏សឹងតែគ្មានផង។
លោកស្រី រ៉ូណាល់ ស្មីត បានគាំទ្រចំពោះការលើកឡើងរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន។ លោកស្រី បានឯកភាពថា សុខសន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍ គឺត្រូវដើរទន្ទឹមគ្នា។
បន្ទាប់ពីបានសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន រួចហើយ លោកស្រី រ៉ូណាល់ ស្មីត បានជួបពិភាក្សាការងារជាមួយលោក ឈាង វុន ប្រធានគណៈកម្មការកិច្ចបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និងលោកស្រី ឃួន សុដារី សមាជិករដ្ឋសភា និងជាប្រធានក្រុមសភាជាតិ នៃអ្នកនយោបាយស្ត្រី តាមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន។
ជំនួបពិភាក្សានេះ សមាជិករដ្ឋសភាបានឆ្លើយតបសំណួរមួយចំនួនដែលបានលើកឡើង ដោយអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជា ដូចជានីតិវិធីដំណើរពិភាក្សានិងអនុម័តច្បាប់នៅក្នុងរដ្ឋសភា ជាដើម៕ ដោយ ៖ បញ្ញាស័ក្តិ