Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាតុភូត​ព្រះអាទិត្យ​រះ​ចំ​កណ្តាល​កំពូល​ប្រាសាទអង្គរវត្ត កើតឡើង​ជា​ថ្មី​ម្តងទៀត នៅ​ថ្ងៃ​ទី​២០-២២ ខែ​មីនា​

spot_img

សៀមរាប ៖ នៅ​ចន្លោះ​ពី​ម៉ោង​៥ ទៅ​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២០-២២ ខែ​មីនា ឆ្នាំ​២០១៨ ខាងមុខនេះ នឹង​មាន​បាតុភូត​ព្រះអាទិត្យ​រះ​ចំ​កណ្តាល​កំពូល​ប្រាសាទ​អង្គរវត្ត​ជា​ថ្មី​ម្តងទៀត ដែល​បាតុភូត​មាន​កើតឡើង​លើ​ទឹកដី​អង្គរ​ក្នុង​១​ឆ្នាំ​ចំនួន​២​លើក​។

​បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ទេសចរណ៍ កាលពី​ថ្ងៃ​ទី​១៣ មីនា ២០១៨ បានបញ្ជាក់​ថា បាតុភូត​ព្រះអាទិត្យ​រះ​ចំ​កណ្តាល​កំពូល​ប្រាសាទអង្គរវត្ត​កម្ពុជា កើតឡើង​ចំនួន​២​ដង​ជា​រៀងរាល់ឆ្នាំ ដោយ​លើក​ទី​១ នៅក្នុង​ខែ​មីនា និង​លើក​ទី​២ នៅក្នុង​ខែ​កញ្ញា​។ បាតុភូត​ព្រះអាទិត្យ​រះ​ចំ​កណ្តាល​កំពូល​ប្រាសាទ​អង្គរវត្ត​នេះ ស្តែង​ឲ្យឃើញ​ពី​អច្ឆរិយភា​ពនៃ​ប្រាសាទអង្គរដែល​ត្រូវបាន​បុព្វបុរស​ខ្មែរ យើង​កសាង​ដោយ​មាន​ការគិតគូរ​អំពី​ស្ថាបត្យកម្ម និង​ការផ្សារភ្ជាប់​ជាមួយ​នឹង​ធម្មជាតិ​យ៉ាង​ច្បាស់លាស់​គួរ​ឲ្យ​ស្ញប់ស្ញែង​។ នៅ​ឆ្នាំ​នេះ បាតុភូត​ព្រះអាទិត្យ​រះ​ចំ​កណ្តាល​កំពូល​ប្រាសាទអង្គរវត្ត​កម្ពុជា​អាច​នឹង​កើតឡើង​នៅ​ចន្លោះ​ថ្ងៃទី​២០ ដល់​ទី​២២​ខែ​មីនា​ឆ្នាំ​២០១៨ ចម្លោះ​ម៉ោង​៥​ដល់​ម៉ោង​៧​ព្រឹក​។ ជា​រៀងរាល់ឆ្នាំ ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ តែងតែ​មាន​ការចូលរួម​ពី​សំណាក់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​មក​រង់ចាំ​ទស្សនា និង​ផ្តិត​យក​រូបភាព​រាប់ម៉ឺន​នាក់​។​

​ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​ដ៏​មហស្ចារ្យ​នេះ ក្រសួងទេសចរណ៍​នឹង​រៀបចំ​ការប្រកួតប្រជែង​ថតរូប​ស៊ែ​ល​ហ្វី (Equinox Angkor Selfie Photo contest) លើក​ទី​បី ក្រោម​ប្រធានបទ ៖ “Selfie អង្គរ​អច្ឆរិយៈ​” ដែល​អាច​នឹង​កើតឡើង​នៅ​ចន្លោះ​ថ្ងៃទី​២០ ដល់​ថ្ងៃ​២២ ខែ​មីនា ឆ្នាំ​២០១៨​ចន្លោះ​ម៉ោង ៥ ដល់​ម៉ោង ៧​ព្រឹក ដោយ​ជ្រើសរើស​រូបថត​ដែល​មាន​អ្នកគាំទ្រ​ច្រើនជាងគេ​ពី​លេខ​១ ដល់​លេខ​៣ ដើម្បី​ទទួលបាន​លិខិត​សរសើរ​ចេញ​ដោយ​ក្រសួង​ទេសចរណ៍ និង​រង្វាន់​លើកទឹកចិត្ត​លេខ​១ ចំនួន​១​លាន​រៀល លេខ​២ ចំនួន​៨០​ម៉ឺន​រៀល និង​លេខ​៣ ចំនួន​៥០​ម៉ឺន​រៀល​។​

​ក្រសួង​បាន​អំពាវនាវ​ដល់​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ និង​សាធារណជន ទស្សនា និង​ផ្តិត​យក​រូបភាព​ក៏​មហស្ចារ្យ​នេះ ព្រមទាំង​ជួយ​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​នេះ ឲ្យបាន​ទូលំទូលាយ​ដើម្បី​ចូល​រួមដល់​យុទ្ធនាការ “​កម្ពុជា ៖ ព្រះរាជា​ណាចក្រ​អច្ឆរិយៈ ប្រកប​ដោយ​ភាគ​កក់ក្តៅ​”៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×