Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ធនាគារពិភពលោក​៖ ក្នុងចំណោម​ប្រព័ន្ធ​សាលារៀន​ដែល​ដំណើរការ​ល្អ​ចំនួន​ដប់​លើ​ពិភពលោក មាន​ប្រាំពីរ ស្ថិតនៅ​តំបន់​អាស៊ី​បូព៌ា​និង​ប៉ា​ស៊ី​ហ្វ៊ិក តែ​ទោះជា​យ៉ាងណាក្តី នៅ​មាន​កិច្ចការ​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ

spot_img

ហ្សា​ការតា​៖ យោងតាម​របាយការណ៍​ថ្មី​មួយ​របស់​ធនាគារ​ពិភពលោក ដែល​បាន​ចេញផ្សាយ​ក្នុង​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៨ បាន​បង្ហាញ​ថា តំបន់​អាស៊ី​បូព៌ា​និង​ប៉ា​ស៊ី​ហ្វ៊ិក​ជា​កន្លែង​ប្រមូលផ្តុំ​នូវ​ប្រព័ន្ធ​អប់រំ​ចំនួន​ប្រាំពីរ​ក្នុងចំណោម​ប្រព័ន្ធ​អប់រំ​មាន​ដំណើរការ​ខ្ពស់​ចំនួន​ដប់​នៅ​ទូទាំង​ពិភពលោក ដោយ​ក្នុង​នោះ​ប្រទេស​ចិន និង​ប្រទេស​វៀតណាម បានបង្ហាញ​វឌ្ឍនភាព​ជា​ដុំកំភួន​ច្រើន​ក្នុង​ការ​បង្កើន​គុណភាព​បង្រៀន​នៅ​តាម​សាលារៀន​នៅក្នុង​ប្រទេស​រៀងៗ​ខ្លួន​។ វឌ្ឍនភាព​នេះ​ជា​សមិទ្ធផល​ធំធេង​មួយ​ដែល​ផ្តល់​មេ​រៀន​មាន​សារសំខាន់​ដល់​បណ្តា​ប្រទេស​ឯ​ទៀត​នៅ​ជុំវិញ​ពិភពលោក​។ យ៉ាងណាក៏ដោយ មួយ​ផ្នែក​ធំ​នៃ​តំបន់​នេះ​នៅ​មាន​សិស្ស​រហូត​ដល់​ទៅ​៦០​ភាគរយ ដែល​កំពុង​រៀន​នៅ​តាម​សាលា​ដែល​ដំណើរការ​ខ្វះ​គុណភាព ក្នុង​ការបំពាក់​ឱ្យ​ពួកគេ​នូវ​ជំនាញ​ចាំបាច់​សម្រាប់​ឈាន​ទៅ​សម្រេច​ជោគជ័យ​នា​អនាគត​។

​របាយការណ៍​ដែល​មាន​ចំណងជើង​ថា ភាពឈ្លាសវៃ​កាន់តែ​ប្រសើរឡើង​៖ កា​រៀន​និង​ការអភិវឌ្ឍ​ប្រកបដោយ​សមធម៌​នៅក្នុង​តំបន់​អាស៊ី​បូព៌ា​និង​ប៉ា​ស៊ី​ហ្វ៊ិក (Growing Smarter: Learning and Equitable Development in East Asia and the Pacific) បានបង្ហាញ​ថា ការកែលម្អ​គុណភាព​អប់រំ​ឱ្យ​កាន់តែ​ប្រសើរ​គឺជា​ការចាំបាច់​ដើម្បី​រក្សា​កំណើនសេដ្ឋកិច្ច ហើយ​រំលេច​ឱ្យឃើញ​នូវ​វិធី​នានា​ដែល​ប្រទេស​​មួយចំនួន​ក្នុង​តំបន់​នេះ​បាន​អនុវត្ត​ដើម្បី​បង្កើន​លទ្ធផល​នៃ​ការរៀន កន្លងមក​។ ដោយ​ដកស្រង់​មេរៀន​ពី​ប្រព័ន្ធ​អប់រំ​ដែល​មាន​ភាព​ជោគជ័យ​នៅក្នុង​តំបន់ របាយការណ៍​នេះ​បាន​ផ្តល់​អនុសាសន៍​ជាក់ស្តែង​មួយចំនួន​សម្រាប់​រៀបចំ​គោលនយោបាយ​គន្លឹះ​ឈាន​ទៅ​លើកកម្ពស់​ការរៀន ដើម្បី​ជួយ​ឱ្យ​សិស្ស​ទទួលបាន​ជំនាញ​មូលដ្ឋាន​ក្នុង​ការអាន​និង​មុខវិជ្ជា​គណិតសាស្ត្រ ក៏​ដូចជា​ក្នុង​មុខជំនាញ​ស្មុគស្មាញ​ឯ​ទៀត​ដែល​ជា​ភាពចាំបាច់​សម្រាប់​បំពេញតម្រូវការ​ទីផ្សារពលកម្ម​នាពេល​អនាគត​។

​លោកស្រី វិច​តូ​រៀ ក្វា​ក្វា អនុប្រធាន​ធនាគារ​ពិភពលោក​ប្រចាំ​តំបន់​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក បាន​មានប្រសាសន៍ថា​៖ «​ការផ្តល់​ការអប់រំ​មាន​គុណភាព​ខ្ពស់​ដល់​កុមារ ទោះ​ជា​ពួកគេ​កើត​នៅ​ទី​ណាក៏ដោយ វា​មិនមែន​គ្រាន់តែ​ជា​រឿង​ត្រឹមត្រូវ​ដែល​ត្រូវ​ធ្វើ​នោះទេ​។ វា​ជា​មូលដ្ឋានគ្រឹះ​នៃ​សេដ្ឋកិច្ច​រឹងមាំ ហើយ​វា​ជា​វិធី​ដ៏​ល្អ​បំផុត​សម្រាប់​បញ្ឈប់​និង​ទាញ​ថយ​ក្រោយ​វិញ​នូវ​វិសមភាព​ដែល​កំពុង​តែ​កើនឡើង​»​។

​មួយ​ភាគ​បួន​នៃ​កុមារ​គ្រប់​អាយុ​ចូល​រៀន​នៅលើ​ពិភពលោក ចំនួន​ប្រហែល ៣៣១​លាន​នាក់ កំពុង​រស់នៅ​ក្នុង​តំបន់​អាស៊ី​បូព៌ា​និង​ប៉ា​ស៊ី​ហ្វ៊ិក​។ នៅក្នុង​ចំណោម​មួយ​ភាគ​បួន​នេះ មាន​រហូតដល់​ទៅ​ជិត​៤០​ភាគរយ​ទៅ​រៀន​នៅ​ក្នុង​ប្រព័ន្ធ​អប់រំ​ដែល​សិស្ស​ទទួលបាន​ចំណេះដឹង​ឈានមុខ​ជាង​សិស្ស​ធម្មតា​នៃ​ប្រព័ន្ធ​អប់រំ​ក្នុង បណ្តា​ប្រទេស​ជា​សមាជិក​នៃ​អង្គការ​ដើម្បី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ការអភិវឌ្ឍ (OECD) ទៅទៀត​។ សាលារៀន​បែបនេះ​មិនមែន​មាន​តែ​នៅក្នុង​ប្រទេស​អ្នកមាន តួ​យ៉ាង​ប្រទេស​សិង្ហ​បុរី សាធារណរដ្ឋ​កូរ៉េ និង​ជប៉ុន នោះទេ ប៉ុន្តែ​ក៏​មាន​នៅក្នុង​ប្រទេស​មាន​ចំណូល​មធ្យម​ដែរ ដូចជា​ប្រទេស​ចិន និង​ប្រទេស​វៀតណាម ជាដើម​។ ហើយ​ដូច​របាយការណ៍​បាន​រំលេច​ប្រាប់​ផងដែរ​ថា ការរៀន​ចេះ​របស់​កុមារ​មិន​ចាំបាច់​ថា​ត្រូវតែ​ផ្សារភ្ជាប់​ជាមួយនឹង​កម្រិត​ប្រាក់ចំណូល​របស់​ប្រទេស​នី​មួយៗ​នោះទេ​។ ជា​ឧទាហរណ៍ គិត​ត្រឹម​អាយុ​១០​ឆ្នាំ សិស្ស​វៀតណាម​ជា​មធ្យម​រៀន​ពូកែ​ទាំងអស់ ប៉ុន្តែ​ប្រទេស​ឥណ្ឌា ប៉េ​រូ និង​អេត្យូ​ពី​មាន​តែ​សិស្ស​កំពូលៗ​ទេ​ដែល​រៀន​ពូកែ​។

​ប៉ុន្តែ ប្រទេស​ជាច្រើន​នៅក្នុង​តំបន់​នេះ​មិន​ទទួលបាន​លទ្ធផល​ដែល​គេ​ប្រាថ្នា​ចង់បាន​នោះ​ឡើយ​។ ឧទាហរណ៍ នៅ​ប្រទេស​ឥណ្ឌូ​នេស៊ី ពិន្ទុ​ធ្វើតេស្ត​បង្ហាញឱ្យឃើញថា សិស្ស​នៅ​ក្នុង​ប្រទេស​ទាំងនោះ​រៀន​យឺត​ជាង​បី​ឆ្នាំ​បើ​ប្រៀប​ទៅ​នឹង​សិស្ស​ស្របាល​គ្នា​ដែល​រៀន​ចេះ​ស្ទាត់ជំនាញ​នៅក្នុង​ប្រទេស​ឯ​ទៀត​ក្នុង​តំបន់​នេះ​។ នៅក្នុង​ប្រទេស តួយ៉ាង កម្ពុជា និង​ទី​ម័រ ឡេ​ស្តេ មួយ​ភាគ​បី ឬ​លើស​នេះ​នៃ​សិស្ស​ថ្នាក់​ទី​២ នៅតែ​មិន​អាច​អាន​ដាច់​សូម្បីតែ​មួយ​ពាក្យ ក្នុងការ​ធ្វើ​តេស្ត​អំ​ណាន​។

​ការ​រក​ឃើញ​ជា​គន្លឹះ​មួយទៀត​របស់​របាយការណ៍​នេះ​គឺ​នៅត្រង់ថា នៅ​ទូទាំង​តំបន់ ចំណូល​គ្រួសារ​មិនបាន​កំណត់​ថា​ជា​កត្តា​កំណត់​ជោគជ័យ​នៃ​ការសិក្សាអប់រំ​របស់​កុមារ​ឡើយ​។ ឧទាហរណ៍ នៅ​ប្រទេស​វៀតណាម និង​ប្រទេស​ចិន (​នៅ​ទីក្រុង​ប៉េកាំង សៀង​ហៃ ខេត្ត​ជៀង​ស៊ូ និង​ខេត្ត​គ័ង​តុង​) សិស្ស​មក​ពី​គ្រួសារ​ក្រីក្រ ទោះ​ជា​មិន​ពូកែ​ជាង​ក៏ដោយ ក៏​រៀន​ចេះ​បានល្អ​ក្នុង​មុខវិជ្ជា​គណិតសាស្ត្រ​និង​វិទ្យាសាស្ត្រ ដូចគ្នា​និង​សិស្ស​អាយុ​ស្របាល​គ្នា​នៅក្នុង​បណ្តា​ប្រទេស​សមាជិក​នៃ​អង្គការ​ដើម្បី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ការអភិវឌ្ឍ (OECD) ដែរ​។

​លោក Jaime Saavedra នាយក​ជាន់ខ្ពស់​ផ្នែក​វិស័យ​អប់រំ​របស់​ធនាគារ​ពិភពលោក បាន​មានប្រសាសន៍ថា​៖ គោល​នយោបាយ​មាន​ប្រសិទ្ធិភាព​សម្រាប់​ការជ្រើសរើស ការលើកទឹកចិត្ត និង​ការគាំទ្រ​ដល់​គ្រូ​បង្រៀន រួម​ទាំង​ការអនុវត្ត​ល្អៗ​នៅ​ក្នុង​ថ្នាក់រៀន គឺជា​អ្វី​ដែល​កំណត់​បាន​ថា​តើ​សិស្ស​រៀន​ចេះ​បាន​ប៉ុនណា​។ សម្រាប់​អ្នក​តាក់តែង​គោលនយោបាយ​ដែល​កំពុង​ស្វះស្វែង​ធ្វើ​ការកែលម្អ​ប្រព័ន្ធ​សាលា​រៀន​ក្នុង​ប្រទេស​របស់​ខ្លួន ការ​បែងចែក​ថវិកា​ដែល​មាន​ស្រាប់​ប្រកប​ដោយ​ប្រសិទ្ធ​ផល រួម​ទាំង​ការប្តេជ្ញា​ផ្នែក​នយោបាយ​ខ្ពស់ អាច​​នាំមក​នូវ​ការប្រែប្រួល​ពិតប្រាកដ​បាន​នៅក្នុង​ជីវិត​របស់​កុមារ​នៅ​ទូទាំង​តំបន់​នេះ​។

​របាយការណ៍​នេះ​ដាក់ចេញ​នូវ​ជំហាន​ជាក់ស្តែង​មួយចំនួន​សម្រាប់​កែលម្អ​ការរៀន​នៅ​ក្នុងប្រ​ព័ន្ធ​អប់រំ​ដែល​កំពុង​មាន​ភាពយឺត​យ៉ាវ នៅក្នុង​តំបន់​និង​នៅ​ក្រៅ​តំបន់ ដោយ​ផ្តើមចេញពី​ការធ្វើ​យ៉ាងណា​ឱ្យ​បណ្តា​ស្ថាប័ន​ក្នុង​ប្រទេស​ដើរ​ស្របគ្នា ដើម្បី​ឱ្យ​គោលបំណង​និង​ការទទួលខុសត្រូវ​នៅក្នុង​ប្រព័ន្ធ​អប់រំ មាន​សង្គតិភាព​ជាមួយ​គ្នា​។ ក្រៅពីនេះ របាយការណ៍​ក៏​បាន​ស្នើសុំ​ផងដែរ​សូមឱ្យ​មាន​ការផ្តោត​ទៅលើ​វិស័យ​គន្លឹះ​ចំនួន​បួន គឺ​ការចំណាយ​សាធារណៈ​ប្រកបដោយ​ប្រសិទ្ធភាព​និង​សមធម៌ ការត្រៀម​លក្ខណៈ​សិស្ស​សម្រាប់​ការ​រៀន​សូត្រ ការជ្រើសរើស​និង​ការឧបត្ថម្ភ​គាំទ្រ​ដល់​គ្រូ និង​ការប្រើប្រាស់​ជា​លក្ខណៈ​ប្រព័ន្ធ​នូវ​ការវាយតម្លៃ​សម្រាប់​កែលម្អ​ការ​បង្រៀន។

​របាយការណ៍​នេះ​រកឃើញថា ប្រព័ន្ធ​អប់រំ​ដែល​មាន​ដំណើរការ​ល្អ ចាយ​ថវិកា​ប្រកប​ដោយ​ប្រសិទ្ធ​ផល​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​សាលា​រៀន និង​ទៅលើ​គ្រូ មាន​នីតិវិធី​ជ្រើសរើស​បុគ្គលិក​សម្រាប់​ធ្វើ​យ៉ាងណា​ទាក់ទាញ​ឱ្យ​បាន​បេក្ខជន​ល្អ​បំផុត​យក​មក​បង្រៀន និង​មាន​រចនាសម្ព័ន្ធ​ប្រាក់បៀវត្សរ៍​មួយ​ដែល​ផ្តល់​រង្វាន់​គ្រូបង្រៀន​ណា​ដែល​បំពេញ​កិច្ចការ​បាន​ល្អ​នៅក្នុង​ថ្នាក់រៀន​។ លើសពីនេះ របាយការណ៍​​រក​ឃើញ​ដែរ​ថា ប្រព័ន្ធ​សាលារៀន​នៅ​ទូទាំង​តំបន់​បាន​បង្កើន​លទ្ធភាព​ចូលរៀន​កម្រិត​មត្តេយ្យ រួម​ទាំង​សម្រាប់​គ្រួសារ​ក្រីក្រ​ផង ហើយ​បាន​ដាក់បញ្ចូល​ការវាយតម្លៃ​ការរៀន​របស់​សិស្ស​ទៅក្នុង​គោលនយោបាយ​អប់រំ​របស់​គេ​ដែរ​។

​របាយការណ៍​នេះ​បំពេញ និង​ជា​ព័ត៌មាន​បន្ថែម​លើ​របាយការណ៍ World Development Report 2018: Learning to Realize Education’s Promise របស់​ធនាគារ​ពិភពលោក ដែល​បាន​ចេញផ្សាយ​នៅ​ខែ​កញ្ញា ឆ្នាំ​២០១៧ កន្លងទៅ និង​បាន​រកឃើញ​ដែរ​ថា បើ​គ្មាន​ការរៀនសូត្រ​ទេ ការអប់រំ​នឹង​មិន​អាច​បំពេញ​បាន​តា​ម​ការសន្យា​របស់​ខ្លួន​ថា លុបបំបាត់​ឱ្យ​បាន​នូវ​ភាពក្រីក្រ​តោកយ៉ាក ហើយ​និង​បង្កើត​ឱកាស​សម្រាប់​ចែករំលែក​វិបុលភាព​សម្រាប់​មនុស្ស​គ្រប់រូប​បាន​ឡើយ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×