កំពង់ធំ ៖ ដោយសារមានទំនាស់រឿងដើរជាន់ដៃ បុរសម្នាក់ ត្រូវបានបុរសម្នាក់ទៀត ធ្វើការជាកម្មករជាមួយគ្នា និងដេកក្នុងមុងជាមួយគ្នា យកកាំបិតកកុក លបកាប់បណ្តាលឲ្យស្លាប់ ពេលជនរងគ្រោះកំពុងដេកលក់ នៅរំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ នៅភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
នគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ យាត សុផល អាយុ២៣ឆ្នាំ មានទីលំនៅភូមិរំចេក ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម ។ រីឯឃាតករឈ្មោះ ចៀន សុខចាន់ ហៅចាន់រះ អាយុ២២ឆ្នាំ មានទីលំនៅភូមិ-ឃុំជាមួយគ្នា។ បន្ទាប់ពីធ្វើសកម្មភាពកាប់គូទំនាស់ស្លាប់ហើយ ជនដៃដល់បានរត់គេចខ្លួន ហើយត្រូវបានកម្មករដែលធ្វើការជាមួយគ្នា និងនគរបាល តាមចាប់បានពេលកំពុងរត់គេចខ្លួន។ ទាំងជនដៃដល់ និងជនរងគ្រោះ បានមកស្នាក់នៅបណ្ដោះអាសន្ននៅផ្ទះឈ្មោះ តាំង ផេង ភេទប្រុស នៅភូមិកំពង់ធំ ឃុំកំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មកធ្វើការជាកម្មកររោងពុម្ភ ហើយពួកគេទាំងពីរនាក់នេះបានដេកក្នុងតែមួយជារៀងរាល់ថ្ងៃ។
នគរបាលបានបន្ថែមថា នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ គូទំនាស់អ្នកទាំងពីរនាក់ បានដេកស្នាក់នៅជាមួយកម្មករ៨នាក់ទៀត។ នៅពេលក្រោកពីដេកម៉ោងប្រហែល៥ព្រឹក ជនរងគ្រោះ បានក្រោកពីដេកមុន ហើយក៏ដើរជាន់ដៃ របស់ឃាតករ ហើយកកើតមានការឈ្លោះប្រកែកគ្នាមួយសន្ទុះក៏ចប់ទៅ។ ក្រោយមក ជនរងគ្រោះ និងកម្មករ៨នាក់ទៀត បាននាំគ្នាទៅធ្វើការនៅរោងពុម្ភផ្សារកំពង់ធំ ចំណែកឯជនដៃដល់ ពុំទៅធ្វើការទេ។ លុះពេលល្ងាចកម្មករទាំងអស់បានមកផ្ទះវិញដូចរាល់ដង ចំណែកជនដៃដល់នៅផ្ទះពុំទៅណាទេ ហើយដល់ពេលយប់ពួកគេក៏បានដេកក្នុងមុងជាមួយគ្នាដូចសព្វដង។ ពេលកំពុងតែដេកលក់ទាំងអស់គ្នា ជនដៃដល់បានយកកាំបិតកកុក លបកាប់ទៅលើជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ពេលនោះជនដៃដល់ក៏រត់ចេញពីផ្ទះ ក៏ត្រូវកម្មករទាំងអស់ ដេញតាមចាប់រហូត មកដល់មុខប៉ុស្តិ៍នគរបាលរដ្ឋបាលសង្ដាត់ដំរីជាន់ខ្លា ហើយត្រូវបានកំលាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន៕ ដោយ៖បញ្ញាស័ក្តិ