ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់មានមនុស្សប្រុសស្រី២នាក់ បានរងរបួសធ្ងន់ស្រាលដោយសារជួបគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កដោយរថយន្តឆ្លាមបើកបរក្នុងល្បឿនលឿនជ្រុលទៅបុករ៉ឺម៉កម៉ូតូពីក្រោយ បណ្តាលឲ្យអ្នកបើករ៉ឺម៉កបាក់ជើងឆ្វេងរងរបួសធ្ងន់និងអ្នករួមដំណើររងរបួសស្រាល។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទី ឈានចូលថ្ងៃពុធ ១៤រោជ ខែផល្គុន ឆ្នាំរកា ព.ស២៥៦១ត្រូវនិងថ្ងៃទី១៤ ខែ មិនា ឆ្នាំ២០១៨ នៅចំណុចលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១៤២-១៤៣ស្ថិតក្នុងភូមិ ដើមពោធិ៍ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ៖ គ្រោះថ្នាក់ចរាចរណ៍នេះបង្កដោយរថយន្តមួយគ្រឿង ម៉ាក កាមរីឆ្លាម ពណ៌ ទឹកមាស ស្លាកលេខ ភ្នំពេញ ២D 8746 អ្នកបើកបររថយន្តបានរត់បាត់គេចពីកន្លែងកើតហេតុ (បន្សល់ទុករថយន្តនៅកន្លែងកើតហេតុដោយមិនស្គាល់អត្តសញ្ញាណ) ធ្វើដំណើរទិសដៅពីលិចទៅកើតស្របទិសគ្នាលុះមកដល់ចំណុចកើតហេតុខាងលើ បានបុកម៉ូតូសណ្តោងរ៉ឺម៉ក ម៉ាក ស៊ីរុស ពណ៌ក្រហម ស្លាកលេខគ្មាន ចំពីក្រោយរឺម៉កបណ្តាលឲ្យក្រឡាប់ផ្ងារជើងឡើងលើតែម្តង។
ប្រភពខាងលើបានបន្តទៀតថា៖ អ្នកបើកបររឺម៉កខាងលើមានឈ្មោះ កឺក ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ ដឹកបន្លែ បច្ចុប្បន្នរស់នៅភូមិប្រសូត្រ១ ឃុំក ណ្ដៀងរាយ ស្រុក ស្វាយទាប ខេត្តស្វាយរៀង រងរបួសធ្ងន់ បាក់ជើងខាងឆ្វេង (មិនពាក់មួកសុវត្តិភាព)និងអ្នករួមដំណើរម្នាក់ ឈ្មោះ ហីង ភេទស្រី អាយុ៣៣ ឆ្នាំ មុខរបរ លក់បន្លែ រស់នៅភូមិឃុំជាមួយគ្នា រងរបួសស្រាល (មិនពាក់មួកសុវត្ថិភាព) ។
ចំណែកអ្នករងរបួសទាំង២នាក់ ត្រូវបានយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។
ចំពោះមធ្យោបាយ ទាំងពីរគ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាបដើម្បីរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវ៕ វ៉ៃកូ