Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាកលវិទ្យាល័យ​ការពារជាតិ​ពង្រឹង​សមត្ថភាព​កងទ័ព ឲ្យមាន​វិជ្ជាជីវៈ ចំណេះដឹង និង​ចំណេះធ្វើ​យ៉ាង​ពិតប្រាកដ​

spot_img

ភ្នំពេញ​ ៖ សម្តេច​ពិជ័យ​សេនា បាន​ថ្លែងថា សាកលវិទ្យាល័យ​ការពារជាតិ បាន​រួមចំណែក​យ៉ាង​សកម្ម លើកកម្ពស់​ពង្រឹងសមត្ថភាព​កងទ័ព ឲ្យមាន​វិជ្ជាជីវៈ ចំណេះដឹង និង​ចំណេះធ្វើ​យ៉ាង​ពិតប្រាកដ ក្នុង​ការទទួលខុសត្រូវ​បំពេញ​ភារកិច្ច​ការពា​រ​បូរណភាព​ទឹកដី ការពារ​សន្តិភាព ការអភិវឌ្ឍ​ប្រទេសជាតិ​ប្រកបដោយ​ចីរភាព និង​ការរស់នៅ​របស់​ប្រជាជន​។

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ដែល​ជា​អធិបតី ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល ហ្វឹកហ្វឹន ឆ្នាំ​២០១៧ និង​ប្រកាស​តែងតាំង នាយ​ឧត្តមសេនីយ៍ ជា តារា ជា​សកលវិទ្យាធិការ សាកលវិទ្យាល័យ​ការពារជាតិ នៅ​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០១៨​នេះ នៅ​សាកលវិទ្យាល័យ​ការពារជាតិ (​ឫស្សីកែវ​)​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ថ្លែង​ក្នុងឱកាស​នោះ​ថា ការបណ្តុះបណ្តាល និង​ហ្វឹកហ្វឹន ឆ្នាំ​២០១៧ និង​បើក​វគ្គ​បណ្តុះបណ្តាល និង​ហ្វឹកហ្វឹន ឆ្នាំ​២០១៨ របស់​សាកលវិទ្យាល័យ​ការពារជាតិ នាពេលនេះ គឺជា​ការខិតខំ​ប្រឹងប្រែង និង​ជា​លទ្ធផល​វិជ្ជមាន​មួយ ដែល​បាន​រួមចំណែក​យ៉ាងសកម្ម​លើកកម្ពស់​ពង្រឹងសមត្ថភាព​កងទ័ព ឲ្យមាន​វិជ្ជាជីវៈ ចំណេះដឹង និង​ចំណេះធ្វើ​យ៉ាង​ពិតប្រាកដ ក្នុង​ការទទួលខុសត្រូវ​បំពេញ​ភារកិច្ច​ការពា​រ​បូរណភាព​ទឹកដី ការពារ​សន្តិភាព ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម បង្ក​លក្ខណៈសម្បត្តិ​ងាយស្រួល​ដល់​ការអភិវឌ្ឍ​ប្រទេសជាតិ​ប្រកបដោយ​ចេរភាព និង​ការរស់នៅ​របស់​ប្រជាជន​ប្រកបដោយ​សុខដុមរមនា​។ ចំពោះ​ការផ្ទេរ​មុខតំណែង​និង​ផ្ទេរ​ត្រា​សិទ្ធ​របស់​សាកលវិទ្យាល័យ​ការពារជាតិ នាពេលនេះ គឺជា​កិច្ចដំណើរការ​នៃ​ការកែទម្រង់​ដ៏​ស៊ី​ជំរៅ និង​ទូលំទូលាយ​នៅក្នុង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល និង​ផែនការ​កែ​ទម្រង់​របស់ កងយោធពល​ខេមរភូមិន្ទ សំដៅ​ពង្រឹង​ការងារ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​ការងារ​គ្រប់គ្រង និង​អភិបាល​ការងារ​រដ្ឋបាល​ឲ្យបាន​ល្អ​កាន់​តែ​មាន​ប្រសិទ្ធភាព​ថែមទៀត​។

ជាមួយគ្នានេះ​ដែរ​សម្តេច​ពិជ័យ​សេនា ក៏​បាន​សម្តែង​នូវ​ការ​កោសរ​សើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លោក​ឧត្តមសេនីយ៍ឯក អ៊ុង ស៊ាន អតីត​សាកលវិទ្យាធិការ សាកលវិទ្យាល័យ​ការពារជាតិ ដែល​បាន​ខិតខំ​ដឹកនាំ​សាកលវិទ្យាល័យ​ឲ្យទទួល​បាន​សមិទ្ធផល​ជា​ច្រើន​គួរ​ជាទី​មោទនៈ​នា​ពេល​កន្លងមក​នេះ​។ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ថ្លែងថា ស្របពេល​ការរីកចម្រើន​របស់​ប្រទេសជាតិ និង​ការពារ​បូរណភាព​ទឹកដី កងយោធពល​ខេមរភូមិន្ទ​បាន​ដើរតួនាទី​សំខាន់​ក្នុង​ការចូលរួម​ការពា​រ​សន្តិភាព ស្ថេរភាព​នយោបាយ សន្តិសុខ ការអភិវឌ្ឍ ព្រមទាំង​រួមចំណែក​ក្នុង​បុព្វហេតុ​សន្តិភាព​និង​មនុស្សធម៌ លើ​ពិភពលោក​។ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​សង្កត់ធ្ងន់ថា កងយោធពល​ខេមរភូមិន្ទ​បន្ត​ការកែទម្រង់​លើ​គ្រប់​វិស័យ​ឲ្យស្រប​នឹង​ការអភិវឌ្ឍ​រីកចម្រើន​របស់​ប្រទេសជាតិ ជា​កងកម្លាំង​ដែល​មាន​ឧត្តមគតិ​ស្មោះត្រង់​ដាច់ខាត ចំពោះ​ជាតិ​មាតុភូមិ គោរព​ស្រលាញ់​ប្រជាជន មាន​ឆន្ទៈ​ប្រយុទ្ធ​ប្តូរផ្តាច់ និង​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​កិច្ច​ការពារ​ជាតិ ការពារ​នៅ​រាល់​សមិទ្ធផល​នៃ​សង្គម ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់​ដែល​ប្រសូត​ចេញ​ពី​ប្រជាជន និង​បន្ត​ធ្វើ​ទំនើបកម្ម បង្កើន​ការអភិវឌ្ឍន៍​ធាន​ធាន​មនុស្ស ក្នុង​វិស័យ​ការពារជាតិ តាមរយៈ​ការលើកកម្ពស់​ការបណ្តុះ​បណ្តាល និង​ហ្វឹកហ្វឺន​យោធិន ទាំង​នាយទាហាន និង​ពលទាហាន និង​មាន​ការបំពាក់ គ្រប់គ្រង​អាវុធយុទ្ធភណ្ឌ ធានា​ភស្តុភារ​ហិរញ្ញវត្ថុ និង​ជីវភាព​របស់​យោធិន ព្រមទាំង​ការជំរុញ​អប់រំ​ចិត្តសាស្ត្រ និង​ការងារ​គោលនយោបាយ​ចំពោះ​យោធិន​និង​អតីតយុទ្ធជន ដើម្បី​ធានា​ឲ្យ​កងយោធពល​ខេមរភូមិន្ទ បំពេញបាន​នូវ​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​។​

​ក្នុងឱកាស​នោះ ក៏​មាន​ប្រកាស​ព្រះរាជក្រឹត្យ អនុក្រឹត្យ​តែងតាំង​ផ្លាស់ប្តូរ​មុខងារ​នាយទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ ដោយ ឧត្តមសេនីយ៍ឯក អ៊ុង ស៊ាន ជា​អគ្គលេខាធិការរង នៃ​អគ្គលេខាធិការដ្ឋាន​ក្រសួង​ការពារជាតិ ឧត្តមសេនីយ៍ឯក ដោ​ក សុ​ផា ជា​សាកលវិទ្យាធិការ​រង នៃ​សាកលវិទ្យាល័យ​ការពារជាតិ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ហើយ​នាយ​ឧត្តមសេនីយ៍ ជា តារា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ ទៅ​ជា​សាកលវិទ្យាធិការ នៃ​សាកលវិទ្យាល័យ​ការពារជាតិ និង​តែងតាំង​ជា​ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​។ ជាមួយគ្នានេះដែរ ក៏​បាន​ប្រកាស​ក្រុមប្រឹក្សា​អភិបាល នៃ​សាកលវិទ្យាល័យ​ការពារជាតិ ដែល​មាន​នាយ​ឧត្តមសេនីយ៍ នាង ផាត ជា​ប្រធាន នាយ​ឧត្តមសេនីយ៍ ភួង ស៊ីផា​ន និង​នាយ​ឧត្តមសេនីយ៍ ជា តារា ជា​អនុប្រធាន​៕​ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×