Sunday, September 19, 2021

ស្នងការ​នគរបាល​ខេត្តតាកែវ ចាត់​អោយ​ស្នងការរង​ពីររូប​ចុះ​ពិនិត្យ​មើល​ចំណុច​អសកម្ម​របស់​មេ​បញ្ជាកា​រ វរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ ៦០៣

តាកែវ ៖ ថ្លែង​នៅ​ចំពោះមុខ​មន្ត្រី​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ជាង​៥០០​នាក់ នៅក្នុង​ពិធី​ប្រជុំ​បូក​សរុប​សភាព​ការណ៏​លទ្ធផល​កិច្ចសហប្រតិបត្តិការ​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​ប្រចាំខែ និង​ប្រកាស​ផ្ទេរ​កិច្ច តែងតាំង​មុខតំណែង​បំពាក់​ឋានន្តរស័ក្ត​ជូន​មន្ត្រី​នគរបាល​ជាតិ​កាលពី​រ​ល្ងាច​ថ្ងៃទី ១៣ ខែ​មិនា ២០១៨ ឯកឧត្តម ឧត្តមសេនីយ៏ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ បាន​ចាត់​អោយ​ស្នងការរង​ទទួល​ផែន​ព្រំដែន​ចំនួន ២​រូប ត្រូវ​ចុះ​ពិនិត្យ​រាល់​ចំនុច​អសកម្ម​ដែល​លោក កែវ សឿន មេបញ្ជាការ វរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៦០៣ ធ្វើ​កន្លងមក​មិន​មាន​ភាព​រីកចម្រើន​ក្នុង​ទីបញ្ជាការ និង​ធ្វើអោយ​ទីបញ្ជាការដ្ឋាន​កាន់តែ​អន់ថយ​ទៅៗ ខណៈ​ដែល​មាន​ប្រាក់ឧ​ប​ត្ត​ម្ភពី​ភាគី​មិត្ត​នៃ​ប្រទេស​វៀតណាម​ជា​រាងរាល់ឆ្នាំ​ដើម្បី​ធ្វើ​ការអភិវឌ្ឍ​ន៏​នៅ​ក្នុង​ទីបញ្ជាការ ។

​ឯកឧត្តម​ឧត្តមសេនីយ៏ទោ សុខ សំណាង បាន​លើកឡើង​ថា ទីបញ្ជាកា​រពារ​វរៈ​មួយ​ទាំងមូល​មិន​អាច​ថា​គ្មាន​កន្លែង​សម្រាប់​កូនចៅ​ដេក និង​ច្រកកោណ​នោះទេ ចំ​បាច់​ណាស់​នៅ​ក្នុង​ទីបញ្ជាការ​វរៈ​ការពារ​ព្រំដែន​នេះ គឺ​ត្រូវ​មាន​កំលាំង​ច្រើន​ជា​និច្ច ពីព្រោះ​កងកំលាំង​ទាំងនេះ គឺ​ជា​កំលាំង​ស្នូល និង​ជា​កំលាំង​ជួរមុខ ដែល​ត្រៀមលក្ខណៈ​ជានិច្ច ២៤​ម៉ោង លើ​២៤​ម៉ោង សម្រាប់​ការ​មាន​អាសន្ន​អ្វី​ផ្សេងៗ ។ តែ​បែ​ជា​ទីបញ្ជាការ​វរៈ​ការពារ​ព្រំដែន​ដ៏​ធំ​មួយ​ទាំងមូល នៅសល់​តែ​កងកំលាំង​តែ ៨​ទៅ ៩​នាក់​ទៅ​វិញ មិន​ស្មើ​និង​កំលាំង​ប៉ុស្តិ៏​រដ្ឋបាល​ផង ដូច្នេះ​លោក​ស្នងការរង ទាំង​ពីរ​រូប​ដែល​ទទួល​ផែន​លើ​កិច្ច​ការងារ​ព្រំដែន​ត្រូវ​ពិនិត្យ​ឡើងវិញ និង​ពង្រឹងកំលាំង​ឡើងវិញ តែ​បើសិនជា​លោក​មេបញ្ជាការ​នោះ​ធ្វើ​មិន​កើត គឺ​មាន​អ្នកថ្មី ដែល​គេ​អាចធ្វើអោយ​ទីបញ្ជាការដ្ឋាន​នេះ​មាន​ការអភិវឌ្ឍ​ន៏​និង​រីកចម្រើន​ទៅមុខ មិន​អាច​បណ្តោយ​អោយ​គាត់​បំបាក់ស្មារតី​កង​កំលាង​នគរបាល​របស់​យើង​នោះ​ទេ ។

​ឯកឧត្តម​ស្នងការ​បាន​បន្តថា ជា​មេបញ្ជាការ​វរៈ​ការពារ​ព្រំដែន​មួយរូប ដែល​ឋិត​នៅជាប់​ភាគី​មិត្ត​នៃ​ប្រទេស​វៀតណាម យើង​ត្រូវ​ចេះ​ទំនាក់ទំនង​ល្អ សហការ​គ្នា​លើ​ការងារ​ព្រំដែន និង​ចេះ​ដោះស្រាយ​ដោយ​សន្តិវិធី រវាង​ភាគី​មិត្ត​នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា វៀតណាម ។​

​សូមបញ្ជាក់​ថា នៅក្នុង​ពិធី​ប្រកាស​ផ្ទេរ​កិច្វ និង​បំពាក់ឋាន្ត​រសិក្ត​ជូន​មន្ត្រី​នគរបាល​នៃ​ស្នងការ​ដ្ឋា​ន​នគរបាល​ខេត្តតាកែវ នា​ល្ងាច​នេះ​គឺ មាន​ចំនួន ៥១៥​រូប ស្រី​៨​រូប ក្នុង​នោះ​មន្ត្រី​នគរបាល​ដែល​ត្រូវ​បំពាក់​ឋានន្តរសិក្ត ថ្នាក់​វរសេនីយ៍ទោ ចំនួន​០៤​នាក់ ថ្នាក់​វរសេនីយ៍ត្រី ចំនួន​០៤​នាក់ ថ្នាក់​អនុសេនីយ៍ឯក ចំនួន​២៩០​នាក់ ថ្នាក់​អនុសេនីយ៍ទោ ចំនួន​៧៥​នាក់ ថ្នាក់​អនុសេនីយ៍ត្រី ចំនួន​៥៣​នាក់ ថ្នាក់​ព្រិន្ទបាលឯក ចំនួន​០៨​នាក់ និង​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង ចំនួន​១៤​នាក់​៕ តាកែវ​