Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​មួយ​បាន​បោះ​ទុននិវិយោគ​ក្នុង​កម្រិត​ធំ​ លើ​ការកែច្នៃ​ផលិតផល​ដំឡូង​មី​

spot_img

ភ្នំពេញ ​៖ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ថា ការវិនិយោគ​របស់​ក្រុមហ៊ុន GreenLeader ដែល​នឹង​ចាប់ផ្ដើម សាងសង់​រោងចក្រ​កែច្នៃ​ដំឡូង​មី​ខ្នាត​ធំ នៅ​ខែ​មេសា​ខាង​មុខ និង​មាន​គម្រោង​បង្កើត​រោងចក្រ​ចំនួន ៥ ក្នុង​រយៈពេល ២ ឆ្នាំ នឹង​ផ្ដល់​ផលប្រយោជន៍​ជាច្រើន​ដល់​កសិករ​កម្ពុជា ជាពិសេស​បង្កើន​ចំណូល​របស់​ពួកគាត់ កាត់បន្ថយ​ចំណាកស្រុក និង​រួមចំណែក​ដល់​កំណើន​សេដ្ឋកិច្ច​ជាតិ​ ​នៅ​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៨ លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​ទទួល​ជួប​លោក Michael Tse នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន GreenLeader ដែលជា​ក្រុមហ៊ុន​មួយ បាន​បោះ​ទុននិវិយោគ ក្នុង​កម្រិត​ធំ​លើ​ការកែច្នៃ​ផលិតផល​ដំឡូង​មី​។​

​លោក Tse បាន​ជម្រាបជូន​លោក​រដ្ឋមន្ត្រី ក្នុងឱកាស​នោះ​ថា ក្រុមហ៊ុន GreenLeader ជា​ក្រុមហ៊ុន​មួយ​ដែល​បាន​ចុះបញ្ជី​លក់​ភាគហ៊ុន​ជា​សាធារណៈ​នៅ​ទី​ក្រុងហ៊ុង​កុង ហើយ​បាន​ចូលមក​កម្ពុជា​ដើម្បី​បង្កើត​ជា​រោងចក្រ​កែច្នៃ​ដំឡូង​មី​ខ្នាត​ធំ សម្រាប់​កែច្នៃ​ដំឡូង​មី​ទៅ​ជា​ម្សៅ​។ លោក Tse បានបញ្ជាក់​ថា ជាការ​ចាប់ផ្ដើម​អនុវត្ត​ដំបូង​ទៅលើ​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​ក្រុមហ៊ុន GreenLeader ក្រុមហ៊ុន​នឹង​ចាប់ផ្ដើម​សាងសង់​រោងចក្រ​ទី​១ នៅ​ខេត្ត​ក្រចេះ​នៅ​អំឡុង​ខែ​មេសា​ខាង​មុខ​នេះ ដោយ​រោងចក្រ​នេះ​មាន​សមត្ថភាព​កែច្នៃ​ដំឡូង​មី​ជា​ម្សៅ​ប្រមាណ ១០០.០០០ តោន​ក្នុង​មួយឆ្នាំ​។​

​ជាមួយ​នោះ​ផងដែរ លោក Tse បានបញ្ជាក់​ថា ដើម្បី​អាច​ទទួលបាន​ផល​កែច្នៃ​ក្នុង​ទ្រង់ទ្រាយ​ដូចខាងលើ រោងចក្រ​ចាំបាច់​ត្រូវការ​ដំឡូង​មី​ជា​វត្ថុធាតុដើម​យ៉ាងតិច ៥០០.០០០ តោន​ក្នុង​មួយឆ្នាំ ហើយ​ដើម្បី​ទ្រទ្រង់​កម្រិត​ផលិតកម្ម​នេះ​បាន ក្រុមហ៊ុន​នឹង​ប្រើប្រាស់​យន្តការ​កិច្ចព្រមព្រៀង​កសិកម្ម (Contract Farming) ជាមួយនឹង​កសិករ ដោយ​ផ្ដល់​ជូន​នូវ​បច្ចេកទេស ពូជ និង​ធនធាន​មួយចំនួនទៀត​។ លោក​បាន​បន្ថែមថា ក្រុមហ៊ុន​ក៏​មាន​គម្រោង​បង្កើត​រោងចក្រ​ចំនួន ៥ ក្នុង​រយៈពេល ២​ឆ្នាំ ដោយ​រោងចក្រ​ទី​ពីរ​អាច​នឹង​សាងសង់​នៅ​ប៉ែក​ខាង​ខេត្ត​បាត់ដំបង ប៉ៃលិន និង​បន្ទាយមានជ័យ ។​

​ជា​កិច្ច​ឆ្លើយតប​លោក​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន GreenLeader ដែល​បាន​មក​បោះទុន​កម្រិត​ធំ​នេះ​នៅ​កម្ពុជា ជាពិសេស​គឺ​វិនិយោគ​លើ​វិស័យ​កសិកម្ម ដែល​ជា​វិស័យ​មួយ​ដ៏​សំខាន់​របស់​កម្ពុជា​។ ជាមួយនឹង​ផលិតផល​ដំឡូង​មី ឯកឧត្តម​បាន​មានប្រសាសន៍ថា​ជា​ផលិតផល​កសិកម្ម​ធំ​ទី​ពីរ​របស់​កម្ពុជា បន្ទាប់​ពី​ស្រូវ ហើយក៏​ជា​ផលិតផល​មួយ​ដែល​មាន​សក្ដានុពល​ខ្ពស់​សម្រាប់​កែច្នៃ និង​នាំចេញ ដោយ​ដំឡូង​មី​អាច​កែច្នៃ​ទៅ​ជា​មុខទំនិញ​ជាច្រើន​ដូចជា ម្សៅ​មី ប្រេងឥន្ធនៈ​អេតាណុល គ្រាប់​ថ្នាំពេទ្យ គ្រឿងឧបភោគ​បរិភោគ​ដទៃទៀត​។​

​លោក​សង្ឃឹម​ថា​ការ​វិនិយោគ​នេះ​នឹង​ផ្ដល់​ផលប្រយោជន៍​ជាច្រើន​ដល់​កសិករ​កម្ពុជា ជាពិសេស​បង្កើន​ចំណូល​របស់​ពួកគាត់ កាត់បន្ថយ​ចំណាកស្រុក និង​រួមចំណែក​ដល់​កំណើន​សេដ្ឋកិច្ច​ជាតិ​។ មុន​នឹង​បញ្ចប់ លោក ជម្រាបជូន​ថា​ក្រុមហ៊ុន GreenLeader អាច​ពិចារណា​ចាប់​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក ដើម្បី​ជា​ការផ្ទេរ​ចំណេះដឹង និង​បច្ចេកវិទ្យា ហើយ​ជម្រាប​ដែរ​ថា​ក្រសួង​ពាណិជ្ជកម្ម នឹង​ត្រៀមខ្លួន​ជានិច្ច​ដើម្បី​ជួយ​សម្រួល​ដល់​ដំណើរការ​ធុរកិច្ច​របស់​ក្រុមហ៊ុន​៕​ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×